ដានីយ៉ែល 12
12
ការរស់ពីស្លាប់ឡើងវិញ
1នៅគ្រានោះ មីកែល ជាមហាទេវតា ដែលថែរក្សាប្រជាជនរបស់លោក នឹងក្រោកឈរឡើង ហើយនឹងមានគ្រាវេទនាជាខ្លាំង ដែលចាប់តាំងពីមានជាតិសាសន៍មួយ រហូតមកដល់ពេលនោះ មិនដែលកើតមានដូច្នេះឡើយ។ ប៉ុន្ដែ នៅគ្រានោះ ប្រជាជនរបស់លោកនឹងត្រូវរួចខ្លួន គឺអស់អ្នកណាដែលមានឈ្មោះកត់ទុកក្នុងបញ្ជី។ 2មនុស្សជាច្រើន ក្នុងចំណោមអស់អ្នកដែលដេកលក់នៅក្នុងធូលីដី នឹងភ្ញាក់ឡើង ខ្លះភ្ញាក់ខាងឯជីវិតអស់កល្បជានិច្ច ហើយខ្លះទៀតភ្ញាក់ខាងឯសេចក្ដីអាម៉ាស់ ហើយអាប់យសអស់កល្បជានិច្ច។ 3អស់អ្នកដែលមានប្រាជ្ញានឹងភ្លឺដូចពន្លឺនៅលើមេឃ ហើយអស់អ្នកដែលទាញនាំមនុស្សជាច្រើន ឲ្យវិលមកឯសេចក្ដីសុចរិត នឹងភ្លឺដូចផ្កាយអស់កល្បជាអង្វែងតរៀងទៅ។ 4ប៉ុន្ដែ ចំពោះលោកវិញ ដានីយ៉ែលអើយ សូមលាក់ពាក្យនេះជាសម្ងាត់ ហើយបិទត្រាលើសៀវភៅនេះ ទុករហូតដល់គ្រាចុងក្រោយបំផុត។ មនុស្សជាច្រើននឹងខំស្វែងយល់ ហើយសេចក្ដីអាក្រក់ នឹងចម្រើនឡើង»។
5ពេលនោះ ខ្ញុំដានីយ៉ែលក៏មើលទៅ ហើយឃើញមានពីរនាក់ទៀតឈរ ម្នាក់នៅត្រើយទន្លេខាងអាយ ហើយម្នាក់ទៀតនៅត្រើយទន្លេខាងនាយ។ 6ម្នាក់ពោលទៅកាន់មនុស្សស្លៀកពាក់សំពត់ទេសឯក ដែលនៅពីលើទឹកទន្លេថា៖ «តើពេលណាទើបបានដល់ចុងបញ្ចប់នៃការអស្ចារ្យទាំងនេះ?»។ 7ខ្ញុំក៏ឮបុរសម្នាក់ដែលស្លៀកពាក់សំពត់ទេសឯក ដែលឈរនៅលើទឹកទន្លេ លោកលើកដៃ ទាំងស្តាំទាំងឆ្វេងទៅលើមេឃ ហើយស្បថដោយនូវព្រះអង្គដែលមានព្រះជន្មរស់នៅអស់កល្បជានិច្ចថា៖ «ហេតុការណ៍នេះនឹងមានរយៈពេលមួយខួប ពីរខួប និងកន្លះខួប ហើយកាលណាគេបានបង្ហើយការបំបែកអំណាចរបស់ប្រជាជនបរិសុទ្ធរួចហើយ នោះគ្រប់ការទាំងអស់នេះនឹងបានសម្រេច»។ 8ខ្ញុំបានឮ តែមិនបានយល់ទេ ដូច្នេះ ខ្ញុំក៏សួរថា៖ «ឱលោកម្ចាស់អើយ តើចុងបំផុតនៃការទាំងនេះនឹងបានដូចម្ដេចទៅ?»។ 9លោកតបថា៖ «ដានីយ៉ែលអើយ កុំខ្វល់ខ្វាយធ្វើអ្វី ដ្បិតសេចក្ដីទាំងនេះត្រូវរក្សាជាសម្ងាត់ ហើយបិទត្រាទុក រហូតដល់គ្រាចុងក្រោយបំផុត។ 10មនុស្សជាច្រើននឹងសម្អាតខ្លួន ហើយជម្រះខ្លួនឲ្យបានសស្គុស ហើយត្រូវបានបន្សុទ្ធ ឯមនុស្សអាក្រក់វិញ នឹងនៅតែប្រព្រឹត្តយ៉ាងអាក្រក់ ហើយគ្មានមនុស្សអាក្រក់ណាយល់ឡើយ តែអស់អ្នកដែលមានប្រាជ្ញា គេនឹងយល់។ 11ចាប់ពីពេលដែលគេបញ្ឈប់លែងឲ្យថ្វាយតង្វាយដុតប្រចាំថ្ងៃ ហើយរបស់គួរឲ្យស្អប់ខ្ពើម ដែលនាំឲ្យវិនាសបានតាំងឡើង នោះនឹងមានរយៈពេល ១២៩០ ថ្ងៃ។ 12មានពរហើយ អ្នកណាដែលរង់ចាំ ហើយរហូតដល់គ្រប់ ១៣៣៥ ថ្ងៃ។ 13ចំពោះលោកវិញ សូមកាន់ចិត្តឲ្យបានរឹងប៉ឹងរហូតដល់ទីបំផុតចុះ ដ្បិតលោកនឹងត្រូវសម្រាក ហើយលោកនឹងក្រោកឡើងវិញ ដើម្បីទទួលចំណែករបស់លោកនៅគ្រាចុងក្រោយបំផុត»។:៚
ទើបបានជ្រើសរើសហើយ៖
ដានីយ៉ែល 12: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies