ចោទិយ‌កថា 24

24
ច្បាប់​ស្ដី​អំពី​អាពាហ៍​ពិពាហ៍ និង​ការ​លែង‌លះ
1«ពេល​ណា​បុរស​ម្នាក់​រៀប‌ការ​ជា‌មួយ​ស្រ្ដី​ម្នាក់ ហើយ​ក្រោយ​មក​បែរ​ជា​មិន​ចូល​ចិត្ត​នាង ព្រោះ​គេ​ឃើញ​សេចក្ដី​ណា ដែល​មិន​គប្បី​នៅ​នឹង​នាង នោះ​ត្រូវ​ធ្វើ​សំបុត្រ‌លែង​លះ ហើយ​ប្រគល់​ដល់​ដៃ​របស់​នាង រួច​ឲ្យ​នាង​ចេញ​ពី​ផ្ទះ​ទៅ​ចុះ 2ក្រោយ​ពី​នាង​បាន​ចេញ​ពី​ផ្ទះ​អ្នក​នោះ​ផុត​ហើយ នោះ​នាង​អាច​ធ្វើ​ជា​ប្រពន្ធ​របស់​ម្នាក់​ទៀត​បាន 3ប្រសិន‌បើ​ប្តី​ក្រោយ​នោះ​ស្អប់​នាង ហើយ​ធ្វើ​សំបុត្រ​លែង​លះ​ប្រគល់​ដល់​ដៃ​របស់​នាង ឲ្យនាង​ចេញ​ពី​ផ្ទះ​ខ្លួន​ទៅ​ដែរ ឬ​ប្រសិន‌បើ​ប្តី​ក្រោយ​ដែល​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​នោះ​ស្លាប់​ទៅ 4នោះ​ប្តី​ដើម​របស់​នាង ដែល​បាន​បណ្តេញ​នាង​ហើយ មិន​អាច​យក​នាង​ធ្វើ​ជា​ប្រពន្ធ​វិញ ក្រោយ​ដែល​នាង​បាន​សៅ‌ហ្មង​ហើយ​នោះ​ទេ ដ្បិត​នោះ​ជា​ទី​ស្អប់​ខ្ពើមនៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ មិន​ត្រូវ​ឲ្យ​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ​អ្នក​ជា​មត៌ក មាន​បាប​ឡើយ»។
ច្បាប់​ផ្សេងៗ
5«ប្រសិន‌បើ​បុរស​ណា​ម្នាក់​ទើប​នឹង​រៀប​ការ​ថ្មី មិន​ត្រូវ​ឲ្យ​អ្នក​នោះ​ចេញ​ទៅ​ច្បាំង​ឡើយ ក៏​មិន​ត្រូវ​ដាក់​បន្ទុក​អ្វី​ឲ្យ​គេ​ត្រូវ​រវល់​ដែរ ត្រូវ​ឲ្យ​នៅ​ទំនេរ​នៅ​ផ្ទះ​រយៈ​ពេល​មួយ​ឆ្នាំ ដើម្បី​ឲ្យ​គេ​បាន​រីក​រាយ​ជា‌មួយ​ប្រពន្ធ​ដែល​គេ​បាន​រៀប​ការ។
6មិន​ត្រូវ​ឲ្យ​អ្នក​ណា​ទទួល​បញ្ចាំ​ថ្ម​ត្បាល់‌កិន ទោះ​គ្រប ឬ​តួ​ក្តី ដ្បិត​យ៉ាង​នោះ​ឈ្មោះ​ថា​ទទួល​ជីវិត​របស់​គេ​ជា​រប​ស់​បញ្ចាំ​ហើយ។
7ប្រសិន‌បើ​ឃើញ​អ្នក​ណា​ចាប់​អ្នក​ណា​ម្នាក់ ក្នុង​ចំណោម​ពួក​បង​ប្អូន​របស់​ខ្លួន ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល យក​ទៅ​ប្រើ​ដូច​ជា​ទាសករ ឬ​យក​ទៅ​លក់ អ្នក​ចាប់​នោះ​នឹង​ត្រូវ​ស្លាប់។ ធ្វើ​ដូច្នេះ អ្នក​នឹង​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។
8ចូរ​ប្រយ័ត្ន ក្នុង​ករណី​មាន​រោគ​ឃ្លង់ គឺ​ត្រូវ​ប្រយ័ត្ន​នឹង​ធ្វើ​តាម​គ្រប់​សេចក្ដី​ដែល​ពួក​លេវី ដែល​ជា​សង្ឃ​បង្រៀន​អ្នក​រាល់​គ្នា។ ត្រូវ​ប្រយ័ត្ន​នឹង​ធ្វើ​តាម ដូច​ខ្ញុំ​បាន​បង្គាប់​ពួក‌គេ​ហើយ។ 9ចូរ​នឹក​ចាំ​ពី​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​ប្រព្រឹត្ត​ចំពោះ​ម៉ារាម​តាម​ផ្លូវ ពេល​ដែល​អ្នក​រាល់​គ្នា​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ។
10ពេល​ណា​អ្នក​ឲ្យ​អ្វី​មួយ​ទៅ​អ្នក​ជិត​ខាង​ខ្ចី នោះ​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​គេ ដើម្បី​យក​របស់​បញ្ចាំ​ពី​គេ​ឡើយ។ 11អ្នក​ត្រូវ​ឈរ​ចាំ​នៅ​ខាង​ក្រៅ ហើយ​ទុក​ឲ្យ​អ្នក​ដែល​ខ្ចី​នោះ ចូល​ទៅ​យក​របស់​បញ្ចាំ មក​ឲ្យ​អ្នកនៅ​ខាង​ក្រៅ​វិញ។ 12ប្រសិន‌បើ​អ្នក​នោះ​ជា​អ្នក​ទាល់​ក្រ អ្នក​មិន​ត្រូវ​បង្ខាំងសម្លៀក​បំពាក់​បញ្ចាំ​នោះ ទុក​ឡើយ។ 13ពេល​ថ្ងៃ​លិច ត្រូវ​ប្រគល់​របស់​បញ្ចាំ​នោះ​ទៅ​គេ​វិញ ដើម្បី​ឲ្យ​គេ​មាន​អាវ​ដណ្តប់​ខ្លួន រួច​គេ​នឹង​ឲ្យ​ពរ​អ្នក។ ការ​នោះ​នឹង​បាន​រាប់​ជា​សុចរិត​ដល់​អ្នក នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។
14មិន​ត្រូវ​សង្កត់‌សង្កិន​កូន​ឈ្នួល​ដែល​ទាល់‌ក្រ ហើយ​កម្សត់​ទុគ៌ត​ឡើយ ទោះ​ជា​ពួក​បង​ប្អូន ឬ​ជា​ពួក​អ្នក​ប្រទេស​ក្រៅ ដែល​នៅ​ក្នុង​ក្រុង ក្នុង​ស្រុក​របស់​អ្នក​ក្តី។ 15ត្រូវ​បើក​ប្រាក់​ឈ្នួល​ឲ្យ​គេ​ក្នុង​ថ្ងៃ​នោះ មុន​ពេល​ថ្ងៃ​លិចកុំ​ខាន (ដ្បិត​គេ​ទាល់‌ក្រ ហើយ​សង្ឃឹម​លើ​ប្រាក់​នោះ) ក្រែង​គេ​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ទាស់​នឹង​អ្នក នោះ​អ្នក​នឹង​មាន​បាប​មិន​ខាន។
16មិន​ត្រូវ​ប្រហារ​ជីវិត​ឪពុក​ដោយ​ព្រោះ​តែ​កូន ក៏​មិន​ត្រូវ​ប្រហារ​ជីវិត​កូន​ដោយ​ព្រោះ​តែ​ឪពុក​ដែរ គឺ​ត្រូវ​ប្រហារ​ជីវិត​មនុស្ស​ម្នាក់ៗ តាម​អំពើ​បាប​ដែល​ខ្លួន​គេ​ផ្ទាល់​ប្រព្រឹត្ត។
17មិន​ត្រូវ​បង្វែរ​យុត្តិ‌ធម៌​ពី​អ្នក​ប្រទេស​ក្រៅ ឬ​ពី​កូន​កំព្រា​ឡើយ ក៏​មិន​ត្រូវ​ទទួល​បញ្ចាំ​អាវ​របស់ស្រ្ដី​មេម៉ាយ​ដែរ 18ត្រូវ​នឹក​ចាំ​ថា ពី​ដើម​អ្នក​ក៏​ជា​បាវ​បម្រើ​នៅ​ស្រុក​អេស៊ីព្ទ​ដែរ តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​លោះ​អ្នក​ចេញ​ទី​នោះ​មក ហេតុ​នោះ​ហើយ​បាន​ជា​ខ្ញុំ​បង្គាប់​ឲ្យ​ប្រព្រឹត្ត​ដូច្នេះ។
19ពេល​ណា​អ្នក​ច្រូត​ស្រូវ​នៅក្នុង​ស្រែ​របស់​អ្នក ហើយ​ភ្លេច​ស្រូវ​មួយ​កណ្ដាប់​នៅ​ក្នុង​ស្រែ នោះ​មិន​ត្រូវ​ត្រឡប់​ទៅ​យក​វិញ​ឡើយ ត្រូវ​ទុក​ឲ្យ​អ្នក​ប្រទេស​ក្រៅ កូន​កំព្រា និង​ស្រ្ដី​មេម៉ាយ​រើស​ចុះ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​ប្រទាន​ពរឲ្យ​អ្នក ក្នុង​គ្រប់​ទាំង​កិច្ច‌ការ​ដែល​អ្នក​ដាក់​ដៃ​ធ្វើ។ 20ពេល​ណា​អ្នក​វាយ​ជម្រុះ​ផល​ពី​ដើម​អូលីវ​របស់​អ្នក​រួច​ម្តង​ហើយ នោះ​មិន​ត្រូវ​ឡើង​ទៅ​ធ្វើ​ម្តង​ទៀត​ឡើយ ត្រូវ​ទុក​ឲ្យ​អ្នក​ប្រទេស​ក្រៅ កូន​កំព្រា និងស្រ្ដី​មេម៉ាយ​វិញ។
21ពេល​ណា​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​របស់​អ្នក​រួច​ហើយ នោះ​មិន​ត្រូវ​ទៅ​បេះ​មួយ​សា​ទៀត​ឡើយ ត្រូវ​ទុក​ឲ្យ​ពួក​អ្នក​ប្រទេស​ក្រៅ កូន​កំព្រា និង​ស្រ្ដី​មេម៉ាយ​វិញ។ 22ត្រូវ​នឹក​ចាំ​ថា ពី​ដើម​អ្នក​ក៏​ជា​បាវ​បម្រើ​នៅ​ស្រុក​អេស៊ីព្ទ​ដែរ ហេតុនេះ​ហើយ​បាន​ជា​ខ្ញុំ​បង្គាប់​ឲ្យ​ប្រព្រឹត្ត​ដូច្នេះ។

ទើបបានជ្រើសរើសហើយ៖

ចោទិយ‌កថា 24: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល