អេម៉ុស 1:3-15
អេម៉ុស 1:3-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំងបីរបស់ក្រុងដាម៉ាស អើ ដោយព្រោះបួនផង យើងនឹងមិនព្រមលើកលែងទោសគេឡើយ ព្រោះគេបានបញ្ជាន់ស្រុកកាឡាត ដោយគ្រឿងបញ្ជាន់ធ្វើពីដែក។ យើងនឹងចាត់ភ្លើងឲ្យទៅលើផ្ទះរបស់ហាសែល ហើយភ្លើងនោះនឹងឆេះបំផ្លាញ ទីមាំមួនរបស់បេន-ហាដាឌ។ យើងនឹងបំបាក់រនុកទ្វាររបស់ក្រុងដាម៉ាស ហើយកាត់ពួកអ្នកនៅជ្រលងភ្នំអាវេនចេញ ព្រមទាំងអ្នកដែលកាន់ដំបងរាជ្យរបស់បេត-អេដែនផង នោះពួកសាសន៍ស៊ីរីនឹងទៅជាឈ្លើយនៅស្រុកគារ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំងបីរបស់ក្រុងកាសា អើ ដោយព្រោះបួនផង យើងនឹងមិនព្រមលើកលែងទោសគេឡើយ ព្រោះគេបានកៀរយកពួកឈ្លើយទាំងអស់ ដើម្បីប្រគល់ឲ្យសាសន៍អេដុម។ យើងនឹងចាត់ភ្លើងឲ្យទៅលើកំផែងក្រុងកាសា ភ្លើងនោះនឹងឆេះទីមាំមួនរបស់ក្រុងនោះអស់ទៅ។ យើងនឹងកាត់ពួកអ្នកនៅក្រុងអាសដូឌចេញ ព្រមទាំងអ្នកដែលកាន់ដំបងរាជ្យនៃក្រុងអាសកាឡូនផង យើងក៏នឹងបែរដៃទៅទាស់នឹងក្រុងអេក្រុន ហើយសំណល់នៃពួកភីលីស្ទីននឹងត្រូវវិនាស នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា។ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងបីរបស់ក្រុងទីរ៉ុស អើ ដោយព្រោះបួនផង យើងនឹងមិនព្រមលើកលែងទោសគេឡើយ ព្រោះគេបានប្រគល់ពួកឈ្លើយទាំងអស់ ដល់សាសន៍អេដុម ហើយមិនបាននឹកចាំសេចក្ដីសញ្ញា ជាបងប្អូននឹងគ្នាសោះ។ យើងនឹងចាត់ភ្លើង ឲ្យទៅលើកំផែងក្រុងទីរ៉ុស ភ្លើងនោះនឹងឆេះទីមាំមួនរបស់ក្រុងនោះអស់ទៅ។ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំងបីរបស់សាសន៍អេដុម អើ ដោយព្រោះបួនផង យើងនឹងមិនព្រមលើកលែងទោសគេឡើយ ព្រោះគេបានកាន់ដាវ ដេញតាមបងប្អូនរបស់ខ្លួន ក៏គ្មានចិត្តមេត្តាប្រណីទាល់តែសោះ គេចេះតែហែកហួរតាមកំហឹងរបស់គេ ក៏ចេះតែចងកំហឹងជាដរាប។ យើងនឹងចាត់ភ្លើងឲ្យទៅលើក្រុងថេម៉ាន ហើយភ្លើងនោះឆេះបំផ្លាញទីមាំមួនរបស់ក្រុងបុសរ៉ា។ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំងបីរបស់ពួកកូនចៅអាំម៉ូន អើ ដោយព្រោះបួនផង យើងនឹងមិនព្រមលើកលែងទោសគេឡើយ ព្រោះគេបានវះពោះរបស់ពួកស្រីៗ ដែលមានទម្ងន់នៅស្រុកកាឡាត ដើម្បីឲ្យបានវាតព្រំដែនរបស់ខ្លួនឲ្យធំ។ យើងនឹងបង្កាត់ភ្លើងនៅលើកំផែងក្រុងរ៉ាបាត ភ្លើងនោះនឹងឆេះទីមាំមួនរបស់ក្រុងនោះអស់ទៅ ទាំងមានសម្រែកក្នុងថ្ងៃសឹកសង្គ្រាម ទាំងមានព្យុះសង្ឃរា ក្នុងថ្ងៃដែលមានខ្យល់កំបុតត្បូង ស្តេចរបស់គេនឹងត្រូវចាប់ទៅជាឈ្លើយ ព្រមទាំងពួកមេដឹកនាំរបស់គេផង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
អេម៉ុស 1:3-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ដោយអ្នកក្រុងដាម៉ាសបានប្រព្រឹត្តអំពើបាប ផ្ទួនៗគ្នាជាច្រើនដង យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ ព្រោះពួកគេបានកិនកម្ទេចអ្នកស្រុកកាឡាដ នឹងរនាស់ដែក។ ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះវាំង របស់ស្ដេចហាសែល ព្រមទាំងឆេះកម្ទេចប្រាសាទរបស់ ស្ដេចបេនហាដាដទៀតផង។ យើងនឹងបំបាក់រនុកទ្វារក្រុងដាម៉ាស យើងនឹងលុបបំបាត់ប្រជាជនឲ្យអស់ពី ជ្រលងភ្នំ«ទុច្ចរិត» ព្រមទាំងទម្លាក់អ្នកកាន់កាប់អំណាច ឲ្យបាត់អស់ពីក្រុង«សប្បាយ» ហើយអ្នកស្រុកស៊ីរីនឹងត្រូវគេកៀរយកទៅជាឈ្លើយនៅស្រុកគៀរ»។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ដោយអ្នកក្រុងកាសាបានប្រព្រឹត្តអំពើបាប ផ្ទួនៗគ្នាជាច្រើនដង យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ ព្រោះពួកគេបានចាប់ប្រជាជនទាំងភូមិៗ យកទៅលក់ឲ្យជនជាតិអេដុម។ ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះ កំពែងក្រុងកាសា ព្រមទាំងឆេះកម្ទេចប្រាសាទ របស់ក្រុងនោះផង។ យើងនឹងដកប្រជាជនទាំងអស់ ចេញពីក្រុងអាសដូឌ ព្រមទាំងដកអ្នកកាន់កាប់អំណាច ចេញពីក្រុងអាស្កាឡូន។ យើងនឹងប្រហារក្រុងអេក្រុន ហើយអ្នកស្រុកភីលីស្ទីនដែលនៅសេសសល់ នឹងត្រូវវិនាស» នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ដោយអ្នកក្រុងទីរ៉ុសបានប្រព្រឹត្តអំពើបាប ផ្ទួនៗគ្នាជាច្រើនដង យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ ព្រោះពួកគេប្រគល់ប្រជាជនទាំងភូមិៗ ឲ្យពួកអេដុមកៀរយកទៅ ដោយឥតគោរពសន្ធិសញ្ញា ដែលខ្លួនបានចុះជាមួយអ៊ីស្រាអែលឡើយ។ ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះ កំពែងក្រុងទីរ៉ុស ព្រមទាំងឆេះកម្ទេច ប្រាសាទរបស់ក្រុងនោះផង។ ព្រះអម្ចាស់មានព្រះបន្ទូលថា: ដោយអ្នកស្រុកអេដុមបានប្រព្រឹត្តអំពើបាប ផ្ទួនៗគ្នាជាច្រើនដង យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ ព្រោះពួកគេបានដេញប្រហារបងប្អូនរបស់ខ្លួន ដោយមុខដាវ ឥតត្រាប្រណី។ ពួកគេគិតតែពីបំផ្លាញ តាមកំហឹងរបស់ខ្លួន ហើយចងគំនុំឥតឈប់ឈរឡើយ។ ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះ ក្រុងថេម៉ាន ព្រមទាំងឆេះកម្ទេចប្រាសាទ របស់ក្រុងបូសរ៉ាផង»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ដោយអ្នកស្រុកអាំម៉ូនបានប្រព្រឹត្តអំពើបាប ផ្ទួនៗគ្នាជាច្រើនដង យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ ព្រោះពួកគេបានវះពោះស្ត្រីមានគភ៌ នៅស្រុកកាឡាដ ដើម្បីវាតទឹកដីរបស់ខ្លួន។ ហេតុនេះ យើងនឹងបញ្ឆេះភ្លើង ដុតកំពែងក្រុងរ៉ាបាត ព្រមទាំងដុតកម្ទេចប្រាសាទរបស់ក្រុងនោះ នៅថ្ងៃមានចម្បាំង មានសម្រែកសឹកសង្គ្រាម និងមានខ្យល់ព្យុះបក់បោកមកយ៉ាងខ្លាំង។ ស្ដេច និងមេដឹកនាំរបស់ពួកគេ នឹងត្រូវខ្មាំងចាប់យកទៅជាឈ្លើយសឹក» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
អេម៉ុស 1:3-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់ក្រុងដាម៉ាស អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានបញ្ជាន់ស្រុកកាឡាត ដោយគ្រឿងបញ្ជាន់ធ្វើពីដែក អញនឹងចាត់ប្រើភ្លើង ឲ្យចូលទៅក្នុងផ្ទះរបស់ហាសែល ភ្លើងនោះនឹងឆេះដំណាក់របស់បេន-ហាដាឌទៅ អញនឹងបំបាក់រនុកទ្វាររបស់ក្រុងដាម៉ាស ហើយកាត់ពួកអ្នកនៅច្រកភ្នំអាវេនចេញ ព្រមទាំងអ្នកដែលកាន់ដំបងរាជ្យរបស់បេត-អេដែនផង នោះពួកសាសន៍ស៊ីរីនឹងត្រូវទៅជាឈ្លើយដល់ស្រុកគារ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់ក្រុងកាសា អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានកៀរយកពួកឈ្លើយទាំងអស់ ដើម្បីប្រគល់ដល់សាសន៍អេដំម អញនឹងចាត់ប្រើភ្លើងឲ្យទៅលើកំផែងនៃក្រុងកាសា ភ្លើងនោះនឹងឆេះដំណាក់របស់គេអស់ទៅ អញនឹងកាត់ពួកអ្នកនៅក្រុងអាសដូឌចេញ ព្រមទាំងអ្នកដែលកាន់ដំបងរាជ្យនៃក្រុងអាសកាឡូនផង អញក៏នឹងបែរដៃទៅទាស់នឹងក្រុងអេក្រុនដែរ នោះសំណល់នៃពួកភីលីស្ទីននឹងត្រូវវិនាសបង់ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។ ព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់ក្រុងទីរ៉ុស អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានប្រគល់ពួកឈ្លើយទាំងអស់ដល់សាសន៍អេដំម ឥតនឹកចាំសេចក្ដីសញ្ញាជាបងប្អូននឹងគ្នាសោះ អញនឹងចាត់ប្រើភ្លើង ឲ្យទៅលើកំផែងនៃក្រុងទីរ៉ុស ភ្លើងនោះនឹងឆេះដំណាក់របស់គេអស់ទៅ។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់សាសន៍អេដំម អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានកាន់ដាវ ដេញតាមបងប្អូនខ្លួន ព្រមទាំងសង្កត់រំលត់សេចក្ដីមេត្តាប្រណីរបស់ខ្លួនផង ឯសេចក្ដីកំហឹងរបស់គេបានចេះតែហែកហួរជានិច្ច ក៏រក្សាសេចក្ដីក្រោធទុកនៅដរាប អញនឹងចាត់ប្រើភ្លើងឲ្យទៅលើក្រុងថេម៉ាន ភ្លើងនោះនឹងឆេះដំណាក់របស់ក្រុងបុសរ៉ាអស់ទៅ។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់ពួកកូនចៅអាំម៉ូន អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានវះពោះរបស់ពួកស្រីៗ ដែលមានទំងន់នៅស្រុកកាឡាត ដើម្បីឲ្យបានវាតព្រំស្រុករបស់ខ្លួនឲ្យធំឡើង អញនឹងបង្កាត់ភ្លើងនៅលើកំផែងនៃក្រុងរ៉ាបាត ភ្លើងនោះនឹងឆេះដំណាក់របស់គេអស់ទៅ ដោយសូរស្រែកហ៊ោ ក្នុងថ្ងៃសង្គ្រាម នឹងដោយព្យុះសង្ឃរា ក្នុងថ្ងៃដែលមានខ្យល់កំបុតត្បូង នោះស្តេចរបស់គេនឹងត្រូវចាប់ទៅជាឈ្លើយ ព្រមទាំងពួកចៅហ្វាយរបស់គេផង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។