អេសេគាល 13
13
ហោរាក្លែងក្លាយត្រូវផ្តន្ទាទោស
1ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ 2«កូនមនុស្សអើយ ចូរថ្លែងទំនាយទាស់នឹងពួកហោរានៃសាសន៍អ៊ីស្រាអែលដែលធ្លាប់ទាយ ហើយប្រាប់ដល់ពួកអ្នកដែលថ្លែងទំនាយចេញពីចិត្តខ្លួនគេចុះ ដោយពាក្យថា ចូរស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ា 3ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ វេទនាដល់ពួកហោរាល្ងីល្ងើ ដែលថ្លែងទំនាយតាមតែចិត្តរបស់ខ្លួន ឥតមានឃើញអ្វីឡើយ។ 4ឱពួកអ៊ីស្រាអែលអើយ ពួកហោរារបស់អ្នកធ្វើដូចជាឆ្កែចចក នៅទីស្ងាត់។ 5អ្នករាល់គ្នាមិនបានឡើងទៅឯចន្លោះដែលគេបំបាក់ទម្លាយកំផែងទេ ក៏មិនបានសង់កំផែងឡើងការពារពួកអ៊ីស្រាអែល ដើម្បីឲ្យគេអាចឈរនៅក្នុងគ្រាចម្បាំង នៅថ្ងៃនៃព្រះយេហូវ៉ានោះដែរ។ 6គេបានឃើញសេចក្ដីភូតភរ និងពាក្យទំនាយកុហក ហើយក៏ថា ព្រះយេហូវ៉ាមានព្រះបន្ទូល តែព្រះយេហូវ៉ាមិនបានចាត់គេសោះ ហើយគេធ្វើឲ្យមនុស្សសង្ឃឹមថា ពាក្យនោះនឹងបានសម្រេចជាពិត។ 7ការដែលអ្នករាល់គ្នាថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ តែយើងមិនបានពោលសោះ តើមិនមែនឃើញនិមិត្តកំភូត និងថ្លែងទំនាយកុហកទេឬ?
8ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអ្នករាល់គ្នាបញ្ចេញសេចក្ដីកំភូត ហើយឃើញពាក្យកុហកដូច្នេះ បានជាព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា មើល៍ យើងទាស់នឹងអ្នករាល់គ្នាហើយ។ 9យើងនឹងប្រហារពួកហោរា ដែលឃើញនិមិត្តកំភូត ហើយដែលថ្លែងទំនាយកុហកនោះ គេនឹងមិននៅក្នុងពួកប្រឹក្សារបស់ប្រជារាស្ត្ររបស់យើងឡើយ ក៏មិនបានកត់ទុកក្នុងបញ្ជី នៃពូជពង្សអ៊ីស្រាអែល ឬចូលទៅក្នុងស្រុកអ៊ីស្រាអែលដែរ អ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះអម្ចាស់យេហូវ៉ាពិត។ 10តាមពិត ដោយព្រោះតែគេបានលួងបញ្ឆោតប្រជារាស្ត្ររបស់យើង ដោយពោលថា "មានសន្តិភាពហើយ" តែគ្មានសន្តិភាពសោះ ហើយដោយព្រោះ ពេលប្រជារាស្ត្ររបស់យើងសង់កំផែង ហោរាទាំងនេះនាំគ្នាបូកបាយអពីលើ 11នោះចូរប្រកាសប្រាប់អស់អ្នកដែលបូកបាយអនោះថា កំផែងនោះនឹងត្រូវរលំ ដោយមានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយឯង ឱគ្រាប់ព្រឹលធំៗអើយ ឯងនឹងធ្លាក់មក ហើយខ្យល់ព្យុះយ៉ាងខ្លាំងក៏បំបាក់ឲ្យរលំដែរ។ 12ដូច្នេះ កាលណាកំផែងបានរលំហើយ តើគេមិនសួរអ្នករាល់គ្នាទេឬថា បាយអដែលអ្នករាល់គ្នាបានបូកនោះ តើនៅឯណា? 13ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា យើងនឹងរំលំកំផែងនោះ ដោយខ្យល់គំហុក ក្នុងសេចក្ដីក្រោធរបស់យើង ហើយនឹងមានភ្លៀងធ្លាក់យ៉ាងខ្លាំង ដោយកំហឹងរបស់យើង ព្រមទាំងគ្រាប់ព្រឹលធំៗ ដោយសេចក្ដីក្រោធរបស់យើង មកបំផ្លាញកំផែងនោះ។ 14គឺយ៉ាងនោះដែលយើងនឹងរំលំកំផែងដែលអ្នករាល់គ្នាបានបូកបាយអនោះ យើងនឹងរលំចុះដល់ដី គ្រឹះត្រូវរលើងឡើង កំផែងនោះនឹងរំលំចុះ ហើយអ្នករាល់គ្នានឹងត្រូវវិនាសនៅក្នុងនោះដែរ ពេលនោះ អ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។ 15គឺយ៉ាងនោះដែលយើងនឹងសម្រេចសេចក្ដីក្រោធរបស់យើង នៅលើកំផែងនោះ ហើយលើពួកអ្នកដែលបានបូកបាយអដែរ យើងនឹងនិយាយមកអ្នករាល់គ្នាថា កំផែងនោះមិនមានទៀតទេ ព្រមទាំងពួកអ្នកដែលបូកផង។ 16គឺជាពួកហោរារបស់សាសន៍អ៊ីស្រាអែល ដែលថ្លែងទំនាយពីដំណើរក្រុងយេរូសាឡិម ហើយឃើញនិមិត្តពីសេចក្ដីសុខសម្រាប់ទីក្រុង តែឥតមានសេចក្ដីសុខឡើយ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា។
17ឯអ្នក កូនមនុស្សអើយ ចូរតាំងមុខទាស់នឹងពួកកូនស្រីរបស់សាសន៍អ្នក ដែលថ្លែងទំនាយចេញពីចិត្តខ្លួនគេ ហើយថ្លែងទំនាយទាស់នឹងគេ 18ដោយពាក្យថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា វេទនាដល់ពួកស្រីៗដែលធ្វើអំបោះពាក់នៅកដៃមនុស្ស ហើយធ្វើស្បៃបាំងមុខ សម្រាប់ក្បាលគ្រប់មនុស្ស ទោះទាំងធំទាំងតូច ដើម្បីនឹងចាប់ព្រលឹងគេ អ្នករាល់គ្នារកចាប់ព្រលឹងរបស់សាសន៍យើងដូច្នេះ តើអាចជួយសង្គ្រោះព្រលឹងគេដែលមកឯអ្នកឲ្យរស់នៅបានឬ? 19អ្នករាល់គ្នាបានបន្ទាបបន្ថោកយើង នៅកណ្ដាលប្រជារាស្ត្រយើង ឲ្យតែបានស្រូវឱកមួយកំប៉ុងពីរ និងចំណិតនំបុ័ងតិចតួចប៉ុណ្ណោះ ដើម្បីនឹងសម្លាប់ព្រលឹងមនុស្សដែលមិនគួរស្លាប់ទេ ហើយនឹងរក្សាព្រលឹងឲ្យរស់នៅ ដែលមិនគួររស់នៅ ដោយអ្នកកុហកដល់ប្រជារាស្ត្រយើង ដែលស្តាប់តាមសេចក្ដីកុហកនោះ។
20ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា មើល៍ យើងទាស់នឹងខ្សែយ័ន្តរបស់អ្នករាល់គ្នា ដែលប្រើសម្រាប់ប្រមាញ់ព្រលឹងមនុស្ស ដូចប្រមាញ់សត្វស្លាប យើងនឹងហែកវាចេញពីដៃអ្នករាល់គ្នា ហើយនឹងដោះលែងព្រលឹងទាំងនោះឲ្យរួច គឺជាព្រលឹងដែលអ្នករាល់គ្នាបានតាមប្រមាញ់ ដូចប្រមាញ់សត្វស្លាបនោះ។ 21យើងនឹងហែកស្បៃរបស់អ្នករាល់គ្នាដែរ ព្រមទាំងជួយឲ្យប្រជារាស្ត្ររបស់យើងរួចពីកណ្ដាប់ដៃអ្នករាល់គ្នាផង នោះគេនឹងមិននៅក្នុងកណ្ដាប់ដៃអ្នករាល់គ្នា ឲ្យអ្នកដេញចាប់ទៀតឡើយ ដូច្នេះ អ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។ 22ដោយព្រោះអ្នករាល់គ្នាបានបញ្ឈឺចិត្តពួកសុចរិត ដោយភូតកុហក ជាពួកអ្នកដែលយើងមិនបានឲ្យព្រួយចិត្តសោះ ហើយអ្នកបានចម្រើនកម្លាំងដៃនៃមនុស្សអាក្រក់ ដើម្បីមិនឲ្យគេលះចោលផ្លូវអាក្រក់របស់ខ្លួន ឲ្យបានសង្គ្រោះរួចជីវិតវិញឡើយ។ 23ហេតុនោះ អ្នករាល់គ្នានឹងមិនឃើញនិមិត្តកំភូត ឬថ្លែងទំនាយទំនាយទៀតឡើយ យើងនឹងជួយប្រជារាស្ត្ររបស់យើងឲ្យរួចពីកណ្ដាប់ដៃរបស់អ្នក នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 13: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies