ទុតិយកថា 1:1-23
ទុតិយកថា 1:1-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាសេចក្ដីដែលលោកម៉ូសេបានថ្លែងទៅកាន់ពួកអ៊ីស្រាអែលទាំងអស់ នៅខាងនាយទន្លេយ័រដាន់ ក្នុងទីរហោស្ថាន ត្រង់វាលទំនាបទល់មុខនឹងស៊ូភ នៅចន្លោះម្ខាង គឺប៉ារ៉ាន និងម្ខាងទៀត គឺតូផែល ឡាបាន់ ហាសិរ៉ូត ព្រមទាំងឌីសាហាប់។ (ចាប់ពីភ្នំហោរែប តាមផ្លូវភ្នំសៀរ ទៅដល់កាដេស-បារនា នោះមានចម្ងាយផ្លូវដើរចំនួនដប់មួយថ្ងៃ)។ នៅឆ្នាំទីសែសិប ថ្ងៃទីមួយក្នុងខែទីដប់មួយ លោកម៉ូសេមានប្រសាសន៍ទៅកាន់កូនចៅអ៊ីស្រាអែល តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់លោកឲ្យប្រាប់ពួកគេ គឺក្រោយពេលដែលលោកមានជ័យជម្នះលើស៊ីហុន ជាស្តេចសាសន៍អាម៉ូរីដែលនៅក្រុងហែសបូន និងអុក ជាស្តេចស្រុកបាសានដែលនៅក្រុងអាសថារ៉ូត និង ក្រុងអេទ្រី ។ នៅខាងនាយទន្លេយ័រដាន់ ក្នុងស្រុកម៉ូអាប់ លោកម៉ូសេចាប់ផ្ដើមពន្យល់ក្រឹត្យវិន័យនេះ ដោយពាក្យថា៖ «ព្រះយេហូវ៉ាជាព្រះនៃយើង មានព្រះបន្ទូលមកយើងនៅភ្នំហោរែបថា "អ្នករាល់គ្នាបានស្នាក់នៅភ្នំនេះយូរល្មមហើយ។ ដូច្នេះ ចូរនាំគ្នាធ្វើដំណើរទៅមុខទៀត ហើយធ្វើដំណើរទៅស្រុកភ្នំរបស់សាសន៍អាម៉ូរី និងអស់ទាំងកន្លែងជិតខាងស្រុកនោះទៅ គឺតំបន់អារ៉ាបា ស្រុកភ្នំ ស្រុកទំនាប ស្រុកណេកិប ស្រុកក្បែរសមុទ្រ និងស្រុករបស់សាសន៍កាណាន ហើយនៅភ្នំល្បាណូន រហូតទៅដល់ទន្លេធំ គឺទន្លេអ៊ើប្រាត។ មើល៍ យើងបានដាក់ស្រុកនោះនៅមុខអ្នករាល់គ្នាហើយ។ ចូរចូលទៅចាប់យកស្រុកដែលយើងជាព្រះយេហូវ៉ាបានស្បថថានឹងឲ្យដល់បុព្វបុរសរបស់អ្នករាល់គ្នាចុះ គឺដល់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ដើម្បីនឹងឲ្យដល់គេ និងពូជពង្សរបស់គេដែលកើតមកតាមក្រោយ"»។ «នៅវេលានោះ ខ្ញុំបាននិយាយប្រាប់រាល់អ្នកគ្នាថា "ខ្ញុំពុំអាចនឹងបីទ្រអ្នករាល់គ្នាតែម្នាក់ឯងបានទេ។ ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា បានធ្វើឲ្យអ្នករាល់គ្នាមានចំនួនកើនឡើង ហើយមើល៍ សព្វថ្ងៃនេះ អ្នករាល់គ្នាមានចំនួនច្រើន ដូចផ្កាយនៅលើមេឃ។ សូមព្រះយេហូវ៉ាជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា ប្រទានឲ្យអ្នករាល់គ្នាមានចំនួនកើនឡើង មួយពាន់ដងលើសជាងនេះ ហើយប្រទានពរអ្នករាល់គ្នា ដូចព្រះអង្គបានសន្យានឹងអ្នករាល់គ្នាស្រាប់ហើយ! ប៉ុន្ដែ ធ្វើដូចម្ដេចឲ្យខ្ញុំតែម្នាក់ឯង អាចទ្រាំទ្រនឹងបន្ទុកដ៏ធ្ងន់ ដោយសារការឈ្លោះប្រកែករបស់អ្នករាល់គ្នាទៅបាន? ចូរអ្នករាល់គ្នាជ្រើសរើសមនុស្សដែលមានប្រាជ្ញា មានការយល់ដឹង និងមានកេរ្តិ៍ឈ្មោះក្នុងកុលសម្ព័ន្ធនីមួយៗរបស់អ្នករាល់គ្នាមក ខ្ញុំនឹងតែងតាំងគេឲ្យធ្វើជាមេដឹកនាំរបស់អ្នករាល់គ្នា"។ អ្នករាល់គ្នាបានឆ្លើយមកខ្ញុំថា "សេចក្ដីដែលលោកមានប្រសាសន៍នេះល្អសម្រាប់យើងមែន"។ ដូច្នេះ ខ្ញុំក៏បានយកមេដឹកនាំពីក្នុងកុលសម្ព័ន្ធរបស់អ្នករាល់គ្នា ជាមនុស្សដែលមានប្រាជ្ញា និងមានកេរ្តិ៍ឈ្មោះ មកតាំងគេជាមេដឹកនាំលើអ្នករាល់គ្នា គឺជាមេបញ្ជាការលើមួយពាន់នាក់ ជាមេបញ្ជាការលើមួយរយនាក់ ជាមេបញ្ជាការលើហាសិបនាក់ និងជាមេបញ្ជាការលើដប់នាក់ ព្រមទាំងពួកមេដឹកនាំ តាមកុលសម្ព័ន្ធរបស់អ្នករាល់គ្នា។ នៅវេលានោះ ខ្ញុំបានបញ្ជាពួកចៅក្រមរបស់អ្នករាល់គ្នាថា "ចូរយកចិត្តទុកដាក់ស្តាប់រឿងក្តីរបស់បងប្អូនអ្នករាល់គ្នាចុះ ហើយកាត់ក្ដីដោយសុចរិតរវាងមនុស្សម្នាក់នឹងមនុស្សម្នាក់ទៀត ទោះជាជនរួមជាតិរបស់ខ្លួន ឬជាអ្នកស្រុកក្រៅដែលស្នាក់នៅជាមួយក្ដី។ អ្នករាល់គ្នាមិនត្រូវល្អៀងទៅខាងណាក្នុងការកាត់ក្តីឡើយ ត្រូវស្តាប់អ្នកតូចដូចជាអ្នកធំដែរ មិនត្រូវខ្លាចមុខមនុស្សណាឲ្យសោះ ដ្បិតការវិនិច្ឆ័យ នោះស្ថិតលើព្រះ ឯរឿងណាដែលពិបាកពេកដល់អ្នករាល់គ្នា ត្រូវនាំមកឯខ្ញុំ នោះខ្ញុំនឹងពិចារណាមើល"។ នៅវេលានោះ ខ្ញុំក៏បានបង្គាប់អ្នករាល់គ្នាគ្រប់ទាំងសេចក្ដីដែលអ្នករាល់គ្នាត្រូវប្រព្រឹត្តតាម»។ «បន្ទាប់មក យើងក៏ចេញដំណើរពីភ្នំហោរែប ឆ្លងកាត់អស់ទាំងទីរហោស្ថានដ៏ធំ គួរស្ញែងខ្លាចនោះ ដែលអ្នករាល់គ្នាបានឃើញ តាមផ្លូវទៅស្រុកភ្នំរបស់សាសន៍អាម៉ូរី ដូចព្រះយេហូវ៉ាជាព្រះនៃយើងបានបង្គាប់មក រហូតដល់យើងមកដល់កាដេស-បារនា។ ខ្ញុំបានប្រាប់អ្នករាល់គ្នាថា "អ្នករាល់គ្នាបានមកដល់ស្រុកភ្នំរបស់សាសន៍អាម៉ូរី ដែលព្រះយេហូវ៉ាជាព្រះនៃយើងបានប្រទានមកយើងហើយ។ មើល៍ ព្រះយេហូវ៉ាជាព្រះរបស់អ្នក បានប្រគល់ស្រុកនោះដល់អ្នកហើយ ចូរឡើងទៅចាប់យកចុះ ដូចព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់អ្នកបានសន្យានឹងអ្នក។ កុំខ្លាច ឬតក់ស្លុតឲ្យសោះ"។ ពេលនោះ អ្នកទាំងអស់គ្នាបានចូលមកជួបខ្ញុំ ហើយនិយាយថា "សូមយើងចាត់មនុស្សឲ្យទៅមុនពួកយើង ដើម្បីសង្កេតមើលស្រុកនោះឲ្យយើង ហើយត្រឡប់មកប្រាប់ពីផ្លូវដែលយើងត្រូវឡើងទៅ និងពីទីក្រុងដែលយើងត្រូវចូលទៅ"។ ខ្ញុំយល់ថានោះជាការល្អ ហើយខ្ញុំក៏រើសយកមនុស្សដប់ពីរនាក់ពីក្នុងចំណោមអ្នករាល់គ្នា គឺម្នាក់ពីកុលសម្ព័ន្ធមួយ។
ទុតិយកថា 1:1-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាសុន្ទរកថាដែលលោកម៉ូសេថ្លែងទៅកាន់ប្រជាជនអ៊ីស្រាអែលទាំងមូល នៅត្រើយខាងកើតទន្លេយ័រដាន់ ក្នុងវាលរហោស្ថានតំបន់អារ៉ាបា នៅទល់មុខនឹងស៊ូភ ត្រង់ចន្លោះប៉ារ៉ាន តូផែល ឡាបាន់ ហាសិរ៉ូត និងឌីសាហាប។ ចាប់ពីភ្នំហោរែបរហូតដល់កាដេស-បារនា ដោយកាត់តាមតំបន់ភ្នំសៀរ មានចម្ងាយផ្លូវដើរចំនួនដប់មួយថ្ងៃ។ នៅឆ្នាំទីសែសិប ថ្ងៃទីមួយ ខែទីដប់មួយ លោកម៉ូសេមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលនូវព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់បង្គាប់ឲ្យលោកថ្លែងប្រាប់ពួកគេ គឺនៅក្រោយពេលលោកមានជ័យជម្នះលើព្រះបាទស៊ីហុន ជាស្ដេចជនជាតិអាម៉ូរី គង់នៅក្រុងហេសបូន និងព្រះបាទអុក ជាស្ដេចស្រុកបាសាន គង់នៅក្រុងអាសថារ៉ូត និងអេទ្រី។ កាលនៅត្រើយខាងកើតទន្លេយ័រដាន់ គឺនៅក្នុងស្រុកម៉ូអាប់ លោកម៉ូសេចាប់ផ្ដើមបង្រៀនក្រឹត្យវិន័យ*ដូចតទៅ៖ «ព្រះអម្ចាស់ជាព្រះនៃយើង មានព្រះបន្ទូលមកយើង នៅភ្នំហោរែបថា “អ្នករាល់គ្នាស្នាក់នៅភ្នំនេះអស់រយៈពេលជាយូរមកហើយ។ ដូច្នេះ ចូរនាំគ្នាចេញដំណើរទៅមុខទៀត ឆ្ពោះទៅស្រុកភ្នំរបស់ជនជាតិអាម៉ូរី និងតំបន់ទាំងប៉ុន្មាននៅជុំវិញ ព្រមទាំងតំបន់អារ៉ាបា តំបន់ភ្នំ តំបន់វាលទំនាប តំបន់ណេកិប តំបន់ឆ្នេរសមុទ្រ ស្រុកកាណាន ស្រុកលីបង់ រហូតដល់ទន្លេធំ គឺទន្លេអឺប្រាត។ មើលចុះ! យើងប្រគល់ស្រុកឲ្យអ្នករាល់គ្នាហើយ គឺស្រុកដែលយើងជាព្រះអម្ចាស់បានសន្យាប្រគល់ឲ្យអប្រាហាំ អ៊ីសាក និងយ៉ាកុប ជាបុព្វបុរសរបស់អ្នករាល់គ្នា ព្រមទាំងពូជពង្សដែលកើតមកតាមក្រោយ។ ដូច្នេះ ចូរនាំគ្នាចូលទៅកាន់កាប់ស្រុកនោះទៅ”។ នៅគ្រានោះ ខ្ញុំធ្លាប់ប្រាប់អ្នករាល់គ្នាថា “ខ្លួនខ្ញុំតែម្នាក់ពុំអាចទទួលខុសត្រូវលើអ្នករាល់គ្នាទេ។ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានធ្វើឲ្យអ្នករាល់គ្នាកើនចំនួនឡើង ហើយសព្វថ្ងៃ អ្នករាល់គ្នាមានចំនួនច្រើនដូចផ្កាយនៅលើមេឃ។ សូមព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា ប្រោសប្រទានឲ្យអ្នករាល់គ្នាកើនចំនួនមួយពាន់ដងលើសនេះទៅទៀត សូមព្រះអង្គប្រទានពរអ្នករាល់គ្នា ដូចព្រះអង្គបានសន្យាចំពោះអ្នករាល់គ្នាស្រាប់ហើយ។ ប៉ុន្តែ ខ្លួនខ្ញុំម្នាក់ឯងពុំអាចទទួលបន្ទុកដោះស្រាយបញ្ហាក្ដីក្ដាំ និងជម្លោះរបស់អ្នករាល់គ្នាបានទេ។ ហេតុនេះ ចូរជ្រើសរើសមនុស្សដែលមានប្រាជ្ញា និងការយល់ដឹង ហើយមានកេរ្តិ៍ឈ្មោះល្អ ក្នុងកុលសម្ព័ន្ធរបស់អ្នករាល់គ្នា ខ្ញុំនឹងតែងតាំងលោកទាំងនោះឲ្យធ្វើជាមេដឹកនាំរបស់អ្នករាល់គ្នា”។ ពេលនោះ អ្នករាល់គ្នាបានឆ្លើយមកខ្ញុំវិញថា “សំណើរបស់លោកសមហេតុសមផលណាស់”។ ខ្ញុំក៏បានជ្រើសរើសមេដឹកនាំពីក្នុងកុលសម្ព័ន្ធរបស់អ្នករាល់គ្នា គឺមនុស្សដែលមានប្រាជ្ញា និងមានកេរ្តិ៍ឈ្មោះល្អ តែងតាំងឲ្យធ្វើជាមេដឹកនាំលើមួយពាន់នាក់ មេដឹកនាំលើមួយរយនាក់ មេដឹកនាំលើហាសិបនាក់ និងមេដឹកនាំលើដប់នាក់ ព្រមទាំងឲ្យមានពួកតំរួតមើលខុសត្រូវលើកុលសម្ព័ន្ធរបស់អ្នករាល់គ្នា។ នៅគ្រានោះ ខ្ញុំបានបញ្ជាដល់ពួកចៅក្រមរបស់អ្នករាល់គ្នាថា “ចូរយកចិត្តទុកដាក់ស្ដាប់បងប្អូនរបស់អ្នករាល់គ្នា នៅពេលពួកគេមានរឿងរ៉ាវជាមួយជនរួមជាតិរបស់ខ្លួន ឬជាមួយជនបរទេស ត្រូវកាត់ក្ដីឲ្យពួកគេម្នាក់ៗដោយយុត្តិធម៌។ ក្នុងការកាត់ក្ដីកុំរើសមុខនរណាឡើយ គឺអ្នករាល់គ្នាត្រូវស្ដាប់អ្នកតូចក៏ដូចអ្នកធំដែរ កុំខ្លាចនរណាឲ្យសោះ ដ្បិតការវិនិច្ឆ័យស្ថិតនៅលើព្រះជាម្ចាស់។ ប្រសិនបើរឿងរ៉ាវនោះពិបាកកាត់ក្ដីពេក ចូរបញ្ជូនមកខ្ញុំចុះ ដើម្បីឲ្យខ្ញុំពិនិត្យមើល”។ នៅគ្រានោះ ខ្ញុំបានបង្គាប់ដល់អ្នករាល់គ្នា អំពីច្បាប់ទម្លាប់ទាំងប៉ុន្មានដែលអ្នករាល់គ្នាត្រូវអនុវត្តតាម»។ «បន្ទាប់មក យើងចាកចេញពីភ្នំហោរែប ឆ្លងកាត់វាលរហោស្ថានទាំងមូលនេះ ជាវាលរហោស្ថានដ៏ធំគួរឲ្យស្ញែងខ្លាច ដូចអ្នករាល់គ្នាឃើញស្រាប់ហើយ។ យើងធ្វើដំណើរឆ្ពោះទៅភ្នំរបស់ជនជាតិអាម៉ូរី ដូចព្រះអម្ចាស់ជាព្រះនៃយើងបានបង្គាប់។ ពេលមកដល់កាដេស-បារនា ខ្ញុំបានប្រាប់អ្នករាល់គ្នាថា: “អ្នករាល់គ្នាមកដល់ភ្នំរបស់ជនជាតិអាម៉ូរី ដែលព្រះអម្ចាស់ ជាព្រះនៃយើង ប្រទានមកយើង។ មើល៍ព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់ស្រុកនេះឲ្យអ្នកហើយ ចូរឡើងទៅកាន់កាប់តាមព្រះបន្ទូលដែលព្រះអម្ចាស់ ជាព្រះរបស់បុព្វបុរសអ្នក បានសន្យាចំពោះអ្នក កុំភ័យខ្លាច ឬតក់ស្លុតឡើយ!”។ ពេលនោះ អ្នករាល់គ្នាបានចូលមកជិតខ្ញុំ ហើយប្រាប់ថា: “សូមចាត់មនុស្សឲ្យទៅមុនពួកយើង ដើម្បីពិនិត្យមើលស្រុក រួចរាយការណ៍ប្រាប់យើងខ្ញុំអំពីស្ថានភាពផ្លូវ និងក្រុងនានាដែលយើងខ្ញុំត្រូវធ្វើដំណើរទៅ”។ ខ្ញុំយល់ឃើញថាគំនិតនោះល្អ ខ្ញុំក៏ចាត់មនុស្សដប់ពីរនាក់ ក្នុងចំណោមអ្នករាល់គ្នា គឺម្នាក់តំណាងកុលសម្ព័ន្ធមួយឲ្យទៅ។
ទុតិយកថា 1:1-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាសេចក្ដីទាំងប៉ុន្មាន ដែលម៉ូសេបានពោលដល់ពួកអ៊ីស្រាអែលទាំងអស់ ត្រង់កន្លែងឆ្លងទន្លេយ័រដាន់ ក្នុងទីរហោស្ថាន នាស្រុកវាល ទល់មុខនឹងស៊ូភ នៅជាកណ្តាលប៉ារ៉ាន តូផែល ឡាបាន់ ហាសិរ៉ូត នឹងឌីសាហាប់ រីឯពីភ្នំហោរែប តាមផ្លូវភ្នំសៀរ ទៅដល់កាដេស-បារនា នោះទាំងអស់មានចំនួនដើរផ្លូវអស់១១ថ្ងៃ ហើយនៅថ្ងៃទី១ ក្នុងខែមាឃ ឆ្នាំទី៤០ នោះម៉ូសេរំឭកដល់ពួកកូនចៅអ៊ីស្រាអែល តាមគ្រប់ទាំងសេចក្ដី ដែលព្រះយេហូវ៉ាបានបង្គាប់មកគេ ដោយសារលោក គឺពេលក្រោយដែលបានវាយស៊ីហុន ជាស្តេចសាសន៍អាម៉ូរីដែលនៅក្រុងហែសបូន នឹងអុក ជាស្តេចស្រុកបាសានដែលនៅក្នុងអាសថារ៉ូត ត្រង់ទីក្រុងអេទ្រី ត្រើយខាងកើតទន្លេយ័រដាន់ ក្នុងស្រុកម៉ូអាប់ហើយ នោះម៉ូសេចាប់តាំងសំដែងពន្យល់ ពីបណ្តាក្រឹត្យវិន័យនេះ ដោយពាក្យថា ព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា ទ្រង់មានព្រះបន្ទូលមកយើង នៅត្រង់ភ្នំហោរែបថា ឯងរាល់គ្នាបាននៅភ្នំនេះល្មមប៉ុណ្ណេះហើយ ដូច្នេះ ចូរនាំគ្នាចេញទៅចុះ ហើយធ្វើដំណើរទៅឯស្រុកភ្នំរបស់សាសន៍អាម៉ូរី នឹងអស់ទាំងកន្លែងជិតខាងស្រុកនោះទៅ គឺជាស្រុកវាល ស្រុកភ្នំ ស្រុកទំនាប ស្រុកត្បូង ស្រុកក្បែរសមុទ្រ នឹងស្រុករបស់សាសន៍កាណាន ហើយនៅភ្នំល្បាណូន រហូតទៅដល់ទន្លេធំ គឺជាទន្លេអ៊ើប្រាត មើល អញបានប្រគល់ស្រុកនោះ ឲ្យឯងរាល់គ្នាហើយ ដូច្នេះឲ្យចូលទៅ ទទួលយកស្រុក ដែលព្រះយេហូវ៉ាបានស្បថថា នឹងឲ្យដល់ពួកឰយុកោឯងរាល់គ្នាចុះ គឺថានឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក នឹងយ៉ាកុប ហើយនឹងពូជដំណលោកតទៅ។ នៅវេលានោះ អញបាននិយាយនឹងឯងរាល់គ្នាថា អញពុំអាចនឹងបីទ្រឯងរាល់គ្នាតែម្នាក់ឯងបានទេ ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានចំរើនឯងជាច្រើនឡើង ហើយមើល សព្វថ្ងៃនេះ ឯងមានគ្នាយ៉ាងសន្ធឹកដូចជាផ្កាយនៅលើមេឃ សូមឲ្យព្រះយេហូវ៉ាជាព្រះនៃពួកឰយុកោឯង ចំរើនឲ្យបានគ្នាជាច្រើនលើសជាងឥឡូវនេះ ជា១ពាន់ដងទៅទៀតចុះ ហើយប្រទានពរ ដូចជាទ្រង់បានមានបន្ទូលនឹងឯងរាល់គ្នាដែរ តែធ្វើដូចម្តេចឲ្យអញតែម្នាក់ឯងទ្រាំទ្រនឹងឯងរាល់គ្នា ដែលជាបន្ទុក ហើយជាសេចក្ដីលំបាកដល់អញដូច្នេះ នឹងសេចក្ដីឈ្លោះប្រកែករបស់ឯងរាល់គ្នាទៅបាន ចូរឲ្យឯងរាល់គ្នារើសយកមនុស្សដែលមានប្រាជ្ញា មានយោបល់ ហើយមានឈ្មោះក្នុងពូជអំបូរឯងរាល់គ្នាមក នោះអញនឹងតាំងគេឲ្យធ្វើជាមេលើឯងរាល់គ្នា រួចឯងរាល់គ្នាបានឆ្លើយមកអញថា សេចក្ដីដែលលោកមានប្រសាសន៍មក នោះស្រួលហើយ ដូច្នេះអញក៏បានយកពួកមេលើពូជអំបូរឯងរាល់គ្នាទាំងប៉ុន្មាន ដែលជាមនុស្សមានប្រាជ្ញា ហើយមានឈ្មោះតាំងគេឡើងលើឯងរាល់គ្នា គឺជាមេលើ១ពាន់នាក់ ជាមេលើ១រយនាក់ ជាមេលើ៥០នាក់ ហើយជាមេលើ១០នាក់ ព្រមទាំងនាយកផង តាមពូជអំបូររបស់ឯងរាល់គ្នា នៅវេលានោះ អញក៏បានផ្តាំនឹងពួកកូនចៅក្រមនៃឯងរាល់គ្នាថា ចូរប្រុងស្តាប់រឿងក្តីរបស់ពួកបងប្អូនអ្នករាល់គ្នាចុះ ហើយជំនុំជំរះដល់បងនឹងប្អូន នឹងអ្នកដែលស្នាក់នៅជាមួយនឹងគេដោយយុត្តិធម៌ មិនត្រូវឲ្យអ្នករាល់គ្នាល្អៀងទៅខាងណាក្នុងការកាត់ក្តីឡើយ ត្រូវស្តាប់អ្នកតូចដូចជាអ្នកធំដែរ មិនត្រូវខ្លាចមុខមនុស្សណាឲ្យសោះ ដ្បិតការវិនិច្ឆ័យ នោះស្រេចនៅព្រះវិញ ឯរឿងណាដែលពិបាកពេកដល់អ្នករាល់គ្នា នោះត្រូវនាំមកឯខ្ញុំវិញ ខ្ញុំនឹងជំនុំជំរះឲ្យ នៅវេលានោះ អញក៏បានបង្គាប់ពីគ្រប់ទាំងសេចក្ដីដែលឯងរាល់គ្នាត្រូវប្រព្រឹត្តតាមដែរ។ រួចយើងរាល់គ្នាក៏ធ្វើដំណើរ ចេញពីភ្នំហោរែប ដើរកាត់អស់ទាំងទីរហោស្ថានសំបើម គួរស្ញែងខ្លាចនោះដែលឯងរាល់គ្នាបានឃើញ តាមផ្លូវទៅឯស្រុកភ្នំរបស់សាសន៍អាម៉ូរី តាមដែលព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាបានបង្គាប់មក រហូតទៅដល់កាដេស-បារនា នោះអញបានប្រាប់ថា ឯងរាល់គ្នាបានមកដល់ស្រុកភ្នំរបស់សាសន៍អាម៉ូរី ដែលព្រះយេហូវ៉ាជាព្រះនៃយើង ទ្រង់បានប្រទានមកយើងហើយ មើល ព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់បានប្រគល់ស្រុកនោះដល់ឯង ដូច្នេះ ចូរឡើងទៅទទួលយកចុះ ដូចជាព្រះយេហូវ៉ាជាព្រះនៃពួកឰយុកោឯងបានមានព្រះបន្ទូលប្រាប់មក កុំឲ្យខ្លាចឡើយ ក៏កុំឲ្យរសាយចិត្តឲ្យសោះ។ នោះឯងគ្រប់គ្នា បានចូលមកឯអញ និយាយថា សូមឲ្យយើងរាល់គ្នាចាត់មនុស្សឲ្យទៅមុន ដើម្បីនឹងដើរសង្កេតមើលស្រុកនោះឲ្យយើង ហើយត្រឡប់មកប្រាប់ពីផ្លូវដែលយើងត្រូវឡើងទៅ ហើយពីអស់ទាំងទីក្រុងដែលយើងត្រូវមកដល់ សេចក្ដីនោះក៏បានគាប់ចិត្តអញណាស់ដែរ ដូច្នេះអញបានរើសយកមនុស្ស១២នាក់ក្នុងពួកឯងរាល់គ្នា គឺម្នាក់ៗពីពូជអំបូរមួយៗ