ដានី‌យ៉ែល 4:1-9

ដានី‌យ៉ែល 4:1-9 គកស១៦

ព្រះ​បាទ​នេប៊ូ‌ក្នេសា​ទ្រង់​ប្រកាស​ដល់​ប្រជា‌ជន​ទាំង​អស់ ជាតិ​សាសន៍​នានា និង​មនុស្ស​គ្រប់​ភាសា​ដែល​រស់​នៅ​លើ​ផែន‌ដី​ទាំង​មូល​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​យ៉ាង​បរិបូរ! យើង​យល់​ឃើញ​ថា គួរ​តែ​បង្ហាញ​អស់​ទាំង​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ដែល​ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​សម្ដែង​ចំពោះ​យើង។ ទី​សម្គាល់​របស់​ព្រះ‌អង្គ​ធំ​ណាស់ ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ​ក៏​មាន​អានុ‌ភាព​ដែរ! រាជ្យ​របស់​ព្រះ‌អង្គ ជា​រាជ្យ​ដ៏​ស្ថិត‌ស្ថេរ អស់‌កល្ប​ជា‌និច្ច ហើយ​អំណាច​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ ក៏​នៅ​គង់​វង្ស​គ្រប់​ជំនាន់​ត​រៀង​ទៅ។ យើង នេប៊ូ‌ក្នេសា កំពុង​រស់​នៅ​យ៉ាង​សុខ​ស្រួល ក្នុង​ដំណាក់​របស់​យើង ហើយ​កំពុង​ចម្រើន​នៅ​ក្នុង​រាជ‌វាំង​របស់​យើង។ យើង​បាន​សុបិន​ឃើញ ដែល​ធ្វើ​ឲ្យ​យើង​តក់​ស្លុត ហើយ​គំនិត​ដែល​យើង​នឹក​គិត​នៅ​ក្នុង​ដំណេក និង​និមិត្ត​ក្នុង​គំនិត​របស់​យើង ក៏ធ្វើ​ឲ្យ​យើង​ភ័យ​ខ្លាច។ ដូច្នេះ យើង​បាន​ចេញ​បញ្ជា​ឲ្យ​នាំ​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​បាប៊ី‌ឡូន មក​ចំពោះ​យើង ដើម្បី​ឲ្យ​គេ​បាន​កាត់​ស្រាយ​សុបិន​និមិត្ត​នោះ​ប្រាប់​យើង។ ពេល​នោះ ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ ពួក​ខាល់ដេ និង​គ្រូ​ទាយ​ក៏​ចូល​មក ហើយ​យើង​បាន​ប្រាប់​សុបិន​នោះ​ដល់​គេ តែ​គេ​មិនអាច​កាត់​ស្រាយ​សុបិន​នោះ​ប្រាប់​យើង​បាន​ឡើយ។ នៅ​ទី​បំផុត ដានី‌យ៉ែល (ដែ​ល​មាន​ឈ្មោះ បេល‌ថិស្សា‌សារ តាម​ព្រះ‌នាម​ព្រះ​របស់​យើង ជា​អ្នក​ដែល​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏​បរិសុទ្ធ​សណ្ឋិត​នៅ​ក្នុង​ខ្លួន) បាន​ចូល​មក​ចំពោះ​យើង ហើយ​យើង​បាន​ប្រាប់​សុបិន​នោះ​ដល់​លោក​ថា "ឱ​បេល‌ថិស្សា‌សារ ជា​មេ​នៃ​ពួក​គ្រូ​មន្ត‌អាគម​អើយ ដោយ​ព្រោះ​យើង​ដឹង​ថា វិញ្ញាណ​នៃ​ព្រះ​ដ៏​បរិសុទ្ធ​សណ្ឋិត​នៅ​ក្នុង​ខ្លួន ហើយ​ថា គ្មាន​អាថ៌‌កំបាំង​ណា​ដែល​ពិបាក​ពេក​សម្រាប់​លោក​ឡើយ សូម​លោក​ប្រាប់​ពី​និមិត្ត​ដែល​យើង​បាន​ឃើញ​ក្នុង​សុបិន ហើយ​កាត់​ស្រាយ​ប្រាប់​យើង​ផង។

អាន ដានី‌យ៉ែល 4