និក្ខមនំ 7

7
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «មើល៍ យើង​បាន​ឲ្យ​អ្នក​ធ្វើ​ជា​ព្រះ​ដល់​ផារ៉ោន ហើយ​អើរ៉ុន​បង​របស់​អ្នក នឹង​ធ្វើ​ជា​ហោរា​របស់​អ្នក។ 2អ្នក​ត្រូវ​និយាយ​គ្រប់​ទាំង​សេចក្ដី​ដែល​យើង​បង្គាប់ ហើយ​អើរ៉ុន​បង​របស់​អ្នក​ត្រូវ​ប្រាប់​ផារ៉ោន ឲ្យ​ស្តេច​បើក​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក។ 3ប៉ុន្ដែ យើង​នឹង​ធ្វើ​ឲ្យ​ផារ៉ោន​មាន​ចិត្ត​រឹង​ទទឹង ហើយ​យើង​នឹង​បន្ថែម​ទី​សម្គាល់ និង​ការ​អស្ចារ្យ​របស់​យើង​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ។ 4កាល​ណា​ផារ៉ោន​មិន​ស្តាប់​អ្នក យើង​នឹង​ដាក់​ដៃ​របស់​យើង​លើ​ស្រុក​អេស៊ីព្ទ ហើយ​នាំ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង ចេញ​ពី​ស្រុក​អេស៊ីព្ទ ទាំង​កងៗ ដោយ​ការ​វិនិច្ឆ័យ​យ៉ាង​ធំ។ 5កាល​ណា​យើង​លើក​ដៃ​ដាក់​លើ​ស្រុក​អេស៊ីព្ទ ហើយ​នាំ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ក្នុង​ចំណោម​ពួក‌គេ នោះ​សាសន៍​អេស៊ីព្ទ​នឹង​ដឹង​ថា យើង​ជា​ព្រះ‌យេហូវ៉ា»។ 6លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​ធ្វើ​តាម គឺ​ពួក​លោក​បាន​ធ្វើ​ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់។ 7ក្នុង​គ្រា​លោក​ទាំង​ពីរ​ចូល​ទៅ​ទូល​ផារ៉ោន លោក​ម៉ូសេ​មាន​អាយុ​ប៉ែត‌សិប​ឆ្នាំ ហើយ​លោក​អើរ៉ុន​មាន​អាយុ​ប៉ែត​សិប​បី​ឆ្នាំ។
ដំបង​ដ៏​អស្ចារ្យ​របស់​លោក​អើរ៉ុន
8ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ 9«កាល​ណា​ផារ៉ោន​និយាយ​មក​អ្នក​ថា "ចូរ​សម្តែង​បាដិហារិយ៍​មក​មើល" នោះ​អ្នក​ត្រូវ​ប្រាប់​អើរ៉ុន​ថា "ចូរ​យក​ដំបង​របស់​បង​បោះ​ទៅ​ខាង​មុខ​ផារ៉ោន ដើម្បី​ឲ្យ​ដំបង​នោះ​ក្លាយ​ទៅ​ជា​សត្វ​ពស់"»។ 10លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​ចូល​ទៅ​គាល់​ផារ៉ោន ហើយ​បាន​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់។ លោក​អើរ៉ុន​បោះ​ដំបង​របស់​លោក​ទៅ​ខាង​មុខ​ផារ៉ោន និង​ពួក​មហា‌តលិក​របស់​ស្ដេច ហើយ​ដំបង​ក៏​ត្រឡប់​ជា​សត្វ​ពស់។ 11ប៉ុន្តែ ផារ៉ោន​កោះ​ហៅ​ពួក​អ្នក​ប្រាជ្ញ និង​ពួកគ្រូ​ធ្មប់​មក ឯ​ពួក​គ្រូ​នៅ​ស្រុក​អេស៊ីព្ទ​ទាំង​នោះ ក៏​ធ្វើ​ដូច្នោះ​ដោយ​ប្រើ​មន្ត​អាគម​របស់​គេ​ដែរ។ 12គេ​បាន​បោះ​ដំបង​របស់​គេ​រៀង​ខ្លួន ហើយ​ដំបង​ទាំង​នោះ​ក៏​ក្លាយ​ទៅ​ជា​ពស់ តែ​ដំបង​របស់​លោក​អើរ៉ុន​បាន​លេប​ដំបង​របស់​អ្នក​ទាំង​នោះ​អស់។ 13ផារ៉ោន​នៅ​តែ​មាន​ព្រះ‌ហឫ‌ទ័យ​រឹង​ទទឹង មិន​ព្រម​ស្តាប់​ពួក​លោក​ទេ ដូច​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់។
គ្រោះ​កាច​ទី​មួយ៖ ទឹក​ប្រែ​ទៅ​ជា​ឈាម
14ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ផារ៉ោន​មាន​ចិត្ត​រឹង‌រូស មិន​ព្រម​បើក​ឲ្យ​បណ្ដា​‌ជន​ចេញ​ទៅ​ទេ។ 15ចូរ​ទៅ​ជួប​ផារ៉ោន​នៅ​ពេល​ព្រឹក ពេល​ស្តេច​ចេញ​ទៅ​មាត់​ទឹក ចូរ​ឈរ​នៅ​មាត់​ទន្លេ​ដើម្បី​ជួប​ស្ដេច ហើយ​កាន់​ដំបង​ដែល​បាន​ប្រែ​ទៅ​ជា​ពស់​នោះ​ទៅ​ជា‌មួយ​ផង។ 16ត្រូវ​ទូល​ស្ដេច​ថា "ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សាសន៍​ហេព្រើរ បាន​ចាត់​ទូល‌បង្គំ​មក​ឲ្យ​ទូល​ព្រះ​កុរណា​ថា ចូរ​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ ដើម្បី​ឲ្យ​គេ​បាន​ថ្វាយ​បង្គំ​យើង​នៅ​ទី​រហោ‌ស្ថាន។ ប៉ុន្ដែ រហូត​មក​ទល់​ពេល​នេះ ព្រះ‌ករុណា​មិន​ព្រម​ស្តាប់​ទេ"។ 17ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "ដោយ​សារ​ការ​នេះ អ្នក​នឹង​ដឹង​ថា យើង​ជា​ព្រះ‌យេហូវ៉ា"។ "មើល៍ ទូល‌បង្គំ​នឹង​វាយ​ទឹក​ទន្លេ​នីល​ដោយ​ដំបង​នៅ​ដៃ​ទូល‌បង្គំ​នេះ ហើយ​ទឹក​នេះ​នឹង​ក្លាយ​ទៅ​ជា​ឈាម។ 18ត្រី​នៅ​ក្នុង​ទន្លេ​នីល​នឹង​ងាប់អស់ ទឹក​ទន្លេ​នឹង​ធុំ​ក្លិន​ស្អុយ ហើយ​សាសន៍​អេស៊ីព្ទ​នឹង​មិន​អាចផឹក​ទឹក​ពី​ទន្លេ​នេះបាន​ឡើយ"»។ 19ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​អើរ៉ុន​ថា "ចូរ​យក​ដំបង​របស់​បង ហើយ​លើក​ដៃ​ទៅ​លើ​ទឹក​ទាំង​ប៉ុន្មាន​របស់​ស្រុក​អេស៊ីព្ទ គឺ​ទៅ​លើ​ទន្លេ ព្រែក បឹង និង​ស្រះ​របស់​គេ​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​ទឹក​ទាំង​នោះ​ក្លាយ​ទៅ​ជា​ឈាម ហើយ​ឈាម​នឹង​មាន​ពាស​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ សូម្បី​តែ​នៅ​ក្នុង​ធុង​ឈើ និង​នៅ​ក្នុង​ពាង​ថ្ម​ក៏​មាន​ឈាម​ដែរ"»។
20លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​ធ្វើ​ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់។ លោក​លើក​ដំបង​វាយ​ទឹក​ទន្លេ​នីល​នៅ​មុខ​ផារ៉ោន និង​ពួក​មហា‌តលិក ហើយ​ទឹក​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ទន្លេ​នីល​ក៏​ក្លាយ​ទៅ​ជា​ឈាម 21ត្រី​នៅ​ក្នុង​ទន្លេ​ងាប់​អស់ ទឹក​ទន្លេ​ក៏​ធុំ​ក្លិន​ស្អុយ ហើយ​សាសន៍​អេស៊ីព្ទ​មិន​អាច​ផឹក​ទឹក​ទន្លេ​បាន​ឡើយ ក៏​មាន​ឈាម​ពាស​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ​ទាំង​មូល។ 22ពួក​គ្រូ​នៅ​ស្រុក​អេស៊ីព្ទ​ក៏​ធ្វើ​ដូច្នោះ ដោយ​ប្រើ​មន្ត​អាគម​របស់​គេ។ ដូច្នេះ ផារ៉ោន​នៅ​តែ​មាន​ព្រះ‌ហឫ‌ទ័យ​រឹង​ទទឹង មិន​ព្រម​ស្តាប់​លោក​ទាំង​ពីរ​ឡើយ ដូច​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់។ 23ផារ៉ោន​វិល​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ខ្លួន​វិញ មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ទាំង​នោះ​ឡើយ។ 24សាសន៍​អេស៊ីព្ទ​ទាំង​អស់​នាំ​គ្នា​ជីក​អណ្តូង​នៅ​តាម​មាត់​ទន្លេនីល ដើម្បី​រក​ទឹក​ផឹក ដ្បិត​គេមិនអាច​ផឹក​ទឹក​ទន្លេ​បាន​ឡើយ។
25ក្រោយ​ពី​ព្រះ‌យេហូវ៉ា​បាន​វាយ​ទឹក​ទន្លេ​នីល​ហើយ នោះ​ប្រាំពីរ​ថ្ងៃ​ក៏​បាន​កន្លង​ផុត​ទៅ។

ទើបបានជ្រើសរើសហើយ៖

និក្ខមនំ 7: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល