សាស្ដា 2:12-26

សាស្ដា 2:12-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ខ្ញុំ​បែរ​ទៅ​ពិចារណា​មើល​ថា តើ​ប្រាជ្ញា ភាព​លេលា ឬ​ការ​វង្វេង​ស្មារតី មាន​ប្រយោជន៍​អ្វី។ ខ្ញុំ​ក៏​ដណ្ដឹង​សួរ​ថា តើ​ស្ដេច​ដែល​គ្រង​រាជ្យ​បន្ត​ពី​ខ្ញុំ នឹង​ប្រព្រឹត្ត​អ្វី​ផ្សេង​ពី​ស្ដេច​មុនៗ​ដែរ​ឬ? ខ្ញុំ​ក៏​យល់​ឃើញ​ដូច​ត​ទៅ: ប្រាជ្ញា​មាន​តម្លៃ​ជាង​ការ​វង្វេង​ស្មារតី ដូច​ពន្លឺ​មាន​តម្លៃ​ជាង​ភាព​ងងឹត។ មនុស្ស​មាន​ប្រាជ្ញា​ដឹង​ថា ខ្លួន​កំពុង​ធ្វើ​ដំណើរ​ទៅ​ទី​ណា រីឯ​មនុស្ស​ល្ងី‌ល្ងើ​ដើរ​នៅ​ក្នុង​ភាព​ងងឹត។ ប៉ុន្តែ ខ្ញុំ​យល់​ថា ចុង​បញ្ចប់​របស់​អ្នក​ទាំង​ពីរ​មិន​ខុស​គ្នា​ទេ។ ខ្ញុំ​នឹក​ក្នុង​ចិត្ត​ថា: ចុង​បញ្ចប់​របស់​ខ្ញុំ​ក៏​ដូច​ជា​ចុង​បញ្ចប់​របស់​មនុស្ស​លេលា​ដែរ។ ដូច្នេះ បើ​ខ្ញុំ​មាន​ប្រាជ្ញា​ច្រើន តើ​បាន​ប្រយោជន៍​អ្វី? ខ្ញុំ​នឹក​ក្នុង​ចិត្ត​ថា ត្រង់​នេះ​ក៏​ឥត​បាន​ការ​ដែរ អ្នក​ប្រាជ្ញ​មិន​ខុស​ប្លែក​ពី​មនុស្ស​លេលា​ទេ ដ្បិត​គ្មាន​នរណា​នឹក​នា​ដល់​គេ រហូត​អស់‌កល្ប​ជានិច្ច​ឡើយ។ ពេល​វេលា​ចេះ​តែ​កន្លង​ផុត​ទៅ ហើយ​មនុស្ស​ក៏​ភ្លេច​អ្វីៗ​ទាំង​អស់​ដែរ។ អ្នក​ប្រាជ្ញ​នឹង​ស្លាប់​ដូច​មនុស្ស​លេលា។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មិន​ចូល​ចិត្ត​ជីវិត​ទេ ហើយ​ខ្ញុំ​យល់​ឃើញ​ថា អ្វីៗ​ដែល​មនុស្ស​ធ្វើ​នៅ​លើ​ផែនដី​សុទ្ធ​តែ​អាក្រក់ ព្រោះ​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។ ខ្ញុំ​មិន​ចូល​ចិត្ត​ការ​នឿយ‌ហត់​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ខំ​ធ្វើ​នៅ​លើ​ផែនដី​ឡើយ ដ្បិត​ខ្ញុំ​ត្រូវ​ទុក​ទាំង​អស់​សម្រាប់​ស្ដេច ដែល​គ្រង​រាជ្យ​បន្ត​ពី​ខ្ញុំ។ មួយ​វិញ​ទៀត គ្មាន​នរណា​ដឹង​ថា ស្ដេច​ថ្មី​នោះ​ជា​មនុស្ស​មាន​ប្រាជ្ញា ឬ​មនុស្ស​លេលា​ទេ។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្ដី ស្ដេច​នោះ​នឹង​គ្រប់‌គ្រង​លើ​ស្នា‌ដៃ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ខំ​ប្រឹង‌ប្រែង​ធ្វើ ដោយ​ប្រាជ្ញា​របស់​ខ្ញុំ នៅ​លើ​ផែនដី។ ត្រង់​នេះ​ក៏​ឥត​បាន​ការ​ដែរ។ គិត​ដូច្នេះ ខ្ញុំ​ក៏​បាក់​ទឹក​ចិត្ត​ចំពោះ​ការ​ខំ​ប្រឹង‌ប្រែង​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ធ្វើ​នៅ​លើ​ផែនដី​នេះ។ មនុស្ស​ម្នាក់​ខំ​ប្រឹង​ធ្វើ​ការ​យ៉ាង​នឿយ‌ហត់ ដោយ​ប្រើ​ប្រាជ្ញា ចំណេះ និង​ការ​ស្ទាត់​ជំនាញ​តែ​បែរ​ជា​ទុក​អ្វីៗ​ដែល​ខ្លួន​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ទៀត ដែល​ពុំ​បាន​ខំ​ប្រឹង‌ប្រែង​ទាល់​តែ​សោះ។ ត្រង់​នេះ​ក៏​ឥត​បាន​ការ ហើយ​ជា​ការ​មួយ​ដ៏​អាក្រក់​បំផុត។ អ្នក​ដែល​ខំ​ប្រឹង‌ប្រែង ខ្វល់​ខ្វាយ​ធ្វើ​ការ​នៅ​លើ​ផែនដី ដើម្បី​សម្រេច​តាម​គោល​បំណង​របស់​ខ្លួន​បែប​នេះ តើ​បាន​ប្រយោជន៍​អ្វី? ដ្បិត​រៀង​រាល់​ថ្ងៃ មាន​តែ​ទុក្ខ​កង្វល់ និង​ទុក្ខ​ព្រួយ សូម្បី​តែ​ពេល​យប់ ចិត្ត​របស់​គេ​ក៏​មិន​ស្ងប់។ ត្រង់​នេះ​ក៏​ឥត​បាន​ការ​ដែរ។ ដូច្នេះ សម្រាប់​មនុស្ស គ្មាន​អ្វី​ប្រសើរ​ជាង​ការ​ស៊ី​ផឹក ព្រម​ទាំង​គិត​តែ​ពី​សប្បាយ​នឹង​កិច្ចការ​ដែល​ខ្លួន​ខំ​ប្រឹង​ធ្វើ​នោះ​ឡើយ។ ប៉ុន្តែ ត្រង់​នេះ​ទៀត ខ្ញុំ​ឃើញ​ថា ព្រះ‌ជាម្ចាស់​ទេ​តើ​ដែល​ប្រទាន​ឲ្យ។ ប្រសិន​បើ​ព្រះ‌ជាម្ចាស់​មិន​ប្រោស​ប្រទាន​ទេ​នោះ គ្មាន​នរណា​ម្នាក់​អាច​បរិភោគ ឬ​សប្បាយ​ចិត្ត​បាន​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​ប្រទាន​ប្រាជ្ញា ការ​ចេះ​ដឹង និង​អំណរ ដល់​អ្នក​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ។ រីឯ​មនុស្ស​បាប​វិញ ព្រះអង្គ​ប្រទាន​ឲ្យ​គេ​ខ្វល់​ខ្វាយ គិត​តែ​ពី​ប្រមូល​ទ្រព្យ​សម្បត្តិ ប្រគល់​ឲ្យ​អស់​អ្នក​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់។ ត្រង់​នេះ​ក៏​នៅ​តែ​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។

ចែក​រំលែក
អាន សាស្ដា 2

សាស្ដា 2:12-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

រួច​យើង​ក៏​បែរ​ទៅ​ពិចារ‌ណា​មើល​ប្រាជ្ញា ព្រម​ទាំង​ការ​ចម្កួត ការ​ផ្តេស‌ផ្តាស ដ្បិត​តើ​អ្នក​ដែល​ត​ពី​ស្តេច​នឹង​ធ្វើ​អ្វី​បាន? គឺ​ធ្វើ​បាន​តែ​ការ​ណា​ដែល​បាន​ធ្វើ​ជា​យូរ​អង្វែង​មក​ហើយ​ប៉ុណ្ណោះ។ យើង​ឃើញ​ពិត​ថា ប្រាជ្ញា​រមែង​វិសេស​ជាង​ការ​ផ្តេស‌ផ្តាស ដូច​ជា​ពន្លឺ ក៏​វិសេស​ជាង​ងងឹត​ដែរ។ ភ្នែក​របស់​មនុស្ស​មាន​ប្រាជ្ញា​នៅ​ត្រង់​ក្បាល​គេ តែ​មនុស្ស​ល្ងី‌ល្ងើ រមែង​ដើរ​ក្នុង​សេចក្ដី​ងងឹត​វិញ ប៉ុន្តែ យើង​យល់​ឃើញ​ថា មាន​ការ​តែ​មួយ​ទេ ដែល​កើត​ដល់​គ្រប់​គ្នា។ រួច​យើង​បាន​នឹក​ក្នុង​ចិត្ត​ថា ការ​ដែល​កើត​ដល់​មនុស្ស​ល្ងី‌ល្ងើ នោះ​នឹង​កើត​ដល់​យើង​ដូច​គ្នា​ដែរ ដូច្នេះ ហេតុ​អ្វី​បាន​ជា​យើង​មាន​ប្រាជ្ញា​លើស​ជាង​គេ រួច​យើង​បាន​សម្រេច​ក្នុង​ចិត្ត​ថា នេះ​ក៏​ឥត​មាន​ទំនង​ដែរ ពី​ព្រោះ​អ្នក​មាន​ប្រាជ្ញា ក៏​ដូច​គ្នា​នឹង​អ្នក​ល្ងី‌ល្ងើ​ដែរ គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​មួយ​លើស​ជាង​មួយ​ជា​ដរាប​ទេ ដោយ​ព្រោះ​យល់​ឃើញ​ថា នៅ​គ្រា​ជាន់​ក្រោយ មនុស្ស​នឹង​បាន​ភ្លេច​គេ​ជា​យូរ​លង់​មក​ហើយ ដូច្នេះ មនុស្ស​មាន​ប្រាជ្ញា​គេ​មរណៈ​ជា​យ៉ាង​ណា គឺ​ដូច​ជា​មនុស្ស​ល្ងី‌ល្ងើ​ដែរ ហេតុ​នោះ យើង​បាន​ស្អប់​ជីវិត ពី​ព្រោះ​ការ​ដែល​បាន​ធ្វើ​នៅ​ក្រោម​ថ្ងៃ ជា​ការ​លំបាក​ដល់​យើង ដ្បិត​ការ​ទាំង​អស់​សុទ្ធ​តែ​ឥត​ប្រយោជន៍ ហើយ​ដូច​ជា​ដេញ​ចាប់​ខ្យល់ ។ ខ្ញុំ​បាន​ស្អប់​គ្រប់​ទាំង​ការ​នឿយ​ហត់​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​ខំ​ធ្វើ​នៅ​ក្រោម​ថ្ងៃ ដោយ​យល់​ឃើញ​ថា ខ្ញុំ​ត្រូវ​ទុក​ទាំង​អស់ ឲ្យ​ដល់​មនុស្ស​ដែល​បន្ត​ក្រោយ​ខ្ញុំ ហើយ​តើ​មាន​អ្នក​ណា​ដឹង​ពី​អ្នក​នោះ ថា​នឹង​ត្រឡប់​ជា​មនុស្ស​មាន​ប្រាជ្ញា ឬ​ជា​មនុស្ស​ល្ងី‌ល្ងើ​វិញ ប៉ុន្តែ អ្នក​នោះ​នឹង​គ្រប់‌គ្រង​លើ​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ខំ​ធ្វើ ជា​ការ​ដែល​បាន​ធ្វើ ដើម្បី​សម្ដែង​ខ្លួន​ជា​អ្នក​មាន​ប្រាជ្ញា​នៅ​ក្រោម​ថ្ងៃ នេះ​ក៏​ឥត​មាន​ទំនង​ដែរ ដោយ​ហេតុ​នោះ យើង​បាន​វិល​មក​បណ្ដាល​ឲ្យ​ចិត្ត​លែង​សង្ឃឹម​ចំពោះ​ការ​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ខំ​ធ្វើ​នៅ​ក្រោម​ថ្ងៃ​ទៅ ដ្បិត​មាន​មនុស្ស​ដែល​ការ​ខ្លួន​ធ្វើ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ធ្វើ​ដោយ​ប្រាជ្ញា ដោយ​តម្រិះ ហើយ​ដោយ​ស្ទាត់​ជំនាញ តែ​អ្នក​នោះ​ត្រូវ​ប្រគល់​ការ​ខ្លួន ទុក​ជា​ចំណែក​ដល់​ម្នាក់​ទៀត ដែល​មិន​បាន​ខំ​ធ្វើ​ឡើយ​នោះ​វិញ នេះ​ជា​ការ​ឥត​មាន​ទំនង ហើយ​ក៏​អាក្រក់​ណាស់​ផង ដ្បិត​ក្នុង​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​ធ្វើ និង​សេចក្ដី​ដែល​ចិត្ត​ខំ​បង្កើត គឺ​ជា​ការ​នឿយ​ហត់​ដែល​ខ្លួន​ខំ​ធ្វើ​នៅ​ក្រោម​ថ្ងៃ នោះ​តើ​មាន​ផល​អ្វី​ខ្លះ ពី​ព្រោះ​អស់​ទាំង​ថ្ងៃ​នៃ​អ្នក​នោះ​មាន​សុទ្ធ​តែ​សេចក្ដី​ទុក្ខ​ព្រួយ ហើយ​កិច្ច​ធុរៈ​របស់​គេ​សុទ្ធ​តែ​លំបាក​ទទេ អើ ទោះ​ទាំង​ពេល​យប់ ចិត្ត​អ្នក​នោះ​ក៏​មិន​សម្រាក​ដែរ នេះ​ជា​ការ​ឥត​មាន​ទំនង​ដែរ។ គ្មាន​អ្វី​វិសេស​ដល់​មនុស្ស​ជា​ជាង​ការ​ស៊ី ហើយ​ផឹក​ទេ ព្រម​ទាំង​ឲ្យ​ចិត្ត​បាន​រីក‌រាយ​សប្បាយ ដោយ​ផល​នៃ​ការ​ដែល​ខ្លួន​បាន​ធ្វើ​ផង ខ្ញុំ​ក៏​បាន​ឃើញ​ដែរ​ថា ការ​នេះ​មក​ពី​ព្រះ‌ហស្ត​នៃ​ព្រះ​ទេ ដ្បិតបើ​មិន​មក​ពី​ព្រះ‌អង្គ ទេ តើ​មាន​អ្នក​ណា​អាច​នឹង​បរិ‌ភោគ ឬ​មាន​អំណរ​បាន? ដ្បិត​អ្នក​ណា​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ នោះ​ព្រះ‌អង្គ ប្រទាន​ឲ្យ​អ្នក​នោះ​មាន​ប្រាជ្ញា តម្រិះ និង​សេចក្ដី​រីក‌រាយ តែ​ឯ​មនុស្ស​បាប​វិញ ព្រះ‌អង្គ​ប្រទាន​ឲ្យ​មាន​ធុរៈ គឺ​ឲ្យ​បាន​ប្រមូល ហើយ​បង្គរ​ឡើង ទុក​ប្រគល់​ឲ្យ​អ្នក​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ។ នេះ​ក៏​ជា​ការ​ឥត​មាន​ទំនង ហើយ​ដូច​ជា​ដេញ​ចាប់​ខ្យល់ ។

ចែក​រំលែក
អាន សាស្ដា 2

សាស្ដា 2:12-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​យើង​ក៏​បែរ​ទៅ​ពិចារណា​មើល​ប្រាជ្ញា ព្រម​ទាំង​សេចក្ដី​ចំកួត នឹង​សេចក្ដី​ផ្តេស‌ផ្តាស ដ្បិត​តើ​អ្នក​ដែល​ត​ពី​ស្តេច​នឹង​ធ្វើ​អ្វី​បាន គឺ​នឹង​ធ្វើ​បាន​តែ​ការ​ដែល​បាន​ធ្វើ​ជា​យូរ‌អង្វែង​មក​ហើយ នោះ​យើង​ឃើញ​ពិត​ថា ប្រាជ្ញា​រមែង​វិសេស​ជាង​សេចក្ដី​ផ្តេស‌ផ្តាស ដូច​ជា​ពន្លឺ ក៏​វិសេស​ជាង​ងងឹត​ដែរ ឯ​ភ្នែក​របស់​មនុស្ស​មាន​ប្រាជ្ញា​នោះ​នៅ​ត្រង់​ក្បាល​គេ តែ​មនុស្ស​ល្ងី‌ល្ងើ​គេ​រមែង​ដើរ​ក្នុង​សេចក្ដី​ងងឹត​វិញ ប៉ុន្តែយើង​យល់​ឃើញ​ថា មាន​ការ​តែ​មួយ​ទេ ដែល​កើត​ដល់​គ្រប់​គ្នា រួច​យើង​បាន​នឹក​ក្នុង​ចិត្ត​ថា ការ​ដែល​កើត​ដល់​មនុស្ស​ល្ងី‌ល្ងើ នោះ​នឹង​កើត​ដល់​យើង​ដូច​គ្នា​ដែរ ដូច្នេះ ហេតុ​អ្វី​បាន​ជា​យើង​មាន​ប្រាជ្ញា​លើស​ជាង​គេ រួច​យើង​បាន​សំរេច​ក្នុង​ចិត្ត​ថា នេះ​ក៏​ឥត​មាន​ទំនង​ដែរ ពី​ព្រោះ​អ្នក​មាន​ប្រាជ្ញា ក៏​ដូច​គ្នា​នឹង​អ្នក​ល្ងី‌ល្ងើ​ដែរ គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​១​លើស​ជាង​១​ជា​ដរាប​ទេ ដោយ​ព្រោះ​យល់​ឃើញ​ថា នៅ​គ្រា​ជាន់​ក្រោយ មនុស្ស​នឹង​បាន​ភ្លេច​គេ​ជា​យូរ​លង់​មក​ហើយ ដូច្នេះ មនុស្ស​មាន​ប្រាជ្ញា​គេ​មរណៈ​ជា​យ៉ាង​ណា គឺ​ដូច​ជា​មនុស្ស​ល្ងី‌ល្ងើ​ដែរ ហេតុ​នោះយើង​បាន​ស្អប់​ជីវិត ពី​ព្រោះ​ការ​ដែល​បាន​ធ្វើ​នៅ​ក្រោម​ថ្ងៃ ជា​ការ​លំបាក​ដល់​យើង ដ្បិត​ការ​ទាំង​អស់​សុទ្ធ​តែ​ឥត​ប្រយោជន៍ ហើយ​ជា​អសារ​ឥត​ការ​ទទេ។ យើង​បាន​ស្អប់​បណ្តា‌ការ​នឿយ‌ហត់​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ខំ​ធ្វើ​នៅ​ក្រោម​ថ្ងៃ ដោយ​យល់​ឃើញ​ថា​យើង​ត្រូវ​ទុក​ទាំង​អស់ ឲ្យ​ដល់​មនុស្ស​ដែល​បន្ត​ក្រោយ​យើង ហើយ​តើ​មាន​អ្នក​ណា​ដឹង​ពី​អ្នក​នោះ ថា​នឹង​ត្រឡប់​ជា​មនុស្ស​មាន​ប្រាជ្ញា ឬ​ជា​មនុស្ស​ល្ងី‌ល្ងើ​វិញ ប៉ុន្តែអ្នក​នោះ​នឹង​គ្រប់‌គ្រង​លើ​អស់​ទាំង​ការ​ដែល​យើង​បាន​ខំ​ធ្វើ ជា​ការ​ដែល​បាន​ធ្វើ ដើម្បី​សំដែង​ខ្លួន​ជា​អ្នក​មាន​ប្រាជ្ញា​នៅ​ក្រោម​ថ្ងៃ នេះ​ក៏​ឥត​មាន​ទំនង​ដែរ ដោយ​ហេតុ​នោះយើង​បាន​វិល​មក​បណ្តាល​ឲ្យ​ចិត្ត​លែង​សង្ឃឹម​ចំពោះ​ការ​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ខំ​ធ្វើ​នៅ​ក្រោម​ថ្ងៃ​ទៅ ដ្បិត​មាន​មនុស្ស​ដែល​ការ​ខ្លួន​ធ្វើ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ធ្វើ​ដោយ​ប្រាជ្ញា ដោយ​ដំរិះ ហើយ​ដោយ​ស្ទាត់​ជំនាញ តែ​អ្នក​នោះ​ត្រូវ​ប្រគល់​ការ​ខ្លួន ទុក​ជា​ចំណែក​ដល់​ម្នាក់​ទៀត ដែល​មិន​បាន​ខំ​ធ្វើ​ឡើយ​នោះ​វិញ នេះ​ជា​ការ​ឥត​មាន​ទំនង ហើយ​ក៏​អាក្រក់​ណាស់​ផង ដ្បិត​ក្នុង​អស់​ទាំង​ការ​ដែល​មនុស្ស​ធ្វើ នឹង​សេចក្ដី​ដែល​ចិត្ត​ខំ​បង្កើត គឺ​ជា​ការ​នឿយ‌ហត់​ដែល​ខ្លួន​ខំ​ធ្វើ​នៅ​ក្រោម​ថ្ងៃ នោះ​តើ​មាន​ផល​អ្វី​ខ្លះ ពី​ព្រោះ​អស់​ទាំង​ថ្ងៃ​នៃ​អ្នក​នោះ​មាន​សុទ្ធ​តែ​សេចក្ដី​ទុក្ខ​ព្រួយ ហើយ​កិច្ច​ធុរៈ​របស់​គេ​សុទ្ធ​តែ​លំបាក​ទទេ អើ ទោះ​ទាំង​ពេល​យប់ ចិត្ត​អ្នក​នោះ​ក៏​មិន​សំរាក​ដែរ នេះ​ជា​ការ​ឥត​មាន​ទំនង​ដែរ។ គ្មាន​អ្វី​វិសេស​ដល់​មនុស្ស​ជា​ជាង​ការ​ស៊ីហើយ​ផឹក​ទេ ព្រម​ទាំង​ឲ្យ​ចិត្ត​បាន​រីក‌រាយ​សប្បាយ ដោយ​ផល​នៃ​ការ​ដែល​ខ្លួន​បាន​ធ្វើ​ផង យើង​ក៏​បាន​ឃើញ​ដែរ​ថា ការ​នេះ​មក​ពី​ព្រះ‌ហស្ត​នៃ​ព្រះ​ទេ ដ្បិត​តើ​មាន​អ្នក​ណា​អាច​នឹង​បរិភោគ ឬ​នឹង​មាន​សេចក្ដី​អំណរ​ជា​ជាង​យើង​នេះ ពី​ព្រោះ​មនុស្ស​ណា​ដែល​គាប់​ព្រះ‌ហឫទ័យ នោះ​ទ្រង់​ប្រទាន​ឲ្យ​អ្នក​នោះ​មាន​ប្រាជ្ញា ដំរិះ នឹង​សេចក្ដី​រីក‌រាយ​ផង តែ​ឯ​មនុស្ស​បាប​វិញ ទ្រង់​ប្រទាន​ឲ្យ​មាន​ធុរៈ គឺ​ឲ្យ​បាន​ប្រមូល ហើយ​បង្គរ​ឡើង ទុក​សំរាប់​ប្រគល់​ដល់​អ្នក​ដែល​គាប់​ព្រះ‌ហឫទ័យ​នៃ​ព្រះ​វិញ នេះ​ក៏​ជា​ការ​ឥត​មាន​ទំនង ហើយ​ជា​អសារ​ឥត​ការ​ទទេ​ដែរ។

ចែក​រំលែក
អាន សាស្ដា 2