សាស្តា 9:1-11

សាស្តា 9:1-11 គកស១៦

គ្រប់​ការ​ទាំង​នេះ យើង​បាន​ពិចារ‌ណា​នៅ​ក្នុង​ចិត្ត ដើម្បី​ឲ្យ​បាន​យល់​ច្បាស់ ឃើញ​ថា​មនុស្ស​សុចរិត និង​មនុស្ស​មាន​ប្រាជ្ញា ព្រម​ទាំង​កិច្ច‌ការ​របស់​គេ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​នៅ​ក្នុង​អំណាច​ព្រះ‌ហស្ត​របស់​ព្រះ ទោះ​បើ​ការ​នោះ​មក​ដោយ​ស្រឡាញ់ ឬ​សម្អប់​ក្តី នោះ​មនុស្ស​មិន​យល់​ទេ ប៉ុន្តែ ការ​ទាំង​អស់​ឃើញ​ច្បាស់​នៅ​ចំពោះ​មុខ​គេ គ្រប់​ការ​កើត​ដល់​មនុស្ស​ទាំង​អស់​ដូច​គ្នា ដ្បិត​មាន​ការ​មួយ​ដូច​គ្នា​កើត​ដល់​មនុស្ស ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត ទាំង​មនុស្ស​ល្អ និង​មនុស្ស​អាក្រក់ ទាំង​មនុស្ស​ស្អាត និង​មនុស្ស​មិន​ស្អាត ទាំង​អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា និង​អ្នក​មិន​ថ្វាយ។ មនុស្ស​ល្អ​យ៉ាង​ណា មនុស្ស​មាន​បាប​ក៏​យ៉ាង​នោះ​ដែរ ហើយ​អ្នក​ដែល​ស្បថ ក៏​ដូច​ជា​អ្នក​ដែល​មិន​ហ៊ាន​ស្បថ​ដែរ។ នេះ​ជា​ការ​អាក្រក់​មួយ​ក្នុង​អស់​ទាំង​ការ ដែល​កើត​មក​នៅ​ក្រោម​ថ្ងៃ គឺ​ដែល​មាន​សេចក្ដី​តែ​មួយ​ដដែល កើត​ដល់​មនុស្ស​ទាំង​អស់ ចិត្ត​របស់​មនុស្ស​ជាតិ​ក៏​ពេញ​ដោយ​ការ​អាក្រក់ ហើយ​ក៏​មាន​ការ​ចម្កួត​ក្នុង​ចិត្ត អស់​ពេល​ដែល​រស់​នៅ ក្រោយ​នោះ​ក៏​ទៅ​ឯ​ពួក​មនុស្ស​ស្លាប់។ ដ្បិត​មាន​សេចក្ដី​សង្ឃឹម​ចំពោះ​អ្នក​ណា ដែល​នៅ​ជាប់​ក្នុង​ពួក​មនុស្ស​រស់​នៅ​ឡើយ ព្រោះ​ថា សូម្បី​តែ​ឆ្កែ​រស់ គង់​វិសេស​ជាង​សិង្ហ​ស្លាប់​ដែរ។ ដ្បិត​មនុស្ស​ដែល​រស់ គេ​ដឹង​ថា​ខ្លួន​នឹង​ស្លាប់​ជា​មិន​ខាន តែ​មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ គេ​ក៏​គ្មាន​រង្វាន់​អ្វី​ទៀត​ដែរ ព្រោះ​នឹក​ចាំ​ពី​គេ​បាន​សូន្យ​បាត់​ហើយ។ ការ​ស្រឡាញ់ ការ​ស្អប់ និង​ការ​ឈ្នានីស​របស់​គេ​វិនាស​សូន្យ​បាត់​ទៅ​ហើយ គេ​ក៏​ឥត​មាន​ចំណែក​ណា ក្នុង​ការ​អ្វី​ដែល​ធ្វើ​នៅ​ក្រោម​ថ្ងៃ​ជា​ដរាប​ត​ទៅ​មុខ​ដែរ។ ដូច្នេះ ចូរ​ទៅ​ចុះ បរិ‌ភោគ​អាហារ​របស់​ឯង​ដោយ​អំណរ ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ឯង​ដោយ​ចិត្ត​រីក‌រាយ​ផង ដ្បិត​ព្រះ​គាប់​ព្រះ‌ហឫ‌ទ័យ​ចំពោះ​កិច្ច‌ការ​ដែល​ឯង​ធ្វើ​ហើយ។ ចូរ​ឲ្យ​សម្លៀក​បំពាក់​របស់​ឯង​បាន​ស​ជា‌និច្ច ហើយ​កុំ​ខាន​មាន​ប្រេង នៅ​លើ​ក្បាល​ឯង​ដែរ។ ចូរ​រស់​នៅ​ដោយ​អំណរ ជា‌មួយ​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​ឯង​ដរាប ពេល​ដែល​ឯង​រស់​នៅ​ក្នុង​ជីវិត​ដ៏​ឥត​ប្រយោជន៍​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ឯង​នៅ​ក្រោម​ថ្ងៃ​ចុះ គឺ​គ្រប់​មួយ​ជីវិត​ឥត​ប្រយោជន៍​របស់​ឯង ដ្បិត​នោះ​ហើយ​ជា​ចំណែក​របស់​ឯង នៅ​ក្នុង​ជីវិត​នេះ ហើយ​ក្នុង​ការ​នឿយ​ហត់​ដែល​ឯង​ខំ​ធ្វើ​នៅ​ក្រោម​ថ្ងៃ​ផង។ ការ​អ្វី​ដែល​ដៃ​ឯង​អាច​ធ្វើ​បាន ចូរ​ធ្វើ​ដោយ​អស់​ពី​កម្លាំង​ចុះ ដ្បិត​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ជា​កន្លែង​ដែល​ឯង​ត្រូវ​នៅ នោះ​គ្មាន​ការ​ធ្វើ គ្មាន​ការ​គិត‌គូរ គ្មាន​តម្រិះ ឬ​ប្រាជ្ញា​ឡើយ។ យើង​ក៏​វិល​មក​មើល‌នៅ​ក្រោម​ថ្ងៃ ឃើញ​ថា ការ​រត់​ប្រណាំង​មិន​សម្រេច​លើ​មនុស្ស​ដែល​រត់​លឿន ចម្បាំង​ក៏​មិន​សម្រេច​លើ​មនុស្ស​ដែល​មាន​កម្លាំង​ដែរ ឯ​នំបុ័ង មិន​សម្រេច​លើ​មនុស្ស​មាន​ប្រាជ្ញា ឬ​ទ្រព្យ‌សម្បត្តិ និង​មនុស្ស​មាន​យោបល់ ឬ​គុណ​នឹង​មនុស្ស​ស្ទាត់​ជំនាញ​នោះ​ដែរ គ្រប់​ទាំង​អស់​ស្រេច​នៅ​ពេល​វេលា និង​ឱកាស​វិញ។

អាន សាស្តា 9

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង សាស្តា 9:1-11