និក្ខមនំ 4

4
លោក​ម៉ូសេ​មាន​អំណាច​ធ្វើ​ការ​អស្ចារ្យ
1ប៉ុន្ដែ លោក​ម៉ូសេ​ប្រកែក​ថា៖ «មើល៍ គេ​នឹង​មិន​ជឿ​ទូល‌បង្គំ ឬ​ស្តាប់​តាម​ទូល‌បង្គំ​ទេ ដ្បិត​គេ​នឹង​ពោល​ថា "ព្រះ‌យេហូវ៉ា​មិន​បាន​លេច​មក​ឲ្យ​អ្នក​ឃើញ​ទេ"»។ 2ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «តើ​មាន​អ្វី​នៅ​ដៃ​របស់​អ្នក?» លោក​ឆ្លើយ​ថា៖ «មាន​ដំបង»។ 3ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បោះ​វា​ទៅ​ដី​ទៅ!» លោក​ក៏​បោះ​ដំបង​ទៅ​ដី ហើយ​ដំបង​ត្រឡប់​ទៅ​ជា​សត្វ​ពស់ លោក​ម៉ូសេ​ក៏​រត់​ចេញ​ពី​សត្វ​ពស់។ 4ប៉ុន្ដែ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​លូក​ដៃ​ទៅ​ចាប់​កន្ទុយ​វា​ទៅ!» លោក​ក៏​លូក​ដៃ​ទៅ​ចាប់ រួច​ពស់​នោះ​ត្រឡប់​ទៅ​ជា​ដំបង​នៅ​ដៃ​របស់​លោក​វិញ។ 5ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ប្រាប់​លោក​ថា៖ «នេះ​ដើម្បី​ឲ្យ​គេ​ជឿ​ថា ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​គេ គឺ​ជា​ព្រះ​របស់​អ័ប្រា‌ហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប បាន​លេច​មក​ឲ្យ​អ្នក​ឃើញ​មែន»។
6ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ទៀត​ថា៖ «ចូរ​ដាក់​ដៃ​ទៅ​លើ​ទ្រូង​អ្នក​ទៅ» លោក​ក៏​ដាក់​ដៃ​ចូល​ទៅ រួច​ពេល​ដក​ដៃ​មក​វិញ មើល៍ ដៃ​របស់​លោក​កើត​ឃ្លង់ ឡើង​ស​ដូចហិមៈ។ 7បន្ទាប់​មក ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ដាក់​ដៃ​ចូល​ទៅ​លើ​ទ្រូង​អ្នក​ម្តង​ទៀត»។ លោក​ក៏​ដាក់​ដៃ​ចូល​ទៅ រួចកាល​លោក​ដក​ដៃ​មក​វិញ នោះ​មើល៍ ដៃរបស់​លោក​ត្រឡប់​មក​ដូច​ធម្មតា​វិញ។ 8ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​គេ​មិន​ជឿ​អ្នក ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ទី​សម្គាល់​ទីមួយ​ទេ គេ​មុខ​ជា​ជឿ​ទី​សម្គាល់​ក្រោយ​នេះ។ 9ប្រសិន‌បើ​គេ​មិន​ជឿ​ទី​សម្គាល់​ទាំង​ពីរ​នេះ ហើយ​មិន​ព្រម​ស្តាប់​តាម​ពាក្យ​អ្នក​ទេ ត្រូវ​យក​ទឹក​ទន្លេ​នីល​មក​ចាក់​លើ​ដី​គោក រួច​ទឹក​ដែល​អ្នក​យក​ពី​ទន្លេ​នីល​មក​នឹង​ត្រឡប់​ទៅ​ជា​ឈាម​នៅ​លើ​ដី​ស្ងួត»។
10ប៉ុន្ដែ លោក​ម៉ូសេ​ទូល​ព្រះ‌យេហូវ៉ា​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​ជា​មនុស្ស​មិន​សូវ​មាន​វោហារ​ទេ គឺ​តាំង​ពី​ដើម​រៀង​មក រហូត​ដល់​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ទូល‌បង្គំ​នៅ​ពេល​នេះ ដ្បិត​ទូល‌បង្គំ​មាន​មាត់​រឹង ហើយ​អណ្ដាត​ក៏​ដំឡាន់​ផង»។ 11ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «តើ​អ្នក​ណា​បាន​បង្កើត​មាត់​មនុស្ស? តើ​អ្នក​ណាធ្វើ​ឲ្យ​គេ​ទៅ​ជា​គ ថ្លង់ មើល​ឃើញ ឬ​ខ្វាក់? តើ​មិន​មែន​ជា​យើង ជា​ព្រះ‌យេហូវ៉ា​ទេ​ឬ? 12ឥឡូវ​នេះ ចូរ​ចេញ​ទៅ​ចុះ យើង​នឹង​នៅ​ជា‌មួយ​មាត់​អ្នក ហើយ​បង្រៀន​ពី​សេចក្ដី​ដែល​អ្នក​ត្រូវ​និយាយ»។ 13លោក​ម៉ូសេ​ទូល​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ សូម​ព្រះ‌អង្គ​ចាត់​អ្នក​ណា​ម្នាក់​ផ្សេង​វិញ​ទៅ!»។ 14ពេល​នោះ សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង​ទាស់​នឹង​លោក​ម៉ូសេ ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​អើរ៉ុន​កូន​ចៅ​លេវី មិន​មែន​ជា​បង​ប្រុស​របស់​អ្នក​ទេ​ឬ? យើង​ដឹង​ថា គាត់ជា​មនុស្ស​ពូកែ​វោហារ មើល៍ គាត់​កំពុង​តែ​មក​រក​អ្នក​ទៀត​ផង កាល​ណា​គាត់​ឃើញ​អ្នក នោះ​គាត់​នឹង​មាន​ចិត្ត​រីក​រាយ​ឡើង។ 15អ្នក​ត្រូវ​ប្រាប់​គាត់ ហើយ​ឲ្យ​គាត់​និយាយ​ជំនួស​អ្នក យើង​នឹង​នៅ​ជា‌មួយ​មាត់​របស់​អ្នក និង​ជា‌មួយ​មាត់​របស់​គាត់ ក៏​នឹង​បង្រៀន​អ្នក​ពី​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ផង។ 16គាត់​នឹង​និយាយ​ទៅ​ប្រជា‌ជន​ជំនួស​អ្នក គាត់​នឹង​ធ្វើ​ជា​មាត់​ឲ្យ​អ្នក ហើយ​អ្នក​នឹង​បាន​ដូច​ជា​ព្រះ​សម្រាប់​គាត់។ 17ត្រូវ​យក​ដំបង​នេះ​កាន់​នៅ​ដៃ សម្រាប់​នឹង​ធ្វើ​ទី​សម្គាល់​ចុះ»។
លោក​ម៉ូសេ​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ
18លោក​ម៉ូសេ​ក៏​ត្រឡប់​ទៅ​ជួប​លោក​យេត្រូ ជា​ឪពុក​ក្មេក ហើយ​ជម្រាប​ថា៖ «សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​រក​បង‌ប្អូន​ខ្ញុំ​នៅ​ស្រុក​អេស៊ីព្ទ​វិញ ដើម្បី​ឲ្យ​ដឹង​ថា​ពួក‌គេ​នៅ​រស់​ឬ​យ៉ាង​ណា?» លោក​យេត្រូ​មាន​ប្រសាសន៍​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ!»។ 19នៅ​ស្រុក​ម៉ាឌាន ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​អ្នក​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ​វិញ ដ្បិត​អស់​អ្នក​ដែល​ប៉ុន​ប៉ង​សម្លាប់​អ្នក​បាន​ស្លាប់​អស់​ហើយ»។ 20លោក​ម៉ូសេ​ក៏​នាំ​យក​ប្រពន្ធ កូន បញ្ជិះ​លើ​សត្វ​លា វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ​វិញ ហើយ​យក​ទាំង​ដំបង​របស់​ព្រះ​កាន់​នៅ​ដៃ។
21ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «កាល​ណា​អ្នក​ត្រឡប់​ទៅ​ដល់​ស្រុក​អេស៊ីព្ទ​ហើយ នោះ​កុំ​ខាន​នឹង​ធ្វើ​អស់​ទាំង​ការ​អស្ចារ្យ ដែល​យើង​បាន​ដាក់​នៅ​ដៃ​អ្នក​នៅ​ចំពោះ​ផារ៉ោន​ឡើយ តែ​យើង​នឹង​ធ្វើ​ឲ្យ​ផារ៉ោន​មាន​ចិត្ត​រឹង​ទទឹង មិន​ព្រម​បើក​ឲ្យ​ប្រជា‌ជន​ចេញ​មក​ទេ។ 22អ្នក​ត្រូវ​ប្រាប់​ផារ៉ោន​ថា "ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អ៊ីស្រា‌អែល​ជា​កូន​ច្បង​របស់​យើង 23ហើយ​យើង​ប្រាប់​អ្នក​ថា ចូរ​បើក​ឲ្យ​កូន​របស់​យើង​ចេញ​ទៅ ដើម្បី​ឲ្យ​គេ​ថ្វាយ​បង្គំ​យើង។ តែ​ប្រសិន‌បើ​អ្នក​មិន​ព្រម​ទេ នោះ​មើល៍ យើង​នឹង​ប្រហារ​កូន​ច្បង​របស់​អ្នក"»។
24ពេល​ធ្វើ​ដំណើរ​មក​តាម​ផ្លូវ ព្រះ‌យេហូវ៉ា​យាង​ជួប​លោក​នៅ​ត្រង់​កន្លែង​ឈប់​សម្រាក ហើយ​រក​សម្លាប់​លោក។ 25ពេល​នោះ នាង​សេផូរ៉ា​យក​ថ្ម​យ៉ាង​មុត មក​កាត់​ស្បែក​ចុង​ស្វាស​កូនប្រុស​របស់​នាង ហើយទៅ​ប៉ះ​នឹង​ជើង​របស់​លោក​ម៉ូសេ រួច​ពោល​ថា៖ «អ្នក​ពិត​ជា​ប្តី​របស់​ខ្ញុំ​មែន ដោយ​សារ​បាន​ខ្ចាយ​ឈាម​ដល់​ខ្ញុំ!»។ 26ដូច្នេះ ព្រះ​អង្គ​ក៏​លែង​ធ្វើ​អ្វី​លោក​ទៅ ហើយ​នាង​ពោល​ថា៖ «អ្នក​ជា​ប្តី​ដោយ​សារ​ឈាម ដោយ​ព្រោះ​ការ​កាត់​ស្បែក»។
27ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​លោក​អើរ៉ុន​ថា៖ «ចូរ​ទៅ​ជួប​ម៉ូសេ​នៅ​ទី​រហោ‌ស្ថាន»។ លោក​ក៏​ទៅ បាន​ជួប​គ្នា​នៅ​ភ្នំ​របស់​ព្រះ ហើយ​ថើប​គ្នា។ 28លោក​ម៉ូសេ​ប្រាប់​លោក​អើរ៉ុន​ពី​គ្រប់​ទាំង​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​បាន​ផ្តាំ និង​គ្រប់​ទាំង​ទី​សម្គាល់​ដែល​ព្រះ‌អង្គ​បាន​បង្គាប់ឲ្យ​លោក​ធ្វើ។ 29លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​នាំ​គ្នា​ទៅ​ប្រមូល​ពួក​ចាស់​ទុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល។ 30លោក​អើរ៉ុន​និយាយ​រៀបរាប់​ពី​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ ព្រម​ទាំង​ធ្វើ​ទី​សម្គាល់​ឲ្យ​បណ្ដា‌ជន​ឃើញ​ទៀត​ផង។ 31បណ្ដា‌ជន​ក៏​ជឿ ហើយ​កាល​ណា​គេឮ​ថា ព្រះ‌យេហូវ៉ា​បាន​យាង​មក​ប្រោស​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ថា ព្រះ‌អង្គ​បាន​ទត​ឃើញ​ទុក្ខ​វេទនា​របស់​គេ គេ​ក៏​នាំ​គ្នា​ឱន​ក្បាល ថ្វាយ​បង្គំ​ព្រះ‌អង្គ។

ទើបបានជ្រើសរើសហើយ៖

និក្ខមនំ 4: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល