ដានី‌យ៉ែល 10:1-9

ដានី‌យ៉ែល 10:1-9 គកស១៦

នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ព្រះ​បាទ​ស៊ីរូស ជា​ស្តេច​ស្រុក​ពើស៊ី នោះ​មាន​ព្រះ​បន្ទូល​មួយ​បើក​សម្ដែង​ឲ្យ​ដានី‌យ៉ែល ដែល​លោក​មាន​ឈ្មោះ​ថា បេលថិ‌ស្សាសារ បាន​យល់។ ព្រះ​បន្ទូល​នោះ​ជា​សេចក្ដី​ពិត គឺ​ជា​ជម្លោះ​មួយ​យ៉ាង​ធំ។ លោក​ពិចា‌រណា​ព្រះ​បន្ទូល​នោះ ហើយ​ក៏​យល់​អត្ថន័យ​ក្នុង​និមិត្ត។ នៅ​គ្រា​នោះ ខ្ញុំ ដានី‌យ៉ែល បាន​កាន់​ទុក្ខ​អស់​រយៈ​ពេល​បី​អាទិត្យ ខ្ញុំ​មិន​បាន​ទទួល​ទាន​អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត គឺ​មិន​ទទួល​ទាន​សាច់ ឬ​ស្រា​ចូល​មក​ក្នុង​មាត់​ខ្ញុំ​ឡើយ ខ្ញុំ​ក៏​មិន​បាន​យក​ប្រេង​លាប​ខ្លួន រហូត​ដល់​ផុត​បី​អាទិត្យ​នោះ។ នៅ​ថ្ងៃ​ម្ភៃ​បួននៃ​ខែ​ទីមួយ កាល​ខ្ញុំ​កំពុង​ឈរ​នៅ​មាត់​ទន្លេ​ធំ គឺ​ទន្លេ​ហ៊ីដេកែល ខ្ញុំ​ងើប​ភ្នែក​មើល​ទៅ ឃើញ​មនុស្ស​ម្នាក់​ស្លៀក‌ពាក់​សំពត់​ទេស‌ឯក ហើយ​ក្រវាត់​ចង្កេះ​ដោយ​មាស​សុទ្ធ​ពី​ស្រុក​អ៊ូផាស។ រូប​កាយ​របស់​លោក​មើល​ទៅ​ដូច​ជា​ត្បូង​បេរីល ហើយ​មុខ​មាន​ភាព​ដូច​ជា​ផ្លេក‌បន្ទោរ ឯ​ភ្នែក​ក៏​ដូច​ជា​ចន្លុះ​ដែល​ឆេះ ដៃ​ជើង​របស់​លោក ដូច​ជា​លង្ហិន​ខាត់​យ៉ាង​ភ្លឺ ហើយ​សូរ​សំឡេង​របស់​លោក ដូច​ជា​សូរ​សំឡេង​នៃ​មនុស្ស​មួយ​ហ្វូង។ ខ្ញុំ ដានី‌យ៉ែល បាន​ឃើញ​និមិត្ត​នេះ​តែ​ម្នាក់ឯង ដ្បិត​មនុស្ស​ដែល​នៅ​ជា​មួយ​ខ្ញុំ មិន​បាន​ឃើញ​និមិត្ត​នេះ​ទេ តែ​គេ​កើត​មាន​សេចក្ដី​ញ័រ​រន្ធត់​ជា​ខ្លាំង ហើយ​នាំ​គ្នា​រត់​ពួន​អស់។ ដូច្នេះ នៅ​សល់​តែ​ខ្ញុំ​ម្នាក់​ឯង ដែល​ឃើញ​និមិត្តដ៏​ធំ​នេះ ខ្ញុំ​ក៏​ខ្សោះ​ល្វើយ​ទៅ ទឹក​មុខ​ខ្ញុំ​ផ្លាស់​ប្រែ​ទៅ​ជា​ស្លេក​ស្លាំង ហើយ​ខ្ញុំ​លែង​មាន​កម្លាំង​កំហែង​ទៀត។ ពេល​នោះ ខ្ញុំ​ឮ​សំឡេង​នៃ​ពាក្យ​របស់​លោក ហើយ​កាល​ខ្ញុំ​បាន​ឮ​សំឡេង​នៃ​ពាក្យ​របស់​លោក ខ្ញុំ​ក៏​លង់​ស្មារតី​ទៅ ទាំង​ក្រាប​ចុះ មុខ​ដល់​ដី។

អាន ដានី‌យ៉ែល 10