អេភេសូរ 5

5
1ដូច្នេះ ចូរ​ត្រាប់​តាម​ព្រះ ដូច​ជា​កូន​ស្ងួន‌ភ្ងា 2ហើយ​រស់​នៅ​ក្នុង​សេចក្តី​ស្រឡាញ់ ដូច​ព្រះ‌គ្រីស្ទ​បាន​ស្រឡាញ់​យើង ព្រម​ទាំង​ប្រគល់​ព្រះ‌អង្គ​ទ្រង់​ជំនួស​យើង ទុក​ជា​តង្វាយ និង​ជា​យញ្ញ‌បូជា​ដ៏​មាន​ក្លិន​ក្រអូប​ចំពោះ​ព្រះ។
បោះ‌បង់​ផ្លូវ​អាក្រក់​ចោល
3រីឯ​អំពើ​សហាយ​ស្មន់ សេចក្ដី​ស្មោក​គ្រោក​គ្រប់​យ៉ាង និង​សេចក្តី​លោភ​លន់ នោះ​មិន​ត្រូវ​ឲ្យ​ឮ​ឈ្មោះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ផង ព្រោះ​មិន​គួរ​គប្បី​ក្នុង​ពួក​បរិសុទ្ធ​ឡើយ។ 4ឯ​រឿង​គួរ​ខ្មាស ពាក្យ​សម្ដី​ចម្កួត និង​ពាក្យ​សម្ដី​អាស​គ្រាម ក៏​មិន​ត្រូវ​ឲ្យ​មាន​ដែរ គឺ​ត្រូវ​ពោល​ពាក្យ​អរ​ព្រះ‌គុណ​វិញ។ 5ចូរ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​នេះ​ឲ្យ​ច្បាស់​ថា អ្នក​ប្រព្រឹត្ត​អំពើ​សហាយ​ស្មន់ មនុស្ស​ស្មោក​គ្រោក ឬ​មនុស្ស​ដែល​មាន​ចិត្ត​លោភ​លន់ (គឺ​មនុស្ស​ថ្វាយ​បង្គំ​រូប​ព្រះ) មិន​អាច​គ្រង​មត៌ក​ក្នុង​ព្រះរាជ្យ​របស់​ព្រះ‌គ្រីស្ទ និង​របស់​ព្រះ​បាន​ឡើយ។ 6កុំ​ឲ្យ​អ្នក​ណា​ម្នាក់​បញ្ឆាត​អ្នក​រាល់​គ្នា ដោយ​ពាក្យ​សម្ដី​ឥត​ប្រយោជន៍​ឡើយ ដ្បិត​គឺ​ដោយ​ព្រោះ​សេចក្តី​ទាំង​នេះ​ហើយ ដែល​សេចក្តី​ក្រោធ​របស់​ព្រះ​ធ្លាក់​មក​លើ​អស់​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់។ 7ដូច្នេះ កុំ​សេព​គប់​ជាមួយ​ពួកគេ​ឲ្យ​សោះ។ 8ដ្បិត​កាល​ពី​ដើម អ្នក​រាល់​គ្នា​ងងឹត​មែន តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​ជា​ពន្លឺ​ក្នុង​ព្រះ‌អម្ចាស់ ដូច្នេះ ចូរ​រស់​នៅ​ដូច​ជា​កូន​នៃ​ពន្លឺ​ចុះ 9(ដ្បិត​ផល​ផ្លែ​នៃ​ពន្លឺ មាន​នៅ​ក្នុង​គ្រប់​សេចក្ដី​ល្អ សេចក្តី​សុចរិត និង​សេចក្តី​ពិត)។ 10ត្រូវ​ល​មើល​ឲ្យ​ដឹង​ពី​សេចក្តី​អ្វី​ដែល​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫ‌ទ័យ​ចុះ។ 11កុំ​ចូល​រួម​ក្នុង​កិច្ច‌ការ​ឥត​ផល​ប្រយោជន៍​របស់​សេចក្តី​ងងឹត​ឡើយ ប៉ុន្តែ ត្រូវ​លាត​ត្រដាង​ការ​ទាំង​នោះ​វិញ។ 12ដ្បិត​ការ​ទាំង​ប៉ុន្មាន​ដែល​គេ​ប្រព្រឹត្ត​ដោយ​សម្ងាត់ នោះ​សូម្បី​តែ​និយាយ ក៏​គួរ​ឲ្យ​ខ្មាស​ទៅ​ហើយ 13តែ​ការ​ទាំង​អស់​បាន​លាត​ត្រដាង​ឲ្យ​ឃើញ​ច្បាស់ ដោយ​សារ​ពន្លឺ 14ដ្បិត​គឺ​ពន្លឺ​ហើយ​ដែល​គេ​មើល​ឃើញ​អ្វីៗ​ទាំង​អស់។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​សេចក្ដី​ថ្លែង​ទុក​មក​ថា «អ្នក​ដែល​ដេក​លក់​អើយ ចូរ​ភ្ញាក់​ឡើង ចូរ​ក្រោក​ពី​ពួក​មនុស្ស​ស្លាប់​ឡើង នោះ​ព្រះ‌គ្រីស្ទ​នឹង​ចាំង​ពន្លឺ​មក​លើ​អ្នក»។ 15ដូច្នេះ ចូរ​ប្រយ័ត្ន​ពី​របៀប​ដែល​អ្នក​រាល់​គ្នា​រស់​នៅ​ឲ្យ​មែន​ទែន កុំ​ឲ្យ​ដូច​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ តែ​ដូច​ជា​មនុស្ស​មាន​ប្រាជ្ញា​វិញ 16ទាំង​ចេះ​ប្រើ​ប្រាស់​ពេល​វេលា​ផង ព្រោះ​សម័យ​នេះ​អាក្រក់​ណាស់។ 17ដូច្នេះ កុំ​ល្ងង់​ខ្លៅ​ឡើយ តែ​ត្រូវ​យល់​ពី​អ្វី​ដែល​ជា​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អម្ចាស់។ 18កុំ​ស្រវឹង​ស្រា ដ្បិត​ស្រា​នាំ​ឲ្យ​ព្រើល​ចិត្ត តែ​ចូរ​ឲ្យ​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​វិញ 19ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ទំនុក​តម្កើង ទំនុក​បរិសុទ្ធ និង​ចម្រៀង​ខាង​វិញ្ញាណ ទាំង​ច្រៀង ហើយ​បង្កើត​ជា​ទំនុក​សរសើរ​ថ្វាយ​ព្រះ‌អម្ចាស់​ឲ្យ​អស់​ពី​ចិត្ត 20ទាំង​អរ​ព្រះ‌គុណ​ដល់​ព្រះ ជា​ព្រះ‌វរបិតា​ជា‌និច្ច ក្នុង​គ្រប់​ការ​ទាំង​អស់ ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង។
គ្រួសារ​គ្រីស្ទបរិស័ទ
21ត្រូវ​ចុះ​ចូល​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​កោត​ខ្លាច​ដល់​ព្រះ‌គ្រីស្ទ។
22ប្រពន្ធ​រាល់​គ្នា​អើយ ត្រូវ​ចុះ​ចូល​នឹង​ប្តី​របស់​ខ្លួន ដូច​ជា​ចុះ​ចូល​នឹង​ព្រះ‌អម្ចាស់​ចុះ។ 23ដ្បិត​ប្តី​ជា​ក្បាល​របស់​ប្រពន្ធ ដូច​ព្រះ‌គ្រីស្ទ​ជា​សិរសា​របស់​ក្រុម​ជំនុំ ហើយ​ព្រះ‌អង្គ​ផ្ទាល់ ជា​ព្រះ‌សង្គ្រោះ​របស់​រូប‌កាយ។ 24ដូច​ជា​ក្រុម​ជំនុំ​ចុះ​ចូល​នឹង​ព្រះ‌គ្រីស្ទ​យ៉ាង​ណា ប្រពន្ធ​ក៏​ត្រូវ​ចុះ​ចូល​នឹង​ប្តី​របស់​ខ្លួន ក្នុង​គ្រប់​ការ​ទាំង​អស់​យ៉ាង​នោះ​ដែរ។
25ប្ដី​រាល់​គ្នា​អើយ ចូរ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ដូច​ព្រះ‌គ្រីស្ទ​បាន​ស្រឡាញ់​ក្រុម​ជំនុំ ហើយ​បាន​ប្រគល់​អង្គ​ទ្រង់​សម្រាប់​ក្រុម​ជំនុំ​ដែរ 26ដើម្បី​ញែក​ក្រុម​ជំនុំ​ជា​បរិសុទ្ធ ដោយ​បាន​លាង​សម្អាត​នឹង​ទឹក គឺ​ដោយ​ព្រះ‌បន្ទូល 27ដើម្បី​ថ្វាយ​ក្រុម​ជំនុំ​នេះ​ដល់​ព្រះ‌អង្គ ទុក​ជា​ក្រុម​ជំនុំ​ដ៏​ឧត្តម ឥត​ប្រឡាក់ ឥត​ជ្រួញ ឬ​មាន​អ្វី​មួយ​ដូច​នោះ​ឡើយ គឺ​ឲ្យ​បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន​វិញ។ 28ដូច្នេះ ប្តី​ត្រូវ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ឲ្យ​ដូច​ជា​ស្រឡាញ់​រូប‌កាយ​របស់​ខ្លួន​ដែរ។ អ្នក​ណា​ដែល​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន អ្នក​នោះ​ស្រឡាញ់​ខ្លួន​ឯង​ហើយ។ 29ដ្បិត​មិន​ដែល​មាន​អ្នក​ណា​ម្នាក់​ស្អប់​រូប​សាច់​ខ្លួន​ឯង​ឡើយ គឺ​គេ​តែង​ចិញ្ចឹម ហើយ​ថ្នាក់​ថ្នម ដូច​ព្រះ‌គ្រីស្ទ​ចិញ្ចឹម ហើយ​ថ្នាក់​ថ្នម​ដល់​ក្រុម​ជំនុំ 30ព្រោះ​យើង​ជា​អវយវៈ​នៃ​ព្រះ​កាយ​របស់​ព្រះ‌អង្គ។ 31«ដោយ​ហេតុ​នេះ​បាន​ជា​បុរស​ត្រូវ​ចាក​ចេញ​ពី​ឪពុក‌ម្តាយ ទៅ​នៅ​ជាប់​ជា​មួយ​ប្រពន្ធ​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​នឹង​ត្រឡប់​ជា​សាច់​តែ​មួយ »។ 32សេចក្តី​អាថ៌‌កំបាំង​នេះ​ជ្រៅ​ណាស់ តែ​ខ្ញុំ​និយាយ​ដូច្នោះ សំ​ដៅ​លើ​ព្រះ‌គ្រីស្ទ និង​ក្រុម​ជំនុំ​វិញ។ 33ប៉ុន្តែ អ្នក​រាល់​គ្នា​ម្នាក់ៗ​ត្រូវ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ដូច​ស្រឡាញ់​ខ្លួន​ឯង ហើយ​ប្រពន្ធ​ក៏​ត្រូវ​គោរព​ប្តី​របស់​ខ្លួន​ដែរ។

ទើបបានជ្រើសរើសហើយ៖

អេភេសូរ 5: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល