អេម៉ុស 2:8-16

អេម៉ុស 2:8-16 គកស១៦

គេ​ក្រាល​សម្លៀក‌បំពាក់​ដែល​បាន​ទទួល​បញ្ចាំ ដេក​ចុះ​នៅ​ក្បែរ​គ្រប់​ទាំង​អាសនា ហើយ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ​របស់​គេ គេ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ពួក​អ្នក ដែល​ខ្លួន​បាន​ពិន័យ។ ប៉ុន្តែ យើង​បាន​បំផ្លាញ​សាសន៍​អាម៉ូរី ដែល​មាន​កម្ពស់​ដូច​ដើម​តា‌ត្រៅ ហើយ​មាន​កម្លាំង​ដូច​ដើម​ម៉ៃសាក់ នៅ​មុខ​ពួក​គេ គឺយើង​បាន​បំផ្លាញ​ទាំង​ផល​របស់​គេ​ខាង​លើ ទាំង​ឫស​របស់​គេ​នៅ​ខាង​ក្រោម។ យើង​ក៏​បាន​នាំ​អ្នក​រាល់​គ្នា​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ ហើយ​បាន​នាំអ្នក​រាល់​គ្នា នៅ​ក្នុង​ទី​រហោ‌ស្ថាន​សែសិប​ឆ្នាំ ដើម្បី​ចាប់​យក​ស្រុក​របស់​សាសន៍​អាម៉ូរី ទុក​ជា​កេរ‌អាករ។ យើង​បាន​តាំង​កូន​ចៅ​ខ្លះ​របស់​អ្នក​រាល់​គ្នា ឡើង​ធ្វើ​ជា​ហោរា ហើយ​កំលោះ​ខ្លះ​របស់​អ្នក​រាល់​គ្នា ធ្វើ​ជា​ពួក​ណាសារីត ឱ​ប្រជាជន​អ៊ីស្រា‌អែល​អើយ តើ​មិន​មែន​ដូច្នោះ​ទេ​ឬ? នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។ ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​បង្ខំ​ឲ្យ​ពួក​ណាសារីត ផឹក​ស្រា ហើយ​បាន​ហាម​ដល់​ពួក​ហោរា​ថា "កុំ​ទាយ​ឡើយ"។ មើល៍ យើង​នឹង​កិន​អ្នក​រាល់​គ្នានៅ​កន្លែង​របស់​អ្នក ដូច​រទេះ​កិន​នៅ​ពេល​ដឹក​កណ្ដាប់ស្រូវ​ពេញ​ដែរ។ អំណាច​រត់​រួចនឹង​ចេញ​បាត់​ពី​មនុស្ស​លឿន ឯ​មនុស្ស​មាន​កម្លាំងក៏​មិនអាច បញ្ចេញ​កម្លាំង​របស់​ខ្លួន​បាន ហើយ​មនុស្ស​ខ្លាំង​ពូកែ​ក៏​សង្គ្រោះ​ខ្លួន​មិន​បាន​ដែរ អ្នក​ដែល​កាន់​ធ្នូ​នឹង​មិន​អាច​ឈរ​នៅ​បាន អ្នក​ដែល​ជើង​ពូកែ​រត់ នឹង​សង្គ្រោះ​ខ្លួន​ឯង​មិន​រួច ហើយ​អ្នក​ដែល​ជិះ​សេះ ក៏​នឹង​សង្គ្រោះ​ខ្លួន​មិន​បាន​ដែរ អ្នក​ដែល​មាន​ចិត្ត​ក្លាហាន ក្នុង​ចំណោម​មនុស្ស​ខ្លាំង​ពូកែ គេ​នឹង​រត់​ទៅ​ទាំង​ខ្លួន​អាក្រាត​នៅ​ថ្ងៃ​នោះ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

អាន អេម៉ុស 2