ដានីយ៉ែល 4
4
សុបិនលើកទីពីររបស់ព្រះបាទនេប៊ូក្នេសា
1 ព្រះបាទនេប៊ូក្នេសាទ្រង់ប្រកាសដល់ប្រជាជនទាំងអស់ ជាតិសាសន៍នានា និងមនុស្សគ្រប់ភាសាដែលរស់នៅលើផែនដីទាំងមូលថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខយ៉ាងបរិបូរ! 2យើងយល់ឃើញថា គួរតែបង្ហាញអស់ទាំងទីសម្គាល់ និងការអស្ចារ្យដែលព្រះដ៏ខ្ពស់បំផុតបានសម្ដែងចំពោះយើង។
3ទីសម្គាល់របស់ព្រះអង្គធំណាស់
ការអស្ចារ្យរបស់ព្រះអង្គក៏មានអានុភាពដែរ!
រាជ្យរបស់ព្រះអង្គ ជារាជ្យដ៏ស្ថិតស្ថេរ
អស់កល្បជានិច្ច
ហើយអំណាចគ្រប់គ្រងរបស់ព្រះអង្គ
ក៏នៅគង់វង្សគ្រប់ជំនាន់តរៀងទៅ។
4 យើង នេប៊ូក្នេសា កំពុងរស់នៅយ៉ាងសុខស្រួល ក្នុងដំណាក់របស់យើង ហើយកំពុងចម្រើននៅក្នុងរាជវាំងរបស់យើង។ 5យើងបានសុបិនឃើញ ដែលធ្វើឲ្យយើងតក់ស្លុត ហើយគំនិតដែលយើងនឹកគិតនៅក្នុងដំណេក និងនិមិត្តក្នុងគំនិតរបស់យើង ក៏ធ្វើឲ្យយើងភ័យខ្លាច។ 6ដូច្នេះ យើងបានចេញបញ្ជាឲ្យនាំអ្នកប្រាជ្ញទាំងប៉ុន្មានក្នុងស្រុកបាប៊ីឡូន មកចំពោះយើង ដើម្បីឲ្យគេបានកាត់ស្រាយសុបិននិមិត្តនោះប្រាប់យើង។ 7ពេលនោះ ពួកគ្រូមន្តអាគម គ្រូអង្គុយធម៌ ពួកខាល់ដេ និងគ្រូទាយក៏ចូលមក ហើយយើងបានប្រាប់សុបិននោះដល់គេ តែគេមិនអាចកាត់ស្រាយសុបិននោះប្រាប់យើងបានឡើយ។ 8នៅទីបំផុត ដានីយ៉ែល (ដែលមានឈ្មោះ បេលថិស្សាសារ តាមព្រះនាមព្រះរបស់យើង ជាអ្នកដែលមានវិញ្ញាណរបស់ព្រះដ៏បរិសុទ្ធសណ្ឋិតនៅក្នុងខ្លួន) បានចូលមកចំពោះយើង ហើយយើងបានប្រាប់សុបិននោះដល់លោកថា 9"ឱបេលថិស្សាសារ ជាមេនៃពួកគ្រូមន្តអាគមអើយ ដោយព្រោះយើងដឹងថា វិញ្ញាណនៃព្រះដ៏បរិសុទ្ធសណ្ឋិតនៅក្នុងខ្លួន ហើយថា គ្មានអាថ៌កំបាំងណាដែលពិបាកពេកសម្រាប់លោកឡើយ សូមលោកប្រាប់ពីនិមិត្តដែលយើងបានឃើញក្នុងសុបិន ហើយកាត់ស្រាយប្រាប់យើងផង។
10និមិត្តដែលយើងឃើញក្នុងគំនិតនៅលើដំណេក
គឺយើងឃើញដូច្នេះ
មានដើមឈើមួយមានកម្ពស់យ៉ាងក្រៃលែង
នៅកណ្ដាលផែនដី
11ដើមនោះបានដុះធំឡើង ហើយក៏មាំ
ចុងរបស់វាលូតទៅដល់ផ្ទៃមេឃ
ហើយក៏មើលវាឃើញ
រហូតដល់ចុងផែនដីទាំងមូល។
12ស្លឹកឈើនោះល្អស្រស់
ហើយមានផ្លែយ៉ាងច្រើនបរិបូរ
សម្រាប់ជាអាហារដល់មនុស្សទាំងអស់។
សត្វទាំងឡាយនៅទីវាល
បានមកជ្រកកោនក្រោមម្លប់របស់វា
សត្វហើរលើអាកាសទំនៅតាមមែករបស់វា
ហើយសត្វលោកទាំងអស់
បានអាហារចិញ្ចឹមជីវិតពីដើមឈើនេះ។
13និមិត្តដែលយើងបានឃើញក្នុងគំនិត កាលនៅលើដំណកនោះ យើងឃើញអ្នកត្រួតពិនិត្យមួយរូប គឺអ្នកបរិសុទ្ធមួយរូប ចុះពីស្ថានសួគ៌មក។ 14លោកបានប្រកាសដោយសំឡេងខ្លាំងៗថា៖
ចូរកាប់រំលំដើមឈើនេះ
ហើយលួសមែកវាចោលទៅ
ចូរលះស្លឹករបស់វាចេញ
ហើយកម្ចាត់កម្ចាយផ្លែរបស់វាផង។
ចូរឲ្យសត្វទាំងឡាយចេញពីក្រោមម្លប់របស់វា
ហើយឲ្យសត្វស្លាបហើរចេញពីមែកវាដែរ។
15ប៉ុន្តែ ត្រូវឲ្យទុកគល់ និងឫសរបស់វានៅក្នុងដី
ហើយយកវ័ណ្ឌដែក និងលង្ហិនចងព័ទ្ធជុំវិញ
ទុកចោលនៅវាលស្មៅទៅ។
ត្រូវទុកឲ្យវាទទឹកជោកដោយទឹកសន្សើមពីលើមេឃ
ហើយឲ្យវាមានចំណែកជាមួយ
សត្វស៊ីស្មៅនៃផែនដីផង។
16ត្រូវឲ្យគំនិតវាផ្លាស់ប្រែលែងមានគំនិតជាមនុស្ស
ហើយឲ្យវាមានគំនិតជាសត្វវិញ
ត្រូវឲ្យវានៅយ៉ាងនោះ
ដរាបដល់កន្លងទៅអស់ប្រាំពីរខួប។
17ទោសនេះជាការសម្រេចរបស់ពួកអ្នកត្រួតពិនិត្យ
ហើយសេចក្ដីសម្រេចនេះ
ក៏តាមបង្គាប់របស់ពួកបរិសុទ្ធ
ប្រយោជន៍ឲ្យមនុស្សទាំងអស់ដែលនៅរស់បានដឹងថា
ព្រះដ៏ខ្ពស់បំផុតគ្រប់គ្រងលើរាជ្យរបស់មនុស្ស
ព្រះអង្គប្រគល់រាជ្យនោះ
ដល់អ្នកណាតាមតែព្រះហឫទ័យ
ក៏តាំងមនុស្សដែលទន់ទាបបំផុតឡើង
ឲ្យគ្រប់គ្រង។
18នេះជាសុបិនដែលយើងជាស្តេចនេប៊ូក្នេសាបានឃើញ។ ឥឡូវនេះ ឱបេលថិស្សាសារអើយ សូមកាត់ស្រាយប្រាប់យើងផង ព្រោះពួកអ្នកប្រាជ្ញទាំងប៉ុន្មានក្នុងនគរយើង មិនអាចកាត់ស្រាយប្រាប់យើងបានទេ គឺមានតែលោកម្នាក់ប៉ុណ្ណោះដែលអាចកាត់ស្រាយបាន ដ្បិតវិញ្ញាណរបស់ព្រះដ៏បរិសុទ្ធសណ្ឋិតនៅក្នុងខ្លួន"»។
ដានីយ៉ែលបកស្រាយសុបិនលើកទីពីរ
19ពេលនោះ ដានីយ៉ែល ដែលមានឈ្មោះថា បេលថិស្សាសារ ក៏មានចិត្តតក់ស្លុតមួយសម្ទុះ។ គំនិតរបស់លោកធ្វើឲ្យលោកភ័យរន្ធត់ តែស្ដេចមានរាជឱង្ការថា៖ «បេលថិស្សាសារអើយ កុំឲ្យសុបិននេះ ឬសេចក្ដីកាត់ស្រាយនាំឲ្យអ្នកភ័យរន្ធត់ឡើយ»។ បេលថិស្សាសារទូលតបថា៖ «បពិត្រព្រះអម្ចាស់នៃទូលបង្គំ សូមឲ្យសុបិននេះធ្លាក់ទៅលើអស់អ្នកដែលស្អប់ព្រះកុរណា ហើយសេចក្ដីកាត់ស្រាយធ្លាក់ទៅលើខ្មាំងសត្រូវរបស់ព្រះករុណាវិញ! 20ដើមឈើដែលព្រះករុណាបានឃើញដុះឡើងយ៉ាងធំ ហើយមាំ ដែលមានចុងលូតទៅដល់ផ្ទៃមេឃ ហើយមើលវាឃើញរហូតដល់ចុងផែនដីទាំងមូល 21ជាដើមឈើមានស្លឹកស្រស់ល្អ មានផ្លែបរិបូរ សម្រាប់ជាអាហារសត្វលោកទាំងអស់ គឺសត្វនៅទីវាលបានជ្រក ហើយសត្វហើរលើអាកាសក៏ធ្វើសម្បុកនៅតាមមែក 22បពិត្រព្រះករុណា ដើមឈើនោះគឺព្រះករុណា ដែលបានចម្រើនឡើងជាធំ ហើយមានអានុភាព។ ដ្បិតភាពធំរបស់ព្រះករុណាបានលូតឡើងរហូតដល់ផ្ទៃមេឃ ហើយអំណាចគ្រប់គ្រងរបស់ព្រះករុណាក៏ដល់ចុងផែនដីដែរ។ 23ឯដំណើរដែលព្រះករុណាបានឃើញអ្នកត្រួតពិនិត្យមួយរូប គឺអ្នកបរិសុទ្ធមួយរូប ចុះពីស្ថានសួគ៌មក ហើយពោលថា "ចូរកាប់រំលំដើមឈើនេះ ហើយបំផ្លាញវាទៅ តែត្រូវទុកគល់ និងឫសរបស់វានៅក្នុងដី ហើយយកវ័ណ្ឌដែក និងលង្ហិនចងព័ទ្ធជុំវិញ នៅកណ្ដាលវាលស្មៅ ឲ្យទទឹកជោកដោយទឹកសន្សើមពីលើមេឃ ព្រមទាំងឲ្យមានចំណែកជាមួយសត្វនៅទីវាល រហូតទាល់តែកន្លងផុតប្រាំពីរខួប" 24បពិត្រព្រះករុណា សេចក្ដីកាត់ស្រាយមានន័យបែបនេះ គឺជារាជបញ្ជានៃព្រះដ៏ខ្ពស់បំផុត ជាការដែលត្រូវកើតមានដល់ព្រះករុណាជាអម្ចាស់នៃទូលបង្គំ 25គឺព្រះករុណានឹងត្រូវគេបណ្តេញចេញពីមនុស្សលោកទៅ ហើយទ្រង់នឹងមានទីលំនៅជាមួយសត្វព្រៃ គេឲ្យទ្រង់សោយស្មៅដូចគោ ទ្រង់នឹងទទឹកជោកដោយទឹកសន្សើមពីលើមេឃ ដរាបដល់បានកន្លងផុតប្រាំពីរខួប គឺទាល់តែព្រះករុណាជ្រាបថា ព្រះដ៏ខ្ពស់បំផុតគ្រប់គ្រងលើរាជ្យរបស់មនុស្ស ហើយក៏ប្រទានរាជ្យដល់អ្នកណាតាមតែព្រះហឫទ័យរបស់ព្រះអង្គ។ 26ឯដំណើរដែលបញ្ជាឲ្យទុកគល់ និងឫសនៃដើមនោះ គឺថា រាជ្យរបស់ព្រះករុណានឹងត្រូវប្រគល់មកព្រះករុណាវិញ នៅពេលទ្រង់ជ្រាបថា ស្ថានសួគ៌មានអំណាចគ្រប់គ្រង។ 27ដូច្នេះ បពិត្រព្រះករុណា សូមទ្រង់ប្រោសមេត្តាទទូលយោបល់ទូលបង្គំចុះ សូមទ្រង់លះបង់អំពើបាប ដោយប្រព្រឹត្តសេចក្ដីសុចរិតវិញ ហើយលះបង់អំពើទុច្ចរិតផង ដោយសម្ដែងសេចក្ដីមេត្តាករុណាដល់ពួកក្រីក្រ ដើម្បីឲ្យព្រះករុណាបានចម្រុងចម្រើនយូរអង្វែង»។
ព្រះបាទនេប៊ូក្នេសាបាក់អំនួត
28ហេតុការណ៍ទាំងនោះកើតមានដល់ព្រះបាទនេប៊ូក្នេសាមែន។ 29កន្លងមកបានដប់ពីរខែ កាលស្ដេចកំពុងយាងក្រសាលក្នុងរាជវាំងនៅក្រុងបាប៊ីឡូន 30ស្ដេចមានរាជឱង្ការថា៖ «នេះតើមិនមែនជាក្រុងបាប៊ីឡូនដ៏ធំ ដែលយើងបានសង់ទុកជារាជស្ថាន ដោយអំណាចអានុភាពរបស់យើង ហើយសម្រាប់ជាសិរីល្អនៃតេជានុភាពរបស់យើងទេឬ?» 31កាលស្តេចកំពុងតែមានរាជឱង្ការពាក្យទាំងនោះនៅឡើយ នោះមានឮសំឡេងចេញពីលើមេឃមកថា៖ «ម្នាលស្តេចនេប៊ូក្នេសាអើយ មានសេចក្ដីប្រកាសប្រាប់អ្នកថា រាជ្យបានចេញផុតពីអ្នកហើយ 32គេនឹងបណ្តេញអ្នកចេញពីចំណោមមនុស្សលោក អ្នកនឹងមានទីលំនៅជាមួយសត្វនៅទីវាល គេនឹងឲ្យអ្នកស៊ីស្មៅដូចគោ ដរាបដល់បានកន្លងទៅអស់ប្រាំពីរខួប ទាល់តែអ្នកបានដឹងថា ព្រះដ៏ខ្ពស់បំផុតគ្រប់គ្រងលើរាជ្យរបស់មនុស្ស ហើយក៏ប្រទានរាជ្យដល់អ្នកណា តាមតែព្រះហឫទ័យរបស់ព្រះអង្គ»។ 33រំពេចនោះ ពាក្យនោះក៏បានសម្រេចដល់ព្រះបាទនេប៊ូក្នេសាមែន គឺទ្រង់ត្រូវគេបណ្តេញចេញពីចំណោមមនុស្ស ហើយសោយស្មៅដូចគោ ព្រះកាយទទឹកជោកដោយទឹកសន្សើមពីលើមេឃ ទាល់តែព្រះកេសារបស់ស្ដេចដុះវែង ដូចស្លាបឥន្ទ្រី ហើយក្រចកប្រៀបដូចជាក្រចកសត្វស្លាប។
ព្រះបាទនេប៊ូក្នេសាសរសើរតម្កើងព្រះ
34លុះពេលកំណត់កន្លងផុតទៅ យើងនេប៊ូក្នេសាងើបភ្នែកឡើងទៅលើមេឃ ហើយស្មារតីរបស់យើង ក៏ត្រឡប់មករកយើងវិញ។
យើងថ្វាយព្រះពរដល់ព្រះដ៏ខ្ពស់បំផុត
ហើយសរសើរ និងលើកតម្កើង
ព្រះដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច។
ដ្បិតអំណាចគ្រប់គ្រងរបស់ព្រះអង្គ
ស្ថិតស្ថេរនៅជាដរាប
ហើយរាជ្យរបស់ព្រះអង្គ
ក៏នៅគង់វង្សគ្រប់ជំនាន់តរៀងទៅ។
35មនុស្សលោកទាំងអស់នៅផែនដី
រាប់ដូចជាគ្មានអ្វីសោះ
ព្រះអង្គធ្វើតាមតែព្រះហឫទ័យ
ក្នុងចំណោមពលបរិវារនៅស្ថានសួគ៌
ហើយក្នុងចំណោមមនុស្សលោកនៅផែនដី
គ្មានអ្នកណាអាចនឹងទប់ព្រះហស្តរបស់ព្រះអង្គ
ឬពោលទៅព្រះអង្គថា "ទ្រង់ធ្វើអ្វីដូច្នេះ?"
បានឡើយ។
36នៅពេលនោះ ស្មារតីរបស់យើងក៏វិលមករកយើងវិញ ឯសិរីល្អនៃរាជ្យរបស់យើង ហើយតេជានុភាព ព្រមទាំងភាពថ្កុំថ្កើងរបស់យើង ក៏វិលមករកយើងវិញដែរ។ ពួកទីប្រឹក្សា និងពួកសេនាបតី បានស្វែងរកយើង គេតាំងយើងក្នុងរាជ្យរបស់យើងឡើងវិញ ហើយអំណាចយើងក៏កាន់តែធំឡើងថែមទៀត។ 37ឥឡូវនេះ យើងនេប៊ូក្នេសា សូមសរសើរ ហើយលើកតម្កើង ព្រមទាំងថ្វាយកិត្តិនាមដល់មហាក្សត្រនៃស្ថានសួគ៌
ដ្បិតអស់ទាំងកិច្ចការរបស់ព្រះអង្គ
សុទ្ធតែពិតត្រង់
ហើយផ្លូវប្រព្រឹត្តទាំងប៉ុន្មានរបស់ព្រះអង្គ
ក៏យុត្តិធម៌ដែរ
ព្រះអង្គអាចបន្ទាបអស់អ្នកដែលប្រព្រឹត្ត
ដោយចិត្តអំនួត។
ទើបបានជ្រើសរើសហើយ៖
ដានីយ៉ែល 4: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies