២ ថែស្សាឡូនីច 3
3
សំណូមពរសុំការអធិស្ឋាន
1ជាទីបញ្ចប់ បងប្អូនអើយ សូមអធិស្ឋានឲ្យយើងផង ដើម្បីឲ្យព្រះបន្ទូលរបស់ព្រះអម្ចាស់បានផ្សាយចេញទៅ ហើយបានតម្កើងឡើង ដូចនៅក្នុងចំណោមអ្នករាល់គ្នាដែរ 2ហើយឲ្យយើងបានរួចពីមនុស្សពាល និងពីមនុស្សអាក្រក់ ដ្បិតមិនមែនមនុស្សទាំងអស់សុទ្ធតែមានជំនឿទេ។ 3ប៉ុន្ដែ ព្រះអម្ចាស់ទ្រង់ស្មោះត្រង់ ព្រះអង្គនឹងតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ហើយការពារអ្នករាល់គ្នាពីមេកំណាច។ 4យើងមានចិត្តជឿជាក់ក្នុងព្រះអម្ចាស់អំពីអ្នករាល់គ្នាថា អ្នករាល់គ្នាកំពុងតែប្រព្រឹត្ត ហើយក៏នឹងប្រព្រឹត្តតាមសេចក្ដីដែលយើងបង្គាប់តទៅមុខទៀតដែរ។ 5សូមព្រះអម្ចាស់តម្រង់ចិត្តអ្នករាល់គ្នា ទៅរកសេចក្ដីស្រឡាញ់របស់ព្រះ និងសេចក្ដីខ្ជាប់ខ្ជួនរបស់ព្រះគ្រីស្ទកុំបីខាន។
ពាក្យទូន្មានកុំឲ្យខ្ជិលច្រអូស
6ឥឡូវនេះ បងប្អូនអើយ យើងសូមបង្គាប់អ្នករាល់គ្នា ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងថា ចូរថយចេញឲ្យឆ្ងាយពីបងប្អូនណាដែលរស់នៅដោយខ្ជិលច្រអូស ហើយមិនស្តាប់តាមសេចក្ដីដែលគេបានទទួលពីយើង។ 7ដ្បិតអ្នករាល់គ្នាដឹងហើយថាគួរយកតម្រាប់តាមយើងបែបណា ព្រោះយើងមិនបានខ្ជិលច្រអូសឡើយ កាលយើងនៅជាមួយអ្នករាល់គ្នា 8ក៏មិនបានទទួលទានអាហាររបស់អ្នកណាដោយមិនបានបង់ថ្លៃដែរ គឺយើងបានធ្វើការយ៉ាងនឿយហត់ ទាំងយប់ទាំងថ្ងៃ ដើម្បីកុំឲ្យអ្នករាល់គ្នាព្រួយនឹងយើង។ 9នេះមិនមែនដោយព្រោះយើងគ្មានសិទ្ធិនោះទេ គឺយើងចង់ធ្វើគំរូ ដើម្បីឲ្យអ្នករាល់គ្នាយកតម្រាប់តាម។ 10កាលយើងនៅជាមួយអ្នករាល់គ្នា យើងបានបង្គាប់អ្នករាល់គ្នាថា បើអ្នកណាមិនព្រមធ្វើការ មិនត្រូវឲ្យអ្នកនោះបរិភោគឡើយ។ 11ដ្បិតយើងឮថា មានអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នា រស់នៅដោយខ្ជិលច្រអូល មិនរវីរវល់នឹងធ្វើការអ្វីសោះ គឺរវល់តែនឹងការឥតប្រយោជន៍។ 12ដូច្នេះ យើងបង្គាប់ ហើយដាស់តឿនមនុស្សបែបនោះ ក្នុងព្រះអម្ចាស់យេស៊ូវគ្រីស្ទ ឲ្យធ្វើកិច្ចការរបស់ខ្លួនដោយស្រគត់ស្រគំ ហើយបរិភោគអាហារពីកម្លាំងញើសឈាមរបស់ខ្លួនទៅ។ 13បងប្អូនអើយ កុំរសាយចិត្តនឹងប្រព្រឹត្តអំពើល្អឡើយ។
14ប្រសិនបើអ្នកណាមិនស្តាប់តាមពាក្យដែលយើងនិយាយក្នុងសំបុត្រនេះទេ សូមចំណាំមើលអ្នកនោះ ហើយកុំភប់ប្រសព្វជាមួយ ដើម្បីឲ្យអ្នកនោះមានសេចក្ដីខ្មាស។ 15ប៉ុន្ដែ មិនត្រូវចាត់ទុកគាត់ដូចជាខ្មាំងសត្រូវឡើយ គឺត្រូវទូន្មានគាត់ទុកដូចជាបងប្អូនវិញ។
ពាក្យជម្រាបសួរ និងពាក្យប្រសិទ្ធពរចុងក្រោយ
16សូមព្រះអម្ចាស់នៃសេចក្ដីសុខសាន្ត ប្រទានសេចក្ដីសុខសាន្តគ្រប់ប្រការ ដល់អ្នករាល់គ្នាគ្រប់ពេលវេលា។ សូមព្រះអម្ចាស់គង់ជាមួយបងប្អូនទាំងអស់គ្នា។
17ខ្ញុំ ប៉ុល សរសេរពាក្យជម្រាបសួរនេះដោយដៃខ្ញុំផ្ទាល់។ នេះជាកំណត់សម្គាល់ក្នុងគ្រប់សំបុត្ររបស់ខ្ញុំ ជារបៀបដែលខ្ញុំសរសេរ។ 18សូមឲ្យអ្នកទាំងអស់គ្នាបានប្រកបដោយព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។:៚
ទើបបានជ្រើសរើសហើយ៖
២ ថែស្សាឡូនីច 3: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies