អេ‌សេ‌គាល 12

12
ប្រផ្នូល​អំពី​អ៊ីស្រា‌អែល​ត្រូវ​ខ្ចាត់‌ខ្ចាយ
1ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ 2«កូន​មនុស្ស​អើយ អ្នក​នៅ​ក្នុង​ចំណោម​ពូជ‌ពង្ស​រឹង​ចចេស​ជា​ពួក​អ្នក​ដែល​មាន​ភ្នែក​សម្រាប់​មើល តែ​មើល​មិន​ឃើញ​ទេ ក៏​មាន​ត្រចៀក​សម្រាប់​ស្តាប់ តែ​ស្តាប់​មិន​ឮ​ដែរ ដ្បិត​គេ​ជា​ពូជ‌ពង្ស​រឹង​ចចេស 3ដូច្នេះ កូន​មនុស្ស​អើយ ចូរ​រៀបចំ​អីវ៉ាន់ សម្រាប់​ដំណើរ​និរទេស ហើយ​ដើរ​ចេញ​ទៅ ទាំង​ថ្ងៃ​នៅ​ចំពោះ​ភ្នែក​គេ​ចុះ អ្នក​ត្រូវ​រើ​ចេញ​ពី​កន្លែង​អ្នក ទៅ​កន្លែង​មួយ​ទៀត នៅ​ចំពោះ​ភ្នែក​គេ ប្រហែល​ជា​គេ​នឹង​ពិចារ‌ណា​យល់ ទោះ​បើ​គេ​ជា​វង្ស​រឹង​ចចេស​ក៏​ដោយ។ 4អ្នក​ត្រូវ​រើ​យក​អីវ៉ាន់​អ្នក​ចេញ នៅ​ពេល​ថ្ងៃ ចំពោះ​ភ្នែក​គេ ធ្វើ​ដូច​ជា​រៀបចំ​នឹង​ត្រូវ​និរទេស​ទៅ ហើយ​ខ្លួន​អ្នក​ត្រូវ​ចេញ​ទៅ​នៅ​ពេល​ល្ងាច​ចំពោះ​ភ្នែក​គេ បែប​ដូច​ជា​មនុស្ស​ដែល​ត្រូវ​និរទេស 5ចូរ​ជីក​ទម្លុះ​កំផែង​នៅ​ចំពោះ​ភ្នែក​គេ ហើយ​បញ្ចេញ​អីវ៉ាន់​ទៅ​តាម​នោះ​ចុះ 6អ្នក​ត្រូវ​លី​អីវ៉ាន់​អ្នក​នៅ​មុខ​គេ​ចេញ​ទៅ​ក្នុង​ងងឹត ក៏​ត្រូវ​បាំង​មុខ ដើម្បី​មិន​ឲ្យ​ឃើញ​ស្រុក​ឡើយ ដ្បិត​យើង​បាន​តាំង​អ្នក​ទុក​ជា​ទី​សម្គាល់ ដល់​ពូជ‌ពង្ស​អ៊ីស្រា‌អែល»។ 7ខ្ញុំ​ក៏​ធ្វើ​តាម​បង្គាប់​ខ្ញុំ​យក​អីវ៉ាន់​ចេញ​ទាំង​ថ្ងៃ ដូច​ជា​អីវ៉ាន់​សម្រាប់​ដំណើរ​និរទេស ហើយ​នៅ​ពេល​ល្ងាច​ខ្ញុំ​ជីក​ទម្លុះ​កំផែង​ដោយ​ដៃ​ខ្ញុំ ក៏​បញ្ចេញ​អីវ៉ាន់​ក្នុងទី​ងងឹត ហើយ​លី​យក​ទៅ​នៅ​ចំពោះ​ភ្នែក​គេ។
8លុះ​ព្រឹក​ឡើង ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ 9កូន​មនុស្ស​អើយ តើ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ជា​ពួក​រឹង​ចចេស​នោះ មិន​បាន​សួរ​អ្នក​ទេ​ថា "តើ​អ្នក​កំពុង​ធ្វើ​អ្វី?" 10ត្រូវ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ព្រះ‌បន្ទូល​នេះ សំដៅ​លើ​ចៅ‌ហ្វាយ​នៃ​ក្រុង​យេរូ‌សាឡិម និង​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ដែល​នៅ​ទី​នោះ​ដែរ 11ចូរ​ប្រាប់​ថា ខ្ញុំ​ជា​ទី​សម្គាល់​ដល់​អ្នក​រាល់​គ្នា ការ​ដែល​ខ្ញុំ​បាន​ធ្វើ​នេះ នឹង​មាន​គេ​ធ្វើ​យ៉ាង​នោះ​ដល់​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ដែរ គេ​នឹង​ត្រូវ​និរទេស​ទៅ ព្រម​ទាំង​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​ផង។ 12គ្រា​នោះ ចៅ‌ហ្វាយ​ដែល​នៅ​កណ្ដាល​ពួក​គេ លោក​នឹង​លី​អីវ៉ាន់​របស់​លោក​ចេញ​ទៅ​ក្នុង​ងងឹត លោក នឹង​ជីក​ទម្លុះ​កំផែង ដើម្បី​បញ្ចេញ​អីវ៉ាន់​តាម​នោះ លោក​នឹង​បាំង​មុខ ដើម្បី​មិន​ឲ្យ​ភ្នែក​ឃើញ​ស្រុក​ឡើយ។ 13យើង​នឹង​លាត​មង​យើង​ទៅ​ពី​លើ​លោក ហើយ​លោក​នឹង​ជាប់​អន្ទាក់​របស់​យើង យើង​នឹង​នាំ​លោក​ទៅ​ឯ​បាប៊ីឡូន ជា​ស្រុក​របស់​ពួក​ខាល់ដេ ប៉ុន្តែ លោក​នឹង​មិន​ឃើញ​ស្រុក​នោះ​ទេ ទោះ​បើ​លោក​ស្លាប់​នៅ​ទី​នោះ​ក៏​ដោយ 14យើង​នឹង​កម្ចាត់‌កម្ចាយ​ពួក​អ្នក​ដែល​នៅ​ជុំ‌វិញ​លោក និង​កង‌ទ័ព​របស់​លោក​ទាំង​ប៉ុន្មាន​ទៅ​តាម​ខ្យល់​គ្រប់​ទិស រួច​យើង​នឹង​ហូត​ដាវ​ទៅ​តាម​ក្រោយ​គេ។ 15ដូច្នេះ កាល​ណា​យើង​បាន​បែង​ចែក​គេ ទៅ​នៅ​កណ្ដាល​អស់​ទាំង​សាសន៍ ហើយ​បាន​កម្ចាត់‌កម្ចាយ​គេ​ទៅ​នៅ​គ្រប់​ប្រទេស នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។ 16ប៉ុន្តែ យើង​នឹង​ឲ្យ​មាន​ពួក​គេ​ខ្លះ​រួច​ពី​ដាវ ពី​អំណត់ និង​ពី​អាសន្ន‌រោគ​ដែរ ដើម្បី​ឲ្យ​គេ​បាន​ថ្លែង​ប្រាប់​ពី​គ្រប់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ខ្លួន នៅ​កណ្ដាល​ពួក​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​គេ​ត្រូវ​ទៅ​នៅ​នោះ ដូច្នេះ គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។
17ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ 18«កូន​មនុស្ស​អើយ ចូរ​ស៊ី​អាហារ​អ្នក​ដោយ​រន្ធត់ ព្រម​ទាំង​ផឹក​ទឹក​ដោយ​ញាប់‌ញ័រ ហើយ​ថប់​ព្រួយ​ចុះ។ 19ចូរ​ប្រាប់​ដល់​ពួក​ជន​ក្នុង​ស្រុក​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ពួក​ក្រុង​យេរូ‌សាឡិម និង​ពួក​អ្នក​នៅ​ស្រុក​អ៊ីស្រា‌អែល​ថា គេ​នឹង​ស៊ី​អាហារ​របស់​គេ ដោយ​ភ័យ​ខ្លាច ហើយ​ផឹក​ទឹក​របស់​គេ​ដោយ​តក់‌ស្លុត ដ្បិត​ស្រុក​គេ​នឹង​ត្រូវ​ខូច‌បង់ ព្រម​ទាំង​របស់​ទាំង​អស់​ដែល​នៅ​ក្នុង​ស្រុក​នោះ​ដែរ ដោយ​ព្រោះ​សេចក្ដី​ច្រឡោត​របស់​ពួក​អ្នក​ដែល​នៅ​ស្រុក​នោះ។ 20ទី​ក្រុង​ទាំង​ឡាយ ដែល​មាន​មនុស្ស​នៅ នឹង​ត្រូវ​បំផ្លាញ ហើយ​ស្រុក​នឹង​ត្រូវ​ខូច‌បង់​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត»។
21ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ 22«កូន​មនុស្ស​អើយ ពាក្យ​ទំនៀម​យ៉ាង​ណា​នោះ ដែល​អ្នក​រាល់​គ្នា​ធ្លាប់​និយាយ នៅ​ស្រុក​អ៊ីស្រា‌អែល ដោយ​ថា កំណត់​ថ្ងៃ​បាន​បន្ថយ​ទៅ ហើយ​គ្រប់​ទាំង​និមិត្ត​ក៏​ខាន​មាន។ 23ដូច្នេះ ត្រូវ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​នឹង​ធ្វើ​ឲ្យ​ពាក្យ​ទំនៀម​នោះ​បាត់​ទៅ គេ​នឹង​លែង​ប្រើ​ពាក្យ​នោះ​ទុក​ជា​ទំនៀម នៅ​ស្រុក​អ៊ីស្រា‌អែល​ទៀត ប៉ុន្តែ ត្រូវ​ប្រាប់​គេ​ថា "វេលា​កំណត់​ជិត​ដល់​ហើយ ព្រម​ទាំង​ពេល​ដែល​នឹង​សម្រេច តាម​គ្រប់​ទាំង​និមិត្ត​នោះ​ផង"។ 24ដ្បិត​នឹង​គ្មាន​និមិត្ត​ក្លែង‌ក្លាយ ឬ​ពាក្យ​ទំនាយ​បញ្ចើច នៅ​ក្នុង​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទៀត​ឡើយ 25ព្រោះ​យើង​នេះ គឺ​យេហូវ៉ា យើង​នឹង​ចេញ​បង្គាប់ ហើយ​ពាក្យ​ដែល​យើង​ប្រាប់​នោះ នឹង​បាន​សម្រេច​ជា​ពិត ឥត​ដែល​បន្ថយ​ទៀត​ឡើយ ដ្បិត​ឱ​ពូជ‌ពង្ស​រឹង​ចចេស​អើយ នៅ​គ្រា​របស់​អ្នក យើង​នឹង​ចេញ​វាចា ហើយ​នឹង​ធ្វើ​សម្រេច​តាម​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា»។
26ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ 27«កូន​មនុស្ស​អើយ ពូជ‌ពង្ស​អ៊ីស្រា‌អែល គេ​និយាយ​ថា និមិត្ត​ដែល​គាត់​ឃើញ នោះ​សម្ដែង​ពី​គ្រា​ទៅ​មុខ​ជា​យូរ គាត់​ថ្លែងទំនាយ​ពី​វេលា ដែល​នៅ​ឆ្ងាយ​នៅ​ឡើយ 28ដូច្នេះ ចូរ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ នឹង​គ្មាន​ពាក្យ​របស់​យើង​ណា​មួយ​ត្រូវ​បន្ថយ​ទៀត​ឡើយ គឺ​ពាក្យ​ដែល​យើង​បញ្ចេញ នោះ​នឹង​បាន​សម្រេច​ជា​ពិត នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា»។

ទើបបានជ្រើសរើសហើយ៖

អេ‌សេ‌គាល 12: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល