និក្ខមនំ 6:9-30

និក្ខមនំ 6:9-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​ម៉ូសេ​ក៏​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​តាម​ពាក្យ​នោះ ប៉ុន្ដែ គេ​មិន​ស្តាប់​លោក​ឡើយ ព្រោះ​គេ​បាក់​ទឹក​ចិត្ត និង​ភាព​ជា​ទាសករ​ដ៏​ឃោរ​ឃៅ។ ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​ទៅ​លោក​ម៉ូសេ​ថា៖ «ចូរ​ទៅ​ប្រាប់​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ​ថា ត្រូវ​បើក​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ»។ ប៉ុន្ដែ លោក​ម៉ូសេ​ទូល​ព្រះ‌យេហូវ៉ា​ថា៖ «មើល៍ សូម្បី​តែ​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​មិន​ព្រម​ស្តាប់​ទូល‌បង្គំ​ផង ធ្វើ​ដូច​ម្តេច​ឲ្យ​ផារ៉ោន​ស្តាប់​ទូល‌បង្គំ ជា​អ្នក​ដែល​មិន​សូវ​មាន​វោហារ​ដូច្នេះ? » នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន ជាសេចក្ដី​បង្គាប់​ដល់​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ដល់​ផារ៉ោន​ជា​ស្តេច​ស្រុក​អេស៊ីព្ទ ដើម្បី​នាំ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ។ នេះ​ជា​បញ្ជី​ពួក​មេ​គ្រួសារ​របស់​ឪពុក​គេ​ទាំង​ប៉ុន្មាន កូន​របស់​រូបេន ដែល​ជា​កូន​ច្បង​របស់​អ៊ីស្រា‌អែល គឺ​ហេណុក ប៉ាលូវ ហេស្រុន និង​កើមី អ្នក​ទាំង​នេះ​ជា​ក្រុម​គ្រួសារ​របស់​រូបេន។ កូន​របស់​ស៊ីម្មាន គឺ​យេមូ‌អែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ និង​សូល​ជា​កូន​របស់​ស្ត្រី​សាសន៍​កាណាន​ម្នាក់ អ្នក​ទាំង​នេះ​ជា​ក្រុម​គ្រួសារ​របស់​ស៊ីម្មាន។ ឈ្មោះ​របស់​ពួក​កូន​លេវី តាម​តំណ​វង្ស​ត្រកូល​របស់​គេ គឺ​គើសុន កេហាត់ និង​ម្រ៉ារី ហើយ​លេវី​មាន​អាយុ​រស់​នៅ​បាន​មួយ​រយ​សាម​សិប​ប្រាំពីរ​ឆ្នាំ។ កូន​របស់​គើសុន គឺ​លិបនី និង​ស៊ីម៉ាយ តាមក្រុម​គ្រួសារ​គេ។ កូន​របស់​កេហាត់ គឺ​អាំរ៉ាម យីតសារ ហេប្រុន និង​អ៊ូស៊ាល ហើយ​កេហាត់​មាន​អាយុ​រស់​នៅ​បាន​មួយ​រយ​សាម​សិប​បី​ឆ្នាំ។ កូន​របស់​ម្រ៉ារី គឺ​ម៉ាស់លី និង​មូស៊ី អ្នក​ទាំង​នេះ​ជា​ក្រុម​គ្រួសារ​របស់​លេវី តាមតំណ​វង្ស​ត្រកូល​របស់​គេ ។ អាំរ៉ាម​យក​នាង​យ៉ុកិបិត​ជា​ម្តាយ​មីង​ធ្វើ​ជា​ប្រពន្ធ ហើយ​នាង​បង្កើត​អើរ៉ុន និង​ម៉ូសេ ហើយ​អាំរ៉ាម​មាន​អាយុ​រស់​នៅ​បាន​មួយ​រយ​សាម​សិប​ប្រាំពីរ​ឆ្នាំ។ កូន​របស់​យីតសារ គឺ​កូរេ នេផេក និង​ស៊ីកគ្រី។ កូន​របស់​អ៊ូស៊ាល គឺ​មីសា‌អែល អេលសាផាន និង​ស៊ីតទ្រី។ អើរ៉ុន​យក​នាង​អេលី‌សេបា កូន​របស់​អ័មី‌ណាដាប់ និង​ជា​ប្អូន​របស់​ណា​សូន ធ្វើ​ជា​ប្រពន្ធ នាង​បង្កើត​បាន​ណាដាប អ័ប៊ីហ៊ូវ អេលា‌សារ និង​អ៊ីថា‌ម៉ារ។ កូន​របស់​កូរេ គឺ​អាស់ស៊ា អែល‌កា‌ណា និង​អេបៀ‌សាប់ អ្នក​ទាំង​នេះ​ជា​ក្រុម​គ្រួសារ​របស់​កូរេ។ អេលា‌សារ​ជា​កូន​អើរ៉ុន ក៏​យក​កូន​ស្រី​ម្នាក់​របស់​ពូធាល​ធ្វើ​ជា​ប្រពន្ធ ហើយ​នាង​បង្កើត​បាន​ភីនេ‌ហាស។ នេះ​ជា​ពួក​មេ​នៃ​គ្រួសារ​ឪពុក​របស់​ពួក​លេវី តាម​គ្រួសារ​របស់​គេ។ គឺ​អើរ៉ុន និង​ម៉ូសេ​នេះ​ហើយ ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ថា «ចូរ​នាំ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ ទាំង​កងៗ»។ គឺ​លោក​ទាំង​ពីរ​នេះ​ហើយ​ដែល​បាន​ទូល​ផារ៉ោន​ជា​ស្តេច​ស្រុក​អេស៊ីព្ទ ដើម្បី​នាំ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ គឺ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​នេះ​ឯង។ នៅ​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​នៅ​ស្រុក​អេស៊ីព្ទ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​មក​កាន់​លោក​ថា៖ «យើង​ជា​ព្រះ‌យេហូវ៉ា ចូរ​ប្រាប់​ផារ៉ោន​ជា​ស្តេច​ស្រុក​អេស៊ីព្ទ​គ្រប់​ទាំង​សេចក្ដី​ដែល​យើង​បង្គាប់​អ្នក»។ ប៉ុន្ដែ លោក​ម៉ូសេ​ទូល​ព្រះ‌យេហូវ៉ា​ថា៖ «មើល៍ ទូល‌បង្គំ​ជា​អ្នក​មិន​សូវ​មាន​វោហារ ទេ ធ្វើ​ដូច​ម្តេច​ឲ្យ​ផារ៉ោន​ស្តាប់​ទូល‌បង្គំ?»។

ចែក​រំលែក
អាន និក្ខមនំ 6

និក្ខមនំ 6:9-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ម៉ូសេ​ក៏​នាំ​ព្រះ‌បន្ទូល​ទាំង​នោះ​ទៅ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល ប៉ុន្តែ ពួក​គេ​មិន​ស្ដាប់​លោក​ឡើយ ព្រោះ​ពួក​គេ​បាក់​ទឹក​ចិត្ត ដោយ‌សារ​ទុក្ខ​វេទនា ក្នុង​ភាព​ជា​ទាសករ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ទៀត​ថា៖ «ចូរ​ទៅ​ប្រាប់​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប​ថា ត្រូវ​បើក​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​ទៅ»។ លោក​ម៉ូសេ​ទូល​ព្រះអង្គ​ថា៖ «សូម្បី​តែ​ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​មិន​ព្រម​ស្ដាប់​ទូលបង្គំ​ផង ធ្វើ​ដូច​ម្ដេច​ឲ្យ​ស្ដេច​ផារ៉ោន​ស្ដាប់​ទូលបង្គំ ជា​មនុស្ស​ដែល​គ្មាន​វោហារ​នេះ!»។ ដូច្នេះ ព្រះ‌អម្ចាស់​បង្គាប់​លោក​ម៉ូសេ និង​លោក​អើរ៉ុន ឲ្យ​នាំ​ព្រះ‌បន្ទូល​ទៅ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល និង​ស្ដេច​ផារ៉ោន ដើម្បី​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ នេះ​ជា​បញ្ជី​រាយ​នាម​មេ​គ្រួសារ​នៃ​បុព្វបុរស​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល: កូន​របស់​លោក​រូបេន ដែល​ជា​កូន​ច្បង​របស់​លោក​អ៊ីស្រា‌អែល មាន​ហេណុក ប៉ាលូវ ហេត‌ស្រុន និង​កើមី។ អ្នក​ទាំង​នោះ​ជា​បុព្វបុរស​នៃ​អំបូរ​រូបេន។ កូន​របស់​លោក​ស៊ីម្មាន​មាន​យេមូ‌អែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ និង​សូល ជា​កូន​របស់​ស្ត្រី​ជន‌ជាតិ​កាណាន។ អ្នក​ទាំង​នោះ​ជា​បុព្វបុរស​នៃ​អំបូរ​ស៊ីម្មាន។ រីឯ​កូន​ចៅ​របស់​លោក​លេវី​មាន​រាយ​នាម​តាម​តំណ​វង្ស​ត្រកូល​ដូច​ត​ទៅ: កូន​របស់​លោក​លេវី​មាន​គើសុន កេហាត់ និង​ម៉្រារី។ លោក​លេវី​រស់​បាន​មួយ​រយ​សាម‌សិប​ប្រាំ‌ពីរ​ឆ្នាំ។ កូន​របស់​គើសុន​មាន​លីបនី និង​ស៊ី‌ម៉ៃ ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​ពួក​គេ។ កូន​របស់​កេហាត់​មាន​អាំរ៉ាម យីតសារ ហេ‌ប្រុន និង​អ៊ូសាល។ លោក​កេហាត់​រស់​បាន​មួយ​រយ​សាម‌សិប​បី​ឆ្នាំ។ កូន​របស់​ម៉្រារី​មាន​ម៉ាស់‌លី និង​មូស៊ី។ អ្នក​ទាំង​នោះ​ជា​បុព្វបុរស​នៃ​អំបូរ​លេវី តាម​តំណ​វង្ស​ត្រកូល​របស់​ពួក​គេ។ លោក​អាំរ៉ាម​រៀបការ​ជា​មួយ​នាង​យ៉ុកិ‌បិត ដែល​ត្រូវ​ជា​ម្ដាយ​មីង​របស់​លោក នាង​បង្កើត​បាន​កូន​ប្រុស​ពីរ​នាក់​ជូន​លោក គឺ​លោក​អើរ៉ុន និង​លោក​ម៉ូសេ។ លោក​អាំរ៉ាម​រស់​បាន​មួយ​រយ​សាម‌សិប​ប្រាំ‌ពីរ​ឆ្នាំ។ កូន​របស់​លោក​យីតសារ​មាន​កូរេ ណេ‌ផេក និង​ស៊ីកគ្រី។ កូន​របស់​លោក​អ៊ូសាល​គឺ មីសា‌អែល អែលសា‌ផាន និង​ស៊ីត‌ទ្រី។ លោក​អើរ៉ុន​រៀបការ​ជា​មួយ​នាង​អេលីសេបា ជា​កូន​របស់​លោក​អមីណា‌ដាប់ និង​ជា​ប្អូន​របស់​លោក​ណាសូន។ នាង​បង្កើត​បាន​កូន​ប្រុស​បួន​នាក់​ជូន​លោក​គឺ ណាដាប អប៊ី‌ហ៊ូវ អេឡាសារ និង​អ៊ីថា‌ម៉ារ។ កូន​របស់​កូរេ​មាន​អាស់‌សៀរ អែលកា‌ណា និង​អេបៀ‌សាប់ ដែល​ជា​បុព្វបុរស​នៃ​អំបូរ​កូរេ។ លោក​អេឡា‌សារ កូន​ប្រុស​របស់​លោក​អើរ៉ុន បាន​រៀបការ​ជា​មួយ​កូន​ស្រី​លោក​ពូធាល នាង​បង្កើត​បាន​កូន​ប្រុស​ម្នាក់​ជូន​លោក​គឺ ភីនេ‌ហាស។ អ្នក​ទាំង​នេះ​ជា​មេ​គ្រួសារ​នៃ​កុល‌សម្ព័ន្ធ​លេវី តាម​អំបូរ​របស់​ពួក​គេ។ ព្រះ‌អម្ចាស់​បាន​បង្គាប់​ឲ្យ​លោក​អើរ៉ុន និង​លោក​ម៉ូសេ​នេះ នាំ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​មាន​របៀប​រៀប​រយ​ដូច​កង‌ទ័ព​មួយ។ លោក​ម៉ូសេ និង​លោក​អើរ៉ុន​នេះ​ហើយ​ដែល​បាន​ទៅ​គាល់​ព្រះចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប ដើម្បី​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីប។ ពេល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​នៅ​ស្រុក​អេស៊ីប ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​លោក​ថា៖ «យើង​ជា​ព្រះ‌អម្ចាស់! ចូរ​នាំ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​យើង​បង្គាប់​ដល់​អ្នក យក​ទៅ​ប្រាប់​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប»។ ប៉ុន្តែ លោក​ម៉ូសេ​ទូល​ព្រះ‌អម្ចាស់​ថា៖ «ទូលបង្គំ​គ្មាន​វោហារ​ទេ ព្រះចៅ​ផារ៉ោន​មុខ​ជា​មិន​ស្ដាប់​ទូលបង្គំ​ឡើយ»។

ចែក​រំលែក
អាន និក្ខមនំ 6

និក្ខមនំ 6:9-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​ម៉ូសេ​ក៏​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​តាម​ពាក្យ​នោះ ប៉ុន្តែ ដោយ​ព្រោះ​សេចក្ដី​វេទនា​នឹង​ការ​បំរើ​យ៉ាង​សហ័ស បាន​ជា​គេ​មិន​ព្រម​ស្តាប់​តាម​លោក​ទេ។ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ ឲ្យ​ចូល​ទៅ​ទូល​ផារ៉ោន​ជា​ស្តេច​អេស៊ីព្ទ​ថា ចូរ​បើក​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​ទៅ តែ​ម៉ូសេ​ទូល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ថា មើល សូម្បី​តែ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​មិន​ព្រម​ស្តាប់​តាម​ទូលបង្គំ​ទៅ ហើយ​ចំណង់​បើ​ផារ៉ោន​ធ្វើ​ដូច​ម្តេច​ឲ្យ​ស្តាប់​តាម​ទូលបង្គំ​បាន បើ​ទូលបង្គំ​ជា​អ្នក​មិន‌សូវ​ចេះ​វោហារ​ដូច្នេះ​ផង នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ប្រាប់​ម៉ូសេ នឹង​អើរ៉ុន ជា​សេចក្ដី​បង្គាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ហើយ​ដល់​ផារ៉ោន​ជា​ស្តេច​ស្រុក​អេស៊ីព្ទ​ប្រយោជន៍​ដើម្បី​នឹង​នាំ​ពួក​កូន​ចៅ​អ៊ីស្រាអែល ឲ្យ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ។ នេះ​ជា​បញ្ជី​ពួក​មេ​នៃ​គ្រួសារ​ឪពុក​គេ​ទាំង​ប៉ុន្មាន ពួក​កូន​រូបេន​ដែល​ជា​កូន​ច្បង​របស់​អ៊ីស្រាអែល គឺ​ហេណុក ប៉ាលូវ ហេស្រុន នឹង​កើមី នេះ​ឯង​ជា​គ្រួ​របស់​រូបេន​ទាំង​ប៉ុន្មាន ពួក​កូន​ស៊ីម្មាន គឺ​យេមូ‌អែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ នឹង​សូល​ជា​កូន​របស់​ស្ត្រី​សាសន៍​កាណាន​ម្នាក់ នេះ​ឯង​ជា​គ្រួ​ស៊ីម្មាន​ទាំង​ប៉ុន្មាន នេះ​ជា​ឈ្មោះ​របស់​ពួក​កូន​លេវី តាម​ពូជ​ដំណ​របស់​គេ​ត​មក គឺ​គើសុន កេហាត់ នឹង​ម្រ៉ារី ឯ​លេវី​ក៏​មាន​អាយុ​រស់​នៅ​បាន​១៣៧​ឆ្នាំ ពួក​កូន​គើសុន គឺ​លិបនី ហើយ​នឹង​ស៊ីម៉ាយ តាម​គ្រួ​គេ ពួក​កូន​កេហាត់ គឺ​អាំរ៉ាម យីតសារ ហេប្រុន នឹង​អ៊ូស៊ាល ឯ​កេហាត់​ក៏​មាន​អាយុ​រស់​នៅ​បាន​១៣៣​ឆ្នាំ ពួក​កូន​ម្រ៉ារី គឺ​ម៉ាស់លី នឹង​មូស៊ី នេះ​ឯង​ជា​គ្រួ​របស់​លេវី​តាម​ពូជ​ដំណ​របស់​គេ​ត​មក ឯ​អាំរ៉ាម គាត់​យក​យ៉ុកិបិត ជា​ម្តាយ​មីង ធ្វើ​ជា​ប្រពន្ធ ហើយ​នាង​បង្កើត​អើរ៉ុន​នឹង​ម៉ូសេ​ឲ្យ​គាត់ ឯ​អាំរ៉ាម​គាត់​មាន​អាយុ​រស់​នៅ​បាន​១៣៧​ឆ្នាំ ពួក​កូន​យីតសារ គឺ​កូរេ នេផេក ហើយ​ស៊ីកគ្រី ពួក​កូន​អ៊ូស៊ាល គឺ​មីសា‌អែល អេលសាផាន នឹង​ស៊ីតទ្រី ឯ​អើរ៉ុន​លោក​យក​នាង​អេលី‌សេបា ជា​កូន​អ័មី‌ន៉ាដាប់ ហើយ​ជា​ប្អូន​ណា​សូន ធ្វើ​ជា​ប្រពន្ធ នាង​បង្កើត​បាន​ណាដាប អ័ប៊ីហ៊ូវ អេលាសារ នឹង​អ៊ីថាម៉ារ​ឲ្យ​លោក ពួក​កូន​កូរេ គឺ​អាស់ស៊ា អែល‌កាណា នឹង​អេបៀ‌សាប់ នេះ​ឯង​ជា​គ្រួ​ពូជ​កូរេ​ទាំង​ប៉ុន្មាន អេលាសារ ជា​កូន​អើរ៉ុន ក៏​យក​កូន​ពូធាល​ម្នាក់ ធ្វើ​ជា​ប្រពន្ធ ហើយ​នាង​បង្កើត​បាន​ភីនេ‌ហាស នេះ​ឯង​ជា​ពួក​មេ​នៃ​គ្រួសារ​ឪពុក​របស់​ពួក​លេវី​តាម​គ្រួ​គេ គឺ​អើរ៉ុន ហើយ​នឹង​ម៉ូសេ​នេះ ដែល​ព្រះ‌យេហូវ៉ា ទ្រង់​បាន​បង្គាប់​ថា ចូរ​នាំ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ទាំង​កងៗ​ចុះ គឺ​ជា​អ្នក​ទាំង​២​នេះ​ដែល​បាន​ទូល​នឹង​ផារ៉ោន​ជា​ស្តេច​ស្រុក​អេស៊ីព្ទ ដើម្បី​នឹង​នាំ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ គឺ​ជា​ម៉ូសេ ហើយ​នឹង​អើរ៉ុន​នេះ​ឯង។ នៅ​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​នឹង​ម៉ូសេ​នៅ​ស្រុក​អេស៊ីព្ទ នោះ​ទ្រង់​បង្គាប់​ថា អញ​ជា​ព្រះ‌យេហូវ៉ា ចូរ​ឯង​ទៅ​ទូល​ផារ៉ោន​ជា​ស្តេច​ស្រុក​អេស៊ីព្ទ​តាម​គ្រប់​សេចក្ដី​ដែល​អញ​ប្រាប់ តែ​ម៉ូសេ​ទូល​ប្រកែក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ថា មើល ទូលបង្គំ​ជា​អ្នក​មិន‌សូវ​ចេះ​វោហារ​ទេ ធ្វើ​ដូច​ម្តេច​ឡើយ​ឲ្យ​ផារ៉ោន​បាន​ស្តាប់​តាម​ទូលបង្គំ។

ចែក​រំលែក
អាន និក្ខមនំ 6