ដានី‌យ៉ែល 3:17-30

ដានី‌យ៉ែល 3:17-30 គកស១៦

ប្រសិន​បើ​យ៉ាង​នោះ​មែន ព្រះ​របស់​ទូល​បង្គំ​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​គោរព​បម្រើ ទ្រង់​ពិត​ជា​អាច​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ​បាន បពិត្រ​ព្រះ‌ករុណា ព្រះ‌អង្គ​នោះ​ក៏​នឹង​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​ព្រះ‌ហស្ត​របស់​ព្រះ‌ករុណា​ដែរ។ ប៉ុន្ដែ បើ​ព្រះ‌អង្គ​មិន​រំដោះ​យើង​ខ្ញុំ​ទេ បពិត្រ​ព្រះ​ករុណា សូម​ទ្រង់​ជ្រាប​ថា ទូល​បង្គំ​យើង​ខ្ញុំ​មិន​ព្រម​គោរព​បម្រើ​ព្រះ​របស់​ព្រះ‌ករុណា​ឡើយ ក៏​មិន​ព្រម​ថ្វាយ‌បង្គំ​រូប​បដិ‌មាករ​មាស ដែល​ព្រះ​ករុណា​បាន​ដំ​ឡើង​នោះ​ដែរ»។ ពេល​នោះ ព្រះ​បាទ​នេប៊ូ‌ក្នេសា​មាន​ពេញ​ដោយ​សេចក្ដី​ក្រេវ​ក្រោធ ទាស់​នឹង​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ហើយ​ព្រះ‌ភក្ត្រ​របស់​ស្ដេច​ក៏​ផ្លាស់​ប្រែ។ ស្ដេច​បញ្ជា​ឲ្យ​គេ​ដុត​គុក​ភ្លើង ឲ្យ​ក្តៅ​ជាង​ធម្មតា​ប្រាំ​ពីរ​ដង រួច​បញ្ជា​មនុស្ស​ខ្លាំង​ពូកែ​ខ្លះ​ក្នុង​កង‌ទ័ព​របស់​ស្ដេច ឲ្យ​ចង​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ បោះ​ទៅ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​នោះ។ ពេល​នោះ គេ​ក៏​ចង​អ្នក​ទាំង​បី ភ្ជាប់​ទាំង​ខោ​ទាំង​អាវ និង​ឈ្នួត ព្រម​ទាំង​សម្លៀក‌បំពាក់​ឯ​ទៀត​ៗ រួច​បោះ​ទៅ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ។ ដោយ​ព្រោះ​រាជ​បញ្ជា​របស់​ស្តេច​តឹង​រឹង ហើយ​គុក​ភ្លើងក៏​ក្តៅយ៉ាង​ក្រៃ‌លែង នោះ​អណ្ដាត​ភ្លើង​ក៏​សម្លាប់​អស់​អ្នក​ដែល​បាន​ចាប់​បោះ​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ​នោះទៅ។ ប៉ុន្ដែ អ្នក​ទាំង​បី គឺ​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ធ្លាក់​ទៅ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ ទាំង​ជាប់​ចំណង។ ពេល​នោះ ព្រះ​បាទ​នេប៊ូ‌ក្នេសា​មាន​ព្រះ​ហឫទ័យ​ស្រឡាំង‌កាំង ហើយ​ក៏​ក្រោក​ឡើង​យ៉ាង​ប្រញាប់​ប្រញាល់ មាន​រាជ​ឱង្ការ​ទៅ​កាន់​ពួក​ទី​ប្រឹក្សា​របស់​ស្ដេច​ថា៖ «តើ​យើង​មិន​បាន​បោះមនុស្ស​បី​នាក់ ទៅ​ក្នុង​ភ្លើង​ទាំង​ជាប់​ចំណង​ទេ​ឬ?»។ គេ​ក៏​ទូល​តប​ថា៖ «បពិត្រ​ព្រះ‌ករុណា ពិត​មែន​ហើយ»។ ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «តែ​យើង​ឃើញ​មនុស្ស​បួន​នាក់​ឥត​ជាប់​ចំណង កំពុង​ដើរ​នៅ​កណ្ដាល​ភ្លើង ឥត​ឈឺ​ចាប់​អ្វី​សោះ រី​ឯ​អ្នក​ទី​បួន​មាន​ទ្រង់​ទ្រាយ​ដូច​ជា​កូន​ព្រះ»។ ពេល​នោះ ព្រះ​បាទ​នេប៊ូ‌ក្នេសា​ក៏​ចូល​ទៅ​ជិត​មាត់​ទ្វារ​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​នោះ មាន​រាជ​ឱង្ការ​ថា៖ «សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ សូម​ចេញ​មក ហើយ​មក​ឯ​ណេះ!» ដូច្នេះ សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ក៏​ចេញ​ពី​កណ្ដាល​ភ្លើង​មក។ ពួក​នាយក ពួក​ចៅ​ហ្វាយ ពួក​ទេសា​ភិបាល និង​ពួក​ទីប្រឹក្សា​របស់​ស្តេច បាន​មក​ជួប​ជុំ​គ្នា ហើយ​ឃើញ​ថា ភ្លើង​គ្មាន​អំណាច​អ្វី​លើ​ខ្លួន​របស់​អ្នក​ទាំង​នោះ​សោះ សក់​ក្បាល​របស់​គេ​ក៏​មិន​បាន​ទាំង​រួញ​ដែរ ឯ​ខោ​អាវ​រប​ស់​គេ​មិន​បាន​ឆេះ ក៏​មិន​មាន​ក្លិន​ឈ្ងៀម​នៅ​ជាប់​ខ្លួន​ផង។ ព្រះ​បាទ​នេប៊ូ‌ក្នេសា​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ឲ្យ​ព្រះ​របស់​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ បាន​ប្រកប​ដោយ​ព្រះ‌ពរ ជា​ព្រះ​ដែល​បាន​ចាត់​ទេវតា​របស់​ព្រះ‌អង្គ ឲ្យ​មក​រំដោះ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដែល​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ។ គេ​មិន​បាន​ធ្វើ​តាម​បញ្ជា​របស់​ស្តេច​ទេ តែ​សុខ​ចិត្ត​ប្រថុយ​ខ្លួន ជា​ជាង​គោរព​បម្រើ ឬ​ថ្វាយ‌បង្គំ​ព្រះ​ណា​ផ្សេង ក្រៅ​ពី​ព្រះ​របស់​ខ្លួន​ឡើយ។ ដូច្នេះ យើង​ចេញ​‌រាជ​បញ្ជា​ដូច​តទៅ៖ ប្រជា‌ជន​ទាំង‌ឡាយណា ជាតិ​សាសន៍​ណា ហើយ​និយាយ​ភាសា​ណា​ក៏​ដោយ ហ៊ាន​និយាយ​ប្រមាថ​ទាស់​នឹង​ព្រះ​របស់​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ នោះ​នឹង​ត្រូវ​កាប់​ដាច់​ជា​ដុំៗ ហើយ​ផ្ទះ​របស់​គេ​នឹង​ត្រូវ​បំផ្លាញ​ឲ្យ​ទៅ​ជា​ផេះ ដ្បិត​គ្មាន​ព្រះ​ណា​អាច​រំដោះ​ឲ្យ​រួច​បែប​ដូច្នេះ​បាន​ឡើយ»។ បន្ទាប់​មក ស្ដេច​ក៏​ដំឡើង​យស​ស័ក្ដិ​ឲ្យ​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ នៅ​ក្នុង​អាណា​ខេត្ត​បាប៊ី‌ឡូន។

អាន ដានី‌យ៉ែល 3