និក្ខមនំ 5

5
ធ្វើ​ឥដ្ឋ​ដោយ​គ្មាន​ចំបើង
1ក្រោយ​នោះ​មក លោក​ម៉ូសេ និង​លោក​អើរ៉ុន​នាំ​គ្នា​ចូល​ទៅ​គាល់​ផារ៉ោន ទូល​ថា៖ «ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "ចូរ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​យើង​នៅ​ទី​រហោ‌ស្ថាន"»។ 2ប៉ុន្ដែ ផារ៉ោន​តប​ថា៖ «តើ​ព្រះ‌យេហូវ៉ា​ជា​អ្នក​ណា​ដែល​យើង​ត្រូវ​ស្តាប់​តាម ហើយ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ចេញ​ទៅ​នោះ? យើង​មិន​ស្គាល់​ព្រះ‌យេហូវ៉ា​ទេ ហើយ​មិន​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ចេញ​ទៅ​ឡើយ»។ 3ពេល​នោះ ពួក​លោក​ទូល​ថា៖ «ព្រះ​របស់​សាសន៍​ហេព្រើរ​បាន​លេច​មក​ឲ្យ​យើង​ខ្ញុំ​ឃើញ ដូច្នេះ សូម​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំចេញ​ទៅ​ទី​រហោ‌ស្ថាន ចម្ងាយ​ផ្លូវ​ដើរ​បី​ថ្ងៃ ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​យើង​ខ្ញុំ ក្រែង​ព្រះ‌អង្គ​ស្ទុះ​មក​ប្រហារ​យើងខ្ញុំ ដោយ​អាសន្ន‌រោគ ឬ​ដោយ​ដាវ»។ 4ប៉ុន្ដែ ស្តេច​ស្រុក​អេស៊ីព្ទ​មាន​រាជ‌ឱង្ការ​មក​ពួក​លោក​ថា៖ «ម៉ូសេ និង​អើរ៉ុន ហេតុ​អ្វី​បាន​ជា​អ្នក​ទាំង​ពីរ​នាំ​អាទិ៍​មនុស្ស​មិន​ឲ្យ​ធ្វើ​ការ​ដូច្នេះ? ចូរ​នាំ​គ្នា​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ទៅ!»។ 5ផារ៉ោន​មាន​រាជ‌ឱង្ការ​ថា៖ «មើល៍ ឥឡូវ​នេះ គេ​មាន​គ្នា​ច្រើន​ជាង​ប្រជា‌ជន​ក្នុង​ស្រុក​ហើយ តែ​អ្នក​ទាំង​ពីរ​ចង់​ឲ្យ​គេ​ឈប់​ធ្វើ​ការ​ទៅ​វិញ!»។ 6នៅ​ថ្ងៃ​នោះ​ឯង ផារ៉ោន​បញ្ជា​ពួក​មេ​តម្រួត​លើ​ប្រជា‌ជន និង​ពួក​មេ​ក្រុម​ថា៖ 7«មិន​ត្រូវ​ផ្ដល់​ចំបើង​ឲ្យ​ពួក​អ៊ីស្រា‌អែល​សម្រាប់​ធ្វើ​ឥដ្ឋ​ដូច​មុន​ទៀត​ឡើយ ត្រូវ​ឲ្យ​ពួក‌គេ​ទៅ​រក​ចំបើង​ដោយ​ខ្លួន​ឯង​ទៅ។ 8ប៉ុន្តែ ត្រូវ​បង្ខំ​ឲ្យ​គេ​ធ្វើ​ឥដ្ឋ​គ្រប់​ចំនួន ដូច​ដែល​គេ​ធ្លាប់​ធ្វើ​ពីមុន កុំ​បន្ថយ​ឲ្យ​សោះ ដ្បិត​គេ​ខ្ជិល ហេតុ​នេះ​ហើយ​បាន​ជា​គេ​ស្រែក​ថា "សូម​ឲ្យ​យើង​ខ្ញុំ​ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​នៃ​យើង​ខ្ញុំ"។ 9ត្រូវ​ដាក់​ការ​ងារ​ឲ្យ​គេ​ធ្វើ​រឹត​តែ​ធ្ងន់​ថែម​ទៀត ដើម្បី​ឲ្យ​គេ​ខំប្រឹង​ធ្វើ កុំ​ឲ្យ​គេ​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​ភូត​ភរ​ឡើយ»។
10ពួក​មេ​តម្រួត​លើ​ពួក​ប្រជា‌ជន និង​ពួក​នាយ ក៏​ចេញ​ទៅ​ប្រាប់​ពួក‌គេ​ថា៖ «ផារ៉ោន​មាន​រាជ‌ឱង្ការ​ដូច្នេះ​ថា "យើង​លែង​ផ្ដល់​ចំបើង​ឲ្យ​អ្នក​រាល់​គ្នា​ហើយ 11ចូរ​ទៅ​រក​ចំបើង​ដោយ​ខ្លួន​ឯង នៅ​កន្លែង​ណា​ដែល​រក​បាន​ចុះ ប៉ុន្តែ ការ​ងារ​របស់​អ្នក​រាល់​គ្នា​មិន​ត្រូវ​បន្ថយ​ឡើយ សូម្បី​តែ​បន្តិច"»។ 12ដូច្នេះ បណ្ដា​‌ជន​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ ដើម្បី​រក​ជញ្ជ្រាំង​មក​ជំនួស​ចំបើង។ 13ពួក​មេ​តម្រួត​ដាក់​កំហិត​ថា៖ «ត្រូវ​បង្ហើយ​ការ​ងារ​របស់​អ្នក​រាល់​គ្នា ដូច​ជា​បាន​ដាក់​ឲ្យ​ធ្វើ​មក​រាល់​តែ​ថ្ងៃ ឲ្យ​ដូច​ជា​ពេល​មាន​ចំបើង​នោះ​ដែរ»។ 14ពួក​មេ​តម្រួត​របស់​ផារ៉ោន​បាន​វាយ​ពួក​មេ​ក្រុម​របស់​កូន​ចៅ​អ៊ីស្រា‌អែល ដែល​ខ្លួន​បាន​តែង‌តាំង ហើយ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​ពី​ម្សិល‌មិញ និង​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​មិន​បាន​ធ្វើ​ឥដ្ឋ​ឲ្យ​គ្រប់​ចំនួន​ដូច​ពី​មុន?»។
15បន្ទាប់​មក ពួក​មេ​ក្រុម​របស់​កូន​ចៅ​អ៊ីស្រា‌អែល ក៏​នាំ​គ្នា​ទៅ​ឯ​ផារ៉ោន ហើយ​ស្រែក​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​ប្រព្រឹត្ត​នឹង​យើង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះ​ករុណា​ដូច្នេះ? 16គេ​មិន​ផ្ដល់​ចំបើង​ឲ្យ​យើង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា​ទៀត​ទេ ហើយ​គេ​ប្រាប់​យើង​ខ្ញុំ​ថា "ចូរ​ធ្វើ​ឥដ្ឋ​ទៅ!" មើល៍ គេ​វាយ​យើង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា តែ​ប្រជា‌រាស្ត្ររបស់​ព្រះ‌ករុណា​ទេ​ដែល​ធ្វើ​ខុស»។ 17ផារ៉ោន​ឆ្លើយ​ថា៖ «អ្នក​រាល់​គ្នា​ជា​មនុស្ស​កម្ជិល ជា​មនុស្ស​ខ្ជិល​ច្រអូល ហេតុ​នេះ​ហើយ​បាន​ជា​និយាយ​ថា "សូម​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា"។ 18ឥឡូវ​នេះ ចូរ​ទៅ​ធ្វើ​ការ​វិញ​ទៅ យើង​គ្មាន​ចំបើង​ឲ្យ​អ្នក​រាល់​គ្នា​ទេ តែ​ត្រូវ​ធ្វើ​ឥដ្ឋ​ឲ្យ​បាន​គ្រប់​ចំនួន»។ 19កាល​ពួក​មេ​ក្រុម​របស់​កូន​ចៅ​អ៊ីស្រា‌អែល​ឮ​ថា មិន​ត្រូវ​បន្ថយ​ចំនួន​ឥដ្ឋ​ដែល​ត្រូវ​ធ្វើ​រាល់​ថ្ងៃ​ដូច្នោះ នោះ​ក៏​ឃើញ​ថា ពួក‌គេ​ធ្លាក់​ក្នុង​ស្ថាន​ភាព​វេទនា​ហើយ។ 20ពេល​គេ​ចេញ​ពី​ផារ៉ោន​វិញ គេ​ក៏​ជួប​លោក​ម៉ូសេ និង​អើរ៉ុន​ដែល​កំពុង​តែ​ឈរ​ចាំ។ 21ពួក‌គេ​ពោល​ទៅ​កាន់​លោក​ទាំង​ពីរ​ថា៖ «សូម​ព្រះ‌យេហូវ៉ា​ទត​មើល ហើយ​ដាក់​ទោស​អ្នក​ចុះ ដ្បិត​អ្នក​បាន​ធ្វើ​ឲ្យ​ពួក​យើង​ស្អុយ​ឈ្មោះ​នៅ​ចំពោះ​ផារ៉ោន និង​ពួក​មហា‌តលិក​របស់​ស្ដេច ហើយ​បាន​ហុច​ដាវ​ឲ្យ​ពួក‌គេ​សម្លាប់​យើង»។
22លោក​ម៉ូសេ​ត្រឡប់​ទៅ​រក​ព្រះ‌យេហូវ៉ា ហើយ​ទូល​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ធ្វើ​បាប​ប្រជា‌ជន​នេះ? ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ចាត់​ទូល‌បង្គំ​ឲ្យ​មក? 23ដ្បិត​តាំង​ពី​ទូល‌បង្គំ​ចូល​ទៅ​ជួប​ផារ៉ោន ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ ស្ដេច​បាន​ធ្វើ​បាប​ប្រជា‌ជន​នេះ ហើយ​ព្រះ‌អង្គ​ក៏​មិន​បាន​រំដោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​សោះ»។

ទើបបានជ្រើសរើសហើយ៖

និក្ខមនំ 5: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល