ហូសេ ពាក្យលំនាំ
ពាក្យលំនាំ
ព្រះត្រាស់ហៅលោកហូសេឲ្យធ្វើជាហោរា នាំព្រះបន្ទូលរបស់ព្រះអង្គទៅថ្លែងប្រាប់ប្រជាជនអ៊ីស្រាអែល (រាជាណាចក្រខាងជើង) ប្រមាណដប់ឆ្នាំក្រោយហោរាអេម៉ុស ពោលគឺនៅអំឡុងឆ្នាំ ៧៥០ មុនគ្រិស្ដសករាជ។ លោកបម្រើព្រះអង្គអស់រយៈពេលប្រមាណម្ភៃប្រាំឆ្នាំ គឺជិតដល់គ្រាដែលកងទ័ពអាសសើុរវាយយកបានក្រុងសាម៉ារី ហើយកៀរប្រជាជនយកទៅជាឈ្លើយនៅឆ្នាំ ៧២២-៧២១ មុនគ្រិស្ដសករាជ។
ក្នុងអំឡុងពេលនោះ (សូមអាន ២ ពង្ស. ១៤.២៣-១៧.២៣) ក្រោយរជ្ជកាលព្រះបាទយេរ៉ូបោមទី ២ អាណាចក្រអ៊ីស្រាអែលខាងជើងកាន់តែចុះឱនថយទៅ។ ពីខាងក្រៅ កងទ័ពស្រុកអាសសើុរឈ្លានពានអ៊ីស្រាអែលកាន់តែខ្លាំងឡើងៗ រីឯនៅផ្ទៃក្នុង រដ្ឋប្រហារដណ្ដើមរាជសម្បត្តិក៏កើតឡើងផ្ទួនៗគ្នាដែរ។ ស្ដេចថ្មីៗដែលឡើងសោយរាជ្យ តែងប្រកាន់ជំហរនយោបាយផ្សេងៗពីគ្នា។ ពីមុន លោកអេម៉ុសធ្លាប់បានប្រកាសអំពីកង្វះសមភាពនៅក្នុងសង្គមដែរ ប៉ុន្តែ នៅជំនាន់របស់លោកហូសេ ស្ថានភាពនេះចេះតែកើនធ្ងន់ធ្ងរឡើងៗ។ លើសពីនោះ ជំនឿនៃប្រជារាស្ដ្ររបស់ព្រះធ្លាក់ឱនថយ គឺពួកគេបោះបង់ចោលព្រះអង្គ បែរទៅគោរពសាសនារបស់ជនជាតិកាណាន។
កណ្ឌគម្ពីរហូសេរៀបរាប់នូវភាពប្រេះឆាក្នុងក្រុមគ្រួសាររបស់ហោរា ដែលជាទីសម្គាល់អំពីស្ថានភាពនៃជនជាតិអ៊ីស្រាអែល។ ភរិយារបស់ហោរាហូសេបានក្បត់ចិត្តលោក ធ្វើឲ្យលោករបួសចិត្ត ជារូបភាពមួយលាតត្រដាងអំពីព្រះហឫទ័យរបស់ព្រះ ដែលត្រូវប្រជាជនអ៊ីស្រាអែលបោះបង់ចោល ដោយទៅគោរពព្រះក្លែងក្លាយ។ ទោះបីទំនាក់ទំនងរវាងព្រះនឹងប្រជារាស្ដ្ររបស់ព្រះអង្គធ្លាក់ដុនដាបយ៉ាងនេះក្ដី ហោរាហូសេប្រកាសថា នៅទីបញ្ចប់ សេចក្ដីស្រឡាញ់រវាងព្រះនឹងប្រជារាស្ដ្ររបស់ព្រះអង្គនឹងផ្សាគ្នាជាប់វិញ ដូចរូបលោកផ្ទាល់ទទួលភរិយាដែលក្បត់ចិត្តមកវិញដែរ។
យើងអាចបែងចែកកណ្ឌគម្ពីរហូសេជាបួនផ្នែក៖
• បញ្ហាក្នុងគ្រួសាររបស់ហោរាជាទីសម្គាល់នៃស្ថានភាពជនជាតិអ៊ីស្រាអែល (ជំពូក ១-៣)។
• ស្ថានភាពជនជាតិអ៊ីស្រាអែល និងអត្ថន័យខាងផ្លូវវិញ្ញាណ (៤.១-៩.៩)។
• អ៊ីស្រាអែលក្បត់ចិត្តព្រះ តាំងពីយូរលង់មកហើយ (៩.១០-១៤.១)។
• ព្រះហឫទ័យស្រឡាញ់របស់ព្រះមិនប្រែប្រួលឡើយ (១៤.២-១០)។
ទើបបានជ្រើសរើសហើយ៖
ហូសេ ពាក្យលំនាំ: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies