២ ធីម៉ូថេ 4

4
1ខ្ញុំ​សូម​ដាស់​តឿន​អ្នក​យ៉ាង​ម៉ឺង​ម៉ាត់ នៅ​ចំពោះ​ព្រះ និងនៅ​ចំពោះ​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដែល​ទ្រង់​រៀប​នឹង​ជំនុំ​ជម្រះ ទាំង​មនុស្ស​រស់ និង​មនុស្ស​ស្លាប់ ហើយ​ដោយ​ការ​យាង​មក​របស់​ព្រះ‌អង្គ និង​ព្រះរាជ្យ​របស់​ព្រះ‌អង្គ​ថា 2ចូរ​ប្រកាស​ព្រះ‌បន្ទូល ហើយ​ជំរុញ​ជានិច្ច ទោះ​ត្រូវ​ពេលក្ដី ខុស​ពេល​ក្តី ត្រូវ​រំឭក​គេ​ឲ្យ​ដឹង​ខ្លួន បន្ទោស ហើយ​ដាស់​តឿន ដោយ​ចិត្ត​អត់‌ធ្មត់ និង​បង្រៀន​គ្រប់​បែប​យ៉ាង។ 3ដ្បិត​នឹង​មាន​គ្រា​មួយ​មកដល់ ដែល​មនុស្ស​មិន​ទ្រាំទ្រ​នឹង​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ​ទេ គឺ​គេ​នឹង​មាន​ត្រចៀក​រមាស់ ហើយ​ហៅ​គ្រូ​កាន់​តែ​ច្រើន​ឡើង មក​បង្រៀន​ឲ្យ​ត្រូវ​ចិត្ត​របស់​គេ 4គេ​នឹង​បែរ​ត្រចៀក​ចេញ​ពី​សេចក្ដី​ពិត ហើយ​ទៅ​ស្ដាប់​រឿង​ព្រេង​វិញ។ 5តែឯ​អ្នក​វិញ ត្រូវ​មាន​គំនិត​នឹង​ធឹង​ក្នុង​គ្រប់​ការ​ទាំង​អស់ ត្រូវ​ទ្រាំទ្រនឹង​ទុក្ខ​លំបាក ត្រូវ​ធ្វើ​ការ​ជាអ្នក​ប្រកាស​ដំណឹង​ល្អ ព្រម​ទាំង​បំពេញ​ការ‌ងារ​របស់​ខ្លួន​គ្រប់​ជំពូក​ផង។
6ដ្បិត​ខ្ញុំ​កំពុង​តែ​ត្រូវ​បាន​ចាក់​បង្ហូរ ដូច​ជា​តង្វាយ​ច្រួច ឯ​ពេល​វេលា​ដែល​ខ្ញុំ​ត្រូវ​លា​ទៅ ក៏​បាន​មក​ដល់​ហើយ។ 7ខ្ញុំ​បាន​តយុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​បញ្ចប់​ការ​រត់​ប្រណាំង​របស់​ខ្ញុំ ហើយ​ខ្ញុំ​នៅ​តែ​រក្សា​ជំនឿ​ជាប់​ដដែល។ 8ពី​នេះ​ទៅ​មុខ នឹង​មាន​មកុដ​នៃ​សេចក្ដី​សុចរិត​បម្រុង​ទុក​សម្រាប់​ខ្ញុំ ដែល​ព្រះ‌អម្ចាស់​ជា​ចៅ​ក្រម​ដ៏​សុចរិត ទ្រង់​នឹង​ប្រទាន​មក​ខ្ញុំ​នៅ​ថ្ងៃ​នោះ ហើយ​មិន​មែន​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ គឺ​ដល់​អស់​អ្នក​ដែល​ពេញ​ចិត្ត​នឹង​ការ​យាង​មក​របស់​ព្រះ‌អង្គ​នោះ​ដែរ។
ពាក្យ​ផ្ដាំ​ផ្ញើ​ផ្ទាល់​ខ្លួន
9ចូរ​ព្យាយាម​មក​រក​ខ្ញុំ​ជា​ប្រញាប់កុំ​ខាន 10ដ្បិត​លោក​ដេម៉ាស​បាន​បោះ​បង់​ចោល​ខ្ញុំ ព្រោះ​គាត់​ស្រឡាញ់​លោកីយ៍​នេះ គាត់​បាន​ទៅ​ក្រុង​ថែស្សា‌ឡូនីច​ហើយ។ លោក​ក្រេ‌សេន​បាន​ទៅ​ស្រុក​កាឡាទី ហើយ​លោក​ទីតុស​ក៏​បាន​ទៅ​ស្រុក​ដាល់‌ម៉ាទា​ដែរ 11មាន​តែ​លោក​លូកា​ប៉ុណ្ណោះ​ដែល​នៅ​ជា​មួយ​ខ្ញុំ។ ចូរ​នាំ​លោក​ម៉ាកុស​មក​ជា​មួយ​ផង ដ្បិត​គាត់​ជា​អ្នក​មាន​ប្រយោជន៍​ក្នុង​ការ‌ងារ​របស់​ខ្ញុំ។ 12ខ្ញុំ​បាន​ចាត់​លោក​ទីឃី‌កុស​ឲ្យ​ទៅ​ក្រុង​អេភេ‌សូរ។ 13ពេល​អ្នក​មក សូម​យក​អាវ​ធំ​ដែល​ខ្ញុំ​ផ្ញើ​ទុក​នឹង​លោក​កាប៉ុស នៅ​ក្រុង​ទ្រអាស និង​យក​សៀវភៅ​ទាំង​ប៉ុន្មាន​មក​ជាមួយ​ផង ជា​ពិសេស​ក្រាំង​ស្បែក។ 14លោក​អ័លេ‌ក្សានត្រុស​ជា​ជាង​ស្មិត បាន​ធ្វើ​បាប​ខ្ញុំ​ជា​ច្រើន តែ​ព្រះ‌អម្ចាស់​នឹង​សង​គាត់​វិញ តាម​អំពើ​ដែល​គាត់​បាន​ប្រព្រឹត្ត។ 15អ្នកត្រូវ​ប្រយ័ត្ន​នឹង​គាត់ ដ្បិត​គាត់​ប្រឆាំង​យ៉ាង​ខ្លាំង​នឹង​សេចក្ដី​ដែល​យើង​ប្រកាស។
16ពេល​ខ្ញុំ​ឆ្លើយ​ការ​ពារ​ខ្លួន​លើក​ដំបូង គ្មាន​អ្នក​ណា​ម្នាក់​ឈរ​ខាង​ខ្ញុំ​ទេ គឺ​គេ​បោះ​បង់​ចោល​ខ្ញុំ​ទាំង​អស់​គ្នា សូម​ព្រះ​កុំ​ប្រកាន់​ទោស​គេ​ឡើយ! 17ប៉ុន្តែ ព្រះ‌អម្ចាស់​ឈរ​ខាង​ខ្ញុំ ហើយ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កម្លាំង ដើម្បី​ឲ្យ​ដំណឹង​ល្អ​បាន​ផ្សាយ​ទៅ​សព្វ​គ្រប់ ឲ្យ​អស់​ទាំង​សាសន៍​បាន​ដឹង​ដោយ‌សារ​ខ្ញុំ ហើយ​ព្រះ‌អង្គ​ក៏​បាន​ប្រោស​ឲ្យ​ខ្ញុំ​រួច​ពី​មាត់​សិង្ហ​ដែរ។ 18ព្រះ‌អម្ចាស់​នឹង​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ការ​អាក្រក់​គ្រប់​បែប​យ៉ាង ហើយ​សង្គ្រោះ​ខ្ញុំ​សម្រាប់​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​របស់​ព្រះ‌អង្គ។ សូម​លើក​តម្កើង​សិរី‌ល្អ​របស់​ព្រះ‌អង្គ អស់​កល្ប​ជានិច្ច​រៀង​រាប​តទៅ។ អាម៉ែន។
ពាក្យ​ជម្រាប​សួរ និង​ពាក្យ​ប្រសិទ្ធពរ​ចុង​ក្រោយ
19សូម​ជម្រាប​សួរ​នាង​ព្រី‌ស៊ីល និង​លោក​អ័គី‌ឡា ព្រម​ទាំង​ក្រុម​គ្រួសារលោក​អូនេ‌សិភ័រ​ផង។ 20លោក​អេរ៉ា‌ស្ទុស​បានស្នាក់​នៅ​ក្រុង​កូរិន‌ថូស ហើយ​ខ្ញុំ​បាន​ទុក​លោក​ទ្រភីម​នៅ​ក្រុង​មីលេត ព្រោះ​គាត់​ឈឺ។ 21ចូរ​ព្យាយាម​មក​ឲ្យ​បាន​មុន​រដូវ​រងាកុំ​បីខាន។ លោក​អ៊ើប៊ូ‌ឡុស លោក​ពូ‌ដេន លោក​លី‌ណុស លោក​ក្លូឌាស និង​ពួក​បង‌ប្អូន​ទាំង​អស់​គ្នា សូម​ជម្រាប​សួរមក​អ្នក។
22សូម​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ​គង់​ជា​មួយ​វិញ្ញាណ​របស់​អ្នក។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ។ អាម៉ែន។:៚

ទើបបានជ្រើសរើសហើយ៖

២ ធីម៉ូថេ 4: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល