អេភេសូរ 5:8-19

អេភេសូរ 5:8-19 គកស១៦

ដ្បិត​កាល​ពី​ដើម អ្នក​រាល់​គ្នា​ងងឹត​មែន តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​ជា​ពន្លឺ​ក្នុង​ព្រះ‌អម្ចាស់ ដូច្នេះ ចូរ​រស់​នៅ​ដូច​ជា​កូន​នៃ​ពន្លឺ​ចុះ (ដ្បិត​ផល​ផ្លែ​នៃ​ពន្លឺ មាន​នៅ​ក្នុង​គ្រប់​សេចក្ដី​ល្អ សេចក្តី​សុចរិត និង​សេចក្តី​ពិត)។ ត្រូវ​ល​មើល​ឲ្យ​ដឹង​ពី​សេចក្តី​អ្វី​ដែល​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫ‌ទ័យ​ចុះ។ កុំ​ចូល​រួម​ក្នុង​កិច្ច‌ការ​ឥត​ផល​ប្រយោជន៍​របស់​សេចក្តី​ងងឹត​ឡើយ ប៉ុន្តែ ត្រូវ​លាត​ត្រដាង​ការ​ទាំង​នោះ​វិញ។ ដ្បិត​ការ​ទាំង​ប៉ុន្មាន​ដែល​គេ​ប្រព្រឹត្ត​ដោយ​សម្ងាត់ នោះ​សូម្បី​តែ​និយាយ ក៏​គួរ​ឲ្យ​ខ្មាស​ទៅ​ហើយ តែ​ការ​ទាំង​អស់​បាន​លាត​ត្រដាង​ឲ្យ​ឃើញ​ច្បាស់ ដោយ​សារ​ពន្លឺ ដ្បិត​គឺ​ពន្លឺ​ហើយ​ដែល​គេ​មើល​ឃើញ​អ្វីៗ​ទាំង​អស់។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​សេចក្ដី​ថ្លែង​ទុក​មក​ថា «អ្នក​ដែល​ដេក​លក់​អើយ ចូរ​ភ្ញាក់​ឡើង ចូរ​ក្រោក​ពី​ពួក​មនុស្ស​ស្លាប់​ឡើង នោះ​ព្រះ‌គ្រីស្ទ​នឹង​ចាំង​ពន្លឺ​មក​លើ​អ្នក»។ ដូច្នេះ ចូរ​ប្រយ័ត្ន​ពី​របៀប​ដែល​អ្នក​រាល់​គ្នា​រស់​នៅ​ឲ្យ​មែន​ទែន កុំ​ឲ្យ​ដូច​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ តែ​ដូច​ជា​មនុស្ស​មាន​ប្រាជ្ញា​វិញ ទាំង​ចេះ​ប្រើ​ប្រាស់​ពេល​វេលា​ផង ព្រោះ​សម័យ​នេះ​អាក្រក់​ណាស់។ ដូច្នេះ កុំ​ល្ងង់​ខ្លៅ​ឡើយ តែ​ត្រូវ​យល់​ពី​អ្វី​ដែល​ជា​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អម្ចាស់។ កុំ​ស្រវឹង​ស្រា ដ្បិត​ស្រា​នាំ​ឲ្យ​ព្រើល​ចិត្ត តែ​ចូរ​ឲ្យ​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​វិញ ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ទំនុក​តម្កើង ទំនុក​បរិសុទ្ធ និង​ចម្រៀង​ខាង​វិញ្ញាណ ទាំង​ច្រៀង ហើយ​បង្កើត​ជា​ទំនុក​សរសើរ​ថ្វាយ​ព្រះ‌អម្ចាស់​ឲ្យ​អស់​ពី​ចិត្ត

អាន អេភេសូរ 5