កិច្ចការ 19

19
លោក​ប៉ុល​នៅ​ក្រុង​អេភេ​សូរ
1កាល​លោក​អ័ប៉ុ‌ឡូស​កំពុង​នៅ​ក្រុង​កូរិន‌ថូស លោក​ប៉ុល​បានធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​ខ្ពង់​រាប រហូត​មក​ដល់​ក្រុង​អេភេ‌សូរ ហើយ​លោក​បាន​ជួប​សិស្ស​ខ្លះ​នៅ​ទីនោះ។ 2លោក​សួរ​គេ​ថា៖ «ចាប់​តាំងពី​អ្នក​រាល់​គ្នា​បាន​ជឿ​មក តើ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ហើយ​ឬ​នៅ?» គេ​ឆ្លើយ​ថា៖ «ទេ យើង​ខ្ញុំ​មិន​ដែល​ទាំង​ឮថា​មាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ផង»។ 3លោក​សួរ​ទៀត​ថា៖ «ដូច្នេះ តើ​អ្នក​រាល់​គ្នា​បាន​ទទួល​ពិធី​ជ្រមុជ​បែប​ណា?» គេ​ឆ្លើយ​ថា៖ «ពិធី​ជ្រមុជ​របស់​លោក​យ៉ូហាន»។ 4លោក​ប៉ុល​មាន​ប្រសាសន៍​ថា៖ «លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ខាង​ឯ​ការ​ប្រែ​ចិត្ត ទាំង​ប្រាប់​ប្រជាជន​ឲ្យ​ជឿ​ដល់​ព្រះ‌អង្គ ដែល​យាង​មក​ក្រោយ​លោក គឺ​ជឿដល់​ព្រះ‌យេស៊ូវ»។ 5កាល​បាន​ឮ​ដូច្នោះ​ហើយ គេ​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូវ។ 6កាល​លោក​ប៉ុល​បាន​ដាក់​ដៃ​លើ​គេ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​យាង​មក​សណ្ឋិត​លើ​គេ ហើយ​គេ​ចាប់​ផ្ដើម​និយាយ​ភាសា​ដទៃ និងថ្លែង​ទំនាយ។ 7អ្នក​ទាំង​នោះ​មាន​គ្នា​ទាំង​អស់​ប្រមាណ​ដប់​ពីរ​នាក់។
8លោក​ប៉ុល​បាន​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ ហើយ​មាន​ប្រសាសន៍​ដោយ​ក្លា‌ហាន អស់​រយៈ​ពេល​បី​ខែ ដោយ​ជជែក​ពន្យល់ ព្រម​ទាំង​ខិត​ខំ​ណែ​នាំ​គេ​ឲ្យ​ជឿ​អំពី​ព្រះរាជ្យ​របស់​ព្រះ។ 9ប៉ុន្ដែ កាល​អ្នក​ខ្លះ​កើត​មាន​ចិត្ត​រឹង​រូស ហើយ​នៅ​តែ​មិន​ព្រម​ជឿ ទាំង​និយាយ​អាក្រក់​ពី​ផ្លូវ​នោះ​នៅ​មុខ​ក្រុម​ជំនុំ លោក​ក៏​ថយ​ចេញ​ពី​ពួក​គេ ដោយ​នាំ​ពួក​សិស្ស​ទៅ​ជាមួយ រួច​លោក​ជជែក​ពន្យល់​រាល់​ថ្ងៃ​នៅ​ក្នុង​សាលា​របស់​ទីរ៉ា‌នុស។ 10លោក​ធ្វើ​ដូច្នេះអស់​រយៈ​ពេល​ពីរ​ឆ្នាំ រហូត​ដល់​អស់​អ្នក​ដែល​នៅ​ស្រុក​អាស៊ី បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ទាំង​សាសន៍​យូដា និង​សាសន៍​ក្រិក។
កូន​ប្រុសៗ​របស់​លោក​ស្កេវ៉ា
11ព្រះ​បាន​ធ្វើ​ការ​អស្ចារ្យ​យ៉ាង​ចម្លែកៗ តាម​រយៈ​ដៃ​របស់​លោក​ប៉ុល 12ដែល​សូម្បី​តែ​គេ​យក​កន្សែង ឬ​ក្រមាដែល​នៅ​ជាប់​នឹង​ខ្លួន​លោក ទៅ​ដាក់​លើ​អ្នក​ជំងឺ នោះ​ជំងឺ​ក៏​បាត់​ទៅ ហើយ​វិញ្ញាណ​អាក្រក់​ក៏​ចេញ​ពីគេ​ដែរ។ 13ពេល​នោះ មាន​សាសន៍​យូដា​ខ្លះជា​គ្រូ​មន្ត​អាគម ដែល​ដើរ​ពីកន្លែង​មួយ​ទៅ​កន្លែង​មួយ បាន​ព្យាយាម​ប្រើ​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូវ ទៅ​លើ​មនុស្ស​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​ថា៖ «យើង​បញ្ជា​ឯង ដោយ​ព្រះ‌យេស៊ូវ ដែល​លោក​ប៉ុល​ប្រកាស»។ 14កូន​ប្រុស​ទាំង​ប្រាំពីរ​របស់​សម្ដេច​សង្ឃសាសន៍​យូដា​ម្នាក់ ឈ្មោះ​ស្កេវ៉ា ក៏​ធ្វើ​ដូច្នេះ​ដែរ។ 15ប៉ុន្ដែ វិញ្ញាណ​អាក្រក់​តប​ទៅ​គេ​ថា៖ «យើង​ស្គាល់​ព្រះ‌យេស៊ូវ ហើយលោក​ប៉ុល​ក៏​យើង​ទទួល​ស្គាល់ ចុះ​ឯង​រាល់​គ្នាវិញ តើ​ឯង​ជា​អ្នក​ណា?» 16អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ក៏​ស្ទុះ​ទៅ​សង្គ្រុប​លើ​គេ ហើយ​ឈ្នះគេ រហូត​ទាល់​តែ​អ្នក​ទាំង​នោះរត់​ចេញ​ពី​ផ្ទះ​នោះ​ទៅ​ទាំង​អាក្រាត និង​មាន​របួស​ទៀត​ផង។ 17មនុស្ស​ទាំង​អស់​នៅ​ក្រុង​អេភេ‌សូរ ទាំង​សាសន៍​យូដា និង​សាសន៍​ក្រិក សុទ្ធ​តែ​បាន​ដឹង​រឿង​នេះ។ គេ​មាន​ចិត្ត​កោត​ខ្លាច​គ្រប់​គ្នា ហើយ​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូវក៏​ត្រូវ​បាន​គេ​លើក​តម្កើង។ 18មាន​អ្នក​ជឿ​ជា​ច្រើន​នាក់បាន​ចូល​មក​លន់​តួ ហើយ​លាត​ត្រដាង​ពីអំពើ​ដែល​ខ្លួនបាន​ប្រព្រឹត្ត 19ហើយ​ក៏​មាន​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​មន្ត​អាគម​ជា​ច្រើន បាន​យក​ក្បួន​តម្រា​របស់​ខ្លួន​មក​ដុត​ចោល​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់។ គេ​បាន​គិត​តម្លៃ​ក្បួន​តម្រា​ទាំង​នោះ​មើល ឃើញ​មាន​តម្លៃ​ជា​សាច់​ប្រាក់​ប្រាំម៉ឺន​កាក់។ 20ដូច្នេះ ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​រីក​ចម្រើន​ឡើង ហើយ​បាន​ឈ្នះ​ដោយ​អំណាច។
ការ​បះបោរ​នៅ​ក្រុង​អេ‌ភេសូរ
21ក្រោយ​ហេតុ‌ការណ៍​ទាំង​នេះ​មក ព្រះ‌វិញ្ញាណ​បាន​ជម្រុញ​ឲ្យ​លោក​ប៉ុល​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ម៉ាសេ‌ដូន ស្រុក​អាខៃ ហើយ​បន្ត​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡិម។ លោក​មាន​ប្រសាសន៍​ថា៖ «ក្រោយ​ពីខ្ញុំ​បាន​ទៅ​ដល់​ទី​នោះ​ហើយ ខ្ញុំ​ត្រូវ​តែ​ទៅ​មើល​ក្រុង​រ៉ូម​ដែរ»។ 22លោក​បាន​ចាត់​អ្នក​ជំនួយ​របស់​លោក​ពីរ​នាក់ គឺ​លោក​ធីម៉ូថេ និង​លោក​អេរ៉ា‌ស្ទុស ឲ្យ​ទៅ​ស្រុក​ម៉ា‌សេដូន តែ​ឯ​លោក​វិញ លោក​ស្នាក់​នៅ​ក្នុង​ស្រុក​អាស៊ី​មួយ​រយៈ​ពេល​សិន។
23នៅ​គ្រា​នោះ មាន​ការ​ច្រួល​ច្របល់កើត​ឡើងយ៉ាង​ខ្លាំង​អំពី​ផ្លូវ​នោះ។ 24មាន​បុរស​ម្នាក់​ឈ្មោះ​ដេមេ‌ទ្រាស ជា​ជាង​ចម្លាក់ ដែល​ធ្វើ​អាស្រម​ព្រះ‌នាង​ឌីអាន​ពី​ប្រាក់ គាត់​ជួយ​ពួក​ជាង​ទាំង​ប៉ុន្មានឲ្យ​បាន​កម្រៃ​ជា​ច្រើន។ 25គាត់​បាន​ប្រមូល​កូន​ជាង​ទាំង​ប៉ុន្មាន និង​ពួក​អ្នក​ដែល​មានមុខ​របរ​ដូច​គ្នា​មក រួច​ពោល​ថា៖ «អ្នក​រាល់​គ្នា​អើយ អ្នក​ដឹង​ថា យើង​មាន​ទ្រព្យ​សម្បត្តិ​ដោយ​សារ​មុខ​របរ​នេះ 26អ្នក​ក៏​ឃើញ ហើយ​ឮ​ថា ឈ្មោះ​ប៉ុល​នេះ​បាន​បញ្ចុះ‌បញ្ចូល ព្រម​ទាំង​បង្វែរ​មនុស្ស​ជា​ច្រើន មិន​ត្រឹម​តែ​នៅ​ក្រុង​អេ‌ភេសូរ​នេះ​ប៉ុណ្ណោះទេ គឺ​ស្ទើរ​តែ​ពេញ​ស្រុក​អាស៊ី​ទាំង​មូល ដោយ​ពោល​ថា ព្រះ​ដែល​ដៃ​មនុស្ស​ធ្វើ មិន​មែន​ជា​ព្រះ​ឡើយ។ 27ដូច្នេះ មិន​ត្រឹម​តែ​អន្តរាយ​ដល់​មុខ​របរ​របស់​យើង ដោយ​គេ​លែង​រាប់​អាន​ប៉ុណ្ណោះ​ទេ គឺ​ក្រែង​គេ​លែង​ទាំង​គោរព​ប្រតិបត្តិ​ដល់​ព្រះ‌វិហារ​របស់​ព្រះ‌នាង​ឌីអាន​ដ៏​ធំ​ថែម​ទៀត​ផង រួច​សិរី​ល្អ​នៃ​ព្រះ​របស់​យើង ដែល​អ្នក​ស្រុក​អាស៊ីទាំង​អស់ និង​ពិភព​លោក​ទាំង​មូល​ថ្វាយ​បង្គំ ក៏​នឹង​ត្រូវ​សាប​សូន្យ​ដែរ»។
28ពេល​គេ​ឮដូច្នេះ គេ​ខឹង​យ៉ាង​ខ្លាំង ហើយ​ស្រែក​ឡើង​ថា៖ «ព្រះ‌នាង​ឌីអាន​ជា​ព្រះ​របស់​អ្នក​ក្រុង​អេភេ‌សូរ ទ្រង់​ធំ​វិសេស!»។ 29ដូច្នេះ ទីក្រុង​ក៏​មាន​ពេញ​ដោយ​ភាព​វឹក‌វរ ហើយ​គេ​លើក​គ្នា​ចាប់​អូស​លោក​កៃយុស និងលោក​អើរី‌ស្តាក ជា​អ្នក​ស្រុក​ម៉ា‌សេដូន ដែល​រួម​ដំណើរ​ជា‌មួយ​លោក​ប៉ុល សម្រុក​ចូល​ទៅ​ក្នុង​ទី​លាន​មហោ​ស្រព ។ 30ប៉ុន្ដែ ពេល​លោក​ប៉ុល​មានបំណង​ចូល​ទៅ​ក្នុង​ចំណោម​បណ្តា‌ជន ពួក​សិស្ស​មិន​ព្រម​ឲ្យ​លោក​ទៅ​ទេ។ 31សូម្បី​តែ​ពួក​មន្រ្តី​នៅ​ស្រុក​អាស៊ី​ខ្លះ ដែល​ជា​មិត្ត​សម្លាញ់​របស់​លោក ក៏​បាន​ចាត់​គេ​មក​អង្វរ​លោក កុំ​ឲ្យ​ប្រថុយ​ចូល​ទៅ​ក្នុង​ទីលាន​មហោ​ស្រព​ដែរ។ 32នៅ​ពេល​នោះ មាន​ខ្លះ​ស្រែក​យ៉ាង​នេះ ខ្លះ​ស្រែក​យ៉ាង​នោះ ដ្បិត​អង្គ​ប្រជុំ​ទាំង​មូល​កំពុង​ច្របូក​ច្របល់ ហើយ​ពួក​គេ​ភាគ​ច្រើន​មិន​ទាំង​ដឹង​ថា​គេ​ប្រជុំ​គ្នា​រឿង​អ្វី​ផង។ 33ពួក​សាសន៍​យូដា​បាន​ច្រាន​អ័លេ‌ក្សានត្រុស​ចេញ​ពី​ចំណោម​បណ្ដាជន ទៅ​ឈរ​ខាង​មុខ ហើយ​អ័លេ‌ក្សានត្រុស​ក៏​លើក​ដៃ​ជា​សញ្ញា ព្រោះ​ចង់​ឆ្លើយ​បំភ្លឺ​នៅមុខប្រជាជន។ 34ប៉ុន្តែ ពេល​គេ​ដឹង​ថា គាត់​ជា​សាសន៍​យូដា គេ​ក៏​ស្រែក​ឡើង​ព្រម​គ្នា ប្រមាណ​ជា​ពីរ​ម៉ោង​ថា៖ «ព្រះនាង​ឌីអាន​របស់​ពួក​ក្រុង​អេភេ‌សូរ​យើង ទ្រង់​ធំ​វិសេស!»។ 35កាល​លោក​លេខាធិការ​បាន​ឃាត់​បណ្ដា​ជន​ឲ្យ​នៅ​ស្ងៀម​ហើយ លោក​មាន​ប្រសាសន៍​ថា៖ «ពួក​ក្រុង​អេភេ‌សូរ​អើយ តើ​អ្នក​ណា​មិន​ដឹង​ថា ពួក​អ្នក​ក្រុង​អេភេ‌សូរ​នេះ ជា​អ្នក​ថែ​រក្សា​ព្រះ‌វិហារ​ព្រះ‌នាង​ឌីអាន និង​ជា​ក្រុង​ដែល​មាន​រូប​សំណាក​ដែល​ធ្លាក់​ពី​លើ​មេឃមក​នោះ!។ 36ដូច្នេះ សេចក្ដី​នេះ​គ្មាន​អ្នក​ណា​អាច​ប្រកែក​បាន​ទេ គួរ​តែ​អ្នក​រាល់​គ្នា​នៅ​ស្ងៀម​ទៅ មិន​ត្រូវ​ធ្វើ​ដោយ​តក់​ក្រហល់​ដូច្នេះ​ឡើយ។ 37អ្នក​រាល់​គ្នា​បាន​នាំ​អ្នក​ទាំង​នេះ​មក ដែល​មិន​មែន​ជា​ចោរ​លួច​វិហារ ឬ​ជា​អ្នក​ប្រមាថ​ដល់​ព្រះ​របស់​យើង​ទេ។ 38ប្រសិន‌បើ​លោក​ដេមេ‌ទ្រាស និង​ពួក​ជាង​ដែល​មក​ជា‌មួយគាត់ មាន​រឿង​អ្វី​ទាស់​នឹង​អ្នក​ណា នោះ​មាន​សាលា​ក្តី​បើក​ចំហ​ស្រាប់ ហើយ​មាន​ទាំង​លោកអភិបាល​ជាតិ​រ៉ូម​ផង ត្រូវ​ឲ្យ​គេ​ដាក់​ពាក្យ​បណ្ដឹង​ទៅ។ 39ប៉ុន្ដែ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ចង់​សួរ​ពី​បញ្ហា​ផ្សេង​ទៀត នោះ​ត្រូវ​ដោះ​ស្រាយ​នៅ​ក្នុង​អង្គ​ប្រជុំ​តាម​ច្បាប់វិញ។ 40ដ្បិតយើង​ពិត​ជា​ស្ថិត​ក្នុង​សភាព​គ្រោះ​ថ្នាក់ ដោយ​ជាប់​ចោទ​ពី​រឿង​បះ‌បោរ​ដែល​កើត​ឡើង​នៅ​ថ្ងៃ​នេះ ព្រោះ​គ្មាន​ហេតុ​ណា​មួយ ដែល​យើង​អាច​នឹង​ដោះសា​ពី​ការ​ប្រជុំ​គ្នា​នេះ​បាន​ឡើយ»។ 41កាល​លោក​មាន​ប្រសាសន៍ដូច្នេះ​រួច​ហើយ លោក​ក៏​រំសាយ​អង្គ​ប្រជុំ​នោះ​ទៅ។

ទើបបានជ្រើសរើសហើយ៖

កិច្ចការ 19: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល