ដានីយ៉ែល 3:17-30
ដានីយ៉ែល 3:17-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រសិនបើយ៉ាងនោះមែន ព្រះរបស់ទូលបង្គំយើងខ្ញុំ ដែលយើងខ្ញុំគោរពបម្រើ ទ្រង់ពិតជាអាចរំដោះយើងខ្ញុំឲ្យរួចពីគុកភ្លើង ដែលឆេះយ៉ាងសន្ធៅបាន បពិត្រព្រះករុណា ព្រះអង្គនោះក៏នឹងរំដោះយើងខ្ញុំឲ្យរួចពីព្រះហស្តរបស់ព្រះករុណាដែរ។ ប៉ុន្ដែ បើព្រះអង្គមិនរំដោះយើងខ្ញុំទេ បពិត្រព្រះករុណា សូមទ្រង់ជ្រាបថា ទូលបង្គំយើងខ្ញុំមិនព្រមគោរពបម្រើព្រះរបស់ព្រះករុណាឡើយ ក៏មិនព្រមថ្វាយបង្គំរូបបដិមាករមាស ដែលព្រះករុណាបានដំឡើងនោះដែរ»។ ពេលនោះ ព្រះបាទនេប៊ូក្នេសាមានពេញដោយសេចក្ដីក្រេវក្រោធ ទាស់នឹងសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ហើយព្រះភក្ត្ររបស់ស្ដេចក៏ផ្លាស់ប្រែ។ ស្ដេចបញ្ជាឲ្យគេដុតគុកភ្លើង ឲ្យក្តៅជាងធម្មតាប្រាំពីរដង រួចបញ្ជាមនុស្សខ្លាំងពូកែខ្លះក្នុងកងទ័ពរបស់ស្ដេច ឲ្យចងសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ បោះទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅនោះ។ ពេលនោះ គេក៏ចងអ្នកទាំងបី ភ្ជាប់ទាំងខោទាំងអាវ និងឈ្នួត ព្រមទាំងសម្លៀកបំពាក់ឯទៀតៗ រួចបោះទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។ ដោយព្រោះរាជបញ្ជារបស់ស្តេចតឹងរឹង ហើយគុកភ្លើងក៏ក្តៅយ៉ាងក្រៃលែង នោះអណ្ដាតភ្លើងក៏សម្លាប់អស់អ្នកដែលបានចាប់បោះសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោនោះទៅ។ ប៉ុន្ដែ អ្នកទាំងបី គឺសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ធ្លាក់ទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ ទាំងជាប់ចំណង។ ពេលនោះ ព្រះបាទនេប៊ូក្នេសាមានព្រះហឫទ័យស្រឡាំងកាំង ហើយក៏ក្រោកឡើងយ៉ាងប្រញាប់ប្រញាល់ មានរាជឱង្ការទៅកាន់ពួកទីប្រឹក្សារបស់ស្ដេចថា៖ «តើយើងមិនបានបោះមនុស្សបីនាក់ ទៅក្នុងភ្លើងទាំងជាប់ចំណងទេឬ?»។ គេក៏ទូលតបថា៖ «បពិត្រព្រះករុណា ពិតមែនហើយ»។ ស្ដេចមានរាជឱង្ការថា៖ «តែយើងឃើញមនុស្សបួននាក់ឥតជាប់ចំណង កំពុងដើរនៅកណ្ដាលភ្លើង ឥតឈឺចាប់អ្វីសោះ រីឯអ្នកទីបួនមានទ្រង់ទ្រាយដូចជាកូនព្រះ»។ ពេលនោះ ព្រះបាទនេប៊ូក្នេសាក៏ចូលទៅជិតមាត់ទ្វារគុកភ្លើង ដែលឆេះយ៉ាងសន្ធោសន្ធៅនោះ មានរាជឱង្ការថា៖ «សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ជាអ្នកបម្រើរបស់ព្រះដ៏ខ្ពស់បំផុតអើយ សូមចេញមក ហើយមកឯណេះ!» ដូច្នេះ សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ក៏ចេញពីកណ្ដាលភ្លើងមក។ ពួកនាយក ពួកចៅហ្វាយ ពួកទេសាភិបាល និងពួកទីប្រឹក្សារបស់ស្តេច បានមកជួបជុំគ្នា ហើយឃើញថា ភ្លើងគ្មានអំណាចអ្វីលើខ្លួនរបស់អ្នកទាំងនោះសោះ សក់ក្បាលរបស់គេក៏មិនបានទាំងរួញដែរ ឯខោអាវរបស់គេមិនបានឆេះ ក៏មិនមានក្លិនឈ្ងៀមនៅជាប់ខ្លួនផង។ ព្រះបាទនេប៊ូក្នេសាមានរាជឱង្ការថា៖ «សូមឲ្យព្រះរបស់សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ បានប្រកបដោយព្រះពរ ជាព្រះដែលបានចាត់ទេវតារបស់ព្រះអង្គ ឲ្យមករំដោះអ្នកបម្រើរបស់ព្រះអង្គ ដែលទុកចិត្តដល់ព្រះអង្គ។ គេមិនបានធ្វើតាមបញ្ជារបស់ស្តេចទេ តែសុខចិត្តប្រថុយខ្លួន ជាជាងគោរពបម្រើ ឬថ្វាយបង្គំព្រះណាផ្សេង ក្រៅពីព្រះរបស់ខ្លួនឡើយ។ ដូច្នេះ យើងចេញរាជបញ្ជាដូចតទៅ៖ ប្រជាជនទាំងឡាយណា ជាតិសាសន៍ណា ហើយនិយាយភាសាណាក៏ដោយ ហ៊ាននិយាយប្រមាថទាស់នឹងព្រះរបស់សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ នោះនឹងត្រូវកាប់ដាច់ជាដុំៗ ហើយផ្ទះរបស់គេនឹងត្រូវបំផ្លាញឲ្យទៅជាផេះ ដ្បិតគ្មានព្រះណាអាចរំដោះឲ្យរួចបែបដូច្នេះបានឡើយ»។ បន្ទាប់មក ស្ដេចក៏ដំឡើងយសស័ក្ដិឲ្យសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ នៅក្នុងអាណាខេត្តបាប៊ីឡូន។
ដានីយ៉ែល 3:17-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បពិត្រព្រះរាជា ព្រះដែលទូលបង្គំយើងខ្ញុំគោរពបម្រើ ពិតជាអាចរំដោះទូលបង្គំយើងខ្ញុំ គឺព្រះអង្គនឹងរំដោះយើងខ្ញុំឲ្យរួចពីភ្លើងដ៏សន្ធោសន្ធៅ និងឲ្យយើងខ្ញុំ រួចពីព្រះហស្ដរបស់ព្រះករុណាជាមិនខាន។ ទោះបីព្រះអង្គមិនរំដោះយើងខ្ញុំក្ដី សូមព្រះករុណាជ្រាបឲ្យបានច្បាស់ថា ទូលបង្គំយើងខ្ញុំមិនព្រមគោរពបម្រើព្រះទាំងប៉ុន្មានរបស់ព្រះករុណាឡើយ ហើយយើងខ្ញុំក៏មិនព្រមក្រាបថ្វាយបង្គំរូបបដិមាមាសដែលព្រះករុណាបានកសាងនេះដែរ»។ ពេលនោះ ព្រះចៅនេប៊ូក្នេសាទ្រង់ខ្ញាល់នឹងលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោយ៉ាងខ្លាំង ព្រះភ័ក្ត្ររបស់ស្ដេចបានផ្លាស់ប្រែ។ ទ្រង់ក៏បញ្ជាឲ្យគេដុតឡភ្លើងឲ្យក្ដៅជាងធម្មតាប្រាំពីរដង រួចបញ្ជាទាហានខ្លះដែលមានកម្លាំងខ្លាំងក្លាឲ្យចាប់ចងលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ទម្លាក់ទៅក្នុងឡភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។ គេចងលោកទាំងបី ដោយទុកសម្លៀកបំពាក់ ទាំងក្នុងទាំងក្រៅជាប់នឹងខ្លួន និងឈ្នួតផង រួចបោះទៅក្នុងឡភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ ដោយសាររាជបញ្ជាដ៏តឹងតែង គេបានដុតភ្លើងយ៉ាងក្ដៅបំផុត រហូតដល់ធ្វើឲ្យទាហានដែលចាប់លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ បោះទៅក្នុងភ្លើងនោះត្រូវស្លាប់។ ពេលនោះ លោកទាំងបី គឺសាដ្រាក់ មែសាក់ និងអេបេឌ-នេកោ ធ្លាក់ទៅក្នុងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។ ពេលនោះ ព្រះចៅនេប៊ូក្នេសារន្ធត់ព្រះហឫទ័យជាខ្លាំង ទ្រង់ប្រញាប់ប្រញាល់ក្រោកឈរឡើង មានរាជឱង្ការទៅកាន់ក្រុមប្រឹក្សាថា៖ «តើយើងបានបោះមនុស្សបីនាក់ដែលជាប់ចំណងទៅក្នុងភ្លើងមែនឬមិនមែន?»។ ពួកគេទូ លព្រះរាជាថា៖ «ពិតមែនហើយ ព្រះករុណា!»។ ព្រះរាជាមានរាជឱង្ការទៀតថា៖ «ហេតុដូចម្ដេចបានជាយើងឃើញមនុស្សបួននាក់ ដែលគ្មានជាប់ចំណងកំពុងតែដើរនៅក្នុងភ្លើង ដោយឥតរលាកសោះដូច្នេះ? រីឯអ្នកទីបួន មានទ្រង់ទ្រាយដូចទេវតា »។ ព្រះចៅនេប៊ូក្នេសាចូលទៅជិតឡភ្លើង មានរាជឱង្ការថា៖ «លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ជាអ្នកបម្រើរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតអើយ ចូរនាំគ្នាចេញមក!»។ លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោក៏នាំគ្នាចេញពីក្នុងភ្លើង។ ពេលនោះ ពួកមេទ័ព មន្ត្រីរដ្ឋបាល ចៅហ្វាយខេត្ត និងក្រុមប្រឹក្សាព្រះមហាក្សត្រ ក៏រួមប្រជុំគ្នា ពួកគេឃើញថា ភ្លើងពុំមានអំណាចអ្វីលើរូបកាយរបស់បុរសទាំងបីសោះ សក់ក្បាលរបស់អ្នកទាំងបីក៏មិនឆេះ ហើយសូម្បីតែសម្លៀកបំពាក់របស់គេពុំខូចខាត ឬធុំក្លិនឈ្ងៀមដែរ។ ព្រះចៅនេប៊ូក្នេសាមានរាជឱង្ការទៀតថា៖ «សូមសរសើរតម្កើងព្រះរបស់លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ដែលបានចាត់ទេវតា*ឲ្យមករំដោះអ្នកបម្រើរបស់ព្រះអង្គ។ លោកទាំងបីបានទុកចិត្តលើព្រះអង្គ ហើយមិនព្រមធ្វើតាមបញ្ជារបស់ស្ដេចទេ តែសុខចិត្តបូជាជីវិតជាជាងគោរពបម្រើ និងថ្វាយបង្គំព្រះផ្សេងក្រៅពីព្រះរបស់ខ្លួន! ឥឡូវនេះ យើងសុំចេញបញ្ជាដូចតទៅ: មនុស្សទាំងអស់ ទោះបីមកពីស្រុកណា ជាតិសាសន៍អ្វី ហើយនិយាយភាសាអ្វីក៏ដោយ ឲ្យតែហ៊ាននិយាយប្រមាថព្រះរបស់លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ត្រូវតែទទួលទោសដល់ជីវិត ហើយផ្ទះរបស់គេនឹងត្រូវដុតឲ្យទៅជាផេះ ដ្បិតគ្មានព្រះណាអាចរំដោះមនុស្សដូចព្រះអង្គទេ»។ បន្ទាប់មក ព្រះរាជាប្រោសប្រទានឲ្យលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ មានបុណ្យស័ក្ដិកាន់តែខ្ពង់ខ្ពស់ឡើង នៅក្នុងអាណាខេត្តបាប៊ីឡូន។
ដានីយ៉ែល 3:17-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើជាយ៉ាងនោះមែន នោះព្រះនៃយើងខ្ញុំ ដែលយើងខ្ញុំគោរពប្រតិបត្តិតាម ទ្រង់អាចនឹងជួយឲ្យខ្ញុំរួចពីគុកភ្លើង ដែលឆេះយ៉ាងសន្ធៅបានហើយ បពិត្រព្រះករុណា ព្រះអង្គនោះក៏នឹងជួយឲ្យយើងរួចពីព្រះហស្តទ្រង់ដែរ តែបើមិនជួយទេ នោះសូមឲ្យទ្រង់ព្រះករុណាជ្រាបថា យើងខ្ញុំមិនព្រមគោរពតាមព្រះរបស់ទ្រង់ឡើយ ក៏មិនព្រមថ្វាយបង្គំដល់រូបមាស ដែលទ្រង់បានតាំងឡើងនោះដែរ។ នោះនេប៊ូក្នេសា ទ្រង់មានពេញដោយសេចក្ដីឃោរឃៅ ព្រះភក្ត្រទ្រង់ក៏ផ្លាស់ប្រែទៅ ទាស់នឹងសាដ្រាក់ មែសាក់ នឹងអ័បេឌ-នេកោ ទ្រង់ក៏បង្គាប់ឲ្យគេដុតគុកភ្លើងឲ្យក្តៅជាងធម្មតា១ជា៧ រួចទ្រង់បង្គាប់ដល់មនុស្សខ្លាំងពូកែខ្លះក្នុងកងទ័ពទ្រង់ ឲ្យគេចងសាដ្រាក់ មែសាក់ នឹងអ័បេឌ-នេកោ បោះទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធៅនោះ ដូច្នេះ គេក៏ចងអ្នកទាំងនោះភ្ជាប់ទាំងខោទាំងអាវ នឹងឈ្នួត ព្រមទាំងសំលៀកបំពាក់ឯទៀតផង បោះចុះក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធៅទៅ ហេតុនោះ ដោយព្រោះបង្គាប់ស្តេចក៏តឹងរឹងណាស់ ហើយគុកភ្លើងបានក្តៅយ៉ាងក្រៃលែង បានជាអណ្តាតភ្លើងឆេះសំឡាប់ពួកអ្នកដែលបានលើកបោះសាដ្រាក់ មែសាក់ នឹងអ័បេឌ-នេកោទៅនោះ ចំណែកអ្នកទាំង៣នោះ គឺសាដ្រាក់ មែសាក់ នឹងអ័បេឌ-នេកោ គេធ្លាក់ទៅកណ្តាលគុកភ្លើង ដែលឆេះយ៉ាងសន្ធៅ ទាំងជាប់ចំណងផង។ ខណៈនោះ ស្តេចនេប៊ូក្នេសា ទ្រង់មានសេចក្ដីស្រឡាំងកាំង ហើយក៏ក្រោកឡើងជាប្រញាប់ មានបន្ទូលនឹងពួកជំនិតរបស់ទ្រង់ថា តើមិនមែន៣នាក់ដែលយើងបោះទៅក្នុងភ្លើងទាំងជាប់ចំណងផងទេឬអី គេក៏ទូលតបថា បពិត្រព្រះករុណាអើយ ពិតហើយដូច្នោះ រួចទ្រង់មានបន្ទូលថា មើល យើងឃើញ៤នាក់ ឥតជាប់ចំណងសោះ កំពុងដើរនៅកណ្តាលភ្លើង ឥតមានអ្វីសោះ ឯអ្នកទី៤ក៏មានភាពដូចជាកូនព្រះ នោះនេប៊ូក្នេសាក៏ចូលទៅជិតមាត់គុកភ្លើង ដែលឆេះយ៉ាងសន្ធៅនោះ មានបន្ទូលថា ឱសាដ្រាក់ មែសាក់ នឹងអ័បេឌ-នេកោ ជាអ្នកគោរពដល់ព្រះដ៏ខ្ពស់បំផុតអើយ សូមចេញមក ហើយមកឯណេះចុះ ដូច្នេះ សាដ្រាក់ មែសាក់ នឹងអ័បេឌ-នេកោ ក៏ចេញពីកណ្តាលភ្លើងមក រួចពួកចៅហ្វាយខេត្ត ពួកភូឈួយ ពួកចៅហ្វាយស្រុក នឹងពួកជំនិតរបស់ស្តេចដែលបានប្រជុំគ្នា គេក៏ឃើញមនុស្សទាំងនោះដែលភ្លើងគ្មានអំណាចលើខ្លួនគេសោះ សក់ក្បាលគេក៏មិនបានទាំងរួញដែរ ឯខោអាវមិនបានឆេះ ក៏ឥតមានក្លិនឈ្ងៀមនៅជាប់លើគេផង។ នេប៊ូក្នេសា ទ្រង់មានបន្ទូលថា សូមឲ្យព្រះនៃសាដ្រាក់ មែសាក់ នឹងអ័បេឌ-នេកោ បានប្រកបដោយព្រះពរ ជាព្រះដែលទ្រង់បានចាត់ទេវតារបស់ទ្រង់ ឲ្យមកប្រោសពួកបំរើទ្រង់ ដែលទុកចិត្តដល់ទ្រង់ ឲ្យរួច គេបានរំលងនឹងបង្គាប់នៃស្តេច ព្រមទាំងប្រថុយខ្លួនគេ ដើម្បីមិនឲ្យគោរព ឬថ្វាយបង្គំដល់ព្រះឯណា ក្រៅពីព្រះរបស់ខ្លួនឡើយ ដូច្នេះ យើងចេញព្រះរាជបំរាមដល់បណ្តាជនទាំងឡាយ ព្រមទាំងសាសន៍ដទៃ នឹងមនុស្សគ្រប់ភាសាថា បើអ្នកណានិយាយបង្ខុសពីព្រះនៃសាដ្រាក់ មែសាក់ នឹងអ័បេឌ-នេកោ នោះនឹងត្រូវកាប់ដាច់ជាដុំៗ ហើយផ្ទះគេនឹងត្រូវទុកជាទីបន្ទោបង់លាមក ពីព្រោះគ្មានព្រះឯណាទៀត ដែលអាចនឹងជួយ ឲ្យរួចយ៉ាងដូច្នេះបានឡើយ រួចមក ស្តេចទ្រង់ក៏ដំឡើងងារដល់សាដ្រាក់ មែសាក់ នឹងអ័បេឌ-នេកោ នៅក្នុងខេត្តបាប៊ីឡូន។