អេម៉ុស 2:8-16
អេម៉ុស 2:8-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅក្បែរអាសនៈរបស់ពួកគេ ពួកគេដេកលើសម្លៀកបំពាក់ដែលអ្នកក្រ យកមកបញ្ចាំ។ ពួកគេយកស្រាពីអ្នកដែលត្រូវពិន័យ ទៅផឹកក្នុងវិហារនៃព្រះរបស់ពួកគេដែរ។ រីឯយើងវិញ យើងបានបំផ្លាញអ្នកស្រុកអាម៉ូរី ដែលមានកម្ពស់ដូចដើមគគីរ និងមានកម្លាំងដូចដើមម៉ៃសាក់ ឲ្យវិនាសសាបសូន្យនៅមុខពួកគេ គឺយើងបានបំផ្លាញទាំងដើម ទាំងឫស។ យើងបានយកអ្នករាល់គ្នាចេញពីស្រុកអេស៊ីប និងដឹកនាំអ្នករាល់គ្នានៅវាលរហោស្ថាន អស់រយៈពេលសែសិបឆ្នាំ ដើម្បីឲ្យអ្នករាល់គ្នាចាប់យកទឹកដីអាម៉ូរី។ យើងបានធ្វើឲ្យពួកព្យាការីងើបឡើង ពីចំណោមកូនចៅរបស់អ្នករាល់គ្នា និងឲ្យពួកណាសារីត*ងើបឡើង ពីចំណោមពួកយុវជនរបស់អ្នករាល់គ្នា តើពិតជាដូច្នេះមែនឬកូនចៅអ៊ីស្រាអែល? - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ប៉ុន្តែ អ្នករាល់គ្នាបង្អកស្រាដល់ពួកណាសារីត* អ្នករាល់គ្នាហាមពួកព្យាការីមិនឲ្យ ថ្លែងពាក្យក្នុងនាមយើង ហេតុនេះ យើងនឹងកិនកម្ទេចអ្នករាល់គ្នា ឲ្យខ្ទេចខ្ទី ដូចរទេះដឹកស្រូវកិនអ្វីៗទាំងអស់ ដែលនៅក្រោមកង់។ អ្នករហ័សរហួនពុំអាចគេចខ្លួនបានឡើយ អ្នកមានកម្លាំងខ្លាំងក្លាមិនអាចបញ្ចេញកម្លាំង អ្នកចម្បាំងដ៏អង់អាចក៏ពុំអាចសង្គ្រោះជីវិត របស់ខ្លួនបានដែរ។ អ្នកពូកែបាញ់ធ្នូមិនអាចតទល់បាន អ្នកពូកែរត់ក៏រត់មិនរួច អ្នកជិះសេះពុំអាចសង្គ្រោះជីវិត របស់ខ្លួនបានដែរ។ នៅថ្ងៃនោះ អ្នកចម្បាំងដ៏ក្លាហានជាងគេ នឹងរត់ទៅទាំងខ្លួនទទេ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
អេម៉ុស 2:8-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គេក្រាលសម្លៀកបំពាក់ដែលបានទទួលបញ្ចាំ ដេកចុះនៅក្បែរគ្រប់ទាំងអាសនា ហើយនៅក្នុងដំណាក់នៃព្រះរបស់គេ គេផឹកស្រាទំពាំងបាយជូររបស់ពួកអ្នក ដែលខ្លួនបានពិន័យ។ ប៉ុន្តែ យើងបានបំផ្លាញសាសន៍អាម៉ូរី ដែលមានកម្ពស់ដូចដើមតាត្រៅ ហើយមានកម្លាំងដូចដើមម៉ៃសាក់ នៅមុខពួកគេ គឺយើងបានបំផ្លាញទាំងផលរបស់គេខាងលើ ទាំងឫសរបស់គេនៅខាងក្រោម។ យើងក៏បាននាំអ្នករាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទ ហើយបាននាំអ្នករាល់គ្នា នៅក្នុងទីរហោស្ថានសែសិបឆ្នាំ ដើម្បីចាប់យកស្រុករបស់សាសន៍អាម៉ូរី ទុកជាកេរអាករ។ យើងបានតាំងកូនចៅខ្លះរបស់អ្នករាល់គ្នា ឡើងធ្វើជាហោរា ហើយកំលោះខ្លះរបស់អ្នករាល់គ្នា ធ្វើជាពួកណាសារីត ឱប្រជាជនអ៊ីស្រាអែលអើយ តើមិនមែនដូច្នោះទេឬ? នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ ប៉ុន្តែ អ្នករាល់គ្នាបានបង្ខំឲ្យពួកណាសារីត ផឹកស្រា ហើយបានហាមដល់ពួកហោរាថា "កុំទាយឡើយ"។ មើល៍ យើងនឹងកិនអ្នករាល់គ្នានៅកន្លែងរបស់អ្នក ដូចរទេះកិននៅពេលដឹកកណ្ដាប់ស្រូវពេញដែរ។ អំណាចរត់រួចនឹងចេញបាត់ពីមនុស្សលឿន ឯមនុស្សមានកម្លាំងក៏មិនអាច បញ្ចេញកម្លាំងរបស់ខ្លួនបាន ហើយមនុស្សខ្លាំងពូកែក៏សង្គ្រោះខ្លួនមិនបានដែរ អ្នកដែលកាន់ធ្នូនឹងមិនអាចឈរនៅបាន អ្នកដែលជើងពូកែរត់ នឹងសង្គ្រោះខ្លួនឯងមិនរួច ហើយអ្នកដែលជិះសេះ ក៏នឹងសង្គ្រោះខ្លួនមិនបានដែរ អ្នកដែលមានចិត្តក្លាហាន ក្នុងចំណោមមនុស្សខ្លាំងពូកែ គេនឹងរត់ទៅទាំងខ្លួនអាក្រាតនៅថ្ងៃនោះ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
អេម៉ុស 2:8-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គេក្រាលសំលៀកបំពាក់ ដែលបានទទួលបញ្ចាំ ដេកចុះនៅក្បែរគ្រប់ទាំងអាសនា ហើយនៅក្នុងវិហាររបស់ព្រះនៃគេ នោះគេផឹកស្រាទំពាំងបាយជូររបស់ពួកអ្នក ដែលខ្លួនបានពិន័យលក់ហើយដែរ។ ប៉ុន្តែអញៗបានបំផ្លាញសាសន៍អាម៉ូរី ដែលមានកំពស់ដូចដើមតាត្រៅ ហើយមានកំឡាំង ដូចដើមម៉ៃសាក់ចេញពីមុខឯងទៅ គឺអញបានបំផ្លាញទាំងផលគេខាងលើ នឹងឫសគេនៅខាងក្រោមផង អញក៏បាននាំឯងរាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទមក គឺបាននាំមុខឯងនៅក្នុងទីរហោស្ថានអស់៤០ឆ្នាំ ឲ្យបានចាប់យកស្រុករបស់សាសន៍អាម៉ូរី ទុកជាកេរអាករ អញបានតាំងពួកកូនចៅខ្លះរបស់ឯងរាល់គ្នាឡើងធ្វើជាហោរា នឹងពួកកំឡោះខ្លះរបស់ឯងធ្វើជាពួកន៉ាសារីត ព្រះយេហូវ៉ាទ្រង់សួរថា ឱពួកកូនចៅអ៊ីស្រាអែលអើយ តើមិនមែនដូច្នោះឬ ប៉ុន្តែ ឯងរាល់គ្នាឲ្យពួកន៉ាសារីតផឹកស្រាទំពាំងបាយជូរវិញ ហើយបានហាមដល់ពួកហោរាថា កុំឲ្យទាយឡើយ។ មើល អញនឹងកិនឯងរាល់គ្នា នៅទីកន្លែងរបស់ឯង ដូចជារទេះដែលពេញដោយកណ្តាប់តែងកិនដីដែរ នោះអំណាចរត់រួច នឹងបាត់ចេញពីមនុស្សលឿន ឯមនុស្សមានកំឡាំង ក៏មិនបានចំរើនកំឡាំងរបស់ខ្លួនដែរ ហើយមនុស្សពូកែនឹងដោះខ្លួនឲ្យរួចមិនបាន អ្នកណាដែលកាន់ធ្នូនឹងមិនអាចឈរនៅបាន ឯអ្នកដែលមានថ្វីជើង នោះមិនបានរួចដែរ ហើយអ្នកដែលជិះសេះនឹងមិនដោះខ្លួនឲ្យរួចបានឡើយ ចំណែកអ្នកដែលមានចិត្តក្លាហានក្នុងពួកខ្លាំងពូកែ គេនឹងរត់ទៅទាំងខ្លួនអាក្រាតក្នុងថ្ងៃនោះ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។