អេម៉ុស 5

5
បទ​ទំនួញ​ចំពោះ​អំពើ​បាប​របស់​អ៊ីស្រា‌អែល
1ឱពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ពាក្យ​ដែល​ខ្ញុំស្មូត្រ​បទ​ទំនួញអំ​ពី​អ្នក​រាល់​គ្នា​នេះ​ចុះ!
2អ៊ីស្រាអែល​ជា​ស្ត្រី​ព្រហ្ម‌ចារី​បាន​ដួល​ចុះ
ក្រោក​ឡើង​វិញមិន​បាន​ហើយ
នាង​ត្រូវ​គេ​បោះ​បង់​ចោល​នៅ​លើ​ទឹក​ដី​ខ្លួន
គ្មាន​អ្នក​ណា​លើក​នាង​ឡើយ។
3ដ្បិត​ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា
ទី​ក្រុង​ណា​ដែល​លើក​ទ័ព​ចេញ​ទៅ​មួយ​ពាន់
នឹង​សល់​តែ​មួយ​រយ
ហើយ​ទី​ក្រុង​ណា​ដែល​ចេញ​ទៅ​មួយ​រយ
នឹង​នៅ​សល់​តែ​ដប់​ប៉ុណ្ណោះ ។
4ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់
ពូជ‌ពង្ស​អ៊ីស្រា‌អែល​ដូច្នេះ​ថា
ចូរ​ស្វែង​រក​យើង នោះ​អ្នក​រាល់​គ្នា​នឹង​រស់​នៅ
5កុំ​ស្វែង​រក​បេត-អែល ឬ​ចូល​ទៅ​ក្នុង​គីល‌កាល​ឡើយ
ក៏​កុំ​ឆ្លង​ទៅ​បៀរ-សេបា​ដែរ
ដ្បិត​គីល‌កាល​ប្រាកដ​ជា​នឹង​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ
ហើយ​បេត-អែល​នឹង​ត្រូវ​សូន្យ​បាត់​ទៅ។
6ចូរ​ស្វែង​រក​ព្រះ‌យេហូវ៉ា​វិញ
នោះ​អ្នក​រាល់​គ្នា​នឹង​រស់​នៅ
ក្រែង​ព្រះ‌អង្គឆាប​ឆេះ​ឡើង
ដូច​ជា​ភ្លើង​នៅ​ក្នុង​ពូជ‌ពង្សយ៉ូសែប
ហើយ​បញ្ឆេះ​អស់​រលីង​ទៅ
ឥត​មាន​អ្នក​ណា​នៅ​បេត-អែល
អាច​នឹង​ពន្លត់​បាន​ឡើយ។
7ម្នាល​អ្នក​រាល់​គ្នា​ដែល​បង្វែរ​យុត្តិ‌ធម៌​ឲ្យ​ទៅ​ជា​ស្លែង
ហើយ​បោះ​សេចក្ដី​សុចរិត​ចុះ​ទៅ​ដី​អើយ!
8ព្រះ‌អង្គ​ដែល​បាន​បង្កើត​ផ្កាយ​កូន​មាន់
និង​ផ្កាយ​នាយ​ព្រាន
ក៏​ធ្វើ​ឲ្យ​ភាព​អន្ធ‌ការ​ប្រែ​ទៅ​ជា​ព្រលឹម​ស្រាង
ហើយ​ធ្វើ​ឲ្យ​ថ្ងៃ​ត្រឡប់​ទៅ​ជា​យប់
ព្រម​ទាំង​ហៅ​ទឹក​សមុទ្រ​មក​ចាក់​ស្រោច​លើ​ផែនដី
ព្រះ‌នាម​របស់​ព្រះ‌អង្គ គឺ​ព្រះ‌យេហូវ៉ា
9ព្រះ‌អង្គ​ធ្វើ​ឲ្យ​មហន្តរាយ​កើត​ដល់
មនុស្ស​ខ្លាំង​ពូកែ​យ៉ាង​ទាន់​ហន់
ដល់​ម៉្លេះ​បាន​ជា​បន្ទាយ​ទាំង​ឡាយ​ក៏​ត្រូវ​វិនាស​ដែរ។
10គេ​ស្អប់​អ្នក​ដែល​បន្ទោស​នៅ​ត្រង់​ទ្វារ​ក្រុង
ហើយ​គេ​ខ្ពើម​អ្នក​ដែល​និយាយ​សេចក្ដី​ពិត។
11ដូច្នេះ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ជាន់​ឈ្លី​មនុស្ស​ក្រី​ក្រ
ហើយ​រឹប​អូស​យក​ស្រូវ​ពី​គេ
អ្នក​រាល់​គ្នា​បាន​សង់​ផ្ទះ​ដោយ​ថ្ម​ដាប់
តែ​មិន​បាន​រស់​នៅ​ក្នុង​ផ្ទះ​នោះ​ទេ
អ្នក​រាល់​គ្នា​បាន​ដាំ​ចម្ការ​ទំពាំង‌បាយ‌ជូរ​ជា​ទី​គាប់​ចិត្ត
តែ​មិន​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ពី​ចម្ការ​នោះ​ឡើយ។
12ដ្បិត​យើង​ដឹង​ហើយ​ថា
អំពើ​រំលង​របស់​អ្នក​រាល់​គ្នា​មាន​ច្រើន​ណាស់
ហើយ​អំពើ​បាប​របស់​អ្នក​រាល់​គ្នាក៏​សម្បើម​ណាស់​ផង
អ្នក​រាល់​គ្នា​នេះ​ហើយ​ដែល​ធ្វើទុក្ខ​មនុស្ស​សុចរិត
ហើយ​ស៊ី​សំណូក
ក៏បង្វែរ​មនុស្ស​កម្សត់​ទុគ៌ត​នៅ​ទ្វារ​ក្រុង ។
13ហេតុ​នេះ មនុស្ស​ឈ្លាស​វៃ
នឹង​ស្ងៀម​នៅ​ក្នុង​គ្រា​បែប​នេះ
ដ្បិត​នេះ​ជា​គ្រា​មួយ​ដ៏​អាក្រក់។
14ចូរ​ស្វែង​រក​អំពើ​ល្អ កុំ​ស្វែង​រក​អំពើ​អាក្រក់​ឡើយ
ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​រស់​នៅ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា
ជា​ព្រះ​នៃ​ពួក​ពល​បរិវារ
ព្រះ‌អង្គ​នឹង​គង់​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា
ដូច​អ្នក​រាល់​គ្នា​ធ្លាប់​និយាយ​ហើយ។
15ចូរ​ស្អប់​អំពើ​អាក្រក់ ហើយ​ស្រឡាញ់​អំពើ​ល្អ
ចូរ​តាំង​ឲ្យ​មាន​យុត្តិ‌ធម៌​នៅ​ត្រង់​ទ្វារ​ក្រុង
នោះ​ប្រហែល​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ
ព្រះ‌អង្គ​នឹង​សម្ដែង​ព្រះ​គុណ​ដល់​សំណល់​នៃ​ពួក​យ៉ូសែប។
16ហេតុ​នេះ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ
គឺ​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា
មនុស្ស​នឹង​ទ្រហោ​យំ​នៅ​គ្រប់​ទាំងទី​ធ្លា
ហើយ​នៅ​គ្រប់​ទាំង​ផ្លូវ​គេ​នឹង​ពោល​ថា
"វរ​ហើយ វរ​ហើយ!"
គេ​នឹង​ហៅ​ពួក​អ្នក​ស្រែ​ចម្ការ​ឲ្យ​មកយំ​‌សោក
ហើយ​ពួក​អ្នក​ដែល​ប្រសប់​ទួញ​ទំនួញ​មក​ទ្រហោ​យំ
17នៅ​គ្រប់​ទាំង​ចម្ការ​ទំពាំង‌បាយ‌ជូរ
នឹង​មាន​សំឡេង​ទ្រហោ​យំ
ដ្បិត​យើង​នឹង​ដើរ​កាត់​កណ្ដាល​អ្នក​រាល់​គ្នា
នោះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
ថ្ងៃ​របស់​ព្រះ‌អម្ចាស់ ជាថ្ងៃ​ងងឹត​សូន្យសុង
18វេទនា​ដល់អ្នក​រាល់​គ្នា
ដែល​សង្វាត​ចង់​បាន​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា
ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចង់​បាន​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា?
ថ្ងៃ​នោះ​ជា​ថ្ងៃ​ងងឹត មិន​មែន​ភ្លឺ​ទេ
19ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់​ដែល​រត់​រួច​ពី​សិង្ហ
ហើយ​ទៅ​ជួប​នឹង​ខ្លា​ឃ្មុំ
ឬ​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​ច្រត់​ដៃ​នឹង​ជញ្ជាំង
រួច​ត្រូវ​ពស់​ចឹក។
20តើ​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា មិន​មែន​ជា​ថ្ងៃ​ងងឹត
ហើយ​ឥត​ពន្លឺ ជា​ថ្ងៃ​អន្ធការ គ្មាន​រស្មីទេ​ឬ?
21យើង​ស្អប់ យើង​ខ្ពើម​ពិធី​បុណ្យ​របស់​អ្នក​រាល់​គ្នា
ហើយ​យើង​ក៏​មិន​រីក‌រាយ​នឹង​ការ​ប្រជុំ​យ៉ាង​ឱឡារិក
របស់​អ្នក​រាល់​គ្នា​ដែរ។
22ទោះ​បើ​អ្នក​រាល់​គ្នា​ថ្វាយ​តង្វាយ​ដុត
និង​តង្វាយ​ម្សៅ​ដល់​យើង
ក៏​យើង​មិន​ទទួល​តង្វាយរបស់​អ្នក​រាល់​គ្នា​ដែរ
ហើយ​យើង​ក៏​មិន​អើ​ពើ​នឹង​សត្វ​ធាត់ៗ
ដែល​អ្នក​រាល់​គ្នា​ថ្វាយ ជា​តង្វាយ​មេត្រី​ឡើយ។
23ចូរ​ដក​យក​សំឡេង​កង​រំពង​នៃ​ចម្រៀង​របស់​អ្នក​រាល់​គ្នា
ចេញ​ពី​យើង​ទៅ
យើង​មិន​ចង់​ស្តាប់​សំឡេង​ពិណ​របស់​អ្នក​រាល់​គ្នា​ទេ។
24ប៉ុន្ដែ ត្រូវ​ឲ្យ​មាន​សេចក្ដី​យុត្តិ‌ធម៌​ហូរ​ដូចជា​ទឹក
ហើយ​សេចក្ដី​សុចរិត​ដូច​ជា​ស្ទឹង​មិន​ចេះ​រីង​ស្ងួត​វិញ។
25ឱ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ ក្នុង​រយៈ​ពេល​សែសិប​ឆ្នាំ តើ​អ្នក​រាល់​គ្នា​បាន​យក​យញ្ញ‌បូជា និង​តង្វាយ​ផ្សេងៗ មក​ឲ្យ​យើង​នៅ​ទី​រហោ‌ស្ថាន​ឬទេ? 26អ្នក​រាល់​គ្នា​បាន​រើស​យក​ស៊ីគុត ជា​ទេវ​រាជ​របស់​អ្នក និង​គីយុន ជា​រូប​ព្រះ​រប​ស់​អ្នក ព្រម​ទាំង​ផ្កាយ​របស់​ព្រះ​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​សម្រាប់​ខ្លួន 27ដូច្នេះ យើង​នឹង​នាំ​អ្ន​ក​រាល់​គ្នា​ទៅ​ជា​ឈ្លើយ​នៅ​ខាង​នាយ​ក្រុង​ដាម៉ាស នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា ដែល​មាន​នាមថា ព្រះ​នៃ​ពួក​ពល​បរិវារ។

ទើបបានជ្រើសរើសហើយ៖

អេម៉ុស 5: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល