គេនាំលោកម៉ូសេ និងលោកអើរ៉ុន មកគាល់ព្រះចៅផារ៉ោន ហើយស្ដេចក៏មានរាជឱង្ការថា៖ «ចូរនាំគ្នាទៅគោរពបម្រើព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាចុះ! ប៉ុន្តែ តើអ្នកណាខ្លះត្រូវចេញទៅ?»។ លោកម៉ូសេទូលថា៖ «យើងខ្ញុំនឹងទៅ ទាំងក្មេង ទាំងចាស់ ទាំងកូនប្រុស និងកូនស្រី ព្រមទាំងហ្វូងចៀម និងហ្វូងគោរបស់យើងខ្ញុំផង ដ្បិតយើងខ្ញុំនឹងចេញទៅធ្វើបុណ្យថ្វាយព្រះអម្ចាស់»។ ស្ដេចមានរាជឱង្ការថា៖ «យើងសូមស្បថក្នុងនាមព្រះអម្ចាស់ថា យើងមិនបើកឲ្យអ្នករាល់គ្នានាំគ្រួសារចេញទៅជាមួយឡើយ ព្រោះយើងដឹងថា អ្នករាល់គ្នាមានគំនិតអាក្រក់។ ទេ មិនកើតទេ! ទុកឲ្យតែប្រុសៗចេញទៅគោរពបម្រើព្រះអម្ចាស់ប៉ុណ្ណោះបានហើយ ដ្បិតអ្នករាល់គ្នាបានសុំដូច្នេះ»។ បន្ទាប់មក គេក៏ដេញលោកទាំងពីរចេញពីព្រះចៅផារ៉ោន។ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរលាតដៃរបស់អ្នកលើស្រុកអេស៊ីប ដើម្បីនាំហ្វូងកណ្ដូបមកលើស្រុកនេះ ហើយវានឹងស៊ីអ្វីៗទាំងអស់ ដែលនៅសេសសល់ពីព្រឹល»។ លោកម៉ូសេលើកដំបងរបស់លោកទៅលើស្រុកអេស៊ីប ហើយព្រះអម្ចាស់ក៏ធ្វើឲ្យមានខ្យល់ពីទិសខាងកើតបក់មកលើស្រុកអេស៊ីប អស់មួយថ្ងៃមួយយប់។ លុះព្រឹកឡើង ខ្យល់ពីទិសខាងកើតនាំហ្វូងកណ្ដូបមក។ ហ្វូងកណ្ដូបហើរចូលមកស្រុកអេស៊ីបទាំងមូល ហើយទំពាសពេញលើដែនដី។ វាមានចំនួនច្រើនឥតគណនា តាំងពីដើមរៀងមក គេមិនដែលជួបប្រទះដូច្នេះទេ ហើយតទៅមុខទៀត ក៏នឹងគ្មានបែបនេះដែរ។ វាទំពាសពេញផ្ទៃដីទាំងមូល ធ្វើឲ្យផ្ទៃដីខ្មៅងងឹត។ វាស៊ីបង្ហិនអ្វីៗទាំងអស់ និងផ្លែឈើទាំងប៉ុន្មានដែលនៅសេសសល់ពីព្រឹល។ ក្នុងស្រុកអេស៊ីបទាំងមូលគ្មានសល់ស្លឹកឈើ ឬស្មៅ នៅតាមវាលឡើយ។ ពេលនោះ ព្រះចៅផារ៉ោនក៏ប្រញាប់ហៅលោកម៉ូសេ និងលោកអើរ៉ុនមក ហើយមានរាជឱង្ការថា៖ «យើងបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ហើយយើងក៏បានប្រព្រឹត្តខុសនឹងអ្នកទាំងពីរដែរ។ ឥឡូវនេះ សុំអត់ទោសឲ្យយើងម្ដងទៀតចុះ ហើយទូលអង្វរព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា សូមទ្រង់ដកគ្រោះកាចដ៏សាហាវនេះ ចេញពីយើងទៅ»។ លោកម៉ូសេចាកចេញពីព្រះចៅផារ៉ោន ហើយទូលអង្វរព្រះអម្ចាស់។ ព្រះអម្ចាស់ធ្វើឲ្យមានខ្យល់យ៉ាងខ្លាំង បក់មកពីទិសខាងលិច នាំហ្វូងកណ្ដូបទាំងប៉ុន្មាន ទម្លាក់ក្នុងសមុទ្រកក់អស់ទៅ ដោយពុំទុកឲ្យមានសល់កណ្ដូបណាមួយនៅលើទឹកដីអេស៊ីបឡើយ។ ប៉ុន្តែ ព្រះអម្ចាស់ធ្វើឲ្យព្រះចៅផារ៉ោនមានព្រះហឫទ័យមានះ ស្ដេចមិនបើកឲ្យជនជាតិអ៊ីស្រាអែលចាកចេញទៅទេ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរលើកដៃទៅលើមេឃ នោះនឹងមានភាពងងឹតអន្ធការគ្របដណ្ដប់លើស្រុកអេស៊ីប គឺភាពងងឹតសូន្យសុង មើលអ្វីមិនឃើញឡើយ»។ លោកម៉ូសេលើកដៃទៅលើមេឃ ពេលនោះ ភាពងងឹតសូន្យសុងក៏គ្របដណ្ដប់លើស្រុកអេស៊ីបទាំងមូលអស់រយៈពេលបីថ្ងៃ។ ក្នុងអំឡុងបីថ្ងៃនោះ ប្រជាជននៅស្រុកអេស៊ីបមើលគ្នាទៅវិញទៅមកមិនឃើញទេ ហើយក៏គ្មាននរណាអាចចេញពីកន្លែងរបស់ខ្លួនបានដែរ។ រីឯតំបន់ដែលកូនចៅអ៊ីស្រាអែលរស់នៅមានពន្លឺ។ ព្រះចៅផារ៉ោនក៏ឲ្យគេហៅលោកម៉ូសេមក ហើយមានរាជឱង្ការថា៖ «ចូរនាំគ្នាទៅគោរពបម្រើព្រះអម្ចាស់ចុះ តែត្រូវទុកហ្វូងចៀម និងហ្វូងគោរបស់អ្នករាល់គ្នានៅទីនេះ។ អ្នករាល់គ្នាអាចយកក្មេងៗទៅជាមួយបាន»។ លោកម៉ូសេទូលស្ដេចវិញថា៖ «សូមព្រះករុណាអនុញ្ញាតឲ្យយើងខ្ញុំនាំសត្វទាំងនោះទៅជាមួយ ដើម្បីថ្វាយជាយញ្ញបូជា និងជាតង្វាយដុតទាំងមូល*ដល់ព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ។ យើងខ្ញុំត្រូវតែនាំហ្វូងសត្វទាំងអស់ទៅជាមួយ ដោយឥតទុកសត្វណាមួយឲ្យនៅទីនេះទេ។ យើងខ្ញុំត្រូវថ្វាយពួកវាមួយចំនួនដល់ព្រះអម្ចាស់ ប៉ុន្តែ មុននឹងទៅដល់ទីដៅ យើងខ្ញុំក៏ពុំបានដឹងថា តើត្រូវថ្វាយសត្វណានៅឡើយ»។ ព្រះអម្ចាស់ធ្វើឲ្យស្ដេចផារ៉ោនមានព្រះហឫទ័យមានះ គឺមិនព្រមបើកឲ្យកូនចៅអ៊ីស្រាអែលចេញទៅទេ។ ព្រះចៅផារ៉ោនមានរាជឱង្ការទៅកាន់លោកម៉ូសេថា៖ «ចូរចេញពីទីនេះទៅ! កុំត្រឡប់មកឲ្យយើងឃើញមុខទៀតឲ្យសោះ នៅថ្ងៃដែលអ្នកវិលមកជួបយើងទៀត នោះអ្នកមុខជាស្លាប់ពុំខាន!»។ លោកម៉ូសេតបថា៖ «ក្រាបទូល! ទូលបង្គំនឹងលែងជួបព្រះភ័ក្ត្រព្រះករុណា ដូចព្រះករុណាមានរាជឱង្ការមែន!»។
អាន និក្ខមនំ 10
ស្ដាប់នូវ និក្ខមនំ 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 10:8-29
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ