ចោទិយ‌កថា 1:1-23

ចោទិយ‌កថា 1:1-23 គកស១៦

នេះ​ជា​សេចក្ដី​ដែល​លោក​ម៉ូសេ​បាន​ថ្លែង​ទៅ​កាន់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ នៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ក្នុង​ទី​រហោ‌ស្ថាន ត្រង់​វាល​ទំនាប​ទល់​មុខ​នឹង​ស៊ូភ នៅ​ចន្លោះ​ម្ខាង គឺ​ប៉ារ៉ាន និង​ម្ខាង​ទៀត គឺ​តូផែល ឡាបាន់ ហាសិរ៉ូត ព្រមទាំង​ឌីសា‌ហាប់។ (ចាប់​ពី​ភ្នំ​ហោរែប តាម​ផ្លូវ​ភ្នំ​សៀរ ទៅ​ដល់​កាដេស-បារនា នោះ​មាន​ចម្ងាយ​ផ្លូវ​ដើរ​ចំនួន​ដប់​មួយ​ថ្ងៃ)។ នៅ​ឆ្នាំ​ទី​សែសិប ថ្ងៃ​ទី​មួយ​ក្នុង​ខែ​ទី​ដប់​មួយ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​កូន​ចៅ​អ៊ីស្រា‌អែល តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​ឲ្យ​ប្រាប់​ពួកគេ គឺ​ក្រោយ​ពេល​ដែល​លោក​មាន​ជ័យ​ជម្នះ​លើ​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី​ដែល​នៅ​ក្រុង​ហែសបូន និង​អុក ជា​ស្តេច​ស្រុក​បាសាន​ដែល​នៅ​ក្រុង​អាស‌ថារ៉ូត និង ក្រុង​អេទ្រី ។ នៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ក្នុង​ស្រុក​ម៉ូអាប់ លោក​ម៉ូសេ​ចាប់​ផ្ដើម​ពន្យល់​ក្រឹត្យ​វិន័យ​នេះ ដោយ​ពាក្យ​ថា៖ «ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង មាន​ព្រះ‌បន្ទូល​មក​យើង​នៅ​ភ្នំ​ហោរែប​ថា "អ្នក​រាល់​គ្នា​បាន​ស្នាក់​នៅ​ភ្នំ​នេះ​យូរ​ល្មម​ហើយ។ ដូច្នេះ ចូរ​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត ហើយ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ភ្នំ​របស់​សាសន៍​អាម៉ូរី និង​អស់​ទាំង​កន្លែង​ជិត​ខាង​ស្រុក​នោះ​ទៅ គឺ​តំបន់​អារ៉ាបា ស្រុក​ភ្នំ ស្រុក​ទំនាប ស្រុក​ណេកិប ស្រុក​ក្បែរ​សមុទ្រ និង​ស្រុក​របស់​សាសន៍​កាណាន ហើយ​នៅ​ភ្នំ​ល្បាណូន រហូត​ទៅ​ដល់​ទន្លេ​ធំ គឺ​ទន្លេ​អ៊ើប្រាត។ មើល៍ យើង​បាន​ដាក់​ស្រុក​នោះ​នៅ​មុខ​អ្នក​រាល់​គ្នា​ហើយ។ ចូរ​ចូល​ទៅ​ចាប់​យក​ស្រុក​ដែល​យើង​ជា​ព្រះ‌យេហូវ៉ា​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ចុះ គឺ​ដល់​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប ដើម្បី​នឹង​ឲ្យ​ដល់​គេ និង​ពូជ​ពង្ស​របស់​គេ​ដែល​កើត​មក​តាម​ក្រោយ"»។ «នៅ​វេលា​នោះ ខ្ញុំ​បាន​និយាយ​ប្រាប់​រាល់​អ្នក​គ្នា​ថា "ខ្ញុំ​ពុំ​អាច​នឹង​បី​ទ្រ​អ្នក​រាល់​គ្នា​តែ​ម្នាក់​ឯង​បាន​ទេ។ ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចំនួន​កើន​ឡើង ហើយ​មើល៍ សព្វ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​មាន​ចំនួន​ច្រើន ដូច​ផ្កាយ​នៅ​លើ​មេឃ។ សូម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចំនួន​កើន​ឡើង មួយ​ពាន់​ដង​លើស​ជាង​នេះ ហើយ​ប្រទាន​ពរ​អ្នក​រាល់​គ្នា ដូច​ព្រះ‌អង្គ​បាន​សន្យា​នឹង​អ្នក​រាល់​គ្នា​ស្រាប់​ហើយ! ប៉ុន្ដែ ធ្វើ​ដូច​ម្ដេច​ឲ្យ​ខ្ញុំ​តែ​ម្នាក់​ឯង អាច​ទ្រាំ‌ទ្រ​នឹង​បន្ទុក​ដ៏​ធ្ងន់ ដោយ​សារ​ការ​ឈ្លោះ​ប្រកែក​របស់​អ្នក​រាល់​គ្នា​ទៅ​បាន? ចូរ​អ្នក​រាល់​គ្នា​ជ្រើស​រើស​មនុស្ស​ដែល​មាន​ប្រាជ្ញា មាន​ការ​យល់​ដឹង និង​មាន​កេរ្តិ៍‌ឈ្មោះ​ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ​របស់​អ្នក​រាល់​គ្នា​មក ខ្ញុំ​នឹង​តែង​តាំង​គេ​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​អ្នក​រាល់​គ្នា"។ អ្នក​រាល់​គ្នា​បាន​ឆ្លើយ​មក​ខ្ញុំ​ថា "សេចក្ដី​ដែល​លោក​មាន​ប្រសាសន៍​នេះ​ល្អ​សម្រាប់​យើង​មែន"។ ដូច្នេះ ខ្ញុំ​ក៏​បាន​យក​មេ​ដឹក‌នាំ​ពី​ក្នុង​កុល‌សម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា ជា​មនុស្ស​ដែល​មាន​ប្រាជ្ញា និង​មាន​កេរ្តិ៍‌ឈ្មោះ មក​តាំង​គេ​ជា​មេ​ដឹក​នាំ​លើ​អ្នក​រាល់​គ្នា គឺ​ជា​មេ​បញ្ជាការ​លើ​មួយ​ពាន់​នាក់ ជា​មេ​បញ្ជាការ​លើ​មួយ​រយ​នាក់ ជា​មេ​បញ្ជាការ​លើ​ហាសិប​នាក់ និង​ជា​មេ​បញ្ជាការ​លើ​ដប់​នាក់ ព្រម​ទាំង​ពួក​មេ​ដឹក​នាំ តាម​កុល‌សម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា។ នៅ​វេលា​នោះ ខ្ញុំ​បាន​បញ្ជា​ពួក​ចៅ‌ក្រម​របស់​អ្នក​រាល់​គ្នា​ថា "ចូរ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​រឿង​ក្តី​របស់​បង​ប្អូន​អ្នក​រាល់​គ្នា​ចុះ ហើយ​កាត់​ក្ដី​ដោយ​សុចរិត​រវាង​មនុស្ស​ម្នាក់​នឹង​មនុស្ស​ម្នាក់​ទៀត ទោះ​ជា​ជន​រួម​ជាតិ​របស់​ខ្លួន ឬ​ជា​អ្នក​ស្រុក​ក្រៅ​ដែល​ស្នាក់​នៅ​ជា‌មួយ​ក្ដី។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ល្អៀង​ទៅ​ខាង​ណា​ក្នុង​ការ​កាត់​ក្តី​ឡើយ ត្រូវ​ស្តាប់​អ្នក​តូច​ដូច​ជា​អ្នក​ធំ​ដែរ មិន​ត្រូវ​ខ្លាច​មុខ​មនុស្ស​ណា​ឲ្យ​សោះ ដ្បិត​ការ​វិនិច្ឆ័យ នោះ​ស្ថិត​លើ​ព្រះ ឯ​រឿង​ណា​ដែល​ពិបាក​ពេក​ដល់​អ្នក​រាល់​គ្នា ត្រូវ​នាំ​មក​ឯ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ពិចារណា​មើល"។ នៅ​វេលា​នោះ ខ្ញុំ​ក៏​បាន​បង្គាប់​អ្នក​រាល់​គ្នា​គ្រប់​ទាំង​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត​តាម»។ «បន្ទាប់​មក យើង​ក៏​ចេញ​ដំណើរ​ពី​ភ្នំ​ហោរែប ឆ្លង​កាត់​អស់​ទាំង​ទី​រហោ‌ស្ថាន​ដ៏​ធំ គួរ​ស្ញែង‌ខ្លាច​នោះ ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ តាម​ផ្លូវ​ទៅ​ស្រុក​ភ្នំ​របស់​សាសន៍​អាម៉ូរី ដូច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​បាន​បង្គាប់​មក រហូត​ដល់​យើង​មក​ដល់​កាដេស-បារនា។ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា "អ្នក​រាល់​គ្នា​បាន​មក​ដល់​ស្រុក​ភ្នំ​របស់​សាសន៍​អាម៉ូរី ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​បាន​ប្រទាន​មក​យើង​ហើយ។ មើល៍ ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​ប្រគល់​ស្រុក​នោះ​ដល់​អ្នក​ហើយ ចូរ​ឡើង​ទៅ​ចាប់​យក​ចុះ ដូច​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​អ្នក​បាន​សន្យា​នឹង​អ្នក។ កុំ​ខ្លាច ឬ​តក់​ស្លុត​ឲ្យ​សោះ"។ ពេល​នោះ អ្នក​ទាំង​អស់​គ្នា​បាន​ចូល​មក​ជួប​ខ្ញុំ ហើយ​និយាយ​ថា "សូម​យើង​ចាត់​មនុស្ស​ឲ្យ​ទៅ​មុន​ពួក​យើង ដើម្បី​សង្កេត​មើល​ស្រុក​នោះ​ឲ្យ​យើង ហើយ​ត្រឡប់​មក​ប្រាប់​ពី​ផ្លូវ​ដែល​យើង​ត្រូវ​ឡើង​ទៅ និង​ពី​ទី​ក្រុង​ដែល​យើង​ត្រូវ​ចូល​ទៅ"។ ខ្ញុំ​យល់​ថា​នោះ​ជា​ការ​ល្អ ហើយ​ខ្ញុំ​ក៏​រើស​យក​មនុស្ស​ដប់ពីរ​នាក់​ពី​ក្នុង​ចំណោម​អ្នក​រាល់​គ្នា គឺ​ម្នាក់​ពី​កុល‌សម្ព័ន្ធ​មួយ។

អាន ចោទិយ‌កថា 1