អេ‌សេ‌គាល 14

14
អ៊ីស្រាអែល​ត្រូវ​តែ​បោះ‌បង់​ចោល​ព្រះ​ក្លែង‌ក្លាយ
1គ្រា​នោះ មាន​ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ខ្លះ​មក​ឯ​ខ្ញុំ ហើយ​ក៏​អង្គុយ​នៅ​ចំពោះ​មុខ​ខ្ញុំ 2ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ 3«កូន​មនុស្ស​អើយ ពួក​អ្នក​ទាំង​នេះ​បាន​តាំង​រូប​ព្រះ​របស់​គេ នៅ​ក្នុង​ចិត្ត​គេ ក៏​បាន​ដាក់​ហេតុ​ចំពប់​របស់​អំពើ​ទុច្ចរិត​ខ្លួន នៅ​ចំពោះ​មុខ​ហើយ ដូច្នេះ តើ​គួរ​ឲ្យ​គេ​មក​សួរ​យើង​ឬ? 4ចូរ​អ្នក​ប្រាប់​ដល់​គេ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឯ​អស់​អ្នក​ណា​នៅ​ក្នុង​ពួក​វង្ស​អ៊ីស្រា‌អែល ដែល​តាំង​រូប​ព្រះ​របស់​ខ្លួន​នៅ​ក្នុង​ចិត្ត ហើយ​ដាក់​ហេតុ​ចំពប់​នៃ​អំពើ​ទុច្ចរិត​របស់​ខ្លួន​នៅ​ចំពោះ​មុខ​ដូច្នេះ រួច​មក​រក​ហោរា នោះ​យើង​នេះ​គឺ​ព្រះ‌យេហូវ៉ា នឹង​ឆ្លើយ​ដល់​គេ​តាម​ចំនួន​រូប​ព្រះ​របស់​គេ​វិញ។ 5ដើម្បី​ឲ្យ​យើង​បាន​ចាប់​ទោស​ពួក​វង្ស​អ៊ីស្រា‌អែល ដោយ​នូវ​ចិត្ត​របស់​ខ្លួន​គេ ពី​ព្រោះ​គេ​សុទ្ធ​តែ​ព្រាត់‌ប្រាស​ពី​យើង​ដោយ‌សារ​រូប​ព្រះ​របស់​គេ​ទាំង​អស់​ហើយ។
6ត្រូវ​ឲ្យ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​វិល​មក​វិញ ចូរ​បែរ​ចេញ​ពី​រូប​ព្រះ​របស់​អ្នក​រាល់​គ្នា​ទៅ ហើយ​ងាក​មុខ​ពី​អស់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​របស់​អ្នក​រាល់​គ្នា​ចុះ 7ដ្បិត ឯ​អស់​អ្នក​ណា​ក្នុង​ពួក​វង្ស​អ៊ីស្រា‌អែល ឬ​ក្នុង​ពួក​អ្នក​ដទៃ ជា​អ្នក​ស្នាក់​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល ដែល​ញែក​ខ្លួន​ចេញ​ពី​យើង ហើយ​តាំង​រូប​ព្រះ​របស់​ខ្លួន​នៅ​ក្នុង​ចិត្ត ព្រម​ទាំង​ដាក់​ហេតុ​ចំពប់​នៃ​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន​ចំពោះ​មុខ​ដូចេ្នះ រួច​នឹង​មក​រក​ហោរា ដើម្បី​សួរ​យើង​ពី​ដំណើរ​ខ្លួន នោះ​យើង​នេះ គឺ​ព្រះ‌យេហូវ៉ា យើង​នឹង​ឆ្លើយ​ដល់​អ្នក​នោះ ដោយ​ខ្លួន​យើង។ 8ហើយ​យើង​នឹង​តាំង​មុខ​ទាស់​នឹង​អ្នក​នោះ ព្រម​ទាំង​ធ្វើ​ឲ្យ​ជា​ទី​ស្រឡាំង‌កាំង ជា​ទី​សម្គាល់ និង​ជា​ពាក្យ​ទំនៀម យើង​ក៏​នឹង​កាត់​អ្នក​នោះ​ចេញ​ពី​កណ្ដាល​ប្រជា‌រាស្ត្រ​របស់​យើង​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត 9បើ​ហោរា​ណា​ត្រូវ​បញ្ឆោត ហើយ​បាន​បញ្ចេញ​ពាក្យ​ណា​នោះ គឺ​ព្រះ‌យេហូវ៉ា យើង​នេះ​ហើយ ដែល​បាន​បញ្ឆោត​គេ ហើយ​យើង​នឹង​លូក​ដៃ​ទៅ​លើ​គេ ព្រម​ទាំង​បំផ្លាញ​គេ​ចេញ​ពី​ពួក​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង​ទៅ​ផង 10គេ​នឹង​ត្រូវ​ទ្រាំ‌ទ្រ​ចំពោះ​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន ឯ​សេចក្ដី​ទុច្ចរិត​របស់​ហោរា​នោះ​នឹង​បាន​ដូច​ជា​សេចក្ដី​ទុច្ចរិត​របស់​អ្នក​ដែល​រក​គេ​ដែរ 11ដើម្បី​កុំ​ឲ្យ​ពួក​វង្ស​អ៊ីស្រា‌អែល​វង្វេង​ចេញ​ពី​យើង ឬ​នាំ​ឲ្យ​ខ្លួន​បាន​ស្មោក‌គ្រោក ដោយ​អំពើ​រំលង​ទាំង​ប៉ុន្មាន​របស់​ខ្លួន​ទៀត​ឡើយ គឺ​ឲ្យ​គេ​បាន​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង​វិញ ហើយ​ឲ្យ​យើង​បាន​ជា​ព្រះ​របស់​គេ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា»។
ទោស​ដែល​អ៊ីស្រា‌អែល​ត្រូវ​តែ​ទទួល
12ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ 13«កូន​មនុស្ស​អើយ បើ​ស្រុក​ណា​ធ្វើ​បាប​នឹង​យើង ដោយ​ប្រព្រឹត្ត​រំលង​អ្វី រួច​យើង​លូក​ដៃ​ទៅ​លើ​គេ ឲ្យ​ផ្តាច់​ស្បៀង​អាហារ ហើយ​ឲ្យ​គេ​កើត​មាន​អំណត់ ព្រម​ទាំង​កាត់​មនុស្ស និង​សត្វ​ចេញ​ពី​ស្រុក​នោះ 14នោះ​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា ទោះ​បើ​មនុស្ស​ទាំង​បី​នាក់​នេះ គឺ​ណូអេ ដានី‌យ៉ែល និង​យ៉ូប បាន​នៅ​ក្នុង​ស្រុក​នោះ គង់​តែ​សេចក្ដី​សុចរិត​របស់​អ្នក​ទាំង​នោះ​នឹង​ជួយ​បាន​តែ​ព្រលឹង​ខ្លួន​ឲ្យ​រួច​ប៉ុណ្ណោះ​ទេ 15បើ​កាល​ណា​យើង​ឲ្យ​សត្វ​កំណាច​មក​នៅ​ក្នុង​ស្រុក​នោះ ហើយ​វា​សម្លាប់​មនុស្ស ឲ្យ​ស្រុក​នោះ​នៅ​ជា​ស្ងាត់‌ច្រៀប ដល់​ម៉្លេះ​បាន​ជា​ឥត​មាន​អ្នក​ណា​ហ៊ាន​ដើរ​តាម​នោះ​ឡើយ ដោយ​ព្រោះ​សត្វ​ទាំង​នោះ 16នោះ​ព្រះ‌អម្ចាស់‌យេហូវ៉ា​ស្បថ​ថា ដូច​ជា​យើង​រស់​នៅ ទោះ​បើ​មនុស្ស​ទាំង​បី​នាក់​នោះ​នៅ​ក្នុង​ស្រុក​ក៏​ដោយ គង់​តែ​នឹង​ជួយ​កូន​ប្រុស​កូន​ស្រី​ខ្លួន​ឲ្យ​រួច​មិន​បាន​ដែរ រួច​បាន​តែ​ខ្លួន​គេ​ប៉ុណ្ណោះ តែ​ឯ​ស្រុក​នោះ​នឹង​ត្រូវ​ចោល​ស្ងាត់​វិញ 17ប្រសិន‌បើ​យើង​នាំ​ដាវ​មក​លើ​ស្រុក​នោះ ដោយ​បង្គាប់​ថា ដាវ​អើយ ចូរ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក​ចុះ ហើយ​យើង​កាត់​ទាំង​មនុស្ស និង​សត្វ​ចេញ​ពី​នោះ 18នោះ​ព្រះ‌អម្ចាស់‌យេហូវ៉ា​ស្បថ​ថា ដូច​ជា​យើង​រស់​នៅ ទោះ​បើ​មនុស្ស​ទាំង​បី​នាក់​នោះ​នៅ​ក្នុង​ស្រុក​ក៏​ដោយ គង់​តែ​នឹង​ជួយ​កូន​ប្រុស​កូន​ស្រី​ខ្លួន ឲ្យ​រួច​មិន​បាន​ដែរ រួច​បាន​តែ​ខ្លួន​គេ​ប៉ុណ្ណោះ 19ឬ​ប្រសិន‌បើ​យើងឲ្យ​អាសន្ន‌រោគ​ទៅ​ក្នុង​ស្រុក​នោះ ហើយ​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​យើង​ចេញ​ទៅ​លើ​ស្រុក​នោះ ដោយ​កម្ចាយ​ឈាម ដើម្បី​នឹង​កាត់​ទាំង​មនុស្ស និង​សត្វ​ចេញ​ផង 20នោះ​ព្រះ‌អម្ចាស់‌យេហូវ៉ា​ស្បថ​ថា ដូច​ជា​យើង​រស់​នៅ ទោះ​បើ​ណូអេ ដានី‌យ៉ែល និង​យ៉ូប​បាន​នៅ​ក្នុង​ស្រុក​នោះ​ក៏​ដោយ គង់​តែ​នឹង​ជួយ​កូន​ប្រុស​កូន​ស្រី​ខ្លួន ឲ្យ​រួច​មិន​បាន​ដែរ គឺ​សេចក្ដី​សុចរិត​របស់​អ្នក​ទាំង​នោះ នឹង​ជួយ​បាន​ព្រលឹង​របស់​ខ្លួន​ឲ្យ​រួច​ប៉ុណ្ណោះ។
21ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កាល​ណា​យើង​ចាត់​សេចក្ដី​វេទនា​ទាំង​បួន​យ៉ាង​នេះ ទៅ​លើក្រុង​យេរូ‌សាឡិម គឺ​ជា​ដាវ ជា​អំណត់ ជា​សត្វ​សាហាវ និង​អាសន្ន‌រោគ ដើម្បី​នឹង​កាត់​ទាំង​មនុស្ស និង​សត្វ​ចេញ​ផង នោះ​តើ​នឹង​បាន​តឹង​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត 22ប៉ុន្តែ មើល៍ នឹង​មាន​សំណល់​សល់​នៅ​ក្នុង​ក្រុង​នោះ គេ​នឹង​ត្រូវ​នាំ​ចេញ​មក ទាំង​ប្រុស​ទាំង​ស្រី មើល៍ គេ​នឹង​ចេញ​មក​ឯ​អ្នក​រាល់​គ្នា នោះ​អ្នក​នឹង​ឃើញ​ផ្លូវ និង​អំពើ​របស់​គេ រួច​អ្នក​នឹង​បាន​ក្សាន្ត​ចិត្ត ពី​ដំណើរ​ការ​អាក្រក់ ដែល​យើង​បាន​ទម្លាក់​ទៅ​លើក្រុង​យេរូ‌សាឡិម គឺ​ពី​គ្រប់​ទាំង​ការ​ដែល​យើង​បាន​នាំ​ទៅ​លើ​ក្រុង​នោះ។ 23គេ​នឹង​កម្សាន្ត​ចិត្ត​អ្នក​រាល់​គ្នា ដោយ​អ្នក​ឃើញ​ផ្លូវ និង​អំពើ​ដែល​គេ​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន ហើយ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ការ​ដែល​យើង​បាន​ធ្វើ​ដល់​គេ នោះ​មិន​មែន​ដោយ​ឥត​ហេតុ​ទេ នោះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា»។

ទើបបានជ្រើសរើសហើយ៖

អេ‌សេ‌គាល 14: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល