អេ‌សេ‌គាល 15

15
ទំពាំងបាយជូរឥត​ប្រយោជន៍
1ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖
2«កូន​មនុស្ស​អើយ
តើ​ដើម​ទំពាំង‌បាយ‌ជូរ​វិសេស​ជាង​ដើម​ឈើ​ណា​ទៀត?
ឬ​មែក​ឈើ​ណា​នៅ​ក្នុង​ព្រៃ?
3តើ​យក​សាច់​ឈើ​វា​ទៅ​ធ្វើ​អ្វី​បាន​ឬ?
តើ​មនុស្ស​នឹង​យក​កំណាត់​មួយ​បោះ​ភ្ជាប់
សម្រាប់​ព្យួរ​ប្រដាប់​ណា​បាន​ឬ?
4មើល៍! គេ​បោះ​ទៅ​ក្នុង​ភ្លើង​ចាត់​ទុក​ជា​ឧស​វិញ
ភ្លើង​ក៏​ឆេះ​ចុង​សង​ខាង ហើយ​កណ្ដាល​ក៏​ឆេះ​ដែរ
តើ​មាន​ប្រយោជន៍​នឹង​ធ្វើ​ការ​អ្វី​បាន​ឬ​ទេ?
5មើល៍ កាល​នៅ​ទាំង​មូល​នៅ​ឡើយ
ក៏​ប្រើ​ធ្វើ​ការ​អ្វី​មិន​បាន​ទៅ​ហើយ
ចំណង់​បើ​កាល​ណា​ភ្លើង​បាន​ឆេះ​អស់​ទៅ
សល់​នៅ​តែ​រងើក​ប៉ុណ្ណោះ
តើ​នឹង​ប្រើ​ការ​អ្វី​ណា​បាន!
6ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដើម​ទំពាំង‌បាយ‌ជូរ​ក្នុង​ពួក​ដើម​ឈើ​នៅ​ព្រៃ​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ប្រគល់​ទៅ​ភ្លើង​ចាត់​ទុក​ជា​ឧស​យ៉ាង​ណា នោះ​យើង​នឹង​ប្រគល់​ពួក​ក្រុង​យេរូ‌សាឡិម​ទៅ​យ៉ាង​នោះ​ដែរ។ 7យើង​នឹង​តាំង​មុខ​ទាស់​នឹង​គេ គេ​នឹង​ចេញ​ពី​ភ្លើង​មួយ តែ​ភ្លើង​មួយ​ទៀត​នឹង​ឆេះ​គេ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​យើង​តាំង​មុខ​ទាស់​នឹង​គេ។ 8យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​នេះ​ត្រូវ​ចោល​ស្ងាត់ ដោយ​ព្រោះ​គេ​បាន​ប្រព្រឹត្ត​រំលង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា»។

ទើបបានជ្រើសរើសហើយ៖

អេ‌សេ‌គាល 15: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល