សាស្តា 2:12-26

សាស្តា 2:12-26 គកស១៦

រួច​យើង​ក៏​បែរ​ទៅ​ពិចារ‌ណា​មើល​ប្រាជ្ញា ព្រម​ទាំង​ការ​ចម្កួត ការ​ផ្តេស‌ផ្តាស ដ្បិត​តើ​អ្នក​ដែល​ត​ពី​ស្តេច​នឹង​ធ្វើ​អ្វី​បាន? គឺ​ធ្វើ​បាន​តែ​ការ​ណា​ដែល​បាន​ធ្វើ​ជា​យូរ​អង្វែង​មក​ហើយ​ប៉ុណ្ណោះ។ យើង​ឃើញ​ពិត​ថា ប្រាជ្ញា​រមែង​វិសេស​ជាង​ការ​ផ្តេស‌ផ្តាស ដូច​ជា​ពន្លឺ ក៏​វិសេស​ជាង​ងងឹត​ដែរ។ ភ្នែក​របស់​មនុស្ស​មាន​ប្រាជ្ញា​នៅ​ត្រង់​ក្បាល​គេ តែ​មនុស្ស​ល្ងី‌ល្ងើ រមែង​ដើរ​ក្នុង​សេចក្ដី​ងងឹត​វិញ ប៉ុន្តែ យើង​យល់​ឃើញ​ថា មាន​ការ​តែ​មួយ​ទេ ដែល​កើត​ដល់​គ្រប់​គ្នា។ រួច​យើង​បាន​នឹក​ក្នុង​ចិត្ត​ថា ការ​ដែល​កើត​ដល់​មនុស្ស​ល្ងី‌ល្ងើ នោះ​នឹង​កើត​ដល់​យើង​ដូច​គ្នា​ដែរ ដូច្នេះ ហេតុ​អ្វី​បាន​ជា​យើង​មាន​ប្រាជ្ញា​លើស​ជាង​គេ រួច​យើង​បាន​សម្រេច​ក្នុង​ចិត្ត​ថា នេះ​ក៏​ឥត​មាន​ទំនង​ដែរ ពី​ព្រោះ​អ្នក​មាន​ប្រាជ្ញា ក៏​ដូច​គ្នា​នឹង​អ្នក​ល្ងី‌ល្ងើ​ដែរ គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​មួយ​លើស​ជាង​មួយ​ជា​ដរាប​ទេ ដោយ​ព្រោះ​យល់​ឃើញ​ថា នៅ​គ្រា​ជាន់​ក្រោយ មនុស្ស​នឹង​បាន​ភ្លេច​គេ​ជា​យូរ​លង់​មក​ហើយ ដូច្នេះ មនុស្ស​មាន​ប្រាជ្ញា​គេ​មរណៈ​ជា​យ៉ាង​ណា គឺ​ដូច​ជា​មនុស្ស​ល្ងី‌ល្ងើ​ដែរ ហេតុ​នោះ យើង​បាន​ស្អប់​ជីវិត ពី​ព្រោះ​ការ​ដែល​បាន​ធ្វើ​នៅ​ក្រោម​ថ្ងៃ ជា​ការ​លំបាក​ដល់​យើង ដ្បិត​ការ​ទាំង​អស់​សុទ្ធ​តែ​ឥត​ប្រយោជន៍ ហើយ​ដូច​ជា​ដេញ​ចាប់​ខ្យល់ ។ ខ្ញុំ​បាន​ស្អប់​គ្រប់​ទាំង​ការ​នឿយ​ហត់​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​ខំ​ធ្វើ​នៅ​ក្រោម​ថ្ងៃ ដោយ​យល់​ឃើញ​ថា ខ្ញុំ​ត្រូវ​ទុក​ទាំង​អស់ ឲ្យ​ដល់​មនុស្ស​ដែល​បន្ត​ក្រោយ​ខ្ញុំ ហើយ​តើ​មាន​អ្នក​ណា​ដឹង​ពី​អ្នក​នោះ ថា​នឹង​ត្រឡប់​ជា​មនុស្ស​មាន​ប្រាជ្ញា ឬ​ជា​មនុស្ស​ល្ងី‌ល្ងើ​វិញ ប៉ុន្តែ អ្នក​នោះ​នឹង​គ្រប់‌គ្រង​លើ​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ខំ​ធ្វើ ជា​ការ​ដែល​បាន​ធ្វើ ដើម្បី​សម្ដែង​ខ្លួន​ជា​អ្នក​មាន​ប្រាជ្ញា​នៅ​ក្រោម​ថ្ងៃ នេះ​ក៏​ឥត​មាន​ទំនង​ដែរ ដោយ​ហេតុ​នោះ យើង​បាន​វិល​មក​បណ្ដាល​ឲ្យ​ចិត្ត​លែង​សង្ឃឹម​ចំពោះ​ការ​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ខំ​ធ្វើ​នៅ​ក្រោម​ថ្ងៃ​ទៅ ដ្បិត​មាន​មនុស្ស​ដែល​ការ​ខ្លួន​ធ្វើ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ធ្វើ​ដោយ​ប្រាជ្ញា ដោយ​តម្រិះ ហើយ​ដោយ​ស្ទាត់​ជំនាញ តែ​អ្នក​នោះ​ត្រូវ​ប្រគល់​ការ​ខ្លួន ទុក​ជា​ចំណែក​ដល់​ម្នាក់​ទៀត ដែល​មិន​បាន​ខំ​ធ្វើ​ឡើយ​នោះ​វិញ នេះ​ជា​ការ​ឥត​មាន​ទំនង ហើយ​ក៏​អាក្រក់​ណាស់​ផង ដ្បិត​ក្នុង​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​ធ្វើ និង​សេចក្ដី​ដែល​ចិត្ត​ខំ​បង្កើត គឺ​ជា​ការ​នឿយ​ហត់​ដែល​ខ្លួន​ខំ​ធ្វើ​នៅ​ក្រោម​ថ្ងៃ នោះ​តើ​មាន​ផល​អ្វី​ខ្លះ ពី​ព្រោះ​អស់​ទាំង​ថ្ងៃ​នៃ​អ្នក​នោះ​មាន​សុទ្ធ​តែ​សេចក្ដី​ទុក្ខ​ព្រួយ ហើយ​កិច្ច​ធុរៈ​របស់​គេ​សុទ្ធ​តែ​លំបាក​ទទេ អើ ទោះ​ទាំង​ពេល​យប់ ចិត្ត​អ្នក​នោះ​ក៏​មិន​សម្រាក​ដែរ នេះ​ជា​ការ​ឥត​មាន​ទំនង​ដែរ។ គ្មាន​អ្វី​វិសេស​ដល់​មនុស្ស​ជា​ជាង​ការ​ស៊ី ហើយ​ផឹក​ទេ ព្រម​ទាំង​ឲ្យ​ចិត្ត​បាន​រីក‌រាយ​សប្បាយ ដោយ​ផល​នៃ​ការ​ដែល​ខ្លួន​បាន​ធ្វើ​ផង ខ្ញុំ​ក៏​បាន​ឃើញ​ដែរ​ថា ការ​នេះ​មក​ពី​ព្រះ‌ហស្ត​នៃ​ព្រះ​ទេ ដ្បិតបើ​មិន​មក​ពី​ព្រះ‌អង្គ ទេ តើ​មាន​អ្នក​ណា​អាច​នឹង​បរិ‌ភោគ ឬ​មាន​អំណរ​បាន? ដ្បិត​អ្នក​ណា​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ នោះ​ព្រះ‌អង្គ ប្រទាន​ឲ្យ​អ្នក​នោះ​មាន​ប្រាជ្ញា តម្រិះ និង​សេចក្ដី​រីក‌រាយ តែ​ឯ​មនុស្ស​បាប​វិញ ព្រះ‌អង្គ​ប្រទាន​ឲ្យ​មាន​ធុរៈ គឺ​ឲ្យ​បាន​ប្រមូល ហើយ​បង្គរ​ឡើង ទុក​ប្រគល់​ឲ្យ​អ្នក​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ។ នេះ​ក៏​ជា​ការ​ឥត​មាន​ទំនង ហើយ​ដូច​ជា​ដេញ​ចាប់​ខ្យល់ ។

អាន សាស្តា 2