នាងអេសធើរ 8
8
ព្រះនាងអេសធើរសង្គ្រោះពួកសាសន៍យូដា
1នៅថ្ងៃនោះ ព្រះបាទអ័ហាស៊ូរុសប្រទានផ្ទះរបស់ហាម៉ាន ជាខ្មាំងសត្រូវរបស់សាសន៍យូដា ដល់ព្រះនាងអេសធើរ ជាអគ្គមហេសី ឯម៉ាដេកាយក៏ចូលទៅចំពោះស្តេច ព្រោះព្រះនាងអេសធើរបានទូលស្ដេចថាលោកជាអ្វីដល់ព្រះនាង។ 2ស្ដេចក៏ដោះត្រាព្រះទម្រង់ ដែលបានដកហូតពីហាម៉ាន មកប្រគល់ជូនម៉ាដេកាយវិញ ហើយព្រះនាងអេសធើរក៏តាំងម៉ាដេកាយ ឲ្យគ្រប់គ្រងលើផ្ទះរបស់ហាម៉ាន។
3បន្ទាប់មក ព្រះនាងអេសធើរក៏ទូលស្តេចជាថ្មី ដោយក្រាបនៅទៀបព្រះបាទរបស់ស្ដេច អង្វរទាំងទឹកភ្នែក ឲ្យទ្រង់លើកចោលគម្រោងការអាក្រក់របស់ហាម៉ាន ជាសាសន៍អ័កាក់ ព្រមទាំងឧបាយ ដែលវាបានបង្កើតទាស់នឹងពួកសាសន៍យូដា។ 4កាលស្ដេចហុចដំបងមាសទៅឲ្យព្រះនាងអេសធើរ ព្រះនាងអេសធើរក៏ក្រោកឡើង ហើយឈរនៅចំពោះស្តេច។ 5ព្រះនាងទូលថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ ប្រសិនបើព្រះករុណាប្រោសមេត្តាដល់ខ្ញុំម្ចាស់ ហើយប្រសិនបើព្រះករុណារាប់សេចក្ដីនេះថាជាគួរគប្បី ហើយខ្ញុំម្ចាស់ជាទីរីករាយនៅចំពោះព្រះករុណាមែន សូមទ្រង់ចេញរាជបញ្ជាមួយច្បាប់ លុបចោលសំបុត្រទាំងប៉ុន្មានដែលហាម៉ាន ជាកូនហាំម្តាថា សាសន៍អ័កាក់បានសរសេរ ដោយបញ្ជាឲ្យបំផ្លាញពួកសាសន៍យូដា នៅគ្រប់ទាំងអាណាខេត្តរបស់ព្រះករុណានោះទៅ។ 6ដ្បិតធ្វើដូចម្តេចឲ្យខ្ញុំម្ចាស់ទ្រាំមើលទុក្ខវេទនា ដែលនឹងកើតដល់ប្រជាជនរបស់ខ្ញុំម្ចាស់ ឬទ្រាំមើលញាតិសន្តានរបស់ខ្ញុំម្ចាស់ត្រូវវិនាសទៅបាន?» 7ពេលនោះ ព្រះបាទអ័ហាស៊ូរុសមានរាជឱង្ការទៅព្រះនាងអេសធើរ ជាអគ្គមហេសី និងម៉ាដេកាយ ជាសាសន៍យូដាថា៖ «មើល៍ យើងបានប្រគល់ផ្ទះរបស់ហាម៉ានដល់ព្រះនាងអេសធើរ ហើយក៏បានឲ្យគេចងកវាព្យួរនៅលើបង្គោលដែរ ព្រោះតែវាលូកដៃទៅទាស់នឹងសាសន៍យូដា។ 8ឥឡូវនេះ ចូរសរសេរក្នុងនាមស្ដេច ផ្ញើទៅសាសន៍យូដា តាមតែចិត្តចុះ ហើយប្រថាប់ត្រាដោយព្រះទម្រង់រាជ្យ ដ្បិតរាជបញ្ជាដែលបានចែងក្នុងនាមព្រះមហាក្សត្រ ក៏ប្រថាប់ត្រាដោយព្រះទម្រង់រាជ្យ នោះមិនអាចលុបចោលបានឡើយ»។
9នៅវេលានោះ គឺថ្ងៃទីម្ភៃបី ខែទីបី ជាខែជេស្ឋ គេបានហៅពួកស្មៀនហ្លួងមក ហើយប្រាប់ឲ្យសរសេររាជបញ្ជា តាមសេចក្ដីដែលម៉ាដេកាយបង្គាប់ដល់ពួកសាសន៍យូដា ពួកនាយកតំណាងស្ដេច ពួកទេសាភិបាល ហើយពួកមន្ត្រីទាំងមួយរយម្ភៃប្រាំពីរអាណាខេត្ត ចាប់តាំងពីស្រុកឥណ្ឌា រហូតដល់ស្រុកអេធីយ៉ូពី គឺដល់គ្រប់ទាំងអាណាខេត្ត តាមអក្សរជាតិ និងដល់គ្រប់ទាំងសាសន៍ តាមភាសារបស់គេ ហើយដល់សាសន៍យូដា តាមអក្សរ តាមភាសារបស់គេដែរ។ 10ម៉ាដេកាយ បានសរសេរក្នុងនាមព្រះបាទអ័ហាស៊ូរុស ប្រថាប់ត្រាដោយព្រះទម្រង់រាជ្យ ហើយផ្ញើទៅតាមរយៈពួកអ្នករត់សំបុត្រ ដែលជិះសេះ ជាសេះលឿន ជាពូជដែលយកពីក្រោលរបស់ស្តេច 11ឯក្នុងសំបុត្រទាំងនោះ ស្ដេចអនុញ្ញាតឲ្យពួកសាសន៍យូដា ដែលនៅគ្រប់ទីក្រុងបានប្រមូលផ្ដុំគ្នា ដើម្បីការពារជីវិតរបស់ខ្លួន ហើយឲ្យបំផ្លាញ សម្លាប់ និងធ្វើឲ្យវិនាសសាបសូន្យដល់កម្លាំងប្រដាប់អាវុធនៃប្រជាជនណា ឬអាណាខេត្តណាដែលនឹងលើកគ្នាមកធ្វើបាបខ្លួន រួមទាំងកូនក្មេង និងស្ដ្រី ហើយឲ្យរឹបអូសយកទ្រព្យសម្បត្តិរបស់គេ 12នៅគ្រប់ទាំងអាណាខេត្តរបស់ព្រះបាទអ័ហាស៊ូរុស ក្នុងថ្ងៃមួយនោះឯង គឺនៅថ្ងៃទីដប់បី ខែទីដប់ពីរ ដែលជាខែផល្គុន។ 13សំបុត្រមួយច្បាប់ដែលបានសរសេរនោះ ត្រូវបានគេផ្សព្វផ្សាយជារាជក្រឹត្យ ដោយប្រកាសប្រាប់គ្រប់ទាំងសាសន៍ គ្រប់អាណាខេត្ត ឲ្យពួកសាសន៍យូដាប្រុងប្រៀបខ្លួនជាស្រេចនៅថ្ងៃនោះ ដើម្បីសងសឹកពួកខ្មាំងសត្រូវរបស់ខ្លួន។ 14ដូច្នេះ ពួកអ្នករត់សំបុត្រ ដែលជិះសត្វយ៉ាងលឿន ជាសត្វដែលប្រើក្នុងរាជកិច្ចរបស់ស្តេច គេរួសរាន់ចេញទៅ ដោយប្រញាប់ប្រញាល់ មានទាំងរាជបញ្ជារបស់ស្តេចបង្ខំផង ហើយគេបានប្រកាសរាជក្រឹត្យនោះនៅស៊ូសាន ជាក្រុងហ្លួង។
15ពេលនោះ ម៉ាដេកាយចាកចេញពីចំពោះស្តេច ទាំងស្លៀកសម្លៀកបំពាក់ក្រមហ្លួង ពណ៌ខៀវ និងពណ៌ស មានពាក់មកុដមាសយ៉ាងធំ និងអាវវែងដែលធ្វើពីសំពត់ខ្លូតទេសពណ៌ស្វាយ ឯពួកអ្នកក្រុងស៊ូសានក៏ស្រែកឡើង ដោយអំណរ។ 16ពួកសាសន៍យូដាមានចិត្តធូរស្រាល រីករាយសប្បាយ ហើយមានកិត្តិយស 17នៅតាមអាណាខេត្ត និងនៅតាមទីក្រុង នៅកន្លែងណាដែលរាជបញ្ជា និងរាជក្រឹត្យរបស់ស្តេចបានទៅដល់ ទីនោះពួកសាសន៍យូដាក៏មានអំណរសប្បាយ មានការជប់លៀង និងមានថ្ងៃឈប់សម្រាក ក៏មានសាសន៍ដទៃជាច្រើនដែលនៅក្នុងស្រុក បានចូលជាតិជាសាសន៍យូដា ព្រោះគេភ័យខ្លាចដល់សាសន៍យូដា។
ទើបបានជ្រើសរើសហើយ៖
នាងអេសធើរ 8: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies