សាស្ដា 9:1-11

សាស្ដា 9:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​ខិត‌ខំ​ស្វែង​យល់​អំពី​អ្វីៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ឃើញ ហើយ​ខ្ញុំ​យល់​ថា ជីវិត​របស់​មនុស្ស​សុចរិត និង​មនុស្ស​មាន​ប្រាជ្ញា ព្រម​ទាំង​កិច្ចការ​ដែល​គេ​ធ្វើ​សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​ព្រះ‌ហស្ដ​របស់​ព្រះ‌ជាម្ចាស់។ មនុស្ស​ពុំ​អាច​ដឹង​ជា​មុន​ថា ខ្លួន​មាន​ចិត្ត​ស្រឡាញ់ ឬ​មាន​ចិត្ត​ស្អប់​បាន​ឡើយ។ អ្វីៗ​ទាំង​អស់​កើត​មាន​ចំពោះ​មនុស្ស​គ្រប់ៗ​រូប​ដូច​គ្នា ពួក​គេ​ត្រូវ​រង​នូវ​វាសនា​តែ​មួយ ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត ទាំង​មនុស្ស​ល្អ និង​មនុស្ស​អាក្រក់ ទាំង​មនុស្ស​បរិសុទ្ធ និង​មនុស្ស​មិន​បរិសុទ្ធ ទាំង​អ្នក​ថ្វាយ​យញ្ញ‌បូជា និង​អ្នក​មិន​ថ្វាយ។ រីឯ​អ្នក​ដែល​មាន​ចិត្ត​ល្អ និង​មនុស្ស​បាប អ្នក​ស្បថ និង​អ្នក​មិន​ហ៊ាន​ស្បថ ក៏​មិន​ខុស​គ្នា​ដែរ។ អ្វីៗ​ទាំង​អស់​ដែល​កើត​មាន​នៅ​លើ​ផែនដី សុទ្ធ​តែ​ជួប​តែ​នឹង​ផល​អាក្រក់​ដូច​គ្នា គឺ​ចុង​បញ្ចប់​របស់​មនុស្ស​ទាំង​អស់​មិន​ខុស​គ្នា​ទេ។ ចិត្ត​របស់​មនុស្ស​មាន​ពេញ​ទៅ​ដោយ​គំនិត​អាក្រក់ ហើយ​គំនិត​លេលា​ក៏​ដក់​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស​ក្នុង​មួយ​ជីវិត​របស់​គេ​ដែរ។ បន្ទាប់​មក ពួក​គេ​នឹង​ស្គាល់​សេចក្ដី​ស្លាប់។ ទោះ​ជា​យ៉ាង​ណា​ក្ដី ដរាប​ណា​នៅ​មាន​ជីវិត នៅ​តែ​មាន​សេចក្ដី​សង្ឃឹម ដ្បិត​ឆ្កែ​ដែល​នៅ​រស់​ប្រសើរ​ជាង​សិង្ហ​ងាប់។ អ្នក​ដែល​នៅ​រស់​ដឹង​ថា​ខ្លួន​មុខ​ជា​ត្រូវ​ស្លាប់ តែ​អ្នក​ដែល​ស្លាប់​ផុត​ទៅ​ហើយ មិន​ដឹង​អ្វី​ទាំង​អស់ ពួក​គេ​មិន​រង់‌ចាំ​ផល​អ្វី​បាន​ឡើយ ព្រោះ​គ្មាន​នរណា​នឹក​ដល់​ពួក​គេ​ទៀត​ទេ។ ការ​ស្រឡាញ់ ការ​ស្អប់ និង​ការ​ច្រណែន​របស់​ពួក​គេ រលាយ​សូន្យ​អស់​ទៅ​ហើយ ពួក​គេ​ក៏​ពុំ​រួម​ចំណែក​នឹង​អ្វីៗ​ដែល​មនុស្ស​ធ្វើ​នៅ​លើ​ផែនដី​នេះ​ទៀត​ដែរ។ ដូច្នេះ ចូរ​ទៅ​បរិភោគ​អាហារ​ដោយ​អំណរ ហើយ​ពិសា​ស្រា​ទំពាំង‌បាយជូរ​ដោយ​ចិត្ត​សប្បាយ​ចុះ ដ្បិត​ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​ការ‌ងារ​ដែល​អ្នក​ធ្វើ​នោះ​ហើយ។ ចូរ​ស្លៀក​ពាក់​ស្អាត​គ្រប់​ពេល​វេលា ហើយ​លាប​ប្រេង​ក្រអូប​លើ​ក្បាល​អ្នក​ជានិច្ច។ ចូរ​រួម​រស់​យ៉ាង​សប្បាយ​នឹង​ភរិយា​ដែល​អ្នក​ស្រឡាញ់ ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត គឺ​ជីវិត​ឥត​បាន​ការ ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​នៅ​លើ​ផែនដី។ នេះ​ហើយ​ចំណែក​ដែល​អ្នក​ទទួល​នៅ​ក្នុង​ជីវិត ក្នុង​ការ‌ងារ​ដែល​អ្នក​ធ្វើ​នៅ​ក្រោម​កម្ដៅ​ថ្ងៃ។ ការ​អ្វី​ដែល​អ្នក​អាច​ធ្វើ ចូរ​ធ្វើ​ឲ្យ​អស់​ពី​កម្លាំង​កាយ​ទៅ ដ្បិត​នៅ​ស្ថាន​មនុស្ស​ស្លាប់​ដែល​អ្នក​នឹង​ទៅ​នៅ គ្មាន​សកម្ម‌ភាព​ការ​វិនិច្ឆ័យ ការ​ចេះ​ដឹង និង​ប្រាជ្ញា​ទៀត​ឡើយ។ នៅ​លើ​ផែនដី​នេះ ខ្ញុំ​ក៏​បាន​ឃើញ​ថា អ្នក​ពូកែ​រត់​មិន​ដែល​រត់​ឈ្នះ​គេ​រហូត​ទេ ហើយ​អ្នក​ពូកែ​ច្បាំង​ក៏​មិន​ដែល​ច្បាំង​ឈ្នះ​រហូត​ដែរ។ រីឯ​អ្នក​មាន​ប្រាជ្ញា​ក៏​មិន​ដែល​រក​បាន​អាហារ​រហូត អ្នក​ឈ្លាស‌វៃ​ក៏​មិន​ដែល​រក​ទ្រព្យ​បាន​រហូត ហើយ​អ្នក​ចេះ​ដឹង​ក៏​មិន​ដែល​មាន​គេ​គោរព​រហូត​ដែរ។ ពេល​ខ្លះ អ្នក​ទាំង​នោះ​មាន​ជោគ‌ជ័យ ពេល​ខ្លះ​ទៀត​បរា‌ជ័យ។

ចែក​រំលែក
អាន សាស្ដា 9

សាស្ដា 9:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គ្រប់​ការ​ទាំង​នេះ យើង​បាន​ពិចារ‌ណា​នៅ​ក្នុង​ចិត្ត ដើម្បី​ឲ្យ​បាន​យល់​ច្បាស់ ឃើញ​ថា​មនុស្ស​សុចរិត និង​មនុស្ស​មាន​ប្រាជ្ញា ព្រម​ទាំង​កិច្ច‌ការ​របស់​គេ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​នៅ​ក្នុង​អំណាច​ព្រះ‌ហស្ត​របស់​ព្រះ ទោះ​បើ​ការ​នោះ​មក​ដោយ​ស្រឡាញ់ ឬ​សម្អប់​ក្តី នោះ​មនុស្ស​មិន​យល់​ទេ ប៉ុន្តែ ការ​ទាំង​អស់​ឃើញ​ច្បាស់​នៅ​ចំពោះ​មុខ​គេ គ្រប់​ការ​កើត​ដល់​មនុស្ស​ទាំង​អស់​ដូច​គ្នា ដ្បិត​មាន​ការ​មួយ​ដូច​គ្នា​កើត​ដល់​មនុស្ស ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត ទាំង​មនុស្ស​ល្អ និង​មនុស្ស​អាក្រក់ ទាំង​មនុស្ស​ស្អាត និង​មនុស្ស​មិន​ស្អាត ទាំង​អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា និង​អ្នក​មិន​ថ្វាយ។ មនុស្ស​ល្អ​យ៉ាង​ណា មនុស្ស​មាន​បាប​ក៏​យ៉ាង​នោះ​ដែរ ហើយ​អ្នក​ដែល​ស្បថ ក៏​ដូច​ជា​អ្នក​ដែល​មិន​ហ៊ាន​ស្បថ​ដែរ។ នេះ​ជា​ការ​អាក្រក់​មួយ​ក្នុង​អស់​ទាំង​ការ ដែល​កើត​មក​នៅ​ក្រោម​ថ្ងៃ គឺ​ដែល​មាន​សេចក្ដី​តែ​មួយ​ដដែល កើត​ដល់​មនុស្ស​ទាំង​អស់ ចិត្ត​របស់​មនុស្ស​ជាតិ​ក៏​ពេញ​ដោយ​ការ​អាក្រក់ ហើយ​ក៏​មាន​ការ​ចម្កួត​ក្នុង​ចិត្ត អស់​ពេល​ដែល​រស់​នៅ ក្រោយ​នោះ​ក៏​ទៅ​ឯ​ពួក​មនុស្ស​ស្លាប់។ ដ្បិត​មាន​សេចក្ដី​សង្ឃឹម​ចំពោះ​អ្នក​ណា ដែល​នៅ​ជាប់​ក្នុង​ពួក​មនុស្ស​រស់​នៅ​ឡើយ ព្រោះ​ថា សូម្បី​តែ​ឆ្កែ​រស់ គង់​វិសេស​ជាង​សិង្ហ​ស្លាប់​ដែរ។ ដ្បិត​មនុស្ស​ដែល​រស់ គេ​ដឹង​ថា​ខ្លួន​នឹង​ស្លាប់​ជា​មិន​ខាន តែ​មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ គេ​ក៏​គ្មាន​រង្វាន់​អ្វី​ទៀត​ដែរ ព្រោះ​នឹក​ចាំ​ពី​គេ​បាន​សូន្យ​បាត់​ហើយ។ ការ​ស្រឡាញ់ ការ​ស្អប់ និង​ការ​ឈ្នានីស​របស់​គេ​វិនាស​សូន្យ​បាត់​ទៅ​ហើយ គេ​ក៏​ឥត​មាន​ចំណែក​ណា ក្នុង​ការ​អ្វី​ដែល​ធ្វើ​នៅ​ក្រោម​ថ្ងៃ​ជា​ដរាប​ត​ទៅ​មុខ​ដែរ។ ដូច្នេះ ចូរ​ទៅ​ចុះ បរិ‌ភោគ​អាហារ​របស់​ឯង​ដោយ​អំណរ ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ឯង​ដោយ​ចិត្ត​រីក‌រាយ​ផង ដ្បិត​ព្រះ​គាប់​ព្រះ‌ហឫ‌ទ័យ​ចំពោះ​កិច្ច‌ការ​ដែល​ឯង​ធ្វើ​ហើយ។ ចូរ​ឲ្យ​សម្លៀក​បំពាក់​របស់​ឯង​បាន​ស​ជា‌និច្ច ហើយ​កុំ​ខាន​មាន​ប្រេង នៅ​លើ​ក្បាល​ឯង​ដែរ។ ចូរ​រស់​នៅ​ដោយ​អំណរ ជា‌មួយ​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​ឯង​ដរាប ពេល​ដែល​ឯង​រស់​នៅ​ក្នុង​ជីវិត​ដ៏​ឥត​ប្រយោជន៍​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ឯង​នៅ​ក្រោម​ថ្ងៃ​ចុះ គឺ​គ្រប់​មួយ​ជីវិត​ឥត​ប្រយោជន៍​របស់​ឯង ដ្បិត​នោះ​ហើយ​ជា​ចំណែក​របស់​ឯង នៅ​ក្នុង​ជីវិត​នេះ ហើយ​ក្នុង​ការ​នឿយ​ហត់​ដែល​ឯង​ខំ​ធ្វើ​នៅ​ក្រោម​ថ្ងៃ​ផង។ ការ​អ្វី​ដែល​ដៃ​ឯង​អាច​ធ្វើ​បាន ចូរ​ធ្វើ​ដោយ​អស់​ពី​កម្លាំង​ចុះ ដ្បិត​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ជា​កន្លែង​ដែល​ឯង​ត្រូវ​នៅ នោះ​គ្មាន​ការ​ធ្វើ គ្មាន​ការ​គិត‌គូរ គ្មាន​តម្រិះ ឬ​ប្រាជ្ញា​ឡើយ។ យើង​ក៏​វិល​មក​មើល‌នៅ​ក្រោម​ថ្ងៃ ឃើញ​ថា ការ​រត់​ប្រណាំង​មិន​សម្រេច​លើ​មនុស្ស​ដែល​រត់​លឿន ចម្បាំង​ក៏​មិន​សម្រេច​លើ​មនុស្ស​ដែល​មាន​កម្លាំង​ដែរ ឯ​នំបុ័ង មិន​សម្រេច​លើ​មនុស្ស​មាន​ប្រាជ្ញា ឬ​ទ្រព្យ‌សម្បត្តិ និង​មនុស្ស​មាន​យោបល់ ឬ​គុណ​នឹង​មនុស្ស​ស្ទាត់​ជំនាញ​នោះ​ដែរ គ្រប់​ទាំង​អស់​ស្រេច​នៅ​ពេល​វេលា និង​ឱកាស​វិញ។

ចែក​រំលែក
អាន សាស្ដា 9

សាស្ដា 9:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អើ គ្រប់​សេចក្ដី​ទាំង​នេះ យើង​បាន​ពិចារណា​នៅ​ក្នុង​ចិត្ត ដើម្បី​ឲ្យ​បាន​យល់​ច្បាស់ នោះ​ឃើញ​ថា មនុស្ស​សុចរិត នឹង​មនុស្ស​ប្រាជ្ញ ព្រម​ទាំង​កិច្ច‌ការ​របស់​គេ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​នៅ​ក្នុង​អំណាច​ព្រះ‌ហស្ត​នៃ​ព្រះ ទោះ​បើ​ការ​នោះ​មក ដោយ​សេចក្ដី​ស្រឡាញ់ ឬ​សេចក្ដី​សំអប់​ក្តី នោះ​មនុស្ស​មិន​យល់​ទេ ប៉ុន្តែទាំង​អស់​ក៏​ច្បាស់​នៅ​ចំពោះ​មុខ​គេ គ្រប់​ទាំង​អស់​កើត​ដល់​មនុស្ស​ទាំង​អស់​ដូច​គ្នា មាន​ការ​តែ​១​មុខ​កើត​ដល់​ទាំង​មនុស្ស​សុចរិត នឹង​មនុស្ស​ទុច្ចរិត មនុស្ស​ល្អ មនុស្ស​ស្អាត នឹង​មនុស្ស​ដែល​មិន​ស្អាត ហើយ​មនុស្ស​ដែល​ថ្វាយ​យញ្ញ‌បូជា នឹង​មនុស្ស​ដែល​មិន​ថ្វាយ​ផង គឺ​មនុស្ស​ល្អ​យ៉ាង​ណា មនុស្ស​មាន​បាប​ក៏​យ៉ាង​នោះ​ដែរ ហើយ​អ្នក​ណា​ដែល​ហ៊ាន​ផ្តាសា​ដល់​ខ្លួន ក៏​ដូច​ជា​អ្នក​ដែល​ខ្លាច​ពាក្យ​ផ្តាសា​ដែរ នេះ​ជា​ការ​អាក្រក់​១ ក្នុង​អស់​ទាំង​ការ ដែល​កើត​មក​នៅ​ក្រោម​ថ្ងៃ គឺ​ដែល​មាន​សេចក្ដី​តែ​១​ដដែល កើត​ដល់​មនុស្ស​ទាំង​អស់ អើ ចិត្ត​នៃ​មនុស្ស​ជាតិ​ក៏​ពេញ​ដោយ​សេចក្ដី​អាក្រក់ ហើយ​ក៏​មាន​សេចក្ដី​ចំកួត​ក្នុង​ចិត្ត អស់​ពេល​ដែល​រស់​នៅ ក្រោយ​នោះ​ក៏​ទៅ​ឯ​ពួក​មនុស្ស​ស្លាប់ ដ្បិត​មាន​សេចក្ដី​សង្ឃឹម​ចំពោះ​អ្នក​ណា ដែល​នៅ​ជាប់​ក្នុង​ពួក​មនុស្ស​រស់​នៅ​ឡើយ ពី​ព្រោះ​ថា សូម្បី​តែ​ឆ្កែ​រស់ គង់​វិសេស​ជាង​សិង្ហ​ស្លាប់​ដែរ ដ្បិត​មនុស្ស​ដែល​រស់ គេ​ដឹង​ថា​ខ្លួន​នឹង​ស្លាប់​ជា​មិន​ខាន តែ​មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ គេ​ក៏​គ្មាន​រង្វាន់​អ្វី​ទៀត​ដែរ ពី​ព្រោះ​សេចក្ដី​នឹក​ចាំ​ពី​គេ​បាន​សូន្យ​បាត់​ហើយ ទោះ​ទាំង​សេចក្ដី​ស្រឡាញ់ សេចក្ដី​សំអប់ នឹង​សេចក្ដី​ឈ្នានីស​របស់​គេ​ក៏​វិនាស​សូន្យ​បាត់​ជា​យូរ​មក​ហើយ គេ​ក៏​ឥត​មាន​ចំណែក​ណា ក្នុង​ការ​អ្វី​ដែល​ធ្វើ​នៅ​ក្រោម​ថ្ងៃ​ជា​ដរាប​ត​ទៅ​មុខ​ដែរ។ ដូច្នេះ​ចូរ​ទៅ​ចុះ ឲ្យ​បរិភោគ​អាហារ​របស់​ឯង​ដោយ​អំណរ ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ឯង​ដោយ​ចិត្ត​រីក‌រាយ​ផង ដ្បិត​ព្រះ‌ទ្រង់​បាន​ទទួល​ការ​របស់​ឯង​ហើយ ចូរ​ឲ្យ​សំលៀក‌បំពាក់​របស់​ឯង​បាន​ស​នៅ​ជានិច្ច ហើយ​កុំ​ឲ្យ​ខាន​មាន​ប្រេង នៅ​លើ​ក្បាល​ឯង​ដែរ ចូរ​រស់​នៅ​ដោយ​អំណរ ជា​មួយ​នឹង​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​ឯង​ដរាប​ពេល​ដែល​ឯង​រស់​នៅ ក្នុង​ជីវិត​ដ៏​ឥត​ប្រយោជន៍​នេះ ដែល​ទ្រង់​បាន​ប្រទាន​មក​ឯង​នៅ​ក្រោម​ថ្ងៃ​ចុះ គឺ​គ្រប់​មួយ​អាយុ​ឥត​ប្រយោជន៍​របស់​ឯង ដ្បិត​នោះ​ហើយ​ជា​ចំណែក​របស់​ឯង នៅ​ក្នុង​ជីវិត​នេះ ហើយ​ក្នុង​ការ​នឿយ‌ហត់​ដែល​ឯង​ខំ​ធ្វើ​នៅ​ក្រោម​ថ្ងៃ​ផង ការ​អ្វី​ដែល​ដៃ​ឯង​អាច​ធ្វើ​បាន នោះ​ចូរ​ធ្វើ​ដោយ​អស់​ពី​កំឡាំង​ចុះ ដ្បិត​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ជា​កន្លែង​ដែល​ឯង​ត្រូវ​នៅ នោះ​គ្មាន​ការ​ធ្វើ គ្មាន​ការ​គិត‌គូរ គ្មាន​ដំរិះ ឬ​ប្រាជ្ញា​ឡើយ។ យើង​ក៏​វិល​មក​មើល​នៅ​ក្រោម​ថ្ងៃ ឃើញ​ថា ការ​រត់​ប្រណាំង​មិន​សំរេច​នឹង​មនុស្ស​ដែល​រត់​លឿន ការ​ចំបាំង​ក៏​មិន​សំរេច​នឹង​មនុស្ស​ដែល​មាន​កំឡាំង​ដែរ ឯ​នំបុ័ង មិន​សំរេច​នឹង​មនុស្ស​មាន​ប្រាជ្ញា ឬ​ទ្រព្យ​សម្បត្តិ​នឹង​មនុស្ស​មាន​យោបល់ ឬ​គុណ​នឹង​មនុស្ស​ស្ទាត់​ជំនាញ​នោះ​ដែរ គ្រប់​ទាំង​អស់​ស្រេច​នៅ​ពេល​វេលានឹង​ឱកាស​វិញ

ចែក​រំលែក
អាន សាស្ដា 9