២ ធីម៉ូថេ 1

1
សេចក្ដី​ផ្ដើម
1ប៉ុល ជា​សាវក​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ដោយ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ តាម​ព្រះ‌បន្ទូល​សន្យា​ឲ្យ​បាន​ជីវិត ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ
2មក​ដល់​ធីម៉ូថេ ជា​កូន​ស្ងួន‌ភ្ងា សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​ព្រះ‌គុណ សេចក្ដី​មេត្តា‌ករុណា និង​សេចក្ដី​សុខ​សាន្ត ពី​ព្រះ​ជា​ព្រះ‌វរ‌បិតា ហើយ​ពី​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង។
ការ​អរ​ព្រះ‌គុណ និង​ការ​លើក​ទឹក​ចិត្ដ
3ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​ខ្ញុំ​បម្រើ​ដោយ​មន‌សិការស្អាត​បរិសុទ្ធ ដូច​បុព្វ‌បុរស​របស់​ខ្ញុំ​ដែរ ខ្ញុំ​តែងតែ​នឹក​ចាំ​ពី​អ្នក​ជានិច្ច នៅ​ក្នុងសេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ ទាំង​យប់​ទាំង​ថ្ងៃ។ 4ពេល​ខ្ញុំ​នឹក​ចាំ​ពី​ទឹក​ភ្នែក​របស់​អ្នក ខ្ញុំ​ចង់​ជួប​អ្នក​ជា​ខ្លាំង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ពេញ​ដោយ​អំណរ។ 5ដ្បិត​ខ្ញុំ​នឹក​ចាំ​ពី​ជំនឿ​ស្មោះ​ត្រង់​ដែល​នៅ​ក្នុង​អ្នក ជំនឿ​នោះ​មាន​នៅ​ក្នុង​លោក​យាយ​ឡូអ៊ីស ជា​ជីដូន​របស់​អ្នក​ពី​ដំបូង រួច​ក៏​អ្នក​ស្រី​អ៊ើ‌នីស ជា​ម្តាយរបស់​អ្នក ហើយ​ខ្ញុំ​ជឿ​ជាក់​ថា អ្នក​ក៏​មាន​ជំនឿ​នេះ​ដែរ។ 6ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​រំឭក​អ្នក ឲ្យ​ដាស់‌តឿន​អំណោយ‌ទាន​របស់​ព្រះ ដែល​នៅ​ក្នុង​អ្នក​ដោយ​ខ្ញុំ​ដាក់​ដៃ​លើ 7ដ្បិត​ព្រះ​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណដែល​ភ័យ​ខ្លាច​ឡើយ គឺ​ឲ្យ​មាន​វិញ្ញាណ​ដែល​មាន​អំណាច សេចក្ដី​ស្រឡាញ់ និង​គំនិត​នឹង​ធឹង​វិញ។ 8ដូច្នេះ មិន​ត្រូវ​ខ្មាស​នឹង​ធ្វើ​បន្ទាល់​អំពី​ព្រះ‌អម្ចាស់​នៃ​យើង ឬ​ខ្មាស​នឹង​ខ្ញុំ​ដែល​ជាប់​គុក​ព្រោះ​តែ​ព្រះ‌អង្គ​នោះ​ឡើយ តែ​ត្រូវរង​ទុក្ខ​លំបាក​ជា​មួយ​ខ្ញុំសម្រាប់​ដំណឹង​ល្អ ដោយ​ព្រះ‌ចេស្តា​នៃ​ព្រះ 9ដែលទ្រង់​បាន​សង្គ្រោះ​យើង ហើយ​បាន​ត្រាស់​ហៅ​យើង​មក​ក្នុង​ការ‌ងារ​បរិសុទ្ធ មិន​មែន​ដោយ​ការ​ដែល​យើង​ប្រព្រឹត្ត​នោះ​ទេ គឺ​ដោយ​សារ​បំណង និង​ព្រះ‌គុណ​របស់​ព្រះ‌អង្គ ដែល​បាន​ប្រទាន​មក​យើង​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ មុន​សម័យ​កាល​ទាំង​អស់​មក​ម៉្លេះ 10តែ​ឥឡូវ​នេះ បាន​សម្តែង​ឲ្យ​ឃើញ តាម​រយៈ​ការ​លេច​មក​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌សង្គ្រោះ​នៃ​យើង ដែលទ្រង់​បាន​បំបាត់​សេចក្ដី​ស្លាប់ ហើយ​បាននាំ​យក​ជីវិត និងភាព​មិន​ចេះ​សាប​សូន្យ មកដាក់ក្នុង​ពន្លឺ តាម​រយៈ​ដំណឹង​ល្អ។ 11សម្រាប់​ដំណឹង​ល្អ​នេះ ព្រះ​បាន​តែង​តាំង​ខ្ញុំឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស ជា​សាវក និង​ជា​គ្រូ 12ហេតុ​នេះ​ហើយបាន​ជា​ខ្ញុំ​រង​ទុក្ខ​ដូច្នេះ ប៉ុន្ដែ ខ្ញុំ​មិន​ខ្មាស​ទេ ដ្បិត​ខ្ញុំ​ស្គាល់​ព្រះ​ដែល​ខ្ញុំ​បាន​ជឿ ហើយ​ខ្ញុំ​ជឿ​ជាក់​ថា ព្រះ‌អង្គ​អាច​នឹង​ថែ​រក្សា​អ្វីៗ​ដែល​ខ្ញុំ​បាន​ផ្ញើ​ទុក​នឹង​ព្រះ‌អង្គ រហូត​ដល់​ថ្ងៃ​នោះ​ឯង។ 13ចូរ​កាន់​តាម​ពាក្យ​ដ៏​ត្រឹម​ត្រូវ​ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ ដោយ​ជំនឿ និង​សេចក្ដី​ស្រឡាញ់ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។ 14ចូរ​រក្សា​អ្វីៗ​ដែល​ព្រះ​បាន​ផ្ញើ​ទុក​នឹង​អ្នក​ឲ្យ​បាន​ល្អ ដោយ‌សារ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​សណ្ឋិត​នៅ​ក្នុង​យើង។
15អ្នក​ដឹង​ស្រាប់​ហើយ​ថា អស់​អ្នក​ដែល​នៅ​ស្រុក​អាស៊ី​ទាំង​ប៉ុន្មាន បាន​បោះ‌បង់​ខ្ញុំ​ចោល​ហើយ ក្នុង​ចំណោម​អ្នក​ទាំង​នោះមានភីកេ‌ឡុស និង​ហ៊ើ‌ម៉ូគេន។ 16សូម​ព្រះ‌អម្ចាស់​ប្រទាន​សេចក្ដី​មេត្តា‌ករុណា ដល់​គ្រួសារ​របស់​លោក​អូនេ‌សិភ័រ ដ្បិត​គាត់​បានធ្វើ​ឲ្យ​ចិត្ត​ខ្ញុំធូរ​ស្បើយ​ជា​ញឹកញាប់ ក៏​មិន​ខ្មាស​ដោយ​សារ​ចំណង​របស់​ខ្ញុំ​ដែរ 17កាល​គាត់​នៅ​ក្រុង​រ៉ូម គាត់​បាន​ស្វះ​ស្វែង​រក​ខ្ញុំ​ទាល់​តែ​បាន​ឃើញ។ 18សូម​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​គាត់រក​បាន​សេចក្ដី​មេត្តា‌ករុណាពី​ព្រះ‌អម្ចាស់នៅ​ថ្ងៃ​នោះ ហើយ​ដែល​គាត់​បាន​ជួយ​ខ្ញុំនៅ​ក្រុង​អេភេ‌សូរ​យ៉ាង​ណា អ្នក​ក៏​បាន​ដឹង​ច្បាស់​ជាង​គេ​ហើយ។

ទើបបានជ្រើសរើសហើយ៖

២ ធីម៉ូថេ 1: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល