ដានីយ៉ែល 10:1-9
ដានីយ៉ែល 10:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅឆ្នាំទីបីនៃរជ្ជកាលព្រះចៅស៊ីរូស ជាស្ដេចរបស់ចក្រភពពែរ្ស ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកដានីយ៉ែល ហៅបេលថិស្សាសារ។ ព្រះបន្ទូលនេះជាសេចក្ដីពិតដែលប្រកាសពីគ្រាមួយដ៏សែនលំបាក។ លោកដានីយ៉ែលរិះគិតពិចារណាអំពីព្រះបន្ទូលនេះ ហើយយល់អត្ថន័យរបស់និមិត្តហេតុដ៏អស្ចារ្យដែលលោកបានឃើញ។ នៅគ្រានោះ ខ្ញុំ ដានីយ៉ែល បានកាន់ទុក្ខអស់រយៈពេលបីអាទិត្យ។ ខ្ញុំមិនបានទទួលទានអ្វីៗដែលខ្ញុំចូលចិត្តទេ គឺខ្ញុំមិនបានទទួលទានសាច់ ឬស្រាសោះឡើយ ហើយក៏ពុំបានលាបប្រេងក្រអូបអ្វីដែរ រហូតទាល់តែចប់រយៈពេលបីអាទិត្យនោះ។ នៅថ្ងៃទីម្ភៃបួននៃខែទីមួយ ពេលខ្ញុំស្ថិតនៅមាត់ទន្លេធំ គឺទន្លេហ៊ីដេកែល ខ្ញុំក្រឡេកមើលទៅ ឃើញមនុស្សម្នាក់មានសម្លៀកបំពាក់ធ្វើពីក្រណាត់ភ្លឺរលើប ហើយមានខ្សែក្រវាត់មាសពីស្រុកអ៊ូផាសនៅចង្កេះផង។ រូបកាយរបស់លោកភ្លឺចាំងដូចត្បូងប៊ុតលឿង ផ្ទៃមុខលោកភ្លឺផ្លេកដូចផ្លេកបន្ទោរ ភ្នែកលោកប្រៀបបាននឹងភ្លើងគប់ ដៃជើងរបស់លោកប្រៀបបាននឹងលង្ហិនដែលគេខាត់យ៉ាងរលោង ហើយសំឡេងរបស់លោកឮសូរអឹងកង ដូចសំឡេងមនុស្សយ៉ាងច្រើន។ ខ្ញុំ ដានីយ៉ែល បានឃើញនិមិត្តហេតុដ៏អស្ចារ្យនេះតែម្នាក់ឯង ដ្បិតអស់អ្នកដែលនៅជាមួយខ្ញុំពុំបានឃើញទេ ពួកគេភិតភ័យជាខ្លាំង ហើយនាំគ្នារត់ពួនអស់។ ពេលខ្ញុំឃើញនិមិត្តហេតុដ៏អស្ចារ្យបំផុតនេះ ខ្ញុំនៅតែម្នាក់ឯង ទន់ដៃទន់ជើង ផ្ទៃមុខខ្ញុំក៏ស្លេកស្លាំង ហើយខ្ញុំលែងមានកម្លាំងកំហែងទៀត។ ខ្ញុំបានឮលោកនិយាយ ហើយសំឡេងរបស់លោកធ្វើឲ្យខ្ញុំលង់ស្មារតី ខ្ញុំក្រាបចុះ ឱនមុខដល់ដី។
ដានីយ៉ែល 10:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅឆ្នាំទីបីនៃរជ្ជកាលព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី នោះមានព្រះបន្ទូលមួយបើកសម្ដែងឲ្យដានីយ៉ែល ដែលលោកមានឈ្មោះថា បេលថិស្សាសារ បានយល់។ ព្រះបន្ទូលនោះជាសេចក្ដីពិត គឺជាជម្លោះមួយយ៉ាងធំ។ លោកពិចារណាព្រះបន្ទូលនោះ ហើយក៏យល់អត្ថន័យក្នុងនិមិត្ត។ នៅគ្រានោះ ខ្ញុំ ដានីយ៉ែល បានកាន់ទុក្ខអស់រយៈពេលបីអាទិត្យ ខ្ញុំមិនបានទទួលទានអ្វីដែលខ្ញុំចូលចិត្ត គឺមិនទទួលទានសាច់ ឬស្រាចូលមកក្នុងមាត់ខ្ញុំឡើយ ខ្ញុំក៏មិនបានយកប្រេងលាបខ្លួន រហូតដល់ផុតបីអាទិត្យនោះ។ នៅថ្ងៃម្ភៃបួននៃខែទីមួយ កាលខ្ញុំកំពុងឈរនៅមាត់ទន្លេធំ គឺទន្លេហ៊ីដេកែល ខ្ញុំងើបភ្នែកមើលទៅ ឃើញមនុស្សម្នាក់ស្លៀកពាក់សំពត់ទេសឯក ហើយក្រវាត់ចង្កេះដោយមាសសុទ្ធពីស្រុកអ៊ូផាស។ រូបកាយរបស់លោកមើលទៅដូចជាត្បូងបេរីល ហើយមុខមានភាពដូចជាផ្លេកបន្ទោរ ឯភ្នែកក៏ដូចជាចន្លុះដែលឆេះ ដៃជើងរបស់លោក ដូចជាលង្ហិនខាត់យ៉ាងភ្លឺ ហើយសូរសំឡេងរបស់លោក ដូចជាសូរសំឡេងនៃមនុស្សមួយហ្វូង។ ខ្ញុំ ដានីយ៉ែល បានឃើញនិមិត្តនេះតែម្នាក់ឯង ដ្បិតមនុស្សដែលនៅជាមួយខ្ញុំ មិនបានឃើញនិមិត្តនេះទេ តែគេកើតមានសេចក្ដីញ័ររន្ធត់ជាខ្លាំង ហើយនាំគ្នារត់ពួនអស់។ ដូច្នេះ នៅសល់តែខ្ញុំម្នាក់ឯង ដែលឃើញនិមិត្តដ៏ធំនេះ ខ្ញុំក៏ខ្សោះល្វើយទៅ ទឹកមុខខ្ញុំផ្លាស់ប្រែទៅជាស្លេកស្លាំង ហើយខ្ញុំលែងមានកម្លាំងកំហែងទៀត។ ពេលនោះ ខ្ញុំឮសំឡេងនៃពាក្យរបស់លោក ហើយកាលខ្ញុំបានឮសំឡេងនៃពាក្យរបស់លោក ខ្ញុំក៏លង់ស្មារតីទៅ ទាំងក្រាបចុះ មុខដល់ដី។
ដានីយ៉ែល 10:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅឆ្នាំទី៣ ក្នុងរាជ្យនៃស៊ីរូស ជាស្តេចពើស៊ី នោះមានការ១បើកសំដែងឲ្យដានីយ៉ែល ដែលលោកមានឈ្មោះថា បេលថិស្សាសារ ឃើញ ការនោះក៏ពិតប្រាកដ គឺជាការសង្គ្រាមយ៉ាងធំ លោកក៏ពិចារណាដំណើរនោះ ហើយបានយល់ចំពោះការជាក់ស្តែង នៅគ្រានោះ ខ្ញុំដានីយ៉ែល ខ្ញុំមានសេចក្ដីទុក្ខព្រួយនៅពេញ៣អាទិត្យ ខ្ញុំមិនបានទទួលទានអ្វីដែលត្រូវចំណុចចិត្ត ក៏មិនមានសាច់ ឬស្រាទំពាំងបាយជូរ ចូលមកក្នុងមាត់ខ្ញុំឡើយ ខ្ញុំក៏មិនបានអប់ខ្លួនដែរ ដរាបដល់ផុត៣អាទិត្យនោះទៅ លុះដល់ថ្ងៃ២៤ខែចេត្រ កាលខ្ញុំនៅមាត់ទន្លេធំ គឺជាទន្លេហ៊ីដេកែល នោះខ្ញុំបានងើបភ្នែកមើលទៅ ឃើញមានមនុស្សម្នាក់ស្លៀកពាក់ដោយសំពត់ទេសឯក ហើយក្រវាត់ចង្កេះដោយមាសសុទ្ធពីស្រុកអ៊ូផាស រូបកាយរបស់អ្នកនោះមើលទៅដូចជាត្បូងបេរីល ហើយមុខមានភាពដូចជាផ្លេកបន្ទោរ ឯភ្នែកក៏ដូចជាចន្លុះដែលឆេះ ដៃនឹងជើងដូចជាលង្ហិនខាត់យ៉ាងភ្លឺ ហើយសូរសំឡេងរបស់អ្នកនោះដូចជាសូរនៃជំនុំមនុស្សយ៉ាងធំ គឺខ្ញុំ ដានីយ៉ែលតែឯងដែលឃើញការជាក់ស្តែងនោះ ពួកអ្នកដែលនៅជាមួយនឹងខ្ញុំឥតបានឃើញទេ តែគេកើតមានសេចក្ដីភ័យញ័រជាខ្លាំង ហើយក៏រត់ទៅពួនខ្លួន ដូច្នេះ ខ្ញុំត្រូវចោលឲ្យនៅតែឯង ខ្ញុំក៏ឃើញការជាក់ស្តែងយ៉ាងធំនោះ ហើយបានខ្សោះល្វើយទៅ ទឹកមុខខ្ញុំក៏ផ្លាស់ប្រែទៅជាស្លេកស្លាំង ហើយខ្ញុំឥតមានកំឡាំងនៅសល់ឡើយ ប៉ុន្តែខ្ញុំឮសំឡេងនៃពាក្យរបស់អ្នកនោះបាន កាលខ្ញុំបានឮសំឡេងនៃពាក្យនោះរួចហើយ នោះខ្ញុំក៏លង់ស្មារតីទៅ មានមុខផ្កាប់ចុះដល់ដី។