កិច្ចការ 13

13
លោក​បា‌ណា‌បាស និង​លោក​សុល​ចេញ​បំពេញ​បេសក‌កម្ម
1ក្នុង​ក្រុម​ជំនុំ​ក្រុង​អាន់‌ទីយ៉ូក មាន​ហោរា និង​គ្រូ​បង្រៀន គឺ​លោក​បា‌ណា‌បាស លោក​ស៊ី‌ម្មាន​ដែល​ហៅ​ថា​នីគើរ លោក​លូគាស​អ្នក​ស្រុក​គីរេន លោក​ម៉ាណាអេន ជា​ប្អូន​ចិញ្ចឹម​របស់​ព្រះ‌បាទ​ហេរ៉ូឌ ជា​អនុ‌រាជ និង​លោក​សុល។ 2ក្នុង​កាល​ដែល​អ្នក​ទាំង​នោះ​កំពុង​ថ្វាយ​បង្គំ​ព្រះ‌អម្ចាស់ ទាំង​តម​អាហារ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ញែក​បា‌ណា‌បាស និង​សុល​ចេញ​ដោយ​ឡែក សម្រាប់​ការ‌ងារ​ដែលយើង​ហៅ​គេ​ឲ្យ​ធ្វើ»។ 3ពេល​នោះ ក្រោយ​ពី​បាន​តម និង​អធិស្ឋាន​រួច​ហើយ គេ​ក៏​ដាក់​ដៃ​លើ​លោក​ទាំង​ពីរ ហើយ​ចាត់​ពួក​លោក​ឲ្យ​ចេញ​ទៅ។
ពួក​សាវក​ប្រកាស​ព្រះ‌បន្ទូល​នៅ​កោះ​គីប្រុស
4ដូច្នេះ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​ចាត់​ឲ្យ​ចេញ​ទៅ លោក​ទាំង​ពីរ​ចុះ​ទៅ​ក្រុង​សេ‌លើ‌ស៊ា ហើយ​ចុះ​សំពៅ​ចេញ​ពី​ទីនោះទៅ​កោះ​គីប្រុស។ 5ពេល​ទៅ​ដល់​ក្រុង​សាឡា‌មីន គេក៏​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ នៅ​ក្នុង​សាលា​ប្រជុំ​នានា​របស់​សាសន៍​យូដា ទាំង​មាន​លោក​យ៉ូហាន ជា​អ្នកជំនួយ​ដែរ។ 6កាល​លោក​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​កាត់​កោះ​នោះ ទៅ​ដល់​ក្រុង​ប៉ាផុស លោក​ក៏​ជួប​គ្រូ​មន្ដ​អាគម​សាសន៍​យូដា​ម្នាក់ ជា​ហោរា​ក្លែង‌ក្លាយ ឈ្មោះ​បារ-យេស៊ូវ។ 7គ្រូ​នោះ​នៅ​ជា‌មួយ​លោក​អភិបាល​ជាតិ​រ៉ូម​ម្នាក់ ឈ្មោះ​ស៊ើគាស‌-ប៉ូឡូស ជា​មនុស្ស​ដ៏​ឆ្លាត​វៃ។ លោកបាន​ហៅ​លោក​បា‌ណា‌បាស និង​លោក​សុល​មក ព្រោះ​ចង់​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ។ 8ប៉ុន្ដែ អេលី‌ម៉ាស ជា​គ្រូ​មន្ត​អាគម (ដ្បិត​ឈ្មោះ​គាត់​ប្រែ​មក​ដូច្នេះ) ចេះ​តែ​ប្រឆាំង​នឹង​លោក​ទាំង​ពីរ ដើម្បី​បង្វែរ​លោក​អភិបាល​នោះ​មិន​ឲ្យ​ជឿ។ 9ប៉ុន្ដែ លោក​សុល ដែល​ហៅ​ថា​ប៉ុល បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ លោក​សម្លឹង​ទៅ​គ្រូ​នោះ 10ហើយ​មាន​ប្រសាសន៍​ថា៖ «នែ៎ មនុស្ស​ដែល​ពេញ​ដោយ​កិច្ច‌កល និង​ល្បិច​គ្រប់​យ៉ាង ជា​កូន​របស់​អារក្ស ហើយ​ជា​ខ្មាំង​សត្រូវ​នៃ​អស់​ទាំង​សេចក្តី​សុចរិត​អើយ! តើ​អ្នក​មិន​ព្រម​ឈប់​បង្ខូច​ផ្លូវ​ត្រង់​របស់​ព្រះ‌អម្ចាស់​ទេ​ឬ? 11មើល៍ ឥឡូវ​នេះ ព្រះ‌ហស្ត​របស់​ព្រះ‌អម្ចាស់​បាន​សង្កត់​លើ​អ្នក​ហើយ អ្នក​នឹង​ត្រូវ​ខ្វាក់​ភ្នែក មើល​មិន​ឃើញ​ពន្លឺ​ថ្ងៃ​មួយ​រយៈ»។ រំពេច​នោះ ភ្នែក​របស់​គាត់​ទៅ​ជា​ព្រឹលៗ ហើយ​ងងឹត​សូន្យ​ទៅ រួច​គាត់​ដើរ​វិល‌វល់​រាវ​រក​គេ​ឲ្យ​ដឹក​ដៃ។ 12ពេល​លោកអភិបាល​ជាតិ​រ៉ូមនោះ​ឃើញ​ហេតុ‌ការណ៍​កើតឡើង​ដូច្នេះ លោក​ក៏​ជឿ ដ្បិត​លោក​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត អំពី​សេចក្តី​បង្រៀន​របស់​ព្រះ‌អម្ចាស់។
លោក​ប៉ុល និង​លោក​បា‌ណា‌បាស​នៅ​ក្រុង​អន់‌ទីយ៉ូក​ស្រុក​ពីស៊ី‌ឌា
13បន្ទាប់​មក លោក​ប៉ុល និង​គូ‌កន​របស់​លោកបាន​ចុះ​សំពៅ​ចេញ​ពីក្រុង​ប៉ាផុស មក​ដល់​ក្រុង​ពើកា ក្នុង​ស្រុក​ប៉ាម‌ភីលា។ ឯ​លោក​យ៉ូហាន បានចាក​ចេញ​ពីពួក​គេ ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡិម​វិញ 14តែ​លោក​ប៉ុល និង​លោកបាណា​បាសបាន​បន្ដ​ដំណើរ​ពីក្រុង​ពើកា មក​ដល់​ក្រុង​អាន់‌ទី‌យ៉ូក ក្នុង​ស្រុក​ពីស៊ី‌ឌា។ នៅ​ថ្ងៃ​សប្ប័ទ លោក​ទាំង​ពីរ​ចូល​ទៅ​អង្គុយ​ក្នុង​សាលា​ប្រជុំ។ 15ក្រោយ​ពីបាន​អាន​គម្ពីរ​ក្រឹត្យ‌វិន័យ និង​គម្ពីរ​ហោរា​រួចហើយ ពួក​មេ​គ្រប់​គ្រង​សាលា​ប្រជុំ ចាត់​មនុស្ស​ឲ្យ​ទៅជម្រាបលោក​ទាំង​ពីរ​ថា៖ «បង‌ប្អូន​អើយ! បើ​បង‌ប្អូន​មាន​ពាក្យ​អ្វី​លើក​ទឹក​ចិត្ត​ប្រជាជន សូម​មាន​ប្រសាសន៍​ចុះ»។
16ដូច្នេះ លោក​ប៉ុល​ក៏​ក្រោក​ឡើង លើក​ដៃ​ធ្វើ​សញ្ញា ហើយ​មាន​ប្រសាសន៍​ថា៖
«បង‌ប្អូន​សាសន៍​អ៊ីស្រា‌អែល និង​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ​អើយ សូម​ស្តាប់​ចុះ 17ព្រះ​របស់​ប្រជាជនអ៊ីស្រា‌អែល​នេះ បានជ្រើស​រើស​បុព្វ‌បុរស​របស់​យើង ហើយ​បាន​លើក​តម្កើង​ប្រជាជន​នេះ​ជា​ខ្លាំង ក្នុង​កាល​គេ​ស្នាក់​នៅ​ស្រុក​អេស៊ីព្ទ រួច​ព្រះ‌អង្គ​បាន​នាំ​គេ​ចេញ​ពី​ស្រុក​នោះ ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា។ 18ព្រះ‌អង្គ​បាន​ទ្រាំទ្រ​គេ រយៈ​ពេល​ប្រមាណ​ជា​សែសិប​ឆ្នាំ​នៅ​ទី​រហោ‌ស្ថាន។ 19ក្រោយ​ពី​ព្រះ‌អង្គ​បាន​បំផ្លាញ​សាសន៍​ប្រាំពីរ​នៅ​ស្រុក​កាណាន​រួច​ហើយ ព្រះ‌អង្គ​ក៏​ប្រទាន​ស្រុក​របស់​គេ​ដល់​បុព្វ‌បុរស​របស់​យើង ទុក​ជា​មត៌ក។ 20ហេតុ‌ការណ៍ទាំង​អស់នេះ មាន​រយៈ​ពេល​ប្រមាណ​ជា​បួន​រយ​ហាសិប​ឆ្នាំ ហើយ​ក្រោយ​ការ​ទាំង​នោះ​មក ទ្រង់​ប្រទាន​ឲ្យ​មាន​ពួក​ចៅ‌ហ្វាយ រហូត​ដល់​គ្រា​ហោរា​សាំយូ‌អែល។ 21បន្ទាប់​មកទៀត គេបាន​សុំ​ឲ្យ​មាន​ស្តេច ហើយ​ព្រះ‌អង្គ​ក៏​ប្រទាន​ព្រះ‌បាទ​សូល ជា​បុត្រ​របស់​លោក​គីស ជា​បុរស​ម្នាក់​ក្នុង​កុល​សម្ព័ន្ធ​បេនយ៉ាមីន ឲ្យ​ធ្វើ​ជា​ស្តេច​លើ​គេ អស់​រយៈ​ពេល​សែសិប​ឆ្នាំ។ 22ក្រោយ​ពី​បានដកព្រះ‌បាទ​សូល​ចេញ ព្រះ‌អង្គបាន​តាំង​ព្រះ‌បាទ​ដាវីឌឡើង​ធ្វើ​ជា​ស្តេច​របស់​គេ។ ព្រះ‌អង្គ​បាន​ធ្វើ​បន្ទាល់​ពី​ព្រះបាទ​ដាវីឌ​ថា "យើង​រក​បាន​ដាវីឌ កូន​របស់​អ៊ីសាយ ជា​មនុស្ស​ម្នាក់​ត្រូវ​ចិត្ត​យើង ដែល​នឹង​ធ្វើ​តាម​ចិត្ត​យើង​គ្រប់​ជំពូក"។ 23គឺ​ក្នុង​ព្រះ‌រាជវង្ស​ស្តេច​នោះ​ហើយ ដែល​ព្រះ​បាន​បង្កើត​ព្រះ‌សង្គ្រោះ​មួយ​អង្គ គឺ​ព្រះ‌យេស៊ូវ ដល់​សាសន៍​អ៊ីស្រា‌អែល ដូច​ព្រះ‌អង្គ​បាន​សន្យា។ 24មុន​ពេល​ព្រះ‌អង្គ​យាង​មក លោក​យ៉ូហាន​បាន​ប្រកាស​ប្រាប់​អំពី​ពិធី​ជ្រមុជ​ខាង​ការ​ប្រែ​ចិត្ត ដល់​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់។ 25កាល​លោក​យ៉ូហាន​បាន​បង្ហើយ​ការ‌ងារ​របស់​លោកចប់​សព្វ​គ្រប់ លោក​មាន​ប្រសាសន៍​ថា "តើ​អ្នក​រាល់​គ្នា​ស្មាន​ថាខ្ញុំ​ជា​អ្នក​ណា? ខ្ញុំ​មិន​មែន​ជា​ព្រះ‌អង្គ​នោះ​ទេ តែមើល៍ ព្រះ‌អង្គ​នោះ​យាង​មក​ក្រោយ​ខ្ញុំ ខ្ញុំ​មិន​សម​នឹង​ស្រាយ​ខ្សែ​សុព័ណ៌‌បាទ​ព្រះ‌អង្គ​ផង"។
26បង‌ប្អូន​ជា​កូន​ចៅ​នៃ​ពូជ​ពង្ស​លោក​អ័ប្រា‌ហាំ និង​អស់​អ្នក​ក្នុង​ចំណោម​អ្នក​រាល់​គ្នាដែល​កោត​ខ្លាច​ព្រះ​អើយ ទ្រង់​បាន​ចាត់​ព្រះ‌បន្ទូល​ពី​ការ​សង្គ្រោះ​នេះ មក​ឲ្យ​យើង​រាល់​គ្នា​ហើយ។ 27ដ្បិត​អស់​អ្នក​ដែល​នៅ​ក្រុង​យេរូ‌សាឡិម និង​ពួក​មេ​គ្រប់​គ្រង​របស់​គេ មិន​បាន​ស្គាល់​ព្រះ‌អង្គទេ ក៏​មិន​បាន​យល់​ទំនាយ​របស់​ពួក​ហោរា ដែល​គេ​អាន​រាល់​ថ្ងៃ​សប្ប័ទ​ដែរ គេ​បាន​ធ្វើ​ឲ្យ​ទំនាយ​នោះ​បាន​សម្រេច ដោយ​កាត់​ទោស​ព្រះ‌អង្គ។ 28ទោះ​បី​គេ​រក​ហេតុ​នឹង​សម្លាប់​ព្រះ‌អង្គ​មិន​បាន​ក៏​ដោយ ក៏​គេ​នៅ​តែ​សុំ​ឲ្យ​លោក​ពីឡាត់​យក​ព្រះ‌អង្គទៅ​សម្លាប់​ដែរ។ 29កាល​គេ​បាន​ធ្វើ​សម្រេច​គ្រប់​ទាំង​សេចក្តី ដែល​បាន​ចែង​ទុក​អំពី​ព្រះ‌អង្គ​ស្រេច​ហើយ គេ​ក៏​យក​ព្រះ‌អង្គ​ចុះ​ពី​ឈើ​ឆ្កាង មក​បញ្ចុះ​ក្នុង​ផ្នូរ។ 30ប៉ុន្តែ ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ 31ព្រះ‌អង្គ​បាន​លេច​ឲ្យ​អស់​អ្នក​ដែល​បាន​ឡើង​ពី​ស្រុក​កាលី‌ឡេ មក​ក្រុង​យេរូ‌សាឡិម​ជា‌មួយ​ព្រះ‌អង្គ​បាន​ឃើញ អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។ ឥឡូវ​នេះ អ្នក​ទាំង​នោះ​ជា​ស្មរ​បន្ទាល់​របស់​ព្រះ‌អង្គ​ដល់​ប្រជាជន។
32យើង​ខ្ញុំ​ប្រកាស​ដំណឹង​ល្អ​ប្រាប់​អ្នក​រាល់​គ្នា ពី​សេចក្តី​ដែល​ព្រះ​បាន​សន្យា​ជា​មួយ​បុព្វ‌បុរស​របស់​យើង 33ព្រះ‌អង្គ​បាន​សម្រេច​ដល់​យើង​រាល់​គ្នា ដែល​ជា​ពូជ‌ពង្ស​របស់​ពួក​លោក ដោយ​ទ្រង់​បាន​ប្រោស​ព្រះ‌យេស៊ូវ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដូច​មាន​សេចក្តី​ចែង​ទុក​មក នៅ​ក្នុង​ទំនុក​តម្កើង​ទី​ពីរ​ថា៖ "អ្នក​ជា​កូន​របស់​យើង យើង​បាន​បង្កើត​អ្នក​នៅ​ថ្ងៃ​នេះ" ។ 34ឯ​ការ​ដែល​ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ​យេស៊ូវ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​ព្រះ‌អង្គ​ត្រឡប់​ទៅ​ឯ​សេចក្ដី​ពុក​រលួយ នោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "យើង​នឹង​ប្រគល់​ព្រះ​ពរ​ដ៏​បរិសុទ្ធ និង​ប្រាកដ​របស់​ដាវីឌ ឲ្យ​អ្នក​រាល់​គ្នា" ។ 35ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល ក្នុង​ទំនុក‌តម្កើង​មួយ​ទៀត​ថា "ព្រះ‌អង្គ​មិន​ទុក​ឲ្យ​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ឃើញ​សេចក្ដី​ពុក​រលួយ​ឡើយ" ។ 36រីឯ​ព្រះ‌បាទ​ដាវីឌ ក្រោយ​ពី​ស្ដេច​បាន​បម្រើ​គោល​បំណង​របស់​ព្រះ ដល់​មនុស្ស​ជំនាន់​របស់​ខ្លួន​រួច​មក ទ្រង់​ក៏​ផ្ទំលក់​ទៅ ហើយ​គេ​បាន​បញ្ចុះ​សព​ទ្រង់​ជា​មួយ​បុព្វ‌បុរស ហើយ​ក៏​ឃើញ​សេចក្តី​ពុក​រលួយ​ដែរ 37តែ​ព្រះ‌អង្គ​ដែល​ព្រះ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ ទ្រង់​មិន​ឃើញ​សេចក្ដី​ពុក​រលួយ​ឡើយ។ 38ដូច្នេះ បង‌ប្អូន​អើយ សូម​ជ្រាប​ថា ដែល​យើង​បាន​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​នេះ គឺ​ការ​អត់​ទោស​ឲ្យ​រួច​ពី​បាប តាម​រយៈ​ព្រះ‌អង្គ​នេះ​ឯង 39ហើយ​ដោយ​សារ​ព្រះ‌អង្គ អស់​អ្នក​ដែល​ជឿនឹង​មាន​សេរីភាព រួច​ពី​គ្រប់​ការ​ទាំង​អស់ ដែល​ពុំ​អាច​នឹង​មាន​សេរីភាព​បាន ដោយ​សារ​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ។ 40ដូច្នេះ ត្រូវ​ប្រយ័ត្ន ក្រែង​អ្នក​រាល់​គ្នា​កើត​មាន​សេចក្តី​ដែល​ពួក​ហោរា​បាន​ថ្លែង​ទុក​មក​ថា៖ 41"មើល៍ ពួក​អ្នក​ដែល​មើល​ងាយ​អើយ! ចូរ​ងឿង​ឆ្ងល់ ហើយ​វិនាស​ទៅ​ចុះ ដ្បិត​យើង​ធ្វើ​ការមួយ​នៅ​ជំនាន់​អ្នក​រាល់​គ្នា ជា​កិច្ច‌ការ​ដែល​អ្នក​រាល់​គ្នា​មិន​ព្រម​ជឿ ទោះ​បើ​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ក៏​ដោយ" »។
42ពេល​លោក​ប៉ុល និង​លោក​បាណា‌បាស​កំពុង​ដើរ​ចេញ​ពី​សាលា​ប្រជុំ ប្រជាជន​បាន​សុំ​ឲ្យ​លោក​មាន​ប្រសាសន៍​អំពី​សេចក្តី​ទាំង​នេះ​ម្ដង​ទៀត នៅ​ថ្ងៃ​សប្ប័ទ​ក្រោយ។ 43ពេល​ចប់​ការ​ប្រជុំ​ហើយ មាន​ពួក​សាសន៍​យូដា និង​ពួក​អ្នក​ចូល​សាសនាយូដាដែល​គោរពកោត​ខ្លាច​ព្រះ​ជា​ច្រើន បាន​ដើរ​តាម​លោក​ប៉ុល និង​លោក​បា‌ណា‌បាស ហើយ​លោក​បាន​ទូន្មាន​គេ​ឲ្យ​បន្ត​នៅ​ជាប់​ក្នុង​ព្រះ‌គុណ​របស់​ព្រះ។
44លុះ​ថ្ងៃ​សប្ប័ទ​មក​ដល់ ពួក​អ្នក​ក្រុង​ស្ទើរ​តែ​ទាំង​អស់បាន​មក​ជួប​ជុំ​គ្នា ដើម្បី​ស្តាប់​ព្រះ‌បន្ទូល។ 45ប៉ុន្ដែ កាល​ពួក​សាសន៍​យូដា​បាន​ឃើញមហាជន​ដូច្នេះ គេ​មាន​ចិត្ត​ច្រណែន ហើយ​ចាប់​ផ្ដើម​និយាយ​ប្រឆាំង​នឹង​សេចក្តីដែល​លោក​ប៉ុល​មាន​ប្រសាសន៍ ទាំង​ជេរ​ប្រមាថ​លោកទៀត​ផង។ 46ពេល​នោះ លោក​ប៉ុល និង​លោក​បា‌ណា‌បាស​ក៏​មាន​ប្រសាសន៍​យ៉ាង​ក្លា‌ហាន​ថា៖ «យើង​ខ្ញុំ​ត្រូវ​តែ​ប្រកាសព្រះ‌បន្ទូល​ប្រាប់​អ្នក​រាល់​គ្នាជា​មុន ប៉ុន្តែ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បដិសេធ​មិន​ព្រម​ទទួល​ព្រះ‌បន្ទូល ហើយដោយ​អ្នក​រាល់​គ្នា​យល់​ឃើញ​ថា ខ្លួន​មិន​សម​នឹង​ទទួល​ជីវិត​អស់​កល្ប​ជា‌និច្ច ឥឡូវ​នេះ យើង​បែរ​ទៅ​រក​ពួក​សាសន៍​ដទៃ​វិញ។ 47ដ្បិត​ព្រះ‌អម្ចាស់បាន​បង្គាប់​មក​យើង​ខ្ញុំ​ថា៖ "យើង​បាន​តាំង​អ្នក​សម្រាប់​ជា​ពន្លឺ​ដល់​សាសន៍​ដទៃ ដើម្បី​ឲ្យ​អ្នក​បាន​នាំ​ការ​សង្គ្រោះ​ដល់​ចុងបំផុត​នៃ​ផែនដី"» ។
48កាល​ពួក​សាសន៍​ដទៃ​បាន​ឮ​ដូច្នេះ គេ​មានចិត្ត​រីក​រាយ ហើយ​លើក​តម្កើង​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ រីឯ​អស់​អ្នក​ដែល​ព្រះ​បាន​តម្រូវ​ឲ្យ​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច ក៏​បាន​ជឿ។ 49ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ បានឮ​សុស​សាយ ពេញ​តំបន់​នោះ​ទាំង​មូល។ 50ប៉ុន្តែ ពួក​សាសន៍​យូដា​បាន​ញុះ‌ញង់​ស្ត្រី​ៗ​មាន​ឋានៈ​ខ្ពង់​ខ្ពស់ ដែល​គោរព​កោត​ខ្លាច​ព្រះ និង​ពួក​អ្នកមុខ​អ្នក​ការ​នៅ​ក្នុង​ទី​ក្រុង​នោះ ដោយ​ញុះ​ញង់​ឲ្យ​បៀត​បៀន​លោក​ប៉ុល និង​លោក​បា‌ណា‌បាស ហើយ​ដេញ​លោក​ទាំង​ពីរ​ចេញ​ពី​ស្រុក​របស់​គេ។ 51ដូច្នេះ លោក​ទាំង​ពីរ​ក៏​រលាស់​ធូលី​ដីចេញ​ពី​ជើង​ទាស់​នឹង​គេ ហើយ​បន្ត​ដំណើរ​ទៅ​ក្រុង​អ៊ីកូ‌នាម។ 52ពួក​សិស្ស​មាន​ចិត្ត​ពេញ​ដោយ​អំណរ និងដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។

ទើបបានជ្រើសរើសហើយ៖

កិច្ចការ 13: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល