និក្ខមនំ 6:9-30

និក្ខមនំ 6:9-30 គកស១៦

លោក​ម៉ូសេ​ក៏​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​តាម​ពាក្យ​នោះ ប៉ុន្ដែ គេ​មិន​ស្តាប់​លោក​ឡើយ ព្រោះ​គេ​បាក់​ទឹក​ចិត្ត និង​ភាព​ជា​ទាសករ​ដ៏​ឃោរ​ឃៅ។ ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​ទៅ​លោក​ម៉ូសេ​ថា៖ «ចូរ​ទៅ​ប្រាប់​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ​ថា ត្រូវ​បើក​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ»។ ប៉ុន្ដែ លោក​ម៉ូសេ​ទូល​ព្រះ‌យេហូវ៉ា​ថា៖ «មើល៍ សូម្បី​តែ​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​មិន​ព្រម​ស្តាប់​ទូល‌បង្គំ​ផង ធ្វើ​ដូច​ម្តេច​ឲ្យ​ផារ៉ោន​ស្តាប់​ទូល‌បង្គំ ជា​អ្នក​ដែល​មិន​សូវ​មាន​វោហារ​ដូច្នេះ? » នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន ជាសេចក្ដី​បង្គាប់​ដល់​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ដល់​ផារ៉ោន​ជា​ស្តេច​ស្រុក​អេស៊ីព្ទ ដើម្បី​នាំ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ។ នេះ​ជា​បញ្ជី​ពួក​មេ​គ្រួសារ​របស់​ឪពុក​គេ​ទាំង​ប៉ុន្មាន កូន​របស់​រូបេន ដែល​ជា​កូន​ច្បង​របស់​អ៊ីស្រា‌អែល គឺ​ហេណុក ប៉ាលូវ ហេស្រុន និង​កើមី អ្នក​ទាំង​នេះ​ជា​ក្រុម​គ្រួសារ​របស់​រូបេន។ កូន​របស់​ស៊ីម្មាន គឺ​យេមូ‌អែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ និង​សូល​ជា​កូន​របស់​ស្ត្រី​សាសន៍​កាណាន​ម្នាក់ អ្នក​ទាំង​នេះ​ជា​ក្រុម​គ្រួសារ​របស់​ស៊ីម្មាន។ ឈ្មោះ​របស់​ពួក​កូន​លេវី តាម​តំណ​វង្ស​ត្រកូល​របស់​គេ គឺ​គើសុន កេហាត់ និង​ម្រ៉ារី ហើយ​លេវី​មាន​អាយុ​រស់​នៅ​បាន​មួយ​រយ​សាម​សិប​ប្រាំពីរ​ឆ្នាំ។ កូន​របស់​គើសុន គឺ​លិបនី និង​ស៊ីម៉ាយ តាមក្រុម​គ្រួសារ​គេ។ កូន​របស់​កេហាត់ គឺ​អាំរ៉ាម យីតសារ ហេប្រុន និង​អ៊ូស៊ាល ហើយ​កេហាត់​មាន​អាយុ​រស់​នៅ​បាន​មួយ​រយ​សាម​សិប​បី​ឆ្នាំ។ កូន​របស់​ម្រ៉ារី គឺ​ម៉ាស់លី និង​មូស៊ី អ្នក​ទាំង​នេះ​ជា​ក្រុម​គ្រួសារ​របស់​លេវី តាមតំណ​វង្ស​ត្រកូល​របស់​គេ ។ អាំរ៉ាម​យក​នាង​យ៉ុកិបិត​ជា​ម្តាយ​មីង​ធ្វើ​ជា​ប្រពន្ធ ហើយ​នាង​បង្កើត​អើរ៉ុន និង​ម៉ូសេ ហើយ​អាំរ៉ាម​មាន​អាយុ​រស់​នៅ​បាន​មួយ​រយ​សាម​សិប​ប្រាំពីរ​ឆ្នាំ។ កូន​របស់​យីតសារ គឺ​កូរេ នេផេក និង​ស៊ីកគ្រី។ កូន​របស់​អ៊ូស៊ាល គឺ​មីសា‌អែល អេលសាផាន និង​ស៊ីតទ្រី។ អើរ៉ុន​យក​នាង​អេលី‌សេបា កូន​របស់​អ័មី‌ណាដាប់ និង​ជា​ប្អូន​របស់​ណា​សូន ធ្វើ​ជា​ប្រពន្ធ នាង​បង្កើត​បាន​ណាដាប អ័ប៊ីហ៊ូវ អេលា‌សារ និង​អ៊ីថា‌ម៉ារ។ កូន​របស់​កូរេ គឺ​អាស់ស៊ា អែល‌កា‌ណា និង​អេបៀ‌សាប់ អ្នក​ទាំង​នេះ​ជា​ក្រុម​គ្រួសារ​របស់​កូរេ។ អេលា‌សារ​ជា​កូន​អើរ៉ុន ក៏​យក​កូន​ស្រី​ម្នាក់​របស់​ពូធាល​ធ្វើ​ជា​ប្រពន្ធ ហើយ​នាង​បង្កើត​បាន​ភីនេ‌ហាស។ នេះ​ជា​ពួក​មេ​នៃ​គ្រួសារ​ឪពុក​របស់​ពួក​លេវី តាម​គ្រួសារ​របស់​គេ។ គឺ​អើរ៉ុន និង​ម៉ូសេ​នេះ​ហើយ ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ថា «ចូរ​នាំ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ ទាំង​កងៗ»។ គឺ​លោក​ទាំង​ពីរ​នេះ​ហើយ​ដែល​បាន​ទូល​ផារ៉ោន​ជា​ស្តេច​ស្រុក​អេស៊ីព្ទ ដើម្បី​នាំ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ គឺ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​នេះ​ឯង។ នៅ​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​នៅ​ស្រុក​អេស៊ីព្ទ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​មក​កាន់​លោក​ថា៖ «យើង​ជា​ព្រះ‌យេហូវ៉ា ចូរ​ប្រាប់​ផារ៉ោន​ជា​ស្តេច​ស្រុក​អេស៊ីព្ទ​គ្រប់​ទាំង​សេចក្ដី​ដែល​យើង​បង្គាប់​អ្នក»។ ប៉ុន្ដែ លោក​ម៉ូសេ​ទូល​ព្រះ‌យេហូវ៉ា​ថា៖ «មើល៍ ទូល‌បង្គំ​ជា​អ្នក​មិន​សូវ​មាន​វោហារ ទេ ធ្វើ​ដូច​ម្តេច​ឲ្យ​ផារ៉ោន​ស្តាប់​ទូល‌បង្គំ?»។

អាន និក្ខមនំ 6