គ្រប់ការទាំងនេះ យើងបានពិចារណានៅក្នុងចិត្ត ដើម្បីឲ្យបានយល់ច្បាស់ ឃើញថាមនុស្សសុចរិត និងមនុស្សមានប្រាជ្ញា ព្រមទាំងកិច្ចការរបស់គេទាំងប៉ុន្មាន សុទ្ធតែនៅក្នុងអំណាចព្រះហស្តរបស់ព្រះ ទោះបើការនោះមកដោយស្រឡាញ់ ឬសម្អប់ក្តី នោះមនុស្សមិនយល់ទេ ប៉ុន្តែ ការទាំងអស់ឃើញច្បាស់នៅចំពោះមុខគេ គ្រប់ការកើតដល់មនុស្សទាំងអស់ដូចគ្នា ដ្បិតមានការមួយដូចគ្នាកើតដល់មនុស្ស ទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិត ទាំងមនុស្សល្អ និងមនុស្សអាក្រក់ ទាំងមនុស្សស្អាត និងមនុស្សមិនស្អាត ទាំងអ្នកដែលថ្វាយយញ្ញបូជា និងអ្នកមិនថ្វាយ។ មនុស្សល្អយ៉ាងណា មនុស្សមានបាបក៏យ៉ាងនោះដែរ ហើយអ្នកដែលស្បថ ក៏ដូចជាអ្នកដែលមិនហ៊ានស្បថដែរ។ នេះជាការអាក្រក់មួយក្នុងអស់ទាំងការ ដែលកើតមកនៅក្រោមថ្ងៃ គឺដែលមានសេចក្ដីតែមួយដដែល កើតដល់មនុស្សទាំងអស់ ចិត្តរបស់មនុស្សជាតិក៏ពេញដោយការអាក្រក់ ហើយក៏មានការចម្កួតក្នុងចិត្ត អស់ពេលដែលរស់នៅ ក្រោយនោះក៏ទៅឯពួកមនុស្សស្លាប់។ ដ្បិតមានសេចក្ដីសង្ឃឹមចំពោះអ្នកណា ដែលនៅជាប់ក្នុងពួកមនុស្សរស់នៅឡើយ ព្រោះថា សូម្បីតែឆ្កែរស់ គង់វិសេសជាងសិង្ហស្លាប់ដែរ។ ដ្បិតមនុស្សដែលរស់ គេដឹងថាខ្លួននឹងស្លាប់ជាមិនខាន តែមនុស្សស្លាប់ឥតដឹងអ្វីឡើយ គេក៏គ្មានរង្វាន់អ្វីទៀតដែរ ព្រោះនឹកចាំពីគេបានសូន្យបាត់ហើយ។ ការស្រឡាញ់ ការស្អប់ និងការឈ្នានីសរបស់គេវិនាសសូន្យបាត់ទៅហើយ គេក៏ឥតមានចំណែកណា ក្នុងការអ្វីដែលធ្វើនៅក្រោមថ្ងៃជាដរាបតទៅមុខដែរ។ ដូច្នេះ ចូរទៅចុះ បរិភោគអាហាររបស់ឯងដោយអំណរ ហើយផឹកស្រាទំពាំងបាយជូររបស់ឯងដោយចិត្តរីករាយផង ដ្បិតព្រះគាប់ព្រះហឫទ័យចំពោះកិច្ចការដែលឯងធ្វើហើយ។ ចូរឲ្យសម្លៀកបំពាក់របស់ឯងបានសជានិច្ច ហើយកុំខានមានប្រេង នៅលើក្បាលឯងដែរ។ ចូររស់នៅដោយអំណរ ជាមួយប្រពន្ធជាទីស្រឡាញ់របស់ឯងដរាប ពេលដែលឯងរស់នៅក្នុងជីវិតដ៏ឥតប្រយោជន៍ដែលព្រះអង្គបានប្រទានមកឯងនៅក្រោមថ្ងៃចុះ គឺគ្រប់មួយជីវិតឥតប្រយោជន៍របស់ឯង ដ្បិតនោះហើយជាចំណែករបស់ឯង នៅក្នុងជីវិតនេះ ហើយក្នុងការនឿយហត់ដែលឯងខំធ្វើនៅក្រោមថ្ងៃផង។ ការអ្វីដែលដៃឯងអាចធ្វើបាន ចូរធ្វើដោយអស់ពីកម្លាំងចុះ ដ្បិតនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាកន្លែងដែលឯងត្រូវនៅ នោះគ្មានការធ្វើ គ្មានការគិតគូរ គ្មានតម្រិះ ឬប្រាជ្ញាឡើយ។ យើងក៏វិលមកមើលនៅក្រោមថ្ងៃ ឃើញថា ការរត់ប្រណាំងមិនសម្រេចលើមនុស្សដែលរត់លឿន ចម្បាំងក៏មិនសម្រេចលើមនុស្សដែលមានកម្លាំងដែរ ឯនំបុ័ង មិនសម្រេចលើមនុស្សមានប្រាជ្ញា ឬទ្រព្យសម្បត្តិ និងមនុស្សមានយោបល់ ឬគុណនឹងមនុស្សស្ទាត់ជំនាញនោះដែរ គ្រប់ទាំងអស់ស្រេចនៅពេលវេលា និងឱកាសវិញ។
អាន សាស្តា 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សាស្តា 9:1-11
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ