និក្ខមនំ 10:8-29

និក្ខមនំ 10:8-29 គកស១៦

ដូច្នេះ គេ​នាំ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​មក​គាល់​ផារ៉ោន ហើយ​ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ទៅ​ចុះ ចូរ​ទៅ​ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ចុះ! ប៉ុន្តែ តើ​មាន​អ្នក​ណា​ខ្លះ​ដែល​ត្រូវ​ទៅ?» លោក​ម៉ូសេ​ទូល​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​នឹង​ទៅ​ទាំង​ចាស់​ទាំង​ក្មេង ទាំង​កូន​ប្រុស​កូន​ស្រី ហ្វូង​ចៀម ហ្វូង​គោ​របស់​យើង​ខ្ញុំ​ទាំង​អស់​គ្នា ដ្បិត​យើង​ខ្ញុំ​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា»។ ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ឲ្យ​ព្រះ‌យេហូវ៉ា​គង់​ជា‌មួយ​អ្នក​រាល់​គ្នា​ចុះ ប្រសិន‌បើ​យើង​បើក​ឲ្យ​អ្នក​រាល់​គ្នា និង​កូន​តូចៗ​របស់​អ្នក​រាល់​គ្នា​ទៅ​មែន! តែ​ច្បាស់​ហើយ អ្នក​រាល់​គ្នា​មាន​គំនិត​អាក្រក់។ ទេ មិន​កើត​ទេ ចូរ​អ្នក​រាល់​គ្នា​ចេញ​ទៅ​ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា​តែ​ប្រុសៗ​បាន​ហើយ ដ្បិត​អ្នក​រាល់​គ្នា​បាន​សុំ​ដូច្នេះ»។ បន្ទាប់​មក គេ​ក៏​បណ្តេញ​លោក​ទាំង​ពីរ​ចេញ​ពី​មុខ​ផារ៉ោន​ទៅ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​លើក​ដៃ​ឡើង​លើ​ស្រុក​អេស៊ីព្ទ ដើម្បី​ឲ្យ​កើត​មាន​កណ្តូប​មក​លើ​ស្រុក ឲ្យ​វា​ស៊ី​ដំណាំ​ទាំង​ប៉ុន្មាន​ដែល​នៅ​សល់​ពី​ព្រឹល​នោះ​ទៅ»។ លោក​ម៉ូសេ​ក៏​លើក​ដំបង​ទៅ​លើ​ស្រុក​អេស៊ីព្ទ ហើយ​ព្រះ‌យេហូវ៉ា​ក៏​ធ្វើ​ឲ្យ​មាន​ខ្យល់​ពី​ទិស​ខាង​កើត បក់​មក​លើ​ស្រុក​នោះ ពេញ​មួយ​ថ្ងៃ​មួយ​យប់។ លុះ​ព្រឹក​ឡើង ខ្យល់​ពី​ទិស​ខាង​កើត​ក៏​បក់​នាំ​ហ្វូង​កណ្តូប​មក។ កណ្តូប​ឡើង​មក​ពេញ​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល ហើយ​ទំ​ពាស​ពេញ​ទឹក​ដី​ស្រុក​អេស៊ីព្ទ​ទាំង​មូល វា​មាន​ចំនួន​ច្រើន​ណាស់ តាំង​ពី​ដើម​មក​មិន​ដែល​មាន​កណ្តូប​ដូច្នេះ​ឡើយ ហើយ​ត​ទៅ​មុខ​ក៏​នឹង​គ្មាន​ទៀត​ដែរ។ ដ្បិត​វា​មក​គ្រប​ពាស​ពេញ​ពី​លើ​ដី ដល់​ម៉្លេះ​បាន​ជា​ស្រុក​ទៅ​ជា​ងងឹត វា​ស៊ី​ដំណាំ​ទាំង​អស់​នៅ​ក្នុង​ស្រុក និង​អស់​ទាំង​ផ្លែ​ឈើ​ដែល​សេស​សល់​ពី​ព្រឹល គ្មាន​សល់​ស្លឹក​ខ្ចី​ណា​មួយ​នៅ​ដើម​ឈើ ឬ​ស្មៅ​នៅ​តាម​វាល​ក្នុង​ស្រុក​អេស៊ីព្ទ​ឡើយ។ ពេល​នោះ ផារ៉ោន​ក៏​ប្រញាប់​ប្រញាល់​ហៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​មក​ជា​ប្រញាប់ ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​ទាស់​នឹង​អ្នក​រាល់​គ្នាមែន។ សូម​អត់​ទោស​បាប​ឲ្យ​យើង​ផង តែ​ម្តង​នេះ​ទៀត​ទេ សូម​អង្វរ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ព្រះ‌អង្គ​បន្ថយ​សេចក្ដី​ស្លាប់​នេះ ចេញ​ពី​យើង​ទៅ»។ លោក​ក៏​ចេញ​ពី​ផារ៉ោន ទៅ​សូម​អង្វរ​ដល់​ព្រះ‌យេហូវ៉ា។ ព្រះ‌យេហូវ៉ា​ក៏​ធ្វើ​ឲ្យ​មាន​ខ្យល់ បក់​មក​ពី​ទិស​ខាង​លិច​យ៉ាង​ខ្លាំង កៀរ​កណ្តូប​ទម្លាក់​ទៅ​ក្នុង​សមុទ្រ​ក្រហម អស់​ទៅ គ្មាន​សល់​កណ្តូប​ណា​មួយ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ទៀត​ឡើយ។ ប៉ុន្ដែ ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ផារ៉ោន​មាន​ព្រះ‌ហឫ‌ទ័យ​រឹង​ទទឹង​ដដែល ហើយ​ផារ៉ោន​មិន​ព្រម​បើក​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ទៅ​ទេ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​លើក​ដៃ​ទៅ​លើ​មេឃ ដើម្បី​ឲ្យ​មាន​ងងឹត​គ្រប​ដណ្ដប់​លើ​ស្រុក​អេស៊ីព្ទ គឺ​ជា​ងងឹត​ដែល​មើល​អ្វី​មិន​ឃើញ​ឡើយ»។ លោក​ក៏​លើក​ដៃ​ទៅ​លើ​មេឃ នោះ​ក៏​មាន​ងងឹត​យ៉ាង​ក្រាស់​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ​ទាំង​មូល អស់​រយៈ​ពេល​បី​ថ្ងៃ។ គេ​មើល​គ្នា​ទៅ​វិញ​ទៅ​មក​មិន​ឃើញ​សោះ ក្នុង​រយៈ​ពេល​បី​ថ្ងៃ​នោះ គ្មាន​អ្នក​ណា​អាច​ក្រោក​ចេញ​ពី​កន្លែង​របស់​ខ្លួន​បាន​ឡើយ តែ​កន្លែង​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​រស់​នៅ​មាន​ពន្លឺ​វិញ។ ពេល​នោះ ផារ៉ោន​ហៅ​លោក​ម៉ូសេ​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ទៅ​ចុះ ចូរ​ទៅ​ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា​ចុះ ទុក​តែ​ហ្វូង​ចៀម និង​ហ្វូង​គោ​របស់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ កូនៗ​របស់​អ្នក​រាល់​គ្នា​អាច​ទៅ​ជា‌មួយ​បាន»។ ប៉ុន្ដែ លោក​ម៉ូសេ​ប្រកែក​ថា៖ «ព្រះ‌ករុណា​ត្រូវ​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​មាន​សត្វ​សម្រាប់​ថ្វាយ​យញ្ញ‌បូជា និង​តង្វាយ​ដុត ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ។ យើង​ខ្ញុំ​ត្រូវ​តែ​នាំ​ហ្វូង​សត្វ​ទៅ​ជា‌មួយ មិន​ឲ្យ​មាន​សល់​ក្រចក​ណា​មួយ​ឡើយ ព្រោះ​យើង​ខ្ញុំ​ត្រូវ​យក​ហ្វូង​សត្វ​នោះ​ទៅ​ថ្វាយ​បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ហើយ​យើង​ខ្ញុំ​ក៏​មិន​ទាន់​ដឹង​ថា ត្រូវ​យក​អ្វី​ទៅ​ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា​ដែរ ទាល់​តែ​បាន​ទៅ​ដល់​ទី​នោះ»។ ប៉ុន្ដែ ព្រះ‌យេហូវ៉ាធ្វើ​ឲ្យ​ផារ៉ោន​មាន​ព្រះ‌ហឫ‌ទ័យ​រឹង​ទទឹង​ទៀត ហើយ​ស្តេច​មិន​ព្រម​បើក​ឲ្យ​គេ​ទៅ​ទេ។ ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​លោក​ថា៖ «ចូរ​ចេញ​ពី​យើង​ទៅ ត្រូវ​ប្រយ័ត្ន កុំ​មក​ជួប​មុខ​យើង​ទៀត​ឲ្យ​សោះ ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​អ្នក​មក​ជួប​មុខ​យើង នោះ​អ្នក​ត្រូវ​ស្លាប់​ជា​មិន​ខាន»។ លោក​ម៉ូសេ​តប​ថា៖ «ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​ត្រូវ​ហើយ! ទូល‌បង្គំ​នឹង​លែង​មក​ជួប​ព្រះភក្ត្រ​ព្រះ‌ករុណា​ទៀត​ហើយ»។

អាន និក្ខមនំ 10