អេភេសូរ 4
4
ការរួបរួមក្នុងព្រះកាយរបស់ព្រះគ្រីស្ទ
1ដូច្នេះ ខ្ញុំជាអ្នកជាប់គុកក្នុងព្រះអម្ចាស់ សូមទូន្មានអ្នករាល់គ្នាឲ្យរស់នៅស័ក្ដិសមនឹងការត្រាស់ហៅ តាមដែលព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នានោះចុះ 2ទាំងមានចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូក ទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ 3ទាំងខំប្រឹងរក្សាការរួបរួមរបស់ព្រះវិញ្ញាណ ដោយចំណងនៃសេចក្ដីសុខសាន្ត។ 4មានរូបកាយតែមួយ និងព្រះវិញ្ញាណតែមួយ ដូចជាអ្នករាល់គ្នាបានទទួលការត្រាស់ហៅ មកក្នុងសេចក្តីសង្ឃឹមតែមួយនៃការត្រាស់ហៅនោះដែរ 5មានព្រះអម្ចាស់តែមួយ ជំនឿតែមួយ ពិធីជ្រមុជតែមួយ 6មានព្រះតែមួយ ហើយជាព្រះវរបិតានៃទាំងអស់ ដែលព្រះអង្គខ្ពស់លើទាំងអស់ ធ្វើការតាមរយៈទាំងអស់ ហើយសណ្ឋិតនៅក្នុងទាំងអស់។
7ប៉ុន្តែ យើងម្នាក់ៗបានទទួលព្រះគុណ តាមខ្នាតអំណោយទានរបស់ព្រះគ្រីស្ទរៀងៗខ្លួន។ 8ហេតុនេះបានជាមានសេចក្ដីថ្លែងទុកថា៖ «ពេលព្រះអង្គបានយាងឡើងទៅស្ថានខ្ពស់ ព្រះអង្គបានចាប់ពួកឈ្លើយនាំទៅជាឈ្លើយ ហើយបានប្រទានអំណោយទានដល់មនុស្ស» ។ 9(តើពាក្យ «ព្រះអង្គបានយាងឡើងទៅ» មានន័យដូចម្តេច? តើព្រះអង្គមិនបានយាងចុះទៅស្ថានទាបក្រោមដីដែរទេឬ? 10ព្រះអង្គដែលយាងចុះទៅនោះ ជាព្រះអង្គដដែល ដែលបានយាងឡើងផុតអស់ទាំងជាន់នៅស្ថានសួគ៌ ដើម្បីឲ្យព្រះអង្គបានបំពេញគ្រប់ទាំងអស់)។ 11ព្រះអង្គបានប្រទានឲ្យអ្នកខ្លះធ្វើជាសាវក អ្នកខ្លះជាហោរា អ្នកខ្លះជាអ្នកផ្សាយដំណឹងល្អ អ្នកខ្លះជាគ្រូគង្វាល ហើយអ្នកខ្លះជាគ្រូបង្រៀន 12ដើម្បីនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ សម្រាប់កិច្ចការបម្រើ ហើយស្អាងព្រះកាយរបស់ព្រះគ្រីស្ទឡើង 13រហូតដល់យើងទាំងអស់គ្នាបានរួបរួមនៅក្នុងជំនឿ ហើយបានស្គាល់ព្រះរាជបុត្រារបស់ព្រះ ទៅជាមនុស្សពេញវ័យ និងដល់ខ្នាតកម្ពស់នៃសេចក្តីពោរពេញរបស់ព្រះគ្រីស្ទ។ 14ដើម្បីកុំឲ្យយើងនៅជាកូនតូចទៀត ទាំងត្រូវគ្រប់ទាំងខ្យល់នៃសេចក្តីបង្រៀនផាត់ចុះផាត់ឡើង ដោយសេចក្តីឆបោករបស់មនុស្ស និងដោយឧបាយកលដែលគេនាំឲ្យវង្វេងទៀតឡើយ។ 15ផ្ទុយទៅវិញ ដោយនិយាយសេចក្តីពិតដោយសេចក្តីស្រឡាញ់ នោះយើងត្រូវចម្រើនឡើងគ្រប់ការទាំងអស់ក្នុងព្រះអង្គ គឺព្រះគ្រីស្ទជាសិរសា 16ដែលរូបកាយទាំងមូលបានផ្គុំ ហើយភ្ជាប់គ្នាមកពីព្រះអង្គ ដោយសារគ្រប់ទាំងសន្លាក់ដែលផ្គត់ផ្គង់ឲ្យ តាមខ្នាតការងាររបស់អវយវៈនីមួយៗ នោះរូបកាយបានចម្រើនឡើង និងស្អាងខ្លួន ក្នុងសេចក្តីស្រឡាញ់។
ជីវិតចាស់ និងជីវិតថ្មី
17ដូច្នេះ ខ្ញុំនិយាយសេចក្តីនេះ ហើយធ្វើបន្ទាល់ក្នុងព្រះអម្ចាស់ថា មិនត្រូវឲ្យអ្នករាល់គ្នារស់នៅដូចសាសន៍ដទៃ ដែលរស់នៅតាមគំនិតឥតប្រយោជន៍របស់គេទៀតឡើយ។ 18គំនិតរបស់គេត្រូវងងឹត ហើយគេដាច់ចេញពីព្រះជន្មរបស់ព្រះ ដោយសារសេចក្តីល្ងង់ខ្លៅ និងចិត្តរឹងរូសរបស់គេ។ 19គេលែងខ្លាចបាប ហើយបានបណ្ដោយខ្លួនទៅតាមសេចក្តីអាសអាភាស ដើម្បីប្រព្រឹត្តអំពើស្មោកគ្រោកគ្រប់យ៉ាងមិនចេះស្កប់។ 20អ្នករាល់គ្នាមិនបានរៀនឲ្យស្គាល់ព្រះគ្រីស្ទបែបនោះទេ! 21អ្នករាល់គ្នាពិតជាបានឮអំពីព្រះអង្គ ហើយបានរៀនក្នុងព្រះអង្គ តាមសេចក្តីពិតដែលនៅក្នុងព្រះយេស៊ូវ។ 22ខាងឯកិរិយាប្រព្រឹត្តកាលពីដើម នោះត្រូវឲ្យអ្នករាល់គ្នាដោះមនុស្សចាស់ ដែលតែងតែខូច តាមសេចក្តីប៉ងប្រាថ្នារបស់សេចក្តីឆបោកចោលទៅ 23ហើយឲ្យគំនិតក្នុងចិត្តរបស់អ្នករាល់គ្នាបានកែប្រែជាថ្មីឡើង 24ទាំងពាក់មនុស្សថ្មី ដែលព្រះបានបង្កើតមកឲ្យដូចព្រះអង្គក្នុងសេចក្តីសុចរិត និងក្នុងសេចក្តីបរិសុទ្ធរបស់សេចក្តីពិត។
របៀបរស់នៅក្នុងជីវិតថ្មី
25ដូច្នេះ ដែលបានដោះសេចក្តីភូតភរចេញហើយ នោះត្រូវឲ្យនិយាយសេចក្តីពិតទៅអ្នកជិតខាងខ្លួនវិញ ដ្បិតយើងជាអវយវៈរបស់គ្នាទៅវិញទៅមក ។ 26ចូរខឹងចុះ តែកុំឲ្យធ្វើបាប កុំឲ្យសេចក្តីកំហឹងរបស់អ្នករាល់គ្នានៅរហូតដល់ថ្ងៃលិចឡើយ 27កុំឲ្យអារក្សមានឱកាសឲ្យសោះ។ 28អ្នកណាដែលធ្លាប់លួច ត្រូវឈប់លួចទៀត ផ្ទុយទៅវិញ ត្រូវឲ្យអ្នកនោះខំប្រឹងដោយចិត្តទៀងត្រង់ ទាំងធ្វើការល្អដោយដៃខ្លួនវិញ ដើម្បីឲ្យមានអ្វីចែកដល់អ្នកដែលខ្វះខាតផង។ 29មិនត្រូវឲ្យមានពាក្យអាក្រក់ណាមួយចេញពីមាត់អ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ត្រូវនិយាយតែពាក្យល្អៗ សម្រាប់ស្អាងចិត្តតាមត្រូវការ ដើម្បីឲ្យបានផ្តល់ព្រះគុណដល់អស់អ្នកដែលស្តាប់។ 30កុំធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះព្រួយព្រះហឫទ័យឡើយ ដ្បិតព្រះអង្គបានដៅចំណាំអ្នករាល់គ្នា ទុកសម្រាប់ថ្ងៃប្រោសលោះ។ 31ចូរដកអស់ទាំងសេចក្តីជូរចត់ ចិត្តក្តៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ និងគ្រប់ទាំងសេចក្តីអាក្រក់ ចេញពីពួកអ្នករាល់គ្នាទៅ 32ចូរមានចិត្តសប្បុរសដល់គ្នាទៅវិញទៅមក ទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នាទៅវិញទៅមក ដូចជាព្រះបានអត់ទោសឲ្យអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទដែរ។
ទើបបានជ្រើសរើសហើយ៖
អេភេសូរ 4: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies