ចោទិយកថា 23
23
អ្នកដែលគ្មានសិទ្ធិចូលរួមក្នុងអង្គប្រជុំ
1«អ្នកណាដែលត្រូវបែកពង ឬត្រូវគេកាត់លិង្គ នោះមិនត្រូវចូលទៅក្នុងអង្គប្រជុំរបស់ព្រះយេហូវ៉ាឡើយ។
2កូនដែលកើតពីសម្ព័ន្ធភាពខុសសីលធម៌ មិនអាចចូលរួមក្នុងអង្គប្រជុំរបស់ព្រះយេហូវ៉ាបានឡើយ ហើយសូម្បីតែកូនចៅរបស់គេរហូតដល់ដប់តំណ ក៏មិនអាចចូលរួមក្នុងអង្គប្រជុំរបស់ព្រះយេហូវ៉ាបានដែរ។
3សាសន៍អាំម៉ូន ឬសាសន៍ម៉ូអាប់ មិនអាចចូលរួមក្នុងអង្គប្រជុំរបស់ព្រះយេហូវ៉ាបានឡើយ សូម្បីតែកូនចៅរបស់គេរហូតដល់ដប់តំណ ក៏មិនអាចចូលរួមក្នុងអង្គប្រជុំរបស់ព្រះយេហូវ៉ាជារៀងរហូត 4ព្រោះកាលអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទមក នោះគេមិនបានយកអាហារ និងទឹកមកទទួលអ្នកតាមផ្លូវទេ ហើយគេបានជួលបាឡាម ជាកូនបេអ៊រ មកពីពេថោរ នៅស្រុកមេសូប៉ូតាមា ដើម្បីដាក់បណ្ដាសាអ្នករាល់គ្នា។ 5ប៉ុន្តែ ព្រះយេហូវ៉ាជាព្រះរបស់អ្នក មិនស្តាប់តាមបាឡាមទេ គឺព្រះអង្គបានបង្វែរបណ្ដាសា ឲ្យទៅជាព្រះពរដល់អ្នកវិញ ព្រោះព្រះយេហូវ៉ាជាព្រះរបស់អ្នក បានស្រឡាញ់អ្នក ។ 6ដូច្នេះ អ្នកមិនត្រូវរកសេចក្ដីសុខឲ្យគេ ឬសេចក្ដីចម្រុងចម្រើនឲ្យគេឡើយ រហូតអស់មួយជីវិតរបស់អ្នក។
7មិនត្រូវស្អប់ខ្ពើមសាសន៍អេដុមណាមួយឡើយ ដ្បិតគេជាបងប្អូនរបស់អ្នក ក៏មិនត្រូវស្អប់ខ្ពើមសាសន៍អេស៊ីព្ទណាមួយដែរ ដ្បិតពីដើម អ្នកជាពួកអ្នកប្រទេសក្រៅដែលស្នាក់នៅក្នុងស្រុករបស់គេ។ 8ចៅទួតដែលកើតពីពូជគេ អាចចូលរួមក្នុងអង្គប្រជុំរបស់ព្រះយេហូវ៉ាបាន»។
ច្បាប់ស្តីអំពីអនាម័យ ការធ្វើពិធី និងមនុស្សធម៌
9«ពេលណាអ្នកទៅបោះទ័ពទាស់នឹងខ្មាំងសត្រូវ ត្រូវរក្សាខ្លួនពីគ្រប់ទាំងសេចក្ដីអាក្រក់។
10ប្រសិនបើមានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាទៅជាមិនស្អាត ព្រោះតែហេតុភេទអ្វីមួយកើតនៅពេលយប់ ត្រូវឲ្យអ្នកនោះចេញទៅក្រៅ មិនត្រូវចូលមកក្នុងជំរំទេ 11តែនៅពេលល្ងាច អ្នកនោះត្រូវងូតទឹកចេញ ហើយនៅពេលថ្ងៃលិច អ្នកនោះអាចចូលទៅក្នុងជំរំវិញបាន។
12ត្រូវឲ្យមានកន្លែងមួយនៅខាងក្រៅជំរំ ជាកន្លែងដែលអ្នកអាចចេញទៅបត់ជើង។ 13ត្រូវមានចបជីកមួយនៅជាប់ជាមួយសស្ត្រាវុធរបស់អ្នក ហើយពេលណាអ្នកចេញទៅបត់ជើងនៅខាងក្រៅ ត្រូវជីករណ្ដៅកប់លាមករបស់អ្នក។ 14ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក យាងនៅកណ្ដាលជំរំរបស់អ្នក ដើម្បីសង្គ្រោះអ្នក ហើយប្រគល់ខ្មាំងសត្រូវមកក្នុងកណ្ដាប់ដៃអ្នក។ ដូច្នេះ ជំរំរបស់អ្នកត្រូវតែបរិសុទ្ធ ដើម្បីកុំឲ្យព្រះអង្គទតឃើញអ្វីស្មោកគ្រោកក្នុងចំណោមអ្នក ហើយបែរចេញពីអ្នក។
15បាវបម្រើណាដែលបានរត់ចេញពីចៅហ្វាយរបស់ខ្លួន មកជ្រកកោនជាមួយអ្នក នោះមិនត្រូវប្រគល់ទៅឲ្យចៅហ្វាយគេវិញឡើយ។ 16ត្រូវបើកឲ្យគេនៅជាមួយអ្នក ក្នុងចំណោមអ្នក ក្នុងក្រុងណាមួយដែលគេជ្រើសរើស តាមដែលគេពេញចិត្តចុះ មិនត្រូវសង្កត់សង្កិនគេឡើយ។
17មិនត្រូវឲ្យមានស្រីពេស្យា ណាមួយ ក្នុងចំណោមកូនស្រីសាសន៍អ៊ីស្រាអែលឡើយ ក៏មិនត្រូវមានប្រុសពេស្យាណាមួយ នៅក្នុងចំណោមកូនប្រុសសាសន៍អ៊ីស្រាអែលដែរ។ 18មិនត្រូវយកថ្លៃឈ្នួលពីការធ្វើស្រីពេស្យា ឬប្រាក់ឈ្នួលពីការធ្វើប្រុសពេស្យា មកក្នុងដំណាក់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដើម្បីលាបំណន់អ្វីមួយឡើយ ដ្បិតទាំងពីរមុខនេះ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក។
19មិនត្រូវឲ្យបងប្អូនខ្ចីដោយយកការ ទោះជាខ្ចីប្រាក់ ឬស្បៀងអាហារ ឬរបស់អ្វីដែលគេតែងឲ្យខ្ចីដោយយកការឡើយ។ 20អ្នកអាចយកការពីអ្នកប្រទេសក្រៅបាន តែមិនត្រូវយកការពីបងប្អូនរបស់អ្នកឡើយ ដើម្បីឲ្យព្រះយេហូវ៉ាជាព្រះរបស់អ្នក បានប្រទានពរអ្នក ក្នុងគ្រប់ទាំងការដែលអ្នកសម្រេចបាន នៅក្នុងស្រុកដែលអ្នកនឹងចូលទៅចាប់យកនោះ។
21កាលណាអ្នកបន់ព្រះយេហូវ៉ាជាព្រះរបស់អ្នក នោះមិនត្រូវបង្អង់នឹងលាបំណន់ឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងទារបំណន់ពីអ្នកមិនខាន ហើយនឹងរាប់ជាបាបដល់អ្នកទៀតផង។ 22ប៉ុន្ដេ ប្រសិនបើអ្នកមិនដែលបន់ទេ នោះមិនរាប់ជាបាបដល់អ្នកឡើយ។ 23សេចក្ដីណាដែលចេញពីបបូរមាត់របស់អ្នក នោះត្រូវប្រយ័ត្ននឹងធ្វើតាមចុះ គឺឲ្យត្រូវនឹងបំណន់ ដែលអ្នកបានបន់ដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ជាតង្វាយថ្វាយស្ម័គ្រពីចិត្ត ដែលមាត់របស់អ្នកបានសន្យា។
24ប្រសិនបើអ្នកចូលទៅក្នុងចម្ការទំពាំងបាយជូររបស់អ្នកជិតខាង អ្នកអាចបេះផ្លែទំពាំងបាយជូរបរិភោគតាមចិត្ត មួយចម្អែតរបស់អ្នក ប៉ុន្តែ មិនត្រូវបេះដាក់ថង់យកទៅជាមួយឡើយ។
25ប្រសិនបើអ្នកដើរកាត់ស្រូវក្នុងស្រែរបស់អ្នកជិតខាង អ្នកអាចបូតកួរស្រូវដោយដៃបាន ប៉ុន្តែ មិនត្រូវយកកណ្តៀវទៅច្រូតស្រូវរបស់អ្នកជិតខាងឡើយ»។
ទើបបានជ្រើសរើសហើយ៖
ចោទិយកថា 23: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies