និក្ខមនំ 10:8-29
និក្ខមនំ 10:8-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ គេនាំលោកម៉ូសេ និងលោកអើរ៉ុនមកគាល់ផារ៉ោន ហើយស្ដេចមានរាជឱង្ការថា៖ «ទៅចុះ ចូរទៅថ្វាយបង្គំព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាចុះ! ប៉ុន្តែ តើមានអ្នកណាខ្លះដែលត្រូវទៅ?» លោកម៉ូសេទូលឆ្លើយថា៖ «យើងខ្ញុំនឹងទៅទាំងចាស់ទាំងក្មេង ទាំងកូនប្រុសកូនស្រី ហ្វូងចៀម ហ្វូងគោរបស់យើងខ្ញុំទាំងអស់គ្នា ដ្បិតយើងខ្ញុំត្រូវប្រារព្ធពិធីបុណ្យថ្វាយព្រះយេហូវ៉ា»។ ស្តេចមានរាជឱង្ការថា៖ «សូមឲ្យព្រះយេហូវ៉ាគង់ជាមួយអ្នករាល់គ្នាចុះ ប្រសិនបើយើងបើកឲ្យអ្នករាល់គ្នា និងកូនតូចៗរបស់អ្នករាល់គ្នាទៅមែន! តែច្បាស់ហើយ អ្នករាល់គ្នាមានគំនិតអាក្រក់។ ទេ មិនកើតទេ ចូរអ្នករាល់គ្នាចេញទៅថ្វាយបង្គំព្រះយេហូវ៉ាតែប្រុសៗបានហើយ ដ្បិតអ្នករាល់គ្នាបានសុំដូច្នេះ»។ បន្ទាប់មក គេក៏បណ្តេញលោកទាំងពីរចេញពីមុខផារ៉ោនទៅ។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរលើកដៃឡើងលើស្រុកអេស៊ីព្ទ ដើម្បីឲ្យកើតមានកណ្តូបមកលើស្រុក ឲ្យវាស៊ីដំណាំទាំងប៉ុន្មានដែលនៅសល់ពីព្រឹលនោះទៅ»។ លោកម៉ូសេក៏លើកដំបងទៅលើស្រុកអេស៊ីព្ទ ហើយព្រះយេហូវ៉ាក៏ធ្វើឲ្យមានខ្យល់ពីទិសខាងកើត បក់មកលើស្រុកនោះ ពេញមួយថ្ងៃមួយយប់។ លុះព្រឹកឡើង ខ្យល់ពីទិសខាងកើតក៏បក់នាំហ្វូងកណ្តូបមក។ កណ្តូបឡើងមកពេញលើស្រុកអេស៊ីព្ទទាំងមូល ហើយទំពាសពេញទឹកដីស្រុកអេស៊ីព្ទទាំងមូល វាមានចំនួនច្រើនណាស់ តាំងពីដើមមកមិនដែលមានកណ្តូបដូច្នេះឡើយ ហើយតទៅមុខក៏នឹងគ្មានទៀតដែរ។ ដ្បិតវាមកគ្របពាសពេញពីលើដី ដល់ម៉្លេះបានជាស្រុកទៅជាងងឹត វាស៊ីដំណាំទាំងអស់នៅក្នុងស្រុក និងអស់ទាំងផ្លែឈើដែលសេសសល់ពីព្រឹល គ្មានសល់ស្លឹកខ្ចីណាមួយនៅដើមឈើ ឬស្មៅនៅតាមវាលក្នុងស្រុកអេស៊ីព្ទឡើយ។ ពេលនោះ ផារ៉ោនក៏ប្រញាប់ប្រញាល់ហៅលោកម៉ូសេ និងលោកអើរ៉ុនមកជាប្រញាប់ ហើយមានរាជឱង្ការថា៖ «យើងបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ហើយទាស់នឹងអ្នករាល់គ្នាមែន។ សូមអត់ទោសបាបឲ្យយើងផង តែម្តងនេះទៀតទេ សូមអង្វរព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ដើម្បីឲ្យព្រះអង្គបន្ថយសេចក្ដីស្លាប់នេះ ចេញពីយើងទៅ»។ លោកក៏ចេញពីផារ៉ោន ទៅសូមអង្វរដល់ព្រះយេហូវ៉ា។ ព្រះយេហូវ៉ាក៏ធ្វើឲ្យមានខ្យល់ បក់មកពីទិសខាងលិចយ៉ាងខ្លាំង កៀរកណ្តូបទម្លាក់ទៅក្នុងសមុទ្រក្រហម អស់ទៅ គ្មានសល់កណ្តូបណាមួយនៅក្នុងស្រុកអេស៊ីព្ទទៀតឡើយ។ ប៉ុន្ដែ ព្រះយេហូវ៉ាធ្វើឲ្យផារ៉ោនមានព្រះហឫទ័យរឹងទទឹងដដែល ហើយផារ៉ោនមិនព្រមបើកឲ្យកូនចៅអ៊ីស្រាអែលចេញទៅទេ។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរលើកដៃទៅលើមេឃ ដើម្បីឲ្យមានងងឹតគ្របដណ្ដប់លើស្រុកអេស៊ីព្ទ គឺជាងងឹតដែលមើលអ្វីមិនឃើញឡើយ»។ លោកក៏លើកដៃទៅលើមេឃ នោះក៏មានងងឹតយ៉ាងក្រាស់ពេញក្នុងស្រុកអេស៊ីព្ទទាំងមូល អស់រយៈពេលបីថ្ងៃ។ គេមើលគ្នាទៅវិញទៅមកមិនឃើញសោះ ក្នុងរយៈពេលបីថ្ងៃនោះ គ្មានអ្នកណាអាចក្រោកចេញពីកន្លែងរបស់ខ្លួនបានឡើយ តែកន្លែងដែលកូនចៅអ៊ីស្រាអែលរស់នៅមានពន្លឺវិញ។ ពេលនោះ ផារ៉ោនហៅលោកម៉ូសេមក ហើយមានរាជឱង្ការថា៖ «ទៅចុះ ចូរទៅថ្វាយបង្គំព្រះយេហូវ៉ាចុះ ទុកតែហ្វូងចៀម និងហ្វូងគោរបស់អ្នករាល់គ្នាប៉ុណ្ណោះ កូនៗរបស់អ្នករាល់គ្នាអាចទៅជាមួយបាន»។ ប៉ុន្ដែ លោកម៉ូសេប្រកែកថា៖ «ព្រះករុណាត្រូវអនុញ្ញាតឲ្យយើងខ្ញុំមានសត្វសម្រាប់ថ្វាយយញ្ញបូជា និងតង្វាយដុត ដើម្បីឲ្យយើងខ្ញុំបានថ្វាយដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ។ យើងខ្ញុំត្រូវតែនាំហ្វូងសត្វទៅជាមួយ មិនឲ្យមានសល់ក្រចកណាមួយឡើយ ព្រោះយើងខ្ញុំត្រូវយកហ្វូងសត្វនោះទៅថ្វាយបង្គំដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ហើយយើងខ្ញុំក៏មិនទាន់ដឹងថា ត្រូវយកអ្វីទៅថ្វាយបង្គំព្រះយេហូវ៉ាដែរ ទាល់តែបានទៅដល់ទីនោះ»។ ប៉ុន្ដែ ព្រះយេហូវ៉ាធ្វើឲ្យផារ៉ោនមានព្រះហឫទ័យរឹងទទឹងទៀត ហើយស្តេចមិនព្រមបើកឲ្យគេទៅទេ។ ផារ៉ោនមានរាជឱង្ការទៅលោកថា៖ «ចូរចេញពីយើងទៅ ត្រូវប្រយ័ត្ន កុំមកជួបមុខយើងទៀតឲ្យសោះ ដ្បិតនៅថ្ងៃណាដែលអ្នកមកជួបមុខយើង នោះអ្នកត្រូវស្លាប់ជាមិនខាន»។ លោកម៉ូសេតបថា៖ «ព្រះករុណាមានរាជឱង្ការត្រូវហើយ! ទូលបង្គំនឹងលែងមកជួបព្រះភក្ត្រព្រះករុណាទៀតហើយ»។
និក្ខមនំ 10:8-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គេនាំលោកម៉ូសេ និងលោកអើរ៉ុន មកគាល់ព្រះចៅផារ៉ោន ហើយស្ដេចក៏មានរាជឱង្ការថា៖ «ចូរនាំគ្នាទៅគោរពបម្រើព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាចុះ! ប៉ុន្តែ តើអ្នកណាខ្លះត្រូវចេញទៅ?»។ លោកម៉ូសេទូលថា៖ «យើងខ្ញុំនឹងទៅ ទាំងក្មេង ទាំងចាស់ ទាំងកូនប្រុស និងកូនស្រី ព្រមទាំងហ្វូងចៀម និងហ្វូងគោរបស់យើងខ្ញុំផង ដ្បិតយើងខ្ញុំនឹងចេញទៅធ្វើបុណ្យថ្វាយព្រះអម្ចាស់»។ ស្ដេចមានរាជឱង្ការថា៖ «យើងសូមស្បថក្នុងនាមព្រះអម្ចាស់ថា យើងមិនបើកឲ្យអ្នករាល់គ្នានាំគ្រួសារចេញទៅជាមួយឡើយ ព្រោះយើងដឹងថា អ្នករាល់គ្នាមានគំនិតអាក្រក់។ ទេ មិនកើតទេ! ទុកឲ្យតែប្រុសៗចេញទៅគោរពបម្រើព្រះអម្ចាស់ប៉ុណ្ណោះបានហើយ ដ្បិតអ្នករាល់គ្នាបានសុំដូច្នេះ»។ បន្ទាប់មក គេក៏ដេញលោកទាំងពីរចេញពីព្រះចៅផារ៉ោន។ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរលាតដៃរបស់អ្នកលើស្រុកអេស៊ីប ដើម្បីនាំហ្វូងកណ្ដូបមកលើស្រុកនេះ ហើយវានឹងស៊ីអ្វីៗទាំងអស់ ដែលនៅសេសសល់ពីព្រឹល»។ លោកម៉ូសេលើកដំបងរបស់លោកទៅលើស្រុកអេស៊ីប ហើយព្រះអម្ចាស់ក៏ធ្វើឲ្យមានខ្យល់ពីទិសខាងកើតបក់មកលើស្រុកអេស៊ីប អស់មួយថ្ងៃមួយយប់។ លុះព្រឹកឡើង ខ្យល់ពីទិសខាងកើតនាំហ្វូងកណ្ដូបមក។ ហ្វូងកណ្ដូបហើរចូលមកស្រុកអេស៊ីបទាំងមូល ហើយទំពាសពេញលើដែនដី។ វាមានចំនួនច្រើនឥតគណនា តាំងពីដើមរៀងមក គេមិនដែលជួបប្រទះដូច្នេះទេ ហើយតទៅមុខទៀត ក៏នឹងគ្មានបែបនេះដែរ។ វាទំពាសពេញផ្ទៃដីទាំងមូល ធ្វើឲ្យផ្ទៃដីខ្មៅងងឹត។ វាស៊ីបង្ហិនអ្វីៗទាំងអស់ និងផ្លែឈើទាំងប៉ុន្មានដែលនៅសេសសល់ពីព្រឹល។ ក្នុងស្រុកអេស៊ីបទាំងមូលគ្មានសល់ស្លឹកឈើ ឬស្មៅ នៅតាមវាលឡើយ។ ពេលនោះ ព្រះចៅផារ៉ោនក៏ប្រញាប់ហៅលោកម៉ូសេ និងលោកអើរ៉ុនមក ហើយមានរាជឱង្ការថា៖ «យើងបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ហើយយើងក៏បានប្រព្រឹត្តខុសនឹងអ្នកទាំងពីរដែរ។ ឥឡូវនេះ សុំអត់ទោសឲ្យយើងម្ដងទៀតចុះ ហើយទូលអង្វរព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា សូមទ្រង់ដកគ្រោះកាចដ៏សាហាវនេះ ចេញពីយើងទៅ»។ លោកម៉ូសេចាកចេញពីព្រះចៅផារ៉ោន ហើយទូលអង្វរព្រះអម្ចាស់។ ព្រះអម្ចាស់ធ្វើឲ្យមានខ្យល់យ៉ាងខ្លាំង បក់មកពីទិសខាងលិច នាំហ្វូងកណ្ដូបទាំងប៉ុន្មាន ទម្លាក់ក្នុងសមុទ្រកក់អស់ទៅ ដោយពុំទុកឲ្យមានសល់កណ្ដូបណាមួយនៅលើទឹកដីអេស៊ីបឡើយ។ ប៉ុន្តែ ព្រះអម្ចាស់ធ្វើឲ្យព្រះចៅផារ៉ោនមានព្រះហឫទ័យមានះ ស្ដេចមិនបើកឲ្យជនជាតិអ៊ីស្រាអែលចាកចេញទៅទេ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរលើកដៃទៅលើមេឃ នោះនឹងមានភាពងងឹតអន្ធការគ្របដណ្ដប់លើស្រុកអេស៊ីប គឺភាពងងឹតសូន្យសុង មើលអ្វីមិនឃើញឡើយ»។ លោកម៉ូសេលើកដៃទៅលើមេឃ ពេលនោះ ភាពងងឹតសូន្យសុងក៏គ្របដណ្ដប់លើស្រុកអេស៊ីបទាំងមូលអស់រយៈពេលបីថ្ងៃ។ ក្នុងអំឡុងបីថ្ងៃនោះ ប្រជាជននៅស្រុកអេស៊ីបមើលគ្នាទៅវិញទៅមកមិនឃើញទេ ហើយក៏គ្មាននរណាអាចចេញពីកន្លែងរបស់ខ្លួនបានដែរ។ រីឯតំបន់ដែលកូនចៅអ៊ីស្រាអែលរស់នៅមានពន្លឺ។ ព្រះចៅផារ៉ោនក៏ឲ្យគេហៅលោកម៉ូសេមក ហើយមានរាជឱង្ការថា៖ «ចូរនាំគ្នាទៅគោរពបម្រើព្រះអម្ចាស់ចុះ តែត្រូវទុកហ្វូងចៀម និងហ្វូងគោរបស់អ្នករាល់គ្នានៅទីនេះ។ អ្នករាល់គ្នាអាចយកក្មេងៗទៅជាមួយបាន»។ លោកម៉ូសេទូលស្ដេចវិញថា៖ «សូមព្រះករុណាអនុញ្ញាតឲ្យយើងខ្ញុំនាំសត្វទាំងនោះទៅជាមួយ ដើម្បីថ្វាយជាយញ្ញបូជា និងជាតង្វាយដុតទាំងមូល*ដល់ព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ។ យើងខ្ញុំត្រូវតែនាំហ្វូងសត្វទាំងអស់ទៅជាមួយ ដោយឥតទុកសត្វណាមួយឲ្យនៅទីនេះទេ។ យើងខ្ញុំត្រូវថ្វាយពួកវាមួយចំនួនដល់ព្រះអម្ចាស់ ប៉ុន្តែ មុននឹងទៅដល់ទីដៅ យើងខ្ញុំក៏ពុំបានដឹងថា តើត្រូវថ្វាយសត្វណានៅឡើយ»។ ព្រះអម្ចាស់ធ្វើឲ្យស្ដេចផារ៉ោនមានព្រះហឫទ័យមានះ គឺមិនព្រមបើកឲ្យកូនចៅអ៊ីស្រាអែលចេញទៅទេ។ ព្រះចៅផារ៉ោនមានរាជឱង្ការទៅកាន់លោកម៉ូសេថា៖ «ចូរចេញពីទីនេះទៅ! កុំត្រឡប់មកឲ្យយើងឃើញមុខទៀតឲ្យសោះ នៅថ្ងៃដែលអ្នកវិលមកជួបយើងទៀត នោះអ្នកមុខជាស្លាប់ពុំខាន!»។ លោកម៉ូសេតបថា៖ «ក្រាបទូល! ទូលបង្គំនឹងលែងជួបព្រះភ័ក្ត្រព្រះករុណា ដូចព្រះករុណាមានរាជឱង្ការមែន!»។
និក្ខមនំ 10:8-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានគេនាំម៉ូសេនឹងអើរ៉ុនមកឯផារ៉ោនវិញ នោះទ្រង់មានបន្ទូលថា ទៅចុះ ទៅថ្វាយបង្គំព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នាចុះ តើមានអ្នកណាខ្លះដែលទៅ ម៉ូសេទូលឆ្លើយថា យើងខ្ញុំនឹងទៅទាំងចាស់ទាំងក្មេង ទាំងកូនប្រុសកូនស្រី ហើយនឹងហ្វូងចៀមហ្វូងគោរបស់យើងខ្ញុំទាំងអស់គ្នា ដ្បិតនេះគឺជាបុណ្យព្រះយេហូវ៉ាសំរាប់យើងខ្ញុំរាល់គ្នា នោះទ្រង់មានបន្ទូលថា សូមឲ្យព្រះយេហូវ៉ាគង់ជាមួយនឹងឯងរាល់គ្នា ដូចជាអញបានប្រុងឲ្យឯងរាល់គ្នានឹងកូនចៅឯងទៅដែរ តែចូរប្រយ័ត ដ្បិតមានគ្រោះនៅខាងមុខឯងរាល់គ្នា ឈប់សិន ចូរឯងរាល់គ្នាចេញទៅតែពួកប្រុសៗប៉ុណ្ណោះ ដើម្បីនឹងថ្វាយបង្គំដល់ព្រះយេហូវ៉ាចុះ ដ្បិតឯងរាល់គ្នាបានសូមដូច្នេះហើយ រួចគេក៏បណ្តេញលោកទាំង២ចេញពីមុខផារ៉ោនទៅ។ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរលើកដៃឡើងលើស្រុកអេស៊ីព្ទ ដើម្បីឲ្យកើតមានកណ្តូបមកលើស្រុក ឲ្យវាស៊ីដំណាំទាំងប៉ុន្មានដែលសល់អំពីព្រឹលមក ម៉ូសេក៏លើកដំបងទៅលើស្រុកអេស៊ីព្ទ នោះព្រះយេហូវ៉ាទ្រង់ធ្វើឲ្យមានខ្យល់ ពីខាងកើត បក់មកលើស្រុកនោះ អស់១ថ្ងៃ១យប់ លុះដល់ព្រឹកឡើងក៏បក់ដោយទាំងកណ្តូបមកផង កណ្តូបឡើងមកគ្របលើស្រុកអេស៊ីព្ទទាំងមូល ក៏ទំនៅពេញគ្រប់ទាំងព្រំស្រុក វានាំឲ្យវេទនាណាស់ តាំងពីដើមមកមិនដែលមានកណ្តូបយ៉ាងនោះឡើយ ហើយទៅខាងមុខក៏មិនដែលមានទៀតដែរ ដ្បិតវាមកគ្របពេញពីលើដី ដល់ម៉្លេះបានជាស្រុកត្រឡប់ទៅជាងងឹត វាក៏ស៊ីដំណាំទាំងអស់នៅក្នុងស្រុក ហើយនឹងអស់ទាំងផ្លែឈើ ដែលរួចអំពីព្រិលមក គ្មានសល់ស្លឹកខ្ចីណាមួយនៅដើមឈើ ឬស្មៅនៅវាលគ្រប់ក្នុងស្រុកអេស៊ីព្ទឡើយ។ នោះផារ៉ោន ទ្រង់ហៅម៉ូសេ នឹងអើរ៉ុន មកជាប្រញាប់ប្រាប់ថា អញបានធ្វើបាបនឹងព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នា ហើយនឹងឯងរាល់គ្នាដែរ ដូច្នេះសូមអត់ទោសដល់អញក្នុងគ្រានេះម្តងចុះ ហើយសូមអង្វរដល់ព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ដើម្បីឲ្យទ្រង់បន្ថយសេចក្ដីស្លាប់នេះ ចេញពីអញទៅ លោកក៏ថយចេញពីផារ៉ោនទៅសូមអង្វរដល់ព្រះយេហូវ៉ា នោះទ្រង់ក៏ធ្វើឲ្យមានខ្យល់ពីខាងលិចយ៉ាងខ្លាំង បក់កៀរកណ្តូបទំលាក់ទៅក្នុងសមុទ្រក្រហមអស់ទៅ គ្មានសល់កណ្តូបណាមួយនៅគ្រប់ក្នុងស្រុកអេស៊ីព្ទទៀតឡើយ តែព្រះយេហូវ៉ាទ្រង់បណ្តាលឲ្យផារ៉ោនមានព្រះទ័យរឹងទទឹងដដែល ហើយផារ៉ោនមិនព្រមបើកឲ្យកូនចៅអ៊ីស្រាអែលចេញទៅទេ។ រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរលើដៃទៅលើមេឃ ឲ្យមានងងឹតនៅលើស្រុកអេស៊ីព្ទ គឺជាងងឹតដែលនាំឲ្យស្ទាបរាវ លោកក៏លើកដៃទៅលើមេឃ នោះមានងងឹតយ៉ាងក្រាស់ណាស់នៅពេញក្នុងស្រុកអេស៊ីព្ទអស់ចំនួន៣ថ្ងៃ គេមើលគ្នាមិនឃើញសោះ ក្នុងវេលា៣ថ្ងៃនោះឥតមានអ្នកក្រោកពីកន្លែងខ្លួនឡើយ តែនៅក្នុងផ្ទះនៃពួកកូនចៅអ៊ីស្រាអែល នោះមានពន្លឺវិញ។ ឯផារ៉ោន ទ្រង់មានបន្ទូលហៅម៉ូសេមក ប្រាប់ថា ទៅចុះ ចូរទៅថ្វាយបង្គំព្រះយេហូវ៉ាចុះ ឲ្យទុកតែហ្វូងចៀម ហើយនឹងហ្វូងគោឯងរាល់គ្នាប៉ុណ្ណោះ ចូរយកទាំងកូនតូចៗទៅជាមួយផង តែម៉ូសេប្រកែកថា ទេ ត្រូវឲ្យទ្រង់ប្រទានសត្វសំរាប់ជាយញ្ញបូជា នឹងដង្វាយដុតមកយើងខ្ញុំ ឲ្យយើងខ្ញុំបានរៀបថ្វាយព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំផង យើងខ្ញុំត្រូវតែនាំហ្វូងសត្វទៅជាមួយ មិនត្រូវនៅសល់ សូម្បីតែក្រចកសត្វណាមួយផង ព្រោះយើងខ្ញុំត្រូវយកពីហ្វូងសត្វនោះ នឹងថ្វាយបង្គំដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ហើយយើងខ្ញុំក៏មិនទាន់ដឹងជាត្រូវយកអ្វី ដើម្បីថ្វាយបង្គំព្រះយេហូវ៉ាដែរ ទាល់តែបានដល់ទៅទីនោះ តែព្រះយេហូវ៉ាទ្រង់បណ្តាលឲ្យផារ៉ោនមានព្រះទ័យរឹងទទឹងទៀត ហើយស្តេចមិនព្រមបើកឲ្យគេទៅទេ ផារ៉ោនក៏មានបន្ទូលទៅលោកថា ថយចេញពីអញទៅ ចូរប្រយ័ត កុំឲ្យមកនៅមុខអញទៀតឡើយ ដ្បិតបើថ្ងៃណាដែលឯងមកនៅមុខអញ នោះឯងនឹងត្រូវស្លាប់ ម៉ូសេក៏ទូលឆ្លើយថា បន្ទូលនោះត្រូវណាស់ ទូលបង្គំលែងមកគាល់ទ្រង់ទៀតហើយ។