អេភេសូរ 4

4
ការ​រួប​រួម​ក្នុង​ព្រះ‌កាយ​របស់​ព្រះ‌គ្រីស្ទ
1ដូច្នេះ ខ្ញុំ​ជា​អ្នក​ជាប់​គុក​ក្នុង​ព្រះ‌អម្ចាស់ សូម​ទូន្មាន​អ្នក​រាល់​គ្នា​ឲ្យ​រស់​នៅ​ស័ក្ដិ‌សម​នឹង​ការ​ត្រាស់​ហៅ តាម​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​នោះ​ចុះ 2ទាំង​មាន​ចិត្ត​សុភាព ហើយ​ស្លូត‌បូត​គ្រប់​ជំពូក ទាំង​អត់‌ធ្មត់ ហើយ​ទ្រាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្ដី​ស្រឡាញ់ 3ទាំង​ខំ​ប្រឹង​រក្សា​ការ​រួប​រួម​របស់​ព្រះ‌វិញ្ញាណ ដោយ​ចំណង​នៃ​សេចក្ដី​សុខ​សាន្ត។ 4មាន​រូប‌កាយ​តែ​មួយ និង​ព្រះ‌វិញ្ញាណ​តែ​មួយ ដូច​ជា​អ្នក​រាល់​គ្នា​បាន​ទទួល​ការ​ត្រាស់​ហៅ មក​ក្នុង​សេចក្តី​សង្ឃឹម​តែ​មួយ​នៃ​ការ​ត្រាស់​ហៅ​នោះ​ដែរ 5មាន​ព្រះ‌អម្ចាស់​តែ​មួយ ជំនឿ​តែ​មួយ ពិធី​ជ្រមុជ​តែ​មួយ 6មាន​ព្រះ​តែ​មួយ ហើយ​ជា​ព្រះ‌វរបិតា​នៃ​ទាំង​អស់ ដែល​ព្រះ‌អង្គ​ខ្ពស់​លើ​ទាំង​អស់ ធ្វើ​ការ​តាម​រយៈ​ទាំង​អស់ ហើយ​សណ្ឋិត​នៅ​ក្នុង​ទាំង​អស់។
7ប៉ុន្តែ យើង​ម្នាក់ៗ​បាន​ទទួល​ព្រះ‌គុណ តាម​ខ្នាត​អំណោយ‌ទាន​របស់​ព្រះ‌គ្រីស្ទ​រៀងៗ​ខ្លួន។ 8ហេតុ​នេះ​បាន​ជា​មាន​សេចក្ដី​ថ្លែង​ទុក​ថា៖ «ពេល​ព្រះ‌អង្គ​បាន​យាង​ឡើង​ទៅ​ស្ថាន​ខ្ពស់ ព្រះ‌អង្គ​បាន​ចាប់​ពួក​ឈ្លើយ​នាំ​ទៅ​ជា​ឈ្លើយ ហើយ​បាន​ប្រទាន​អំណោយ‌ទាន​ដល់​មនុស្ស» ។ 9(តើ​ពាក្យ «ព្រះ‌អង្គ​បាន​យាង​ឡើង​ទៅ» មាន​ន័យ​ដូច​ម្តេច? តើ​ព្រះ‌អង្គ​មិន​បាន​យាង​ចុះ​ទៅ​ស្ថាន​ទាប​ក្រោម​ដី​ដែរ​ទេ​ឬ? 10ព្រះ‌អង្គ​ដែល​យាង​ចុះ​ទៅ​នោះ ជា​ព្រះ‌អង្គ​ដដែល ដែល​បាន​យាង​ឡើង​ផុត​អស់​ទាំង​ជាន់​នៅ​ស្ថាន‌សួគ៌ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​បំពេញ​គ្រប់​ទាំង​អស់)។ 11ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​អ្នក​ខ្លះ​ធ្វើ​ជា​សាវក អ្នក​ខ្លះ​ជា​ហោរា អ្នក​ខ្លះ​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ អ្នក​ខ្លះ​ជា​គ្រូ​គង្វាល ហើយ​អ្នក​ខ្លះ​ជា​គ្រូ​បង្រៀន 12ដើម្បី​នាំ​ឲ្យ​ពួក​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍ សម្រាប់​កិច្ច‌ការ​បម្រើ ហើយ​ស្អាង​ព្រះ‌កាយ​របស់​ព្រះ‌គ្រីស្ទ​ឡើង 13រហូត​ដល់​យើង​ទាំង​អស់​គ្នា​បាន​រួប​រួម​នៅ​ក្នុង​ជំនឿ ហើយ​បាន​ស្គាល់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ទៅ​ជា​មនុស្ស​ពេញ​វ័យ និង​ដល់​ខ្នាត​កម្ពស់​នៃ​សេចក្តី​ពោរ‌ពេញ​របស់​ព្រះ‌គ្រីស្ទ។ 14ដើម្បី​កុំ​ឲ្យ​យើង​នៅ​ជា​កូន​តូច​ទៀត ទាំង​ត្រូវ​គ្រប់​ទាំង​ខ្យល់​នៃ​សេចក្តី​បង្រៀន​ផាត់​ចុះ​ផាត់​ឡើង ដោយ​សេចក្តី​ឆ‌បោក​របស់​មនុស្ស និង​ដោយ​ឧបាយ‌កល​ដែល​គេ​នាំ​ឲ្យ​វង្វេង​ទៀត​ឡើយ។ 15ផ្ទុយ​ទៅ​វិញ ដោយ​និយាយ​សេចក្តី​ពិត​ដោយ​សេចក្តី​ស្រឡាញ់ នោះ​យើង​ត្រូវ​ចម្រើន​ឡើង​គ្រប់​ការ​ទាំង​អស់​ក្នុង​ព្រះ‌អង្គ គឺ​ព្រះ‌គ្រីស្ទ​ជា​សិរសា 16ដែល​រូប‌កាយ​ទាំង​មូល​បាន​ផ្គុំ ហើយ​ភ្ជាប់​គ្នា​មក​ពី​ព្រះ‌អង្គ ដោយ​សារ​គ្រប់​ទាំង​សន្លាក់​ដែល​ផ្គត់‌ផ្គង់​ឲ្យ តាម​ខ្នាត​ការ‌ងារ​របស់​អវយវៈ​នីមួយៗ នោះ​រូប‌កាយ​បាន​ចម្រើន​ឡើង និង​ស្អាង​ខ្លួន ក្នុង​សេចក្តី​ស្រឡាញ់។
ជីវិត​ចាស់ និង​ជីវិត​ថ្មី
17ដូច្នេះ ខ្ញុំ​និយាយ​សេចក្តី​នេះ ហើយ​ធ្វើ​បន្ទាល់​ក្នុង​ព្រះ‌អម្ចាស់​ថា មិន​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​ដូច​សាសន៍​ដទៃ ដែល​រស់​នៅ​តាម​គំនិត​ឥត​ប្រយោជន៍​របស់​គេ​ទៀត​ឡើយ។ 18គំនិត​របស់​គេ​ត្រូវ​ងងឹត ហើយ​គេ​ដាច់​ចេញ​ពី​ព្រះ‌ជន្ម​របស់​ព្រះ ដោយ​សារ​សេចក្តី​ល្ងង់​ខ្លៅ និង​ចិត្ត​រឹង​រូស​របស់​គេ។ 19គេ​លែង​ខ្លាច​បាប ហើយ​បាន​បណ្ដោយ​ខ្លួន​ទៅ​តាម​សេចក្តី​អាស‌អាភាស ដើម្បី​ប្រព្រឹត្ត​អំពើ​ស្មោក​គ្រោក​គ្រប់​យ៉ាង​មិន​ចេះ​ស្កប់។ 20អ្នក​រាល់​គ្នា​មិន​បាន​រៀន​ឲ្យ​ស្គាល់​ព្រះ‌គ្រីស្ទ​បែប​នោះ​ទេ! 21អ្នក​រាល់​គ្នា​ពិត​ជា​បាន​ឮ​អំពី​ព្រះ‌អង្គ ហើយ​បាន​រៀន​ក្នុង​ព្រះ‌អង្គ តាម​សេចក្តី​ពិត​ដែល​នៅ​ក្នុង​ព្រះ‌យេស៊ូវ។ 22ខាង​ឯ​កិរិយា​ប្រព្រឹត្ត​កាល​ពី​ដើម នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ដោះ​មនុស្ស​ចាស់ ដែល​តែង​តែ​ខូច តាម​សេចក្តី​ប៉ង​ប្រាថ្នា​របស់​សេចក្តី​ឆបោក​ចោល​ទៅ 23ហើយ​ឲ្យ​គំនិត​ក្នុង​ចិត្ត​របស់​អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ជា​ថ្មី​ឡើង 24ទាំង​ពាក់​មនុស្ស​ថ្មី ដែល​ព្រះ​បាន​បង្កើត​មក​ឲ្យ​ដូច​ព្រះ‌អង្គ​ក្នុង​សេចក្តី​សុចរិត និង​ក្នុង​សេចក្តី​បរិសុទ្ធ​របស់​សេចក្តី​ពិត។
របៀប​រស់​នៅ​ក្នុង​ជីវិត​ថ្មី
25ដូច្នេះ ដែល​បាន​ដោះ​សេចក្តី​ភូត​ភរ​ចេញ​ហើយ នោះ​ត្រូវ​ឲ្យ​និយាយ​សេចក្តី​ពិត​ទៅ​អ្នក​ជិត​ខាង​ខ្លួន​វិញ ដ្បិត​យើង​ជា​អវយវៈ​របស់​គ្នា​ទៅ​វិញ​ទៅ​មក ។ 26ចូរ​ខឹង​ចុះ តែ​កុំ​ឲ្យ​ធ្វើ​បាប កុំ​ឲ្យ​សេចក្តី​កំហឹង​របស់​អ្នក​រាល់​គ្នា​នៅ​រហូត​ដល់​ថ្ងៃ​លិច​ឡើយ 27កុំ​ឲ្យ​អារក្ស​មាន​ឱកាស​ឲ្យ​សោះ។ 28អ្នក​ណា​ដែល​ធ្លាប់​លួច ត្រូវ​ឈប់​លួច​ទៀត ផ្ទុយ​ទៅ​វិញ ត្រូវ​ឲ្យ​អ្នក​នោះ​ខំ​ប្រឹង​ដោយ​ចិត្ត​ទៀង​ត្រង់ ទាំង​ធ្វើ​ការ​ល្អ​ដោយ​ដៃ​ខ្លួន​វិញ ដើម្បី​ឲ្យ​មាន​អ្វី​ចែក​ដល់​អ្នក​ដែល​ខ្វះ​ខាត​ផង។ 29មិន​ត្រូវ​ឲ្យ​មាន​ពាក្យ​អាក្រក់​ណា​មួយ​ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​និយាយ​តែ​ពាក្យ​ល្អៗ សម្រាប់​ស្អាង​ចិត្ត​តាម​ត្រូវ​ការ ដើម្បី​ឲ្យ​បាន​ផ្តល់​ព្រះ‌គុណ​ដល់​អស់​អ្នក​ដែល​ស្តាប់។ 30កុំ​ធ្វើ​ឲ្យ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​ព្រួយ​ព្រះ‌ហឫ‌ទ័យ​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​ដៅ​ចំណាំ​អ្នក​រាល់​គ្នា ទុក​សម្រាប់​ថ្ងៃ​ប្រោស​លោះ។ 31ចូរ​ដក​អស់​ទាំង​សេចក្តី​ជូរ​ចត់ ចិត្ត​ក្តៅ​ក្រហាយ កំហឹង ឡូឡា ជេរ​ប្រមាថ និង​គ្រប់​ទាំង​សេចក្តី​អាក្រក់ ចេញ​ពី​ពួក​អ្នក​រាល់​គ្នា​ទៅ 32ចូរ​មាន​ចិត្ត​សប្បុរស​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ទាំង​មាន​ចិត្ត​ទន់​សន្តោស ហើយ​អត់​ទោស​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ព្រះ​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​ដែរ។

ទើបបានជ្រើសរើសហើយ៖

អេភេសូរ 4: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល