អេសេគាល 16
16
យេរូសាឡិមប្រៀបបាននឹងស្ត្រីផិតក្បត់
1ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំម្តងទៀតថា៖ 2«កូនមនុស្សអើយ ចូរធ្វើឲ្យក្រុងយេរូសាឡិមស្គាល់អំពើគួរស្អប់ខ្ពើមរបស់ខ្លួនចុះ 3ហើយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលនឹងក្រុងយេរូសាឡិមដូច្នេះ ជំនួរវង្ស និងកំណើតរបស់អ្នក នោះចេញពីស្រុករបស់សាសន៍កាណានមក ឪពុកអ្នកជាសាសន៍អាម៉ូរី ហើយម្តាយអ្នកជាសាសន៍ហេត។ 4ឯកំណើតអ្នក គឺនៅថ្ងៃដែលអ្នកកើតមក គេមិនបានកាត់ផ្ចិតអ្នកទេ ក៏មិនបានលាងជម្រះអ្នកដោយទឹក ឬលាបអំបិល ឬរុំសំពត់ឲ្យផង។ 5គ្មានភ្នែកណាប្រណីអ្នក ដើម្បីធ្វើការទាំងនោះដល់អ្នក ដោយអាណិតអាសូរចំពោះអ្នកឡើយ គឺគេបោះអ្នកចោលនៅទីវាល ពីព្រោះគេខ្ពើមរូបអ្នក ក្នុងថ្ងៃដែលអ្នកបានកើតមកនោះ។ 6ពេលយើងបានដើរតាមនោះជិតអ្នក ឃើញអ្នកឈ្លីឈ្លក់នៅក្នុងឈាម នោះយើងបាននិយាយទៅអ្នកក្នុងកាលដែលនៅក្នុងឈាមនោះថា ចូរមានជីវិតនៅចុះ កាលអ្នកនៅក្នុងឈាមអ្នកនោះ យើងបានថា ចូរមានជីវិតរស់ឡើង! 7យើងក៏ធ្វើឲ្យអ្នកចម្រើនឡើង ដូចដំណាំលូតលាស់នៅចម្ការ ហើយអ្នកក៏ធំ ហើយខ្ពស់ មានរូបឆោមល្អឥតខ្ចោះ។ ដោះរបស់អ្នកដុះពេញរាង ហើយសក់ក៏លូតវែង តែអ្នកអាក្រាត ហើយនៅខ្លួនទទេ។ 8កាលយើងបានដើរកាត់តាមទីនោះ ហើយឃើញអ្នកម្ដងទៀត មើល៍! អ្នកដល់វ័យដែលគេស្រឡាញ់ហើយ យើងក៏បានលាតជាយអាវរបស់យើងគ្របលើអ្នក គឺបិទបាំងកុំឲ្យឃើញសណ្ឋានអាក្រាតរបស់អ្នក យើងបានស្បថនឹងអ្នក ហើយតាំងសញ្ញា នឹងអ្នក ឲ្យអ្នកបានត្រឡប់ជារបស់យើង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។ 9ខណៈនោះ យើងបានលាងអ្នកដោយទឹក យើងបានជម្រះឈាមអ្នកចេញយ៉ាងស្អាត រួចចាក់ប្រេងលាបឲ្យ។ 10យើងបានតែងអ្នកដោយសំពត់ប៉ាក់ ក៏បំពាក់ស្បែកជើងធ្វើពីស្បែកផ្សោតឲ្យអ្នក ហើយក្រវាត់អ្នកដោយសំពត់ទេសឯក រួចឃ្លុំដោយសំពត់ព្រែ។ 11យើងក៏បានតាក់តែងអ្នកដោយគ្រឿងលម្អ បានបំពាក់កងនៅដៃអ្នក ហើយខ្សែនៅក 12ព្រមទាំងបំពាក់ក្រវិលនៅច្រមុះ ហើយទំហូនៅត្រចៀក និងក្បាំងយ៉ាងល្អនៅក្បាលអ្នក។ 13ដូច្នេះ អ្នកបានប្រដាប់ដោយមាស និងប្រាក់ ឯសម្លៀកបំពាក់របស់អ្នក នោះបានធ្វើពីសំពត់ទេសឯកយ៉ាងម៉ដ្ត និងព្រែ ហើយសំពត់ប៉ាក់ អ្នកបានចិញ្ចឹមខ្លួនដោយម្សៅយ៉ាងម៉ដ្ត ទឹកឃ្មុំ និងប្រេង អ្នកមានរូបល្អឆើតក្រៃលែង ហើយបានចម្រើនឡើងដល់ទៅមានអំណាចជាស្តេច។ 14ឯកិត្តិសព្ទពីលម្អរុងរឿងរបស់អ្នក បានខ្ចរខ្ចាយទៅដល់អស់ទាំងនគរ ពីព្រោះលម្អរបស់អ្នកបានគ្រប់លក្ខណ៍ ដោយសាររស្មីរបស់យើង ដែលយើងបានឲ្យស្ថិតលើអ្នក នេះហើយជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
15ប៉ុន្តែ អ្នកបានទុកចិត្តនឹងរូបសម្រស់របស់អ្នក ហើយក្លាយជាស្រីពេស្យា ដោយព្រោះភាពល្បីឈ្មោះ ក៏បានប្រគល់ខ្លួនឲ្យអស់អ្នកណាដែលដើរកាត់មុខ ហើយរូបសម្រស់របស់អ្នកក៏ក្លាយជារបស់គេ។ 16អ្នកបានយកសម្លៀកបំពាក់របស់អ្នកទៅធ្វើជាទីសក្ការៈ តាក់តែងដោយពណ៌ផ្សេងៗ រួចបានភប់ប្រសព្វនឹងគេនៅលើទីនោះ ជាការដែលមិនធ្លាប់មានពីមុនឡើយ ហើយទៅមុខក៏ឥតមានដែរ។ 17អ្នកក៏យកគ្រឿងលម្អរបស់អ្នក ដែលធ្វើពីមាស និងប្រាក់របស់យើង ជាគ្រឿងដែលយើងបានឲ្យដល់អ្នកនោះ ទៅធ្វើជារូបមនុស្សប្រុស ហើយអ្នកបានភប់ប្រសព្វនឹងរូបនោះដែរ។ 18អ្នកបានយកសម្លៀកបំពាក់ប៉ាក់របស់អ្នក ទៅតែងឲ្យវា ព្រមទាំងលាបប្រេង និងកំញានរបស់យើងនៅមុខវា។ 19អាហារដែលយើងបានឲ្យដល់អ្នក គឺជាម្សៅយ៉ាងម៉ដ្ត ប្រេង និងទឹកឃ្មុំនោះ ដែលយើងឲ្យសម្រាប់ចិញ្ចឹមអ្នក អ្នកបានថ្វាយដល់រូបទាំងនោះ សម្រាប់ជាក្លិនឈ្ងុយ គឺយ៉ាងនោះដែលអ្នកបានប្រព្រឹត្ត នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។ 20មួយទៀត អ្នកបានយកកូនប្រុសស្រីអ្នក ដែលបានបង្កើតឲ្យយើង ទៅថ្វាយជាយញ្ញបូជាដល់ព្រះទាំងនោះ ឲ្យត្រូវវិនាសទៅ ដូច្នេះ តើការកំផិតរបស់អ្នកស្រាលឬ? 21បានជាអ្នកសម្លាប់កូនយើង ហើយប្រគល់ទៅឲ្យត្រូវចូលក្នុងភ្លើង ថ្វាយដល់រូបទាំងនោះទៀត 22ហើយក្នុងអស់ទាំងការគួរស្អប់ខ្ពើម និងការកំផិតរបស់អ្នក នោះអ្នកមិនបាននឹកពីកាលអ្នកនៅក្មេង ក្នុងកាលដែលអ្នកនៅអាក្រាត ហើយខ្លួនទទេ ព្រមទាំងឈ្លក់ឈ្លីនៅក្នុងឈាមអ្នកនោះទេ»។
23ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ «វេទនាដល់អ្នក ដ្បិតក្រោយអស់ទាំងអំពើដ៏លាមកអាក្រក់របស់អ្នក 24អ្នកបានសង់ផ្ទះបនសម្រាប់ខ្លួន ហើយធ្វើកន្លែងសំខាន់សម្រាប់ខ្លួន នៅគ្រប់កន្លែងទៀត។ 25អ្នកបានធ្វើកន្លែងសំខាន់នោះ នៅគ្រប់ច្រកផ្លូវ ហើយបានធ្វើឲ្យសេចក្ដីលម្អរបស់អ្នកទៅទីខ្ពើមឆ្អើមវិញ អ្នកបានបើកជើងទទួលគ្រប់ប្រុសៗដែលដើរមកតាមនោះ ហើយបានចម្រើនការកំផិតរបស់អ្នកជាច្រើន។ 26អ្នកបានសហាយស្មន់នឹងសាសន៍អេស៊ីព្ទ ជាពួកជិតខាងអ្នកដែលធំធាត់ ព្រមទាំងចម្រើនការកំផិតរបស់អ្នកជាច្រើនឡើង ជាការដែលបណ្ដាលឲ្យយើងខឹង។ 27ដូច្នេះ មើល៍! យើងបានលូកដៃទៅលើអ្នកហើយ ក៏បន្ថយចំណែករបស់អ្នកចុះ ហើយបានប្រគល់អ្នកដល់បំណងចិត្តរបស់ពួកអ្នកដែលស្អប់អ្នក គឺដល់ពួកកូនស្រីសាសន៍ភីលីស្ទីន ដែលអៀនចំពោះអំពើឥតខ្មាសរបស់អ្នក។ 28អ្នកបានភប់ប្រសព្វនឹងសាសន៍អាសស៊ើរដែរ ដ្បិតអ្នកមិនចេះឆ្អែតឆ្អន់ឡើយ អ្នកបានរួមបវេណីនឹងគេ ក៏នៅតែមិនស្កប់ស្កល់ទៀត។ 29ដូច្នេះ អ្នកបានចម្រើនការកំផិតរបស់អ្នក រហូតដល់ស្រុកនៃពួកឈ្មួញ ជាសាសន៍ខាល់ដេ នៅក្នុងស្រុកកាណាន ប៉ុន្តែ អ្នកនៅតែមិនទាន់ឆ្អែតទៀត»។
30ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ «ចិត្តអ្នកទន់អីម៉្លេះ ដែលអ្នកបានប្រព្រឹត្តអំពើទាំងនេះ ជាការដែលស្រីពេស្យាធ្វើ។ 31ដោយអ្នកបានសង់ផ្ទះបនរបស់អ្នក នៅត្រង់ច្រកផ្លូវ និងកន្លែងសំខាន់របស់អ្នកនៅអស់ទាំងផ្លូវថ្នល់ តែអ្នកមិនមែនដូចជាស្រីពេស្យាទេ ពីព្រោះអ្នកមិនមើលថ្លៃឈ្នួលឡើយ។ 32អ្នកជាស្រីដែលប្រព្រឹត្តសេចក្ដីកំផិត ជាស្រីដែលយកមនុស្សដទៃមកជំនួសប្តីហើយ។ 33គេតែងតែឲ្យឈ្នួលដល់ស្រីពេស្យាទាំងប៉ុន្មាន តែអ្នកវិញ អ្នកឲ្យឈ្នួលដល់សហាយអ្នកទាំងអស់ ក៏សូកគេឲ្យមករកអ្នកពីគ្រប់ទិសទីវិញ សម្រាប់ទទួលរួមបវេណី។ 34អ្នកធ្វើខុសពីស្រីធម្មតា ក្នុងការពេស្យារបស់អ្នក ដោយឥតមានអ្នកណាដូចអ្នក ដើម្បីរួមដំណេកនឹងអ្នកឡើយ ហើយដោយអ្នកចេញឈ្នួលឲ្យគេ មិនមែនគេចេញឈ្នួលដល់អ្នកទេ យ៉ាងនោះបានជាអ្នកខុសពីគេហើយ។
35ដូច្នេះ ឱស្រីពេស្យាអើយ ចូរស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាចុះ 36ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអ្នកបានប្រព្រឹត្តអំពើអាសអាភាសរបស់អ្នកជាហូរហែ ហើយបានបើកកេរខ្មាសអ្នក ដោយរួមបវេណីនឹងពួកសហាយ ដោយព្រោះគ្រប់ទាំងរូបដំណាងព្រះដ៏គួរស្អប់ខ្ពើមរបស់អ្នក និងឈាមរបស់កូនចៅអ្នកដែលអ្នកបានថ្វាយដល់វា 37នោះមើល៍ យើងនឹងប្រមូលពួកសហាយរបស់អ្នក ដែលអ្នកបានត្រេកអរជាមួយគ្នា និងពួកទាំងប៉ុន្មានដែលអ្នកបានស្រឡាញ់ ព្រមទាំងពួកដែលអ្នកបានស្អប់ផង យើងនឹងប្រមូលគេឲ្យមកទាស់នឹងអ្នកនៅគ្រប់ទិស រួចយើងនឹងបើកកេរខ្មាសអ្នកឲ្យគេឃើញច្បាស់ ដើម្បីឲ្យគេបានឃើញទាំងអស់។ 38យើងនឹងជំនុំជម្រះអ្នក ដូចជាគួរជំនុំជម្រះដល់ស្រីដែលផិតប្តី ហើយកម្ចាយឈាមផង យើងនឹងទម្លាក់ឈាមទៅលើអ្នក ដោយសេចក្ដីក្រោធ និងសេចក្ដីប្រចណ្ឌ។ 39យើងនឹងប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃរបស់គេ នោះគេនឹងបំផ្លាញផ្ទះបនរបស់អ្នក ហើយរំលំអស់ទាំងទីសំខាន់របស់អ្នកដែរ គេនឹងបកសម្លៀកបំពាក់អ្នកចេញ ហើយយកគ្រឿងលម្អរបស់អ្នក ព្រមទាំងចោលអ្នកឲ្យនៅអាក្រាត ហើយខ្លួនទទេ។ 40គេនឹងនាំហ្វូងមនុស្សឡើងមកទាស់នឹងអ្នក គប់អ្នកនឹងថ្ម ហើយចាក់ទម្លុះអ្នកដោយដាវ។ 41គេនឹងដុតផ្ទះអ្នកចោល ហើយសម្រេចយុត្តិធម៌ដល់អ្នក នៅចំពោះភ្នែកពួកស្រីៗជាច្រើន ដូច្នេះ យើងនឹងធ្វើឲ្យអ្នកលែងប្រព្រឹត្តការពេស្យា ហើយអ្នកនឹងមិនចេញថ្លៃឈ្នួលឲ្យគេទៀតឡើយ។ 42គឺយ៉ាងនោះ ដែលយើងនឹងសម្រាកសេចក្ដីក្រោធយើងចំពោះអ្នក ហើយសេចក្ដីប្រចណ្ឌរបស់យើង នឹងថយចេញពីចំពោះអ្នកទៅ យើងនឹងនៅស្ងៀម ឥតមានកំហឹងទៀត។ 43យើងនឹងទម្លាក់អំពើរបស់អ្នកទៅលើក្បាលអ្នកវិញ ដោយព្រោះអ្នកមិនបាននឹកពីកាលអ្នកនៅក្មេង គឺបានចាក់រុកយើង ដោយសារអំពើទាំងនោះ យ៉ាងនោះអ្នកនឹងមិនប្រព្រឹត្តអំពើគួរខ្មាសនេះ ព្រមទាំងការគួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់អ្នកទៀត នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា។ 44មើល៍ អ្នកណាដែលធ្លាប់ប្រើពាក្យសុភាសិត គេនឹងពោលពាក្យនេះទាស់នឹងអ្នកថា ម្តាយយ៉ាងណា កូនស្រីក៏យ៉ាងនោះដែរ។ 45អ្នកជាកូនស្រីរបស់ម្តាយអ្នកដែលបានស្អប់ប្តី និងកូនខ្លួន អ្នកក៏ជាប្អូនស្រីរបស់ពួកបងប្អូន ដែលគេបានស្អប់ប្តី និងកូនគេដែរ ម្តាយអ្នកជាសាសន៍ហេត ហើយឪពុកអ្នកជាសាសន៍អាម៉ូរី 46បងស្រីអ្នក គឺសាម៉ារី ទាំងកូនស្រីរបស់គេដែរ ដែលនៅខាងជើង ហើយប្អូនស្រីអ្នកដែលនៅខាងត្បូង នោះគឺជាសូដុម និងកូនស្រីរបស់គេ។ 47អ្នកមិនត្រឹមតែដើរតាមផ្លូវរបស់គេ ឬប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់គេទេ គឺអ្នកបានប្រព្រឹត្តខូចអាក្រក់ជាងគេ ក្នុងអស់ទាំងផ្លូវរបស់អ្នកទៅទៀត ដោយស្មានថាអំពើរបស់គេតិចតួចទេ។ 48ព្រះអម្ចាស់យេហូវ៉ាស្បថថា ដូចជាយើងរស់នៅ នោះប្រាកដជាសូដុម ជាប្អូនអ្នក ព្រមទាំងកូនមិនបានប្រព្រឹត្តដូចជាអ្នក និងកូនស្រីរបស់អ្នកទេ។ 49មើល៍! អំពើទុច្ចរិតរបស់សូដុម ជាប្អូនស្រីអ្នក ព្រមទាំងកូន គឺមានអំនួត មានអាហារបរិភោគឆ្អែត ហើយនៅក៏ដោយឥតកង្វល់ ទាំងមានសេចក្ដីចម្រើន ឥតដែលចម្រើនកម្លាំងដៃនៃពួកក្រីក្រ និងមនុស្សកម្សត់ទុគ៌តឡើយ។ 50គេក៏មានចិត្តឆ្មើងឆ្មៃ ហើយបានប្រព្រឹត្តអំពើគួរស្អប់ខ្ពើម នៅចំពោះយើង ហេតុនោះបានជាយើងដកគេចេញតាមដែលយើងឃើញថាគួរ។ 51ឯសាម៉ារី ក៏មិនបានប្រព្រឹត្តដល់ត្រឹមពាក់កណ្ដាលនៃអំពើបាបរបស់អ្នកដែរ គឺអ្នកបានចម្រើនអំពើគួរស្អប់ខ្ពើមរបស់អ្នក ជាច្រើនជាងគេទៅទៀត ហើយអ្នកបានធ្វើឲ្យបងប្អូនស្រីអ្នកមើលទៅដូចជាសុចរិតទេ ដោយអំពើគួរស្អប់ខ្ពើមដែលអ្នកបានប្រព្រឹត្តនោះ។ 52ឯអ្នកដែលបានថ្កោលទោសបងប្អូនស្រីអ្នក ចូរទទួលរងសេចក្ដីខ្មាសរបស់ខ្លួនចុះ គេសុចរិតជាងអ្នកវិញ ដោយព្រោះអំពើបាបដែលអ្នកបានប្រព្រឹត្ត គួរស្អប់ខ្ពើមជាងគេនោះ ចូរឲ្យអ្នកជ្រប់មុខចុះ ហើយទទួលរងសេចក្ដីខ្មាសរបស់ខ្លួន ដោយព្រោះអ្នកបានធ្វើឲ្យបងប្អូនស្រីអ្នកមើលទៅដូចជាសុចរិតវិញ។
53យើងនឹងនាំពួកគេដែលនៅជាឈ្លើយឲ្យមកវិញ គឺសូដុម ព្រមទាំងកូនដែលនៅជាឈ្លើយ សាម៉ារី ព្រមទាំងកូនដែលនៅជាឈ្លើយ និងពួកអ្នកទាំងប៉ុន្មានដែលនៅជាឈ្លើយ ឲ្យមកកណ្ដាលគេផង 54ដើម្បីឲ្យអ្នកបានទទួលរងសេចក្ដីខ្មាសរបស់ខ្លួន ហើយឲ្យមានសេចក្ដីខ្មាស ដោយព្រោះគ្រប់ទាំងអំពើដែលអ្នកបានប្រព្រឹត្តនោះ ដោយអ្នកជាទីកម្សាន្តចិត្តដល់គេ។ 55ឯប្អូនស្រីអ្នក គឺសូដុម និងកូនស្រីវា គេនឹងត្រឡប់ទៅឯសណ្ឋានដើមរបស់ខ្លួន ហើយសាម៉ារី និងកូនវា គេនឹងត្រឡប់ទៅឯសណ្ឋានដើមរបស់ខ្លួនវិញ ចំណែកអ្នក និងកូនអ្នក ក៏នឹងវិលត្រឡប់ទៅដូចជាសណ្ឋានដើមរបស់អ្នករាល់គ្នាដែរ។ 56ដ្បិតនៅគ្រានៃសេចក្ដីអំនួតរបស់អ្នក នោះឈ្មោះសូដុមជាប្អូនស្រីអ្នក មិនបានចេញពីមាត់អ្នកឡើយ 57គឺក្នុងកាលដែលសេចក្ដីទុច្ចរិតរបស់អ្នក មិនទាន់បើកឲ្យឃើញនៅឡើយ ដូចនៅវេលាដែលបន្ទោសដល់ពួកកូនស្រីស៊ីរី និងពួកអ្នកនៅជុំវិញ ហើយពួកកូនស្រីភីលីស្ទីន ដែលប្រទូសរ៉ាយដល់អ្នកនៅព័ទ្ធជុំវិញ។ 58ព្រះយេហូវ៉ាមានព្រះបន្ទូលថា អ្នកត្រូវទទួលរងសេចក្ដីខ្មាស និងអំពើគួរស្អប់ខ្ពើមរបស់អ្នកហើយ»។
សេចក្ដីសញ្ញាអស់កល្បជានិច្ច
59ដ្បិតព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «យើងនឹងប្រព្រឹត្តចំពោះអ្នក ដូចជាអ្នកបានប្រព្រឹត្តនោះ គឺដែលអ្នកបានមើលងាយដល់ពាក្យសម្បថ ដោយផ្តាច់សេចក្ដីសញ្ញាចេញ។ 60ប៉ុន្តែ យើងនឹងនឹកចាំពីសេចក្ដីសញ្ញា ដែលយើងបានតាំងនឹងអ្នក ក្នុងកាលដែលអ្នកនៅក្មេងនោះ ហើយយើងនឹងតាំងសញ្ញាមួយនឹងអ្នក ដ៏ស្ថិតស្ថេរនៅអស់កល្បជានិច្ចទៀត។ 61នោះអ្នកនឹងនឹកឃើញពីផ្លូវរបស់អ្នក ហើយមានសេចក្ដីខ្មាស ក្នុងកាលដែលអ្នកទទួលបងប្អូនស្រីរបស់អ្នក គឺបងរបស់អ្នក និងប្អូនរបស់អ្នកផង គ្រានោះ យើងនឹងឲ្យបងប្អូននោះដល់អ្នក ទុកជាកូនស្រីវិញ តែមិនមែនតាមសេចក្ដីសញ្ញារបស់អ្នកទេ។ 62យើងនឹងតាំងសេចក្ដីសញ្ញារបស់យើងដល់អ្នក នោះអ្នកនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត 63ដើម្បីឲ្យអ្នកបាននឹកចាំ ហើយត្រូវជ្រប់មុខឥតដែលហើបមាត់អ្នកទៀតឡើយ ដោយអ្នកអៀនខ្មាស ក្នុងកាលដែលយើងបានអត់ទោសដល់អ្នក ចំពោះគ្រប់ទាំងអំពើដែលអ្នកបានប្រព្រឹត្តនោះ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 16: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies