កិច្ចការ 14

14
លោក​ប៉ុល និង​លោក​បា‌ណា‌បាស​នៅ​ក្រុង​អ៊ីកូ‌នាម
1នៅ​ក្រុង​អ៊ីកូ‌នាម លោក​ប៉ុល និង​លោក​បាណាបាស​បាន​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​សាសន៍​យូដា ហើយ​មាន​ប្រសាសន៍ រហូត​ដល់​ពួក​សាសន៍​យូដា និង​សាសន៍​ក្រិក​ជា​ច្រើន​បាន​ជឿ។ 2ប៉ុន្តែ ពួក​សាសន៍​យូដា​ដែល​មិន​ព្រម​ជឿ បាន​ញុះ‌ញង់ ហើយ​ចាក់​រុក​ពួក​សាសន៍​ដទៃឲ្យ​គេ​ទាស់​នឹងពួក​បង‌ប្អូន។ 3ដូច្នេះ លោក​ប៉ុល និង​លោក​បា‌ណា‌បាសក៏​ស្នាក់​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ ហើយ​មាន​ប្រសាសន៍​យ៉ាង​ក្លៀវ​ក្លា​អំពី​ព្រះ‌អម្ចាស់ ដែល​ទ្រង់​ធ្វើ​បន្ទាល់​អំពី​ព្រះ‌បន្ទូល​នៃ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ ដោយ​ប្រោស​ប្រទាន​ឲ្យ​មាន​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ផ្សេងៗកើត​ឡើង​ដោយ​សារ​ដៃ​លោក​ទាំង​ពីរ។ 4ប៉ុន្តែ មនុស្ស​នៅ​ទី​ក្រុង​នោះ បាន​បែក​បាក់​គ្នា ខ្លះ​កាន់​ខាង​សាសន៍​យូដា ខ្លះ​ខាង​ពួក​សាវក។ 5កាល​ពួក​សាសន៍​ដទៃ និង​ពួក​សាសន៍​យូដា សម​គំនិត​គ្នា​ជាមួយពួក​មេ​ដឹក​នាំ​របស់​គេចង់​ធ្វើ​បាប ហើយ​ចង់​គប់​លោក​ទាំង​ពីរ​នឹង​ដុំថ្ម 6ពួកលោក​ក៏​បាន​ដឹង ហើយ​រត់​ភៀស​ខ្លួន​ទៅ​ទីក្រុង​នានា​នៅ​ស្រុក​លូ‌កៅ‌នា គឺ​ក្រុង​លីស្រ្តា និងក្រុង​ឌើបេ ព្រម​ទាំង​តំបន់​ដែល​នៅ​ជុំ​វិញ 7ហើយ​បន្ត​ប្រកាស​ដំណឹង​ល្អ​នៅទីនោះ។
លោក​ប៉ុល និង​លោក​បា‌ណា‌បាស​នៅ​ក្រុង​លីស្ដ្រា និង​ក្រុង​ឌើបេ
8នៅ​ក្រុង​លីស្ត្រា មាន​បុរស​ម្នាក់​ពិការ​ជើងកំពុង​អង្គុយ គាត់​ខ្វិនពី​កំណើត មិន​ដែល​ដើរ​បាន​ឡើយ។ 9គាត់​ស្ដាប់​លោក​ប៉ុល​មាន​ប្រសាសន៍ ហើយ​លោក​ប៉ុល​ក៏​សម្លឹង​មើល​ទៅ​គាត់ ឃើញ​ថា គាត់​មាន​ជំនឿ​ល្មមនឹង​បាន​ជា 10លោក​ក៏​មាន​ប្រសាសន៍​យ៉ាង​ខ្លាំង​ថា៖ «សូម​ក្រោក​ឈរ​ឲ្យ​ត្រង់​ឡើង!» អ្នក​នោះ​ក៏​ស្ទុះ​ឡើង ហើយ​ដើរ​បាន។ 11កាល​មហាជន​ឃើញ​ការ​ដែល​លោក​ប៉ុលបាន​ធ្វើ គេ​ក៏​ស្រែក​ឡើង​ជា​ភាសា​លូ‌កៅ‌នា​ថា៖ «ពួកព្រះ​បាន​កាឡា​ខ្លួន​ជា​មនុស្ស ចុះ​មក​រក​យើង​ហើយ»។ 12គេ​ក៏​ហៅ​លោក​បា‌ណា‌បាស ថា​ព្រះ‌សេ‌យូស ហើយ​លោក​ប៉ុល ថា​ព្រះ‌ហ៊ើមេស ព្រោះ​លោក​ជា​មេ​សម្ដែង។ 13ពួក​សង្ឃ​របស់​ព្រះ‌សេយូស ដែល​មាន​វិហារ​នៅ​ទល់​មុខ​ទី​ក្រុង​នោះ បាន​យក​គោ​ឈ្មោល និង​ភួង​ផ្កា​មក​កាន់​ទ្វារ​ក្រុង ហើយ​ចង់​ថ្វាយ​យញ្ញ‌បូជា​រួម​ជា‌មួយ​មហា​ជន។ 14ប៉ុន្តែ ពេល​សាវក​បា‌ណា‌បាស និង​សាវក​ប៉ុលបាន​ឮ​ដំណឹង​នោះ លោក​ក៏​ហែក​សម្លៀក​បំពាក់​របស់​ខ្លួន ហើយ​រត់​ចូល​ទៅ​រក​មហាជន ទាំង​ស្រែក​ឡើង​ថា៖ 15«ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ? យើង​ខ្ញុំ​ក៏​ជា​មនុស្ស​ធម្មតា​ដូច​អ្នក​រាល់​គ្នា​ដែរ យើង​ខ្ញុំ​នាំ​ដំណឹង​ល្អ​មក​ប្រាប់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​បែរ​ចេញ​ពី​សេចក្ដី​ឥត​ប្រយោជន៍​ទាំង​នេះ មក​រក​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​វិញ ជា​ព្រះ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​អ្វីៗ​ទាំង​អស់​ដែល​នៅ​ទី​ទាំង​នោះ។ 16កាល​ជំនាន់​មនុស្ស​ពី​បុរាណ ព្រះ‌អង្គ​បាន​បណ្ដោយ​ឲ្យ​សាសន៍​ទាំង​ប៉ុន្មាន ដើរ​តាម​ផ្លូវ​របស់​គេ​រៀង​ខ្លួន។ 17ក៏​ប៉ុន្តែ ព្រះ‌អង្គ​មិន​ដែល​ខាន​នឹង​បង្ហាញ​ទី​បន្ទាល់អំពី​ព្រះ‌អង្គ​ទ្រង់​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​សម្តែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស ដោយ​ប្រទាន​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ចុះ​ពី​លើ​មេឃ ឲ្យ​មាន​រដូវ​បង្កើត​ផល ដើម្បី​បំពេញ​ចិត្ត​យើង​ដោយ​អាហារ និង​អំណរ»។ 18ទោះ​ជា​មាន​ប្រសាសន៍​ដូច្នេះក៏​ដោយ ក៏​ពួក​លោក​ឃាត់​ប្រជាជន​មិន​ឲ្យ​ថ្វាយ​យញ្ញ‌បូជា​ដល់​ខ្លួន​សឹង​តែ​មិន​បាន។
19ប៉ុន្តែ មាន​សាសន៍​យូដា​មក​ពី​ក្រុង​អាន់‌ទី‌យ៉ូក និង​ក្រុង​អ៊ីកូ‌នាម បាន​បញ្ចុះ​បញ្ចូល​មហាជន​ឲ្យ​យក​ដុំ​ថ្ម​គប់​លោក​ប៉ុល រួច​អូស​លោក​ទៅ​ចោល​នៅ​ក្រៅ​ក្រុង ដោយ​ស្មាន​ថា​លោក​ស្លាប់​ហើយ។ 20ប៉ុន្តែ ពេល​ពួក​សិស្ស​នាំ​គ្នា​ឈរ​ជុំ​វិញ​លោក លោកក៏​ក្រោក​ឡើង ហើយ​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ។ ស្អែកឡើង លោកក៏​បន្ត​ដំណើរជាមួយ​លោក​បា‌ណា‌បាស​ទៅ​ក្រុង​ឌើបេ។
ការ​វិល​ត្រឡប់​មក​ក្រុង​អាន់‌ទីយ៉ូក​ក្នុង​ស្រុក​ស៊ីរី​វិញ
21ក្រោយ​ពី​បាន​ប្រកាស​ដំណឹង​ល្អ ហើយ​បង្កើត​សិស្ស​ជា​ច្រើន​នៅ​ក្រុង​នោះរួច​មក ពួក​លោក​ក៏​វិល​ត្រឡប់​ទៅ​ក្រុង​លីស្ត្រា ក្រុង​អ៊ីកូ‌នាម និង​ក្រុង​អាន់‌ទី‌យ៉ូក​វិញ 22ទាំង​ពង្រឹង​ពួក​សិស្ស​ឲ្យ​មាន​ចិត្ត​មាំ​មួន ហើយ​លើក​ទឹកចិត្ត​គេ​ឲ្យ​ខ្ជាប់​ខ្ជួន​ក្នុង​ជំនឿ ដោយ​ពាក្យ​ថា៖ «យើង​ត្រូវ​ឆ្លង​កាត់​ទុក្ខ​វេទនា​ជា​ច្រើន ដើម្បី​ឲ្យ​បាន​ចូល​ក្នុង​ព្រះរាជ្យ​របស់​ព្រះ»។ 23កាល​ពួក​លោក​បានតែង​តាំង​ពួក​ចាស់​ទុំ នៅ​គ្រប់​ទាំង​ក្រុម​ជំនុំ ដោយ​អធិស្ឋាន​ទាំង​តមរួច​ហើយ ពួក​លោក​ក៏​ប្រគល់​គេ​ទុក​នឹង​ព្រះ‌អម្ចាស់ ដែល​គេ​បាន​ជឿ។
24បន្ទាប់មក ពួកលោក​ធ្វើ​ដំណើរឆ្លង​កាត់​ស្រុក​ពីស៊ី‌ឌា រហូត​មក​ដល់​ស្រុក​ប៉ាម‌ភីលា។ 25កាល​បានប្រកាស​ព្រះ‌បន្ទូលនៅ​ក្រុង​ពើកា​រួច​ហើយ ពួក​លោក​ក៏​ចុះ​ទៅ​ក្រុង​អាតា‌លា 26ហើយ​ចុះ​សំពៅ​ពី​ទី​នោះ ត្រឡប់​ទៅ​ក្រុង​អាន់‌ទី‌យ៉ូក​វិញ ជា​កន្លែង​ដែល​គេ​បាន​ទុក​ដាក់​លោក​ទាំង​ពីរ ក្នុង​ព្រះ‌គុណ​របស់​ព្រះ សម្រាប់​ការ​ងារ​ដែល​ទើប​នឹង​ធ្វើ​សម្រេច​នេះ។ 27ពេល​ទៅ​ដល់​ហើយ ពួក​លោក​ក៏ហៅ​ក្រុម​ជំនុំ​មកជួប​ជុំ​គ្នា ហើយ​ប្រកាស​ប្រាប់​ពី​អស់​ទាំង​ការ​ដែល​ព្រះ​បាន​ធ្វើ និង​ពី​របៀប​ដែល​ព្រះ‌អង្គ​បាន​បើក​ទ្វារ​នៃ​ជំនឿ​ដល់​សាសន៍​ដទៃ។ 28ពួក​លោក​ក៏​ស្នាក់​នៅ​ទី​នោះ​ជា‌មួយ​ពួក​សិស្ស​ជា​យូរក្រែល។

ទើបបានជ្រើសរើសហើយ៖

កិច្ចការ 14: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល