និក្ខមនំ ពាក្យ​លំនាំ

ពាក្យ​លំនាំ
ក្នុង​កណ្ឌគម្ពីរ «និក្ខមនំ» មាន​រៀប‌រាប់​អំពី​ព្រះ​រំដោះ​កូន​ចៅ​អ៊ីស្រា‌អែល ជា​ប្រជារាស្ត្រ​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​បង្ហាញ​ឲ្យ​ពួក‌គេ​ស្គាល់​ព្រះ‌អង្គ ដោយ​រំដោះ​ពួក‌គេ​ពី​ទាស‌ភាព​នៅ​ស្រុក​អេស៊ីព្ទ «យើង​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ» (នក. ២០.២)។ បញ្ញត្តិ​ទាំង​ដប់​ប្រការ​ក៏​ជា​គ្រឹះ​នៃ​សេរី‌ភាព​ថ្មី​នេះ​ដែរ គឺ​ព្រះ‌ដែល​មាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​រំដោះ​សាសន៍​យូដា ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​ពួក‌គេ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ‌អង្គ ដោយ​ប្រព្រឹត្ត​តាម​បញ្ញត្តិ​ទាំង​នេះ។ ក្នុង​កណ្ឌ​គម្ពីរ «និក្ខមនំ» មាន​រៀប‌រាប់​អំពី​ព្រឹត្តិ‌ការណ៍​ដូច​ត​ទៅ៖
• កូន​ចៅ​អ៊ីស្រា‌អែល​ដែល​ភៀស​ខ្លួន​ទៅ​នៅ​ស្រុក​អេស៊ីព្ទ​បាន​កើន​ចំនួន​ឡើង ប៉ុន្តែ ពួក‌គេ​ក្លាយ​ទៅ​ជា​ទាសករ​របស់​ម្ចាស់​ស្រុក។ ព្រះ‌អម្ចាស់​ត្រាស់​ហៅ​លោក​ម៉ូសេ និង​ចាត់​លោក​ឲ្យ​ទៅ​រំដោះ​កូន​ចៅ​អ៊ីស្រា‌អែល ចេញ​ពី​ស្រុក​អេស៊ីព្ទ (១.១-១៥.២១)។
• ព្រះ​នាំ​អ៊ីស្រា‌អែល​ឆ្លង​កាត់​ទី​រហោ‌ស្ថាន រហូត​ដល់​ភ្នំ​ស៊ី‌ណាយ (១៥.២២-១៨.២៧)។
• ព្រះ​តាំង​សញ្ញា​ជា‌មួយ​កូន​ចៅ​អ៊ីស្រា‌អែល (១៩.១-២៤.១៨) គឺ​ព្រះ‌អង្គ​ទទួល​ពួក‌គេ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ព្រះ‌អង្គ ហើយ​ពួក‌គេ​ក៏​ប្ដេជ្ញា​ចិត្ត​គោរព​បម្រើ​ព្រះ‌អង្គ ទុក​ជា​ព្រះ​របស់​ពួក‌គេ ដោយ​ប្រតិ‌បត្តិ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។
• ព្រះ​ប្រទាន​បទ‌បញ្ជា​សម្រាប់​សង់​រោង​ឧបោសថ (២៥-៣១)។
• កូន​ចៅ​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​បាប ដោយ​គោរព​ថ្វាយ​បង្គំ​រូប​កូន​គោ ព្រះ‌អង្គ​ដាក់​ទោស​ពួក‌គេ (៣២-៣៤)។
• កូន​ចៅ​អ៊ីស្រា‌អែល​សង់​រោង​ឧបោសថ (៣៥-៤០)។
ព្រឹត្តិ‌ការណ៍​ទាំង​នេះ​កើត​មាន​នៅ​សតវត្ស​ទី​ដប់បី​មុន​គ.ស. គឺ​ក្នុង​សម័យ​លោក​ម៉ូសេ។ តាំង​ពី​ជំនាន់​នោះ​រហូត​ដល់​សតវត្ស​ទី​ដប់ អ្នក​ស្រុក​តែង​តំណាល​ពី​ព្រឹត្តិ‌ការណ៍​ទាំង​នេះ​ប្រាប់​កូន​ចៅ​តៗ​គ្នា។ ក្រោយ​មក កូន​ចៅ​អ៊ីស្រា‌អែល​បាន​កត់‌ត្រា​ព្រឹត្តិ‌ការណ៍​ទាំង​នោះ​ជា​លាយ​លក្ខណ៍​អក្សរ​បន្ត​បន្ទាប់​គ្នា ដោយ​មាន​បំណង​ចង់​អប់រំ​ជំនឿ​ដល់​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ជំនាន់​របស់​ពួក‌គេ​រៀងៗ​ខ្លួន។
សេចក្ដី​ដែល​មាន​ចែង​ក្នុង​កណ្ឌ «និក្ខមនំ» នេះ ជួយ​អប់រំ​មនុស្ស​យើង​ឲ្យ​ស្គាល់​ព្រះ‌កាន់​តែ​ច្បាស់​ឡើងៗ និង​ឲ្យ​ស្គាល់​គម្រោង​ការ​របស់​ព្រះ‌អង្គ​ដែរ គឺ​ព្រះ‌បាន​ជ្រើស‌រើស​ប្រជា‌រាស្ត្រ​មួយ ហើយ​ណែ‌នាំ​គេ ដើម្បី​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះ‌យេ‌ស៊ូវ ដែល​យាង​មក​តាំង​សញ្ញា​ថ្មី និង​សង្គ្រោះ​មនុស្ស​លោក​ទាំង​អស់។

ទើបបានជ្រើសរើសហើយ៖

និក្ខមនំ ពាក្យ​លំនាំ: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល