និក្ខមនំ 4
4
លោកម៉ូសេមានអំណាចធ្វើការអស្ចារ្យ
1ប៉ុន្ដែ លោកម៉ូសេប្រកែកថា៖ «មើល៍ គេនឹងមិនជឿទូលបង្គំ ឬស្តាប់តាមទូលបង្គំទេ ដ្បិតគេនឹងពោលថា "ព្រះយេហូវ៉ាមិនបានលេចមកឲ្យអ្នកឃើញទេ"»។ 2ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកថា៖ «តើមានអ្វីនៅដៃរបស់អ្នក?» លោកឆ្លើយថា៖ «មានដំបង»។ 3ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរបោះវាទៅដីទៅ!» លោកក៏បោះដំបងទៅដី ហើយដំបងត្រឡប់ទៅជាសត្វពស់ លោកម៉ូសេក៏រត់ចេញពីសត្វពស់។ 4ប៉ុន្ដែ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរលូកដៃទៅចាប់កន្ទុយវាទៅ!» លោកក៏លូកដៃទៅចាប់ រួចពស់នោះត្រឡប់ទៅជាដំបងនៅដៃរបស់លោកវិញ។ 5ព្រះយេហូវ៉ាមានព្រះបន្ទូលប្រាប់លោកថា៖ «នេះដើម្បីឲ្យគេជឿថា ព្រះយេហូវ៉ាដ៏ជាព្រះនៃបុព្វបុរសរបស់គេ គឺជាព្រះរបស់អ័ប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប បានលេចមកឲ្យអ្នកឃើញមែន»។
6ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកទៀតថា៖ «ចូរដាក់ដៃទៅលើទ្រូងអ្នកទៅ» លោកក៏ដាក់ដៃចូលទៅ រួចពេលដកដៃមកវិញ មើល៍ ដៃរបស់លោកកើតឃ្លង់ ឡើងសដូចហិមៈ។ 7បន្ទាប់មក ព្រះទ្រង់មានព្រះបន្ទូលថា៖ «ចូរដាក់ដៃចូលទៅលើទ្រូងអ្នកម្តងទៀត»។ លោកក៏ដាក់ដៃចូលទៅ រួចកាលលោកដកដៃមកវិញ នោះមើល៍ ដៃរបស់លោកត្រឡប់មកដូចធម្មតាវិញ។ 8ព្រះទ្រង់មានព្រះបន្ទូលថា៖ «បើគេមិនជឿអ្នក ហើយមិនយកចិត្តទុកដាក់នឹងទីសម្គាល់ទីមួយទេ គេមុខជាជឿទីសម្គាល់ក្រោយនេះ។ 9ប្រសិនបើគេមិនជឿទីសម្គាល់ទាំងពីរនេះ ហើយមិនព្រមស្តាប់តាមពាក្យអ្នកទេ ត្រូវយកទឹកទន្លេនីលមកចាក់លើដីគោក រួចទឹកដែលអ្នកយកពីទន្លេនីលមកនឹងត្រឡប់ទៅជាឈាមនៅលើដីស្ងួត»។
10ប៉ុន្ដែ លោកម៉ូសេទូលព្រះយេហូវ៉ាថា៖ «ឱព្រះអម្ចាស់អើយ ទូលបង្គំជាមនុស្សមិនសូវមានវោហារទេ គឺតាំងពីដើមរៀងមក រហូតដល់ដែលព្រះអង្គមានព្រះបន្ទូលមកទូលបង្គំនៅពេលនេះ ដ្បិតទូលបង្គំមានមាត់រឹង ហើយអណ្ដាតក៏ដំឡាន់ផង»។ 11ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកថា៖ «តើអ្នកណាបានបង្កើតមាត់មនុស្ស? តើអ្នកណាធ្វើឲ្យគេទៅជាគ ថ្លង់ មើលឃើញ ឬខ្វាក់? តើមិនមែនជាយើង ជាព្រះយេហូវ៉ាទេឬ? 12ឥឡូវនេះ ចូរចេញទៅចុះ យើងនឹងនៅជាមួយមាត់អ្នក ហើយបង្រៀនពីសេចក្ដីដែលអ្នកត្រូវនិយាយ»។ 13លោកម៉ូសេទូលថា៖ «ឱព្រះអម្ចាស់អើយ សូមព្រះអង្គចាត់អ្នកណាម្នាក់ផ្សេងវិញទៅ!»។ 14ពេលនោះ សេចក្ដីក្រោធរបស់ព្រះយេហូវ៉ាក៏ឆួលឡើងទាស់នឹងលោកម៉ូសេ ហើយព្រះអង្គមានព្រះបន្ទូលថា៖ «តើអើរ៉ុនកូនចៅលេវី មិនមែនជាបងប្រុសរបស់អ្នកទេឬ? យើងដឹងថា គាត់ជាមនុស្សពូកែវោហារ មើល៍ គាត់កំពុងតែមករកអ្នកទៀតផង កាលណាគាត់ឃើញអ្នក នោះគាត់នឹងមានចិត្តរីករាយឡើង។ 15អ្នកត្រូវប្រាប់គាត់ ហើយឲ្យគាត់និយាយជំនួសអ្នក យើងនឹងនៅជាមួយមាត់របស់អ្នក និងជាមួយមាត់របស់គាត់ ក៏នឹងបង្រៀនអ្នកពីអ្វីដែលអ្នកត្រូវធ្វើផង។ 16គាត់នឹងនិយាយទៅប្រជាជនជំនួសអ្នក គាត់នឹងធ្វើជាមាត់ឲ្យអ្នក ហើយអ្នកនឹងបានដូចជាព្រះសម្រាប់គាត់។ 17ត្រូវយកដំបងនេះកាន់នៅដៃ សម្រាប់នឹងធ្វើទីសម្គាល់ចុះ»។
លោកម៉ូសេត្រឡប់ទៅស្រុកអេស៊ីព្ទ
18លោកម៉ូសេក៏ត្រឡប់ទៅជួបលោកយេត្រូ ជាឪពុកក្មេក ហើយជម្រាបថា៖ «សូមអនុញ្ញាតឲ្យខ្ញុំត្រឡប់ទៅរកបងប្អូនខ្ញុំនៅស្រុកអេស៊ីព្ទវិញ ដើម្បីឲ្យដឹងថាពួកគេនៅរស់ឬយ៉ាងណា?» លោកយេត្រូមានប្រសាសន៍មកកាន់លោកម៉ូសេថា៖ «ចូរទៅដោយសុខសាន្តចុះ!»។ 19នៅស្រុកម៉ាឌាន ព្រះយេហូវ៉ាបានមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរអ្នកត្រឡប់ទៅស្រុកអេស៊ីព្ទវិញ ដ្បិតអស់អ្នកដែលប៉ុនប៉ងសម្លាប់អ្នកបានស្លាប់អស់ហើយ»។ 20លោកម៉ូសេក៏នាំយកប្រពន្ធ កូន បញ្ជិះលើសត្វលា វិលត្រឡប់ទៅស្រុកអេស៊ីព្ទវិញ ហើយយកទាំងដំបងរបស់ព្រះកាន់នៅដៃ។
21ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «កាលណាអ្នកត្រឡប់ទៅដល់ស្រុកអេស៊ីព្ទហើយ នោះកុំខាននឹងធ្វើអស់ទាំងការអស្ចារ្យ ដែលយើងបានដាក់នៅដៃអ្នកនៅចំពោះផារ៉ោនឡើយ តែយើងនឹងធ្វើឲ្យផារ៉ោនមានចិត្តរឹងទទឹង មិនព្រមបើកឲ្យប្រជាជនចេញមកទេ។ 22អ្នកត្រូវប្រាប់ផារ៉ោនថា "ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា អ៊ីស្រាអែលជាកូនច្បងរបស់យើង 23ហើយយើងប្រាប់អ្នកថា ចូរបើកឲ្យកូនរបស់យើងចេញទៅ ដើម្បីឲ្យគេថ្វាយបង្គំយើង។ តែប្រសិនបើអ្នកមិនព្រមទេ នោះមើល៍ យើងនឹងប្រហារកូនច្បងរបស់អ្នក"»។
24ពេលធ្វើដំណើរមកតាមផ្លូវ ព្រះយេហូវ៉ាយាងជួបលោកនៅត្រង់កន្លែងឈប់សម្រាក ហើយរកសម្លាប់លោក។ 25ពេលនោះ នាងសេផូរ៉ាយកថ្មយ៉ាងមុត មកកាត់ស្បែកចុងស្វាសកូនប្រុសរបស់នាង ហើយទៅប៉ះនឹងជើងរបស់លោកម៉ូសេ រួចពោលថា៖ «អ្នកពិតជាប្តីរបស់ខ្ញុំមែន ដោយសារបានខ្ចាយឈាមដល់ខ្ញុំ!»។ 26ដូច្នេះ ព្រះអង្គក៏លែងធ្វើអ្វីលោកទៅ ហើយនាងពោលថា៖ «អ្នកជាប្តីដោយសារឈាម ដោយព្រោះការកាត់ស្បែក»។
27ព្រះយេហូវ៉ាមានព្រះបន្ទូលទៅលោកអើរ៉ុនថា៖ «ចូរទៅជួបម៉ូសេនៅទីរហោស្ថាន»។ លោកក៏ទៅ បានជួបគ្នានៅភ្នំរបស់ព្រះ ហើយថើបគ្នា។ 28លោកម៉ូសេប្រាប់លោកអើរ៉ុនពីគ្រប់ទាំងព្រះបន្ទូលដែលព្រះយេហូវ៉ាបានផ្តាំ និងគ្រប់ទាំងទីសម្គាល់ដែលព្រះអង្គបានបង្គាប់ឲ្យលោកធ្វើ។ 29លោកម៉ូសេ និងលោកអើរ៉ុនក៏នាំគ្នាទៅប្រមូលពួកចាស់ទុំនៃកូនចៅអ៊ីស្រាអែល។ 30លោកអើរ៉ុននិយាយរៀបរាប់ពីសេចក្ដីទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ ព្រមទាំងធ្វើទីសម្គាល់ឲ្យបណ្ដាជនឃើញទៀតផង។ 31បណ្ដាជនក៏ជឿ ហើយកាលណាគេឮថា ព្រះយេហូវ៉ាបានយាងមកប្រោសកូនចៅអ៊ីស្រាអែល ហើយថា ព្រះអង្គបានទតឃើញទុក្ខវេទនារបស់គេ គេក៏នាំគ្នាឱនក្បាល ថ្វាយបង្គំព្រះអង្គ។
ទើបបានជ្រើសរើសហើយ៖
និក្ខមនំ 4: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies