កិច្ចការ 18

18
លោក​ប៉ុល​នៅ​ក្រុង​កូរិន‌ថូស
1ក្រោយ​ហេតុ‌ការណ៍​នេះ​មក លោក​ប៉ុល​បាន​ចេញ​ពី​ក្រុង​អាថែន ធ្វើ​ដំណើរ​ទៅ​ក្រុង​កូរិន‌ថូស។ 2នៅ​ទី​នោះ លោក​ជួប​សាសន៍​យូដា​ម្នាក់ ឈ្មោះ​អ័គី‌ឡា ជា​អ្នក​ស្រុក​ប៉ុន‌តុស ដែល​ទើប​នឹង​មក​ពី​ស្រុក​អ៊ីតា‌លី ជាមួយ​នាង​ព្រីស៊ីល​ជា​ប្រពន្ធ ព្រោះ​ព្រះ​ចៅ​ក្លូឌាស បាន​បង្គាប់​ឲ្យ​សាសន៍​យូដា​ចេញ​ពី​ក្រុង​រ៉ូម​ទាំង​អស់។ លោក​ប៉ុល​បាន​ទៅ​ជួប​អ្នក​ទាំង​ពីរ 3ហើយ​ដោយ​ព្រោះ​លោក​មានមុខ​របរ​ដូច​គ្នា លោក​ក៏​ស្នាក់​នៅ ហើយ​ធ្វើ​ការ​ជា‌មួយ​គេ ដ្បិត​គេ​ជា​អ្នក​ធ្វើ​តង់។ 4លោក​ជជែក​វែកញែក​នៅ​ក្នុង​សាលា​ប្រជុំ​រាល់​ថ្ងៃ​សប្ប័ទ ហើយ​ព្យាយាម​ណែនាំ​សាសន៍​យូដា និង​សាសន៍​ក្រិក​ឲ្យ​ជឿ។
5កាល​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ បាន​ចុះ​ពី​ស្រុក​ម៉ាសេដូន​មក​ដល់​ហើយ លោក​ប៉ុល​ក៏​ចំណាយ​ពេល​ទាំង‌អស់ដើម្បី​ផ្សាយ​ព្រះ‌បន្ទូល ទាំង​ធ្វើ​បន្ទាល់​ប្រាប់​សាសន៍​យូដា​ថា ព្រះ‌យេស៊ូវ​ជា​ព្រះ‌គ្រីស្ទ​ពិតមែន ។ 6តែ​ដោយ​ព្រោះ​សាសន៍​យូដា​ចេះ​តែ​ទាស់​ទទឹង ហើយ​ជេរ​ប្រមាថ​លោក​ផងនោះ លោក​ក៏​រលាស់​អាវ​ខ្លួន ហើយមាន​ប្រសាសន៍​ថា៖ «ចូរ​ឲ្យ​ឈាម​អ្នក​រាល់​គ្នា ធ្លាក់​លើ​ក្បាល​អ្នក​រាល់​គ្នា​ចុះ ខ្ញុំ​គ្មាន​ទោស​ទេ ចាប់​ពី​ពេល​នេះ​ទៅ ខ្ញុំ​នឹង​ទៅ​រក​សាសន៍​ដទៃ​វិញ»។ 7លោក​ក៏​ចេញ​ពី​ទី​នោះ ចូល​ទៅ​ក្នុង​ផ្ទះ​បុរស​ម្នាក់ ឈ្មោះ​យូស្ទុស ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ ដែល​មាន​ផ្ទះ​នៅ​ជាប់​នឹង​សាលា​ប្រជុំ។ 8ឯ​លោក​គ្រីស‌ប៉ុស ជាមេ​សាលា​ប្រជុំ បាន​ជឿ​ដល់​ព្រះ‌អម្ចាស់ ព្រម​ទាំង​ក្រុម​គ្រួ​សារ​របស់​លោក​ទាំង​អស់។ មាន​អ្នក​ក្រុង​កូរិន‌ថូស​ជា​ច្រើនបាន​ស្តាប់ ហើយ​ជឿ រួច​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក។ 9យប់​មួយ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ប៉ុល​ក្នុង​និមិត្ត​ថា៖ «កុំ​ខ្លាច​អី ចូរ​និយាយ​ទៅ កុំ​នៅ​ស្ងៀម​ឡើយ 10ដ្បិត​យើង​នៅ​ជា‌មួយ​អ្នក​ហើយ គ្មាន​អ្នក​ណា​ហ៊ាន​តតាំង​ធ្វើ​បាប​អ្នក​បាន​ទេ ដ្បិត​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ទី​ក្រុង​នេះ ជាប្រជា​រាស្រ្ត​របស់​យើង»។ 11លោក​ស្នាក់​នៅ​ទី​នោះ​រយៈ​ពេល​មួយ​ឆ្នាំ​ប្រាំ​មួយ​ខែ ទាំង​បង្រៀន​ព្រះ‌បន្ទូល​របស់​ព្រះ​ក្នុង​ចំណោម​ពួក​គេ។
12ប៉ុន្តែ ពេល​លោក​កាលី‌យ៉ូ​ធ្វើ​ជា​អភិបាល​ជាតិ​រ៉ូម​នៅ​ស្រុក​អាខៃ ពួក​សាសន៍​យូដា​ព្រួត​គ្នា​ទាស់​នឹង​លោក​ប៉ុល ហើយ​នាំ​លោក​ទៅ​សាលាក្តី 13ទាំង​ចោទ​ថា៖ «អ្នក​នេះ​ជា​អ្នក​បញ្ចុះ​បញ្ចូល​មនុស្ស ឲ្យ​ថ្វាយ​បង្គំ​ព្រះ​ផ្ទុយ​នឹង​ច្បាប់»។ 14ប៉ុន្ដែ កាល​លោក​ប៉ុល​បម្រុង​នឹង​ហា​មាត់​និយាយ លោក​កាលី‌យ៉ូ​មាន​ប្រសាសន៍​ទៅកាន់​ពួក​សាសន៍​យូដា​ថា៖ «ពួក​សាសន៍​យូដា​អើយ ប្រសិន‌បើ​ជា​បទ​ល្មើស ឬ​បទ​ឧក្រិដ្ឋ​ណា​មួយ ខ្ញុំ​សម​នឹងទទួល​ស្តាប់​អ្នក​រាល់​គ្នា 15ប៉ុន្តែ ដោយ​សារ​ករណី​នេះ​ជា​រឿង​ពាក្យ​សម្ដី រឿង​ឈ្មោះ និង​រឿង​ក្រឹត្យ‌វិន័យ​របស់​អ្នក​រាល់​គ្នា សូម​ដោះ​ស្រាយ​ខ្លួន​ឯង​ទៅ ខ្ញុំ​មិន​ធ្វើ​ចៅ​ក្រម​ជំនុំ‌ជម្រះ​រឿង​ដូច្នេះ​ឡើយ»។ 16លោក​ក៏​ដេញ​គេចេញ​ពី​សាលា​ក្តីទៅ។ 17ពេល​នោះ ពួកគេ​ទាំង​ប៉ុន្មាន​ក៏​ចាប់​លោក​សូស្ថេន ជា​មេ​សាលា​ប្រជុំ ហើយ​វាយ​លោក​នៅ​មុខ​សាលា​ក្តី តែ​លោក​កាលី‌យ៉ូ​មិនខ្វល់​ពី​រឿង​នេះ​ឡើយ។
លោក​ប៉ុល​វិល​ត្រឡប់​មក​ក្រុង​អាន់‌ទីយ៉ូក​វិញ
18ក្រោយ​ហេតុ‌ការណ៍​នេះ​មក លោក​ប៉ុល​បាន​ស្នាក់​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ​ទៀត បន្ទាប់​មក លោក​ជម្រាប​លាពួក​បង‌ប្អូន ចុះ​សំពៅ​ទៅ​ស្រុក​ស៊ីរី មាន​ទាំងនាង​ព្រីស៊ីល និង​លោក​អ័គី‌ឡាទៅ​ជា‌មួយ​ដែរ។ លោក​បាន​កោរ​សក់​នៅ​ក្រុង​កេង‌គ្រា ព្រោះ​លោក​ត្រូវ​លា​បន់​បំណន់ ។ 19ពេលមក​ក្រុង​អេភេ‌សូរ លោក​ប៉ុល​ទុក​អ្នក​ទាំង​ពីរឲ្យ​នៅ​ទី​នោះ តែ​ឯ​លោក​វិញ ចូល​ទៅ​ក្នុង​សាលា​ប្រជុំ ហើយ​ជជែក​វែក​ញែក​ជាមួយ​សាសន៍​យូដា។ 20គេ​សុំ​ឲ្យលោកស្នាក់​នៅ​ជា‌មួយ​គេ​យូរ​បន្តិច​ទៀត តែ​លោក​មិន​ព្រម 21លោក​ជម្រាប​លា​គេ​ដោយ​ពាក្យ​ថា៖ «ខ្ញុំ​នឹង​ត្រឡប់​មករក​អ្នក​រាល់​គ្នា​វិញ ប្រសិន‌បើ​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ» រួច​លោក​ក៏​ចុះ​សំពៅ ចេញ​ពី​ក្រុង​អេភេ‌សូរ​ទៅ។
22កាល​លោក​បាន​ចូល​ចត​នៅ​ក្រុង​សេ‌សារា​ហើយ លោក​ក៏​ឡើង​ទៅ​ជម្រាប​សួរ​ក្រុម​ជំនុំ បន្ទាប់​មក ចុះ​ទៅ​ក្រុង​អាន់‌ទីយ៉ូក។ 23ក្រោយ​ពី​បាន​ស្នាក់​នៅ​ទី​នោះ​យូរ​បន្ដិច​មក លោក​ក៏​ចាក​ចេញ ហើយ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​កា‌ឡាទី និង​ស្រុក​ព្រីគា ទាំង​ពង្រឹង​ជំនឿ​ពួក​សិស្ស​ទាំង​អស់​ឲ្យ​បាន​រឹង​មាំ។
កិច្ច‌ការ​របស់​លោក​អ័ប៉ូ‌ឡូស
24នៅ​ទី​នោះ មាន​សាសន៍​យូដា​ម្នាក់ ឈ្មោះ​អ័ប៉ុ‌ឡូស ជា​អ្នក​ស្រុក​អ័លេ‌ក្សានទ្រា បាន​មក​ដល់​ក្រុង​អេភេ‌សូរ។ គាត់​ជា​មនុស្ស​មាន​វោហារ ហើយ​ចេះ​គម្ពីរ​យ៉ាងស្ទាត់​ជំនាញ។ 25គាត់​បាន​សិក្សា​តាម​ផ្លូវ​របស់​ព្រះ‌អម្ចាស់ ហើយ​ដោយ​ព្រោះ​គាត់​មាន​ចិត្ត​ឧស្សាហ៍ គាត់​អធិប្បាយ និង​បង្រៀន​យ៉ាង​ត្រឹម​ត្រូវ​អំពី​ព្រះ‌យេស៊ូវ ទោះ​ជា​គាត់​ដឹង​ត្រឹម​តែ​ពិធី​ជ្រមុជ​របស់​លោក​យ៉ូហាន​ក៏​ដោយ។ 26គាត់​ចាប់​ផ្ដើម​អធិប្បាយ​ក្នុង​សាលា​ប្រជុំ​ដោយ​ក្លា‌ហាន ប៉ុន្តែ ពេល​លោក​អ័គី‌ឡា និង​នាង​ព្រីស៊ីល បាន​ឮ អ្នក​ទាំង​ពីរ​ក៏​នាំ​គាត់​មក​ពន្យល់​ពី​ផ្លូវរបស់​ព្រះ ឲ្យ​រឹត​តែ​ច្បាស់​ថែម​ទៀត។ 27កាល​លោក​អ័ប៉ុ‌ឡូស​មាន​បំណង​ចង់​ទៅ​ស្រុក​អាខៃ ពួក​បង‌ប្អូន​ក៏​លើក​ទឹក​ចិត្ត​គាត់ ហើយ​សរសេរ​សំបុត្រ​ផ្ញើ​ទៅជម្រាប​ពួក​សិស្ស​នៅ​ទី​នោះ ឲ្យ​ទទួល​គាត់ដោយ​រាក់​ទាក់។ ពេល​ទៅ​ដល់ គាត់​ក៏​ជួយ​យ៉ាង​ច្រើន​ដល់​អស់​អ្នក​ដែល​ជឿ​នៅ​ទី​នោះ ដោយ​សារ​ព្រះ‌គុណ​របស់​ព្រះ។ 28ដ្បិត​គាត់​ជជែក​ផ្ចាញ់​ពួក​សាសន៍​យូដា​នៅ​កណ្តាល​ជំនុំ​យ៉ាង​ប៉ិន​ប្រសប់ ទាំង​បង្ហាញ​តាម​គម្ពីរ​ថា ព្រះ‌យេស៊ូវ​ជា​ព្រះ‌គ្រីស្ទ​ពិត​មែន។

ទើបបានជ្រើសរើសហើយ៖

កិច្ចការ 18: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល