អេម៉ុស 1:3-15

អេម៉ុស 1:3-15 គកស១៦

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​បី​របស់​ក្រុង​ដាម៉ាស អើ ដោយ​ព្រោះ​បួន​ផង យើង​នឹង​មិន​ព្រម​លើក​លែង​ទោស​គេ​ឡើយ ព្រោះ​គេ​បាន​បញ្ជាន់​ស្រុក​កាឡាត ដោយ​គ្រឿង​បញ្ជាន់​ធ្វើ​ពី​ដែក។ យើង​នឹង​ចាត់​ភ្លើង​ឲ្យទៅ​លើ​ផ្ទះ​របស់​ហាសែល ហើយ​ភ្លើង​នោះ​នឹង​ឆេះ​បំផ្លាញ ទីមាំ​មួន​របស់​បេន-ហាដាឌ។ យើង​នឹង​បំបាក់​រនុក​ទ្វារ​របស់​ក្រុង​ដាម៉ាស ហើយ​កាត់​ពួក​អ្នក​នៅ​ជ្រលង​ភ្នំ​អាវេន​ចេញ ព្រម​ទាំង​អ្នក​ដែល​កាន់​ដំបង​រាជ្យ​របស់​បេត-អេដែន​ផង នោះ​ពួក​សាសន៍​ស៊ីរី​នឹង​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​គារ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​បី​របស់​ក្រុង​កាសា អើ ដោយ​ព្រោះ​បួន​ផង យើង​នឹង​មិន​ព្រម​លើក​លែង​ទោស​គេ​ឡើយ ព្រោះ​គេ​បាន​កៀរ​យក​ពួក​ឈ្លើយ​ទាំង​អស់ ដើម្បី​ប្រគល់​ឲ្យ​សាសន៍​អេដុម។ យើង​នឹង​ចាត់​ភ្លើង​ឲ្យ​ទៅ​លើ​កំផែង​ក្រុង​កាសា ភ្លើង​នោះ​នឹង​ឆេះ​ទី​មាំ​មួន​របស់​ក្រុង​នោះ​អស់​ទៅ។ យើង​នឹង​កាត់​ពួក​អ្នក​នៅ​ក្រុង​អាសដូឌ​ចេញ ព្រម​ទាំង​អ្នក​ដែល​កាន់​ដំបង​រាជ្យ​នៃ​ក្រុង​អាស‌កាឡូន​ផង យើង​ក៏​នឹង​បែរ​ដៃ​ទៅ​ទាស់​នឹង​ក្រុង​អេក្រុន ហើយ​សំណល់​នៃ​ពួក​ភីលី‌ស្ទីន​នឹង​ត្រូវ​វិនាស នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​យេហូវ៉ា។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​បី​របស់​ក្រុង​ទីរ៉ុស អើ ដោយ​ព្រោះ​បួន​ផង យើង​នឹង​មិន​ព្រម​លើក​លែង​ទោស​គេ​ឡើយ ព្រោះ​គេ​បាន​ប្រគល់​ពួក​ឈ្លើយ​ទាំង​អស់ ដល់​សាសន៍​អេដុម ហើយ​មិន​បាន​នឹក​ចាំ​សេចក្ដី​សញ្ញា ជា​បង‌ប្អូន​នឹង​គ្នា​សោះ។ យើង​នឹង​ចាត់​ភ្លើង ឲ្យ​ទៅ​លើ​កំផែង​ក្រុង​ទីរ៉ុស ភ្លើង​នោះ​នឹង​ឆេះ​ទី​មាំ​មួន​របស់​ក្រុង​នោះ​អស់​ទៅ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​បី​របស់​សាសន៍​អេដុម អើ ដោយ​ព្រោះ​បួន​ផង យើង​នឹង​មិន​ព្រម​លើក​លែង​ទោស​គេ​ឡើយ ព្រោះ​គេ​បាន​កាន់​ដាវ ដេញ​តាម​បង‌ប្អូន​របស់​ខ្លួន ក៏​គ្មានចិត្ត​មេត្តា​ប្រណី​ទាល់​តែ​សោះ គេ​ចេះ​តែ​ហែក​ហួរ​តាម​កំហឹង​របស់​គេ ក៏​ចេះ​តែ​ចង​កំហឹង​ជា​ដរាប។ យើង​នឹង​ចាត់​ភ្លើង​ឲ្យ​ទៅ​លើ​ក្រុង​ថេម៉ាន ហើយ​ភ្លើង​នោះ​ឆេះ​បំផ្លាញ​ទី​មាំ​មួន​របស់​ក្រុង​បុសរ៉ា។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​បី​របស់​ពួក​កូន​ចៅ​អាំម៉ូន អើ ដោយ​ព្រោះ​បួន​ផង យើង​នឹង​មិន​ព្រម​លើក​លែង​ទោស​គេ​ឡើយ ព្រោះ​គេ​បាន​វះ​ពោះ​របស់​ពួក​ស្រីៗ ដែល​មាន​ទម្ងន់​នៅ​ស្រុក​កាឡាត ដើម្បី​ឲ្យ​បាន​វាត​ព្រំ​ដែន​របស់​ខ្លួន​ឲ្យ​ធំ។ យើង​នឹង​បង្កាត់​ភ្លើង​នៅ​លើ​កំផែង​ក្រុង​រ៉ាបាត ភ្លើង​នោះ​នឹង​ឆេះ​ទី​មាំ​មួន​របស់​ក្រុង​នោះ​អស់​ទៅ ទាំង​មាន​សម្រែក​ក្នុង​ថ្ងៃ​សឹក​សង្គ្រាម ទាំង​មាន​ព្យុះ​សង្ឃរា ក្នុង​ថ្ងៃ​ដែល​មាន​ខ្យល់​កំបុត‌ត្បូង ស្តេច​របស់​គេ​នឹង​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​ពួក​មេ​ដឹក​នាំ​របស់​គេ​ផង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

អាន អេម៉ុស 1