ដានីយ៉ែល 4:1-9

ដានីយ៉ែល 4:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«យើង នេប៊ូ‌ក្នេសា ជា​ព្រះ‌មហា‌ក្សត្រ ជូន​ចំពោះ​ប្រជា‌ជន​ទាំង​អស់ ចំពោះ​ប្រជា‌ជាតិ​នានា និង​ចំពោះ​មនុស្ស​គ្រប់​ភាសា​ដែល​រស់​នៅ​លើ​ផែនដី​ទាំង​មូល។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​យ៉ាង​បរិបូណ៌! យើង​យល់​ឃើញ​ថា គួរ​តែ​រៀប​រាប់​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិហារិយ៍​ផ្សេងៗ​ដែល​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បាន​សម្តែង​ចំពោះ​យើង។ ទី​សម្គាល់​របស់​ព្រះអង្គ​ធំ​ឧត្ដុង្គ‌ឧត្ដម​ណាស់ បាដិហារិយ៍​របស់​ព្រះអង្គ ក៏​ប្រកប​ដោយ​ឫទ្ធិ‌បារមី​ដែរ! ព្រះ‌រាជ្យ​របស់​ព្រះអង្គ​ជា​រាជ្យ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជានិច្ច ហើយ​ព្រះអង្គ​គ្រង​រាជ្យ​អស់‌កល្ប ជា​អង្វែង​ត​រៀង​ទៅ។ យើង នេប៊ូ‌ក្នេសា កំពុង​តែ​រស់​នៅ​យ៉ាង​សុខ​ស្រួល ក្នុង​ព្រះ‌បរម‌រាជ​វាំង​ជា​មួយ​ក្រុម​គ្រួសារ​របស់​យើង។ យើង​បាន​សុបិន​ធ្វើ​ឲ្យ​យើង​ភ័យ​តក់‌ស្លុត​ជា​ខ្លាំង។ សូម្បី​តែ​នៅ​លើ​ក្រឡា‌បន្ទំ យើង​នៅ​តែ​នឹក​គិត​អំពី​សុបិន​នេះ​ជានិច្ច ហើយ​ចិត្ត​យើង​ខ្វាយ​ខ្វល់​ណាស់។ យើង​ឲ្យ​គេ​កោះ​ហៅ​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​បាប៊ី‌ឡូន​មក​ជួប​យើង ដើម្បី​កាត់​ស្រាយ​សុបិន​នេះ​ឲ្យ​យើង។ ពេល​នោះ ពួក​គ្រូ​មន្ត‌អាគម ពួក​ហោរា គ្រូ​ទាយ ព្រម​ទាំង​គ្រូ​ធ្មប់​ផ្សេងៗ​បាន​នាំ​គ្នា​មក។ យើង​រៀប​រាប់​ប្រាប់​ពួក​គេ​អំពី​សុបិន​របស់​យើង ប៉ុន្តែ ពួក​គេ​ពុំ​អាច​កាត់​ស្រាយ​អត្ថ‌ន័យ​ប្រាប់​យើង​បាន​ឡើយ។ នៅ​ទី​បំផុត លោក​ដានី‌យ៉ែល​ចូល​មក (លោក​ក៏​មាន​នាម​ថា “បេល‌ថិស្សា‌សារ” តាម​នាម​ព្រះ​របស់​យើង​ដែរ) ហើយ​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏វិសុទ្ធ នៅ​ក្នុង​ខ្លួន។ យើង​បាន​រៀប​រាប់​ឲ្យ​លោក​ដឹង​ពី​សុបិន​របស់​យើង ដូច​ត​ទៅ: “លោក​បេល‌ថិស្សា‌សារ ជា​ប្រមុខ​លើ​ពួក​គ្រូ​ទាំង​អស់​អើយ យើង​ដឹង​ថា លោក​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏វិសុទ្ធ​នៅ​ក្នុង​ខ្លួន ហើយ​លោក​ដឹង​ការ​លាក់​កំបាំង​ទាំង​អស់។ ហេតុ​នេះ សុំ​លោក​កាត់​ស្រាយ​ន័យ​របស់​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ ដែល​យើង​បាន​ឃើញ​ក្នុង​សុបិន​ឲ្យ​យើង​ដឹង​ផង។

ចែក​រំលែក
អាន ដានីយ៉ែល 4

ដានីយ៉ែល 4:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ​បាទ​នេប៊ូ‌ក្នេសា​ទ្រង់​ប្រកាស​ដល់​ប្រជា‌ជន​ទាំង​អស់ ជាតិ​សាសន៍​នានា និង​មនុស្ស​គ្រប់​ភាសា​ដែល​រស់​នៅ​លើ​ផែន‌ដី​ទាំង​មូល​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​យ៉ាង​បរិបូរ! យើង​យល់​ឃើញ​ថា គួរ​តែ​បង្ហាញ​អស់​ទាំង​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ដែល​ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​សម្ដែង​ចំពោះ​យើង។ ទី​សម្គាល់​របស់​ព្រះ‌អង្គ​ធំ​ណាស់ ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ​ក៏​មាន​អានុ‌ភាព​ដែរ! រាជ្យ​របស់​ព្រះ‌អង្គ ជា​រាជ្យ​ដ៏​ស្ថិត‌ស្ថេរ អស់‌កល្ប​ជា‌និច្ច ហើយ​អំណាច​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ ក៏​នៅ​គង់​វង្ស​គ្រប់​ជំនាន់​ត​រៀង​ទៅ។ យើង នេប៊ូ‌ក្នេសា កំពុង​រស់​នៅ​យ៉ាង​សុខ​ស្រួល ក្នុង​ដំណាក់​របស់​យើង ហើយ​កំពុង​ចម្រើន​នៅ​ក្នុង​រាជ‌វាំង​របស់​យើង។ យើង​បាន​សុបិន​ឃើញ ដែល​ធ្វើ​ឲ្យ​យើង​តក់​ស្លុត ហើយ​គំនិត​ដែល​យើង​នឹក​គិត​នៅ​ក្នុង​ដំណេក និង​និមិត្ត​ក្នុង​គំនិត​របស់​យើង ក៏ធ្វើ​ឲ្យ​យើង​ភ័យ​ខ្លាច។ ដូច្នេះ យើង​បាន​ចេញ​បញ្ជា​ឲ្យ​នាំ​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​បាប៊ី‌ឡូន មក​ចំពោះ​យើង ដើម្បី​ឲ្យ​គេ​បាន​កាត់​ស្រាយ​សុបិន​និមិត្ត​នោះ​ប្រាប់​យើង។ ពេល​នោះ ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ ពួក​ខាល់ដេ និង​គ្រូ​ទាយ​ក៏​ចូល​មក ហើយ​យើង​បាន​ប្រាប់​សុបិន​នោះ​ដល់​គេ តែ​គេ​មិនអាច​កាត់​ស្រាយ​សុបិន​នោះ​ប្រាប់​យើង​បាន​ឡើយ។ នៅ​ទី​បំផុត ដានី‌យ៉ែល (ដែ​ល​មាន​ឈ្មោះ បេល‌ថិស្សា‌សារ តាម​ព្រះ‌នាម​ព្រះ​របស់​យើង ជា​អ្នក​ដែល​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏​បរិសុទ្ធ​សណ្ឋិត​នៅ​ក្នុង​ខ្លួន) បាន​ចូល​មក​ចំពោះ​យើង ហើយ​យើង​បាន​ប្រាប់​សុបិន​នោះ​ដល់​លោក​ថា "ឱ​បេល‌ថិស្សា‌សារ ជា​មេ​នៃ​ពួក​គ្រូ​មន្ត‌អាគម​អើយ ដោយ​ព្រោះ​យើង​ដឹង​ថា វិញ្ញាណ​នៃ​ព្រះ​ដ៏​បរិសុទ្ធ​សណ្ឋិត​នៅ​ក្នុង​ខ្លួន ហើយ​ថា គ្មាន​អាថ៌‌កំបាំង​ណា​ដែល​ពិបាក​ពេក​សម្រាប់​លោក​ឡើយ សូម​លោក​ប្រាប់​ពី​និមិត្ត​ដែល​យើង​បាន​ឃើញ​ក្នុង​សុបិន ហើយ​កាត់​ស្រាយ​ប្រាប់​យើង​ផង។

ចែក​រំលែក
អាន ដានីយ៉ែល 4

ដានីយ៉ែល 4:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ស្តេច​នេប៊ូ‌ក្នេសា ទ្រង់​ប្រកាស​ដល់​បណ្តាជន​ទាំង‌ឡាយ ព្រម​ទាំង​សាសន៍​ដទៃ នឹង​មនុស្ស​គ្រប់​ភាសា​ដែល​នៅ​លើ​ផែនដី​ទាំង​មូល​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ កាន់​តែ​ច្រើន​ឡើង​ចុះ យើង​បាន​ឃើញ​ថាគួរ​នឹង​បង្ហាញ​អស់​ទាំង​ទី​សំគាល់ នឹង​ការ​អស្ចារ្យ​ដែល​ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​ប្រោស​ដល់​យើង ទី​សំគាល់​របស់​ទ្រង់​ធំ​ណាស់​ហ្ន៎ ហើយ​ការ​អស្ចារ្យ​របស់​ទ្រង់​ក៏​មាន​អានុ‌ភាព​ណាស់​ដែរ រាជ្យ​ទ្រង់​ជា​រាជ្យ​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប‌ជានិច្ច ហើយ​អំណាច​គ្រប់‌គ្រង​របស់​ទ្រង់​ក៏​នៅ​គ្រប់​ទាំង​ដំណ​មនុស្ស​ត​រៀង​ទៅ។ យើង នេប៊ូ‌ក្នេសា កំពុង​នៅ​ជា​សុខ នៅ​ក្នុង​ដំណាក់​របស់​យើង ហើយ​កំពុង​ចំរើន​នៅ​ក្នុង​ព្រះ‌រាជ‌វាំង នោះ​យើង​ឃើញ​និមិត្ត​ដែល​នាំ​ឲ្យ​តក់‌ស្លុត ហើយ​គំនិត​ដែល​យើង​គិត​នៅ​លើ​ដំណេក នឹង​ការ​ជាក់​ស្តែង​នៅ​ក្នុង​ខួរ ក៏​នាំ​ឲ្យ​យើង​បារម្ភ​ព្រួយ​ទៅ ដូច្នេះ យើង​បាន​ចេញ​បង្គាប់​ឲ្យ​នាំ​អស់​ទាំង​អ្នក​ប្រាជ្ញ​ក្នុង​ក្រុង​បាប៊ីឡូន មក​ចំពោះ​យើង ដើម្បី​ឲ្យ​គេ​បាន​កាត់​ស្រាយ​ន័យ​សុបិន​និមិត្ត​នោះ ឲ្យ​យើង​ដឹង នោះ​ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ ពួក​ខាល់ដេ នឹង​គ្រូ​ទាយ​ក៏​មក ហើយ​យើង​បាន​ប្រាប់​សុបិន​នោះ​ដល់​គេ តែ​គេ​មិន​បាន​កាត់​ស្រាយ​ឲ្យ​យើង​យល់​ន័យ​សោះ លុះ​ក្រោយ​មក ដានី‌យ៉ែល ដែល​មាន​ឈ្មោះ បេល‌ថិស្សា‌សារ តាម​ព្រះ‌នាម​ព្រះ​នៃ​យើង បាន​ចូល​មក​ចំពោះ​យើង ជា​អ្នក​ដែល​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏​បរិសុទ្ធ សណ្ឋិត​នៅ​លើ​ខ្លួន យើង​ក៏​ប្រាប់​សុបិន​នោះ​ដល់​គាត់​ថា ឱ​បេល‌ថិស្សា‌សារ​ជា​មេ​នៃ​ពួក​គ្រូ​មន្ត‌អាគម​អើយ ដោយ​ព្រោះ​យើង​ដឹង​ថា មាន​វិញ្ញាណ​នៃ​ព្រះ​ដ៏​បរិសុទ្ធ​សណ្ឋិត​នៅ​លើ​អ្នក ហើយ​ថា​គ្មាន​ការ​អាថ៌‌កំបាំង​ណា ដែល​ធ្វើ​ឲ្យ​អ្នក​ពិបាក​ចិត្ត​ឡើយ បាន​ជា​យើង​សូម​ឲ្យ​អ្នក​ប្រាប់​ពី​ការ​ជាក់​ស្តែង ដែល​យើង​បាន​ឃើញ​ក្នុង​សុបិន ហើយ​កាត់​ស្រាយ​ឲ្យ​យើង​ផង

ចែក​រំលែក
អាន ដានីយ៉ែល 4